សង្គម​ស៊ីវិល​បារម្ភ​ពី​ភាព​មិន​ច្បាស់លាស់​នៃ​សេចក្ដី​ព្រាង​ក្រម​ព្រហ្មទណ្ឌ​ថ្មី

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ដែល​ជា​សម្ព័ន្ធ​អង្គការ​តំណាង​ឲ្យ​ក្រុម​សង្គម​ស៊ីវិល​២១​នៅ​កម្ពុជា បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ភាព​មិន​ច្បាស់លាស់​នៃ​និយមន័យ​របស់​មាត្រា​មួយចំនួន​ក្នុង​សេចក្តី​ព្រាង​ក្រម​ព្រហ្មទណ្ឌ​ថ្មី ដែល​អ្នក​តំណាង​រាស្ត្រ​កំពុង​ធ្វើការ​ពិភាក្សា​ដេញដោល​ក្នុង​រដ្ឋ​សភា ចាប់​តាំង​តែ​ពី​ដើម​ខែ​តុលា​កន្លង​មក​នេះ។

0:00 / 0:00

វាគ្មិន​កិត្តិយស​ពីរ​រូប​គឺ​លោក​មេធាវី សុក សំអឿន នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​យល់​ស្រប​ជាមួយ​គ្នា​ថា សេចក្តី​ព្រាង​ក្រម​ព្រហ្មទណ្ឌ​ថ្មី​ដែល​សភា​ជាតិ​កំពុង​ពិភាក្សា​នេះ ប្រសិន​បើ​អនុម័ត​ដោយ​ពុំ​មាន​កែប្រែ​មាត្រា​ខ្លះ​ទៅ​តាម​អនុសាសន៍​ដែល​បាន​ស្នើ​ឡើង​ដោយ​ក្រុម​សង្គម​ស៊ីវិល​ទេ​នោះ វា​នឹង​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។

លោក​មេធាវី សុក សំអឿន បាន​មាន​ប្រសាសន៍​រៀបរាប់​អំពី​ការ​ព្រួយ​បារម្ភ​របស់​សង្គម​ស៊ីវិល​យ៉ាង​ដូច្នេះ ៖ «អ្វី​ដែល​យើង​ព្រួយ​បារម្ភ​គឺ​ពាក់ព័ន្ធ​នឹង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ជា​ពិសេស​គឺ​បទ​បរិហារ​កេរ្តិ៍​ហើយ​និង​បទ​ញុះញង់ ហើយ​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​នេះ យើង​ឃើញ​បទ​ញុះញង់​ហ្នឹង​មាន​ច្រើន​ជាង​ច្បាប់​អ៊ុនតាក់​ទៅ​ទៀត ជា​ពិសេស​អា​៤៩៤​ដែល​និយាយ​ពី​លក្ខខណ្ឌ​អាទិភាព​នៃ​ការ​ញុះញង់​នោះ។ គឺ​ក្នុង​ចំណុច​ទី​១ គេ​និយាយ​ថា ដោយ​សម្ដី​តាម​ប្រភេទ​ណា​ក៏​ដោយ​ដែល​ប្រកាស​នៅ​ក្នុង​ទី​កន្លែង​សាធារណៈ​ឬ​នៅ​ក្នុង​ពេល​ប្រជុំ​ជា​សាធារណៈ។ បើ​យើង​និយាយ​ពី​ប្រជុំ ការ​ប្រជុំ​គ្នា បើ​សិន​ជា​មនុស្ស​ច្រើន ការ​និយាយ​ហ្នឹង​គឺ​យើង​អាច​នឹង​មាន​ការ​បារម្ភ​ណាស់ ខ្លាច​គេ​មាន​ការ​បកស្រាយ​ថា​ជា​ការ​ញុះញង់»

