ពលរដ្ឋ​នៅ​បឹងកក់​ជួប​ជាមួយ​សាលា​ខណ្ឌ ប៉ុន្តែ​មិន​បាន​លទ្ធផល

កិច្ចជំនួប​រវាង​តំណាង​សាលាក្រុង​ភ្នំពេញ​និង​តំណាង​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ មិន​អាច​ស្វែងរក​ដំណោះស្រាយ​ណា​មួយ​ចំពោះ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​នោះ ទាក់ទង​នឹង​ការស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ដែល​កំពុង​បូម​ខ្សាច់​លុប​បឹងកក់​ផ្ដល់​សំណង​ដល់​ប្រជាពលរដ្ឋ​ទៅ​តាម​តម្លៃ​ទីផ្សារ។

0:00 / 0:00

តំណាង​របស់​ប្រជាពលរដ្ឋ ដែល​បាន​ជួប​ចរចា​ជាមួយ​នឹង​តំណាង​សាលាក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ កញ្ញា នៅឯ​សាលា​ខណ្ឌ​ដូនពេញ គឺ​អ្នកស្រី បេ ផារ៉ុម បាន​ឲ្យ​ដឹង​ថា សាលាក្រុង​ភ្នំពេញ​មិន​បាន​ទទួល​យក​សំណើ​ពី​ប្រជាពលរដ្ឋ​ដែល​សុំ​ឲ្យ​ក្រុមហ៊ុន ស៊ូកាគូ អ៊ីន ដែល​បណ្ដេញ​ពួកគាត់​ចេញ​ពី​លំនៅ បង់​សំណង​ជា​ទឹក​ប្រាក់​ចំនួន ១.៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​ដី​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ឡើយ ហើយ​ថា អាជ្ញាធរ​ក្រុង​បាន​កំណត់​ថ្លៃ​សំណង​ជា​ទឹក​ប្រាក់ ចំនួន ៨.៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​គ្រួសារ។

អ្នកស្រី បេ ផារ៉ុម មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​អត់​អស់​ចិត្ត​ទេ ព្រោះ​ខ្ញុំ​អត់មាន​ភាព​កក់ក្ដៅ​ទៅ​លើ​សាលាក្រុង​ទេ បើ​គាត់​និយាយ​តែ​អ៊ីចឹង។ ភាសា​នេះ ជា​ភាសា​ទូត គេ​ដោះស្រាយ​ឲ្យ​តែ​រួចៗ​ទៅ អ៊ីចឹង​ចុះ​ឲ្យ​វេទនា​អ៊ីចឹង​ដដែល។ ខ្ញុំ​ថា សុំ​ឲ្យ​សាលាក្រុង​ដោះស្រាយ​ប្រជាពលរដ្ឋ​ឲ្យ​សមស្រប កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទឹក​ភ្នែក​រហេម​រហាម មុន​នឹង​ចេញ​ពី​បឹងកក់​នេះ​ទៅ ខ្ញុំ​សុំ​ថា ធ្វើម៉េច​ដោះស្រាយ​ឲ្យ​សមស្រប​ផង កុំ​ឲ្យ​ប្រជាជន​គ្នា​ពិបាក ហើយ​គ្នា​ពិបាក​រហូត។ អស់​លោក បើ​សិន​ជា ៨​ពាន់​[ដុល្លារ] អស់​លោក​យក​ឬ​អត់ ខ្ញុំ​សួរ​សិន»

តំណាង​ប្រជាពលរដ្ឋ អ្នកស្រី បេ ផារ៉ុម បាន​ឲ្យ​ដឹង​ទៀត​ថា តំណាង​សាលាក្រុង​ភ្នំពេញ បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​តវ៉ា មិន​ទទួល​យក​សំណង​ជា​ទឹកប្រាក់​ចំនួន ៨.៥០០​ដុល្លារ​ឲ្យ​ទៅ​ជួប​ជាមួយ​នឹង​ការិយាល័យ​តំណាង​របស់​ក្រុមហ៊ុន ស៊ូកាគូ អ៊ីន ដែល​មាន​ទីតាំង​ក្នុង​រាជាយស្ម័យយាន ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ថា នឹង​នាំ​សេចក្ដី​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ជូន​ទៅ​ឲ្យ​ចៅហ្វាយ​ក្រុង​ភ្នំពេញ លោក កែប ជុតិមា ដើម្បី​ពិចារណា។

មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​តំណាង​សាលាក្រុង​ភ្នំពេញ​នោះ​បាន​នៅ​ឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​៣ កញ្ញា​នេះ។ ចំណែក​ឯ​ក្រុម​ប្រជាពលរដ្ឋ​នឹង​នាំគ្នា​ទៅ​ចរចា​ជាមួយ​នឹង​ក្រុមហ៊ុន​ដោយ​ផ្ទាល់ នៅឯ​ការិយាល័យ​តំណាង​របស់​ក្រុមហ៊ុន នា​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ។

គួរ​ជម្រាប​ថា នេះ​ជា​លើក​ទីពីរ​ហើយ ដែល​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​នៅ​ក្នុង​តំបន់​បឹងកក់​បាន​នាំ​គ្នា​មក​ចរចា​ជាមួយ​នឹង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ទាមទារ​ឲ្យ​ក្រុមហ៊ុន ស៊ូកាគូ អ៊ីន បង់​សំណង​ដល់​ពួក​គាត់​តាម​តម្លៃ​ទីផ្សារ។

មេធាវី​ការពារ​ក្ដី​ឲ្យ​ប្រជាពលរដ្ឋ គឺ​លោក ជូង ជូងី ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅព្រឹក​ថ្ងៃ​ទី​៣ កញ្ញា​នេះ លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ដើម្បី​ជំទាស់​នឹង​កិច្ចសន្យា​អភិវឌ្ឍន៍​បឹងកក់​នេះ។

ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​ថា ខាង​តុលាការ​ក្រុង​បាន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​ភាគី​ដើម​បណ្ដឹង បង់​ប្រាក់​តម្កល់​ចំនួន ៥០​ភាគរយ​នៃ​ទឹក​ប្រាក់ ដែល​ក្រុមហ៊ុន​បាន​ជួល​ដី​បឹងកក់​នោះ គឺ​ស្មើ​នឹង ៣៩,៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

គួរ​ជម្រាប​ថា រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ស៊ូកាគូ អ៊ីន ធ្វើការ​អភិវឌ្ឍ​បឹងកក់​សម្រាប់​រយៈពេល ៩៩​ឆ្នាំ លើ​ផ្ទៃ​ដី​ចំនួន​ជិត ១៣៣​ហិកតារ ក្នុង​ទឹកប្រាក់​ប្រមាណ ៧៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​ការអនុញ្ញាត​នេះ ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​រិះគន់​ថា បាន​រំលោភ​លើ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ដែល​ថា ការប្រគល់​បឹង​ដែល​ជា​កម្មសិទ្ធិ​រដ្ឋ ទៅ​ឲ្យ​ឯកជន​គឺ​មិន​ត្រូវ​ហួស​ពី ១៥​ឆ្នាំ​ឡើយ។ ក្រុម​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ការអភិវឌ្ឍ​នេះ នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​បរិស្ថាន​និង​ប្រជាពលរដ្ឋ​ប្រមាណ​ពី ៣.០០០ ទៅ ៤.២០០​គ្រួសារ​ដែល​រស់​នៅ​ជុំវិញ​បឹងកក់​នោះ៕