មន្ត្រីរដ្ឋាភិបាលកម្ពុជា ពន្យល់ថា កម្ពុជា មានចេតនាចង់ឲ្យតំបន់អាស៊ាន គ្មានសង្គ្រាមស៊ីវិល។ សង្គមស៊ីវិលហៅគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ថា ជាការល្អប្រសើរ ប៉ុន្តែពួកគេស្នើឲ្យរដ្ឋាភិបាលកម្ពុជា បំបាត់ឫសគល់ដែលអាចនាំឲ្យកម្ពុជា ជួបសង្គ្រាមស៊ីវិល។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នាពេលកន្លងទៅ កម្ពុជា បានដាក់សំណើពិភាក្សាអំពីប្រធានបទដែលទាក់ទងនឹងសន្តិសុខតំបន់មួយ គឺអាស៊ានគ្មានសង្គ្រាមស៊ីវិល។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ឲ្យដឹងថា អាស៊ាននឹងពិភាក្សាគ្នាបន្តទៀតនៅក្នុងកិច្ចប្រជុំកំពូលពីប្រធានបទអាស៊ានគ្មានសង្គ្រាមស៊ីវិល ព្រោះថាបើប្រទេសណាមួយនៅក្នុងតំបន់អាស៊ាន មានសង្គ្រាមស៊ីវិល នឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងតំបន់អាស៊ានទាំងមូល។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ នៅក្នុងវេទិកាអ្នកសារព័ត៌មានមួយនៅព្រឹកថ្ងៃអង្គារ ទី១៣ វិច្ឆិកា ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា មានប្រសាសន៍ថា កម្ពុជា មានបទពិសោធន៍ឈឺចាប់ច្រើនក្នុងសង្គ្រាមស៊ីវិលដ៏វិនាសកម្ម។ លោកបន្តថា កម្ពុជា ប្រើសិទ្ធិក្នុងនាមជាប្រធានអាស៊ាន ដើម្បីសម្របសម្រួល ដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ ដូចជាបញ្ហាជម្លោះសមុទ្រចិនខាងត្បូង និងការជំរុញឲ្យប្រទេសក្នុងតំបន់អាស៊ាន ទប់ស្កាត់កុំឲ្យមានសង្គ្រាមស៊ីវិលកើតឡើង។ លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា គំនិតរបស់កម្ពុជា ដែលចង់ឲ្យតំបន់អាស៊ានទាំងមូលគ្មានសង្គ្រាមស៊ីវិល កំពុងតែទទួលបានការគាំទ្រ ហើយរំពឹងថានឹងមានយន្តការមួយច្បាស់លាស់ ដើម្បីជំរុញឲ្យគំនិតនេះទទួលជោគជ័យនាពេលខាងមុខ។
លោក ខៀវ កាញារីទ្ធ៖ «ដោយសារយើងធ្លាប់ជាអ្នករងគ្រោះនៃសង្គ្រាមស៊ីវិលនេះ ទើបយើងបានលើកគំនិតនេះឡើង ដើម្បីអាស៊ាន ឥឡូវនេះ គំនិតនេះ បានយកទៅពិចារណា យើងក៏បានបង្កើតវិទ្យាស្ថានមួយដើម្បីស្រាវជ្រាវពីបញ្ហានេះ ហើយសង្ឃឹមថា ៣ទៅ៤ប្រជុំខាងមុខទៀត យើងអាចរកគន្លឹះណាមួយដើម្បីជំរុញឲ្យអាស៊ាន ជាតំបន់ប្រកបដោយសុខសន្តិភាព ដែលអាចឲ្យពលរដ្ឋ ទោះបីភាគតិច ឬច្រើនក្តី រស់នៅប្រកបដោយសន្តិភាព»។
លោក ខៀវ កាញារីទ្ធ បន្តថា ដើម្បីរារាំងការកើតមានសង្គ្រាមនៅក្នុងតំបន់ កម្ពុជា សម្រេចចិត្តយកមធ្យោបាយអត់ធ្មត់ក្នុងជម្លោះព្រំដែនជាមួយថៃ ហើយបន្តដោះស្រាយបញ្ហាដោយសន្តិវិធី។
អ្នកតាមដានបញ្ហានយោបាយ លើកឡើងថា បច្ចុប្បន្ននេះ ប្រទេសនៅក្នុងតំបន់អាស៊ាន ដែលគេមើលឃើញថាអាចប្រឈមខ្លាំងនឹងការកើតសង្គ្រាមស៊ីវិល មានដូចជាប្រទេសថៃ និងមីយ៉ាន់ម៉ា។ ប្រទេសថៃ កំពុងពើបប្រទះនឹងសង្គ្រាមសាសនា ដែលបង្កឡើងដោយសកម្មជនប្រយុទ្ធជនជាតិឥស្លាម នៅភាគខាងត្បូងប្រទេស បណ្ដាលឲ្យជីវិតមនុស្សស្លាប់អស់ជាច្រើននាក់។ ចំណែកឯប្រទេសមីយ៉ាន់ម៉ា សង្គ្រាមសាសនាឥស្លាម និងព្រះពុទ្ធ ក៏ចាប់ផ្ដើមឆាបឆេះឡើងដែរ នៅក្នុងរដ្ឋរ៉ាក់ឃីន កាលពីខែមិថុនា បានបណ្ដាលឲ្យមានមនុស្សស្លាប់ជិត ១០០នាក់ និងរងរបួសចំនួន ១៣៦នាក់ ព្រមទាំងមានការដុតបំផ្លាញផ្ទះសម្បែងអស់ជាង ៥ពាន់ខ្នង ដោយបន្សល់ទុកអ្នកអត់មានទីជម្រកជាង ៣២ពាន់នាក់។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា លោកគាំទ្រការលើកឡើងរបស់កម្ពុជា ដែលមានបំណងឲ្យអាស៊ានគ្មានសង្គ្រាមស៊ីវិល។ លោកបន្តថា កម្ពុជា អាចយកបទពិសោធន៍ដែលខ្លួនធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិល និងការបញ្ចប់សង្គ្រាមស៊ីវិលទៅបង្ហាញសមាជិកអាស៊ានទាំងអស់ ដើម្បីរួមគ្នាកសាងសន្តិភាពតំបន់។ លោក ឡៅ ម៉ុងហៃ បញ្ជាក់ថា មុននឹងជំរុញឲ្យអាស៊ានបំបាត់សង្គ្រាមស៊ីវិល កម្ពុជា ក៏ត្រូវពិនិត្យឡើងវិញពីការលុបបំបាត់មូលហេតុដែលអាចនាំឲ្យមានសង្គ្រាមស៊ីវិលក្នុងប្រទេសរបស់ខ្លួនដែរ៖ «បើតាមពិតទៅ ទំនាស់ផលប្រយោជន៍រវាងក្រុម និងក្រុម ការដណ្ដើមអំណាចគ្នា ការពារផលប្រយោជន៍ដូចយើងអីចឹង មានទិដ្ឋភាពជាទំនាស់ដីធ្លីជាដើម។ នៅក្នុងតំបន់អាស៊ាន ត្រូវមានយន្តការដោះស្រាយជម្លោះហ្នឹងឲ្យបានច្