លោក សុក សំអឿន បាន​មាន​ប្រសាសន៍​បញ្ជាក់​ផងដែរ​ថា ដោយសារ​តែ​មាត្រា​ខ្លះ​ទាក់ទង​នឹង​និយមន័យ​នៃ​បទ​បរិហារ​កេរ្តិ៍​និង​បទ​ញុះញង់​មិន​ច្បាស់​លាស់ វា​នឹង​អាច​នាំ​ឲ្យ​មាន​ផល​វិបាក​ធំៗ​ពីរ ៖ «ផល​វិបាក​ទី​១ បើ​សិន​ជា​តុលាការ​គាត់​បកស្រាយ​តឹងរ៉ឹង បទ​ល្មើស​ហ្នឹង​វា​ទៅ​ជា​មិន​អាច​យក​ទៅ​អនុវត្ត​បាន មិន​អាច​ដាក់​ទោស​អ្នក​ណា​បាន។ តែ​បើ​សិន​ជា​តុលាការ​បក​ស្រាយ​ធូរ​រលុង​ទៅ​វិញ បកស្រាយ​យ៉ាង​ម៉េច​ក៏​ជន​ជាប់​ចោទ​ជាប់​គុក​ដែរ។ ឧទាហរណ៍​ដូច​ពាក្យ "ញុះញង់" មិន​ដឹង​ថា​មាន​ស្អី​ខ្លះ​ទៅ​ដែល​ហៅ​ថា "ញុះញង់"? យើង​មិន​ដឹង​ថា​តើ​មាន​ស្អី​មួយ​ដែល​បកស្រាយ​ថា ពាក្យ​នេះ​ហៅ​ថា​ញុះញង់ ពាក្យ​នោះ​មិន​ហៅ​ថា​ញុះញង់ ពីព្រោះ​ថា តាម​ពិត​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​និយាយ​ថា បើ​សិន​ជា​អ្វី​ដែល​យើង​និយាយ​គ្រាន់តែ​ជា​ការ​បញ្ចេញ​មតិ គឺ​អត់​ត្រូវ​មាន​ទោស​មាន​ពៃរ៍​អី​ទេ»

មិត្ត​អ្នក​ស្តាប់​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ដែល​បាន​សាកសួរ​វាគ្មិន​កិត្តិយស​ជា​ច្រើន​សំណួរ ដូច​ជា​ថា​តើ​ច្បាប់​នេះ​ធ្វើ​ឡើង​ដើម្បី​ការពារ​ប្រជាពលរដ្ឋ ឬ​ដើម្បី​ការពារ​រដ្ឋាភិបាល ហើយ​បើ​ច្បាប់​ហ្នឹង​ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញ​មតិ​នោះ តើ​មាន​ន័យ​ដូចម្តេច?

ចំពោះ​សំណួរ​នេះ លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក បាន​មាន​ប្រសាសន៍​ឆ្លើយ​តប​ថា ៖ «ច្បាប់​គឺ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ តាំង​ពី​អ្នក​ខាង​លើ​ដល់​ខាង​ក្រោម​ត្រូវ​នៅ​ក្រោម​ច្បាប់។ ប្រទេស​ដែល​គោរព​ប្រជាធិបតេយ្យ​ពិត​ប្រាកដ អ្នក​ដឹកនាំ​ប្រទេស​ហ្នឹង​គឺ​គេ​ធ្វើ​ច្បាប់​នានា​ឲ្យ​តាម​ខ្នាត​អន្តរជាតិ ជា​ច្បាប់​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ»

បញ្ហា​ភាព​មិន​ច្បាស់​លាស់​នៃ​និយមន័យ​របស់​មាត្រា​ខ្លះ​នៃ​សេចក្តី​ព្រាង​ក្រម​ព្រហ្មទណ្ឌ​ថ្មី​នេះ មន្ត្រី​សង្គម​ស៊ីវិល​បាន​អះអាង​ថា ក្រោយ​ពេល​ដែល​ច្បាប់​មួយ​នេះ​អនុម័ត​ហើយ​ពិត​ជា​មាន​ការ​លំបាក​ក្នុង​ការ​និយាយ​បញ្ចេញ​មតិ​រិះគន់ ឬ​ធ្វើការ​តវ៉ា​ណា​មួយ ពីព្រោះ​តុលាការ​ខ្មែរ​អាច​នឹង​ធ្វើការ​បកស្រាយ​មាត្រា​ច្បាប់​ទាំង​នោះ​តាម​ទំនើង​ចិត្ត​របស់​ខ្លួន៕