សៀ ភារម្យ ត្រូវ​គេ​គំរាម​កំហែង​បន្ទាប់​ពី​ផ្ដល់​បទ​សម្ភាសន៍ដល់​វិទ្យុ​អាស៊ី​សេរី

ការ​គំរាម​កំហែង​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​ជា​រឿយៗ​បាន​រិះ​គន់​ទៅ​លើ​រដ្ឋាភិបាល នៅ​តែ​បន្ត​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន។ តួ​យ៉ាង លោក សៀ ភារម្យ ជា​នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ត្រូវ​បាន​សហព័ន្ធ​និស្សិត​ដែល​មាន​ជំហរ​គាំទ្រ​រដ្ឋាភិបាល ព្រមាន​អោយ​បញ្ឈប់​ការ​រិះគន់​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ពី​ការ​វាស់វែង​ដីធ្លី​ដោយ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត។
ដោយ សុ ជីវី
2012-08-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ការ​ព្រមាន​នោះ កើត​ឡើង​បន្ទាប់​ពី​លោក​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី ទាក់​ទិន​នឹង​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី។

អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហៅ​ករណី​នៃ​ការ​ព្រមាន​លោក សៀ ភារម្យ ថា ជា​ការ​គំរាម​កំហែង​ដល់​ដំណើរ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​អនុវត្ត​នីតិរដ្ឋ។

មន្ត្រី​ផ្នែក​គម្រោង​អ្នក​ការពារ​សិទ្ធិ​មនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនធឿន មាន​ប្រសាសន៍​ថា ក្នុង​ភាព​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ លោក សៀ ភារម្យ មាន​សិទ្ធិ​បញ្ចេញ​ទស្សនៈ​ចំពោះ​ការ​អនុវត្ត​ណា​មួយ​របស់​រដ្ឋាភិបាល។ លោក សួន ប៊ុនធឿន បន្ត​ថា ការ​គំរាម​ចំពោះ​អ្នក​រិះគន់​រដ្ឋាភិបាល គឺ​បង្ហាញ​ថា សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​បាន​រួម​តូច។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​អោយ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា កន្លង​មក សហព័ន្ធ​និស្សិត​បញ្ញវន្ត​ប្រជាធិបតេយ្យ​កម្ពុជា និង​សមាគម​សិស្ស​និស្សិត បញ្ញវន្ត​ក្មេង​វត្ត បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ព្រមាន​លោក សៀ ភារម្យ អោយ​បញ្ឈប់​ការ​រិះគន់​លើ​គោល​នយោបាយ​រដ្ឋាភិបាល​ក្នុង​ការ​វាស់​វែង​ដីធ្លី។

សេចក្ដី​ថ្លែងការណ៍​ដដែល​នោះ​បាន​បន្ត​ថា ទាំង​លោក សៀ ភារម្យ និង​សមាជិក​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត នៅ​តែ​បន្ត​ការ​រិះគន់​នោះ ពួក​គេ​នឹង​មិន​អាច​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រតិកម្ម​ផ្សេងៗ​ពី​យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់​វែង​ដី​ធ្លី និង​ពី​សំណាក់​ប្រជាពលរដ្ឋ​ឡើយ។

ការ​ព្រមាន​នោះ​កើត​ឡើង​បន្ទាប់​ពី​លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា បាន​ផ្ដល់​ការ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ី​សេរី ដោយ​លើក​ឡើង​ថា ការ​ចុះ​វាស់​វែង​ដីធ្លី​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​នោះ គឺ​ពុំ​មាន​ប្រសិទ្ធភាព និង​និរន្តរភាព​ឡើយ គឺ​គ្រាន់​តែ​ជា​ការ​បង្កើន​រូបភាព​ផ្នែក​នយោបាយ​ប៉ុណ្ណោះ។

ការ​ព្រមាន​នោះ​ទៀត​សោត គឺ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា ដោយ​ទទួល​ស្គាល់​ថា ការ​បញ្ជូន​យុវជន​ស្ម័គ្រចិត្ត​អោយ​បំពេញ​បេសកកម្ម​វាស់​វែង​ដីធ្លី គឺ​ដើម្បី​ចំណេញ​នយោបាយ។ ស្រប​គ្នា​នោះ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ព្រមាន​ផ្ទាល់​មាត់​ដល់​អ្នក​រិះគន់​នយោបាយ​នោះ​ថែម​ទៀត។

កាល​ពី​ខែ​ឧសភា លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ក៏​ធ្លាប់​ទទួល​បាន​ទទួល​ការ​ព្រមាន​តាម​រយៈ​សារ​អេឡិចត្រូនិក (អ៊ីមែល=E-mail) ចំនួន​១០៣​ដង ដោយ​ជំរុញ​អោយ​លោក​បញ្ឈប់​សកម្មភាព​ជួយ​តស៊ូ​មតិ​ការពារ​សិទ្ធិ​លំនៅឋាន សម្រាប់​អ្នក​បឹង​កក់ និង​អ្នក​បុរី​កីឡា ដែល​ត្រូវ​ម្ចាស់​សារ​អេឡិចត្រូនិក​ចាត់​ទុក​ជា​ការ​ញុះញង់​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheiVorman007

ពី AngKor Wat

សុំគាំទ្រមតិជនអនាមិកនឹងក្មេងសុំទាន អស់លោកបណ្ឌិតអើយ
មេត្តាធើ្វអី្វមួយសូមអោយដូចគេហាលស្រូវ សមយ័ដាំបាយនឹង
ភ្លើងហ្គាស្សហើយមេ្តចឡើយនៅមានបាយឆៅដុបៗទៀត?

Aug 13, 2012 11:28 AM

Rathna

ពី Phnom Phen

HUN SEN never think about our right to talk or to do sth, beside follow him.

Aug 13, 2012 12:19 AM

មករា

បើរិះគន់រដ្ឋាភិបាល ឃើញមានចេញ តែបើនិយាយពីការពិត មិនឃើញចេញផ្សាយទេ។ លោកសៀ ភារម្យ បើគាត់ពូកែរ តើគាតើអាចបញ្ចុះបញ្ចូលអោយនិស្សិតធ្វើការបែបស្ម័គ្រចិត្ត
ដូចប្រមុខរដ្ឋាភិបាលសព្វថ្ងៃនេះទេ។ ពូកែរិះគន់ តែមិនពូកែរធ្វើទេ? អស់លោកសូមទទួលការពិតផង!

Aug 12, 2012 09:45 PM

អ្នក​អាន​អនាមិក

សុំទោស មិនយល់ស្របទេ។​​ គោលការណ៏វាស់វែងដីនឹងពុំបានប្រកាសជាចំហអោយនរណាជួយទេ គឹមានតែហាមឃាត់មិនអោយគេជួយ ជា​ពិសេសស្ថាប័នសង្គមស៊ីវិល

Aug 13, 2012 01:01 AM

អ្នក​អាន​អនាមិក

បើចង់កុំអោយមានការរិះគន់ដល់សកម្មភាពរបស់រាជរដ្ឋាភិបាល តើជារបបគ្រប់គ្រងបែបអីទៅ?ម្ដងថាមាននិតិរដ្ឋ ហើយម្ដងហាមពលរដ្ឋមិនអោយរិះគន់។ចង់អោយពលរដ្ឋដេកៗឈរៗអង្គុយៗ។

Aug 13, 2012 01:08 AM

អ្នក​អាន​អនាមិក

ផ្កាឈូកដុះចេញអំពីភក់ជ្រាំ តែមានភាពដ៏ស្រស់ស្អាត ផូរផង់ គង់យកទៅថ្វាយព្រះបាន ពួកបណ្ឌិតទាំងឡាយនៅសេបគប់ជាមួយពួកពាល គឺត្រូវតែក្លាយជាជនពាលដាច់ខាត។

Aug 12, 2012 09:32 PM

ផល

ពី កំពត

ខ្ញុំ​ស្តាប់​ឮ​សូរ​សម្លេង​ម្នាក់​និយាយ​ក្អេងក្អាង​ហើយ​មាន​របៀប​ហិង្សា។​តើ​គេ​មាន​អាយុ​ប៉ុន្មាន​ឆ្នាំ​ដែរ​?

Aug 11, 2012 04:37 AM

មើល​មតិ​ទាំង​អស់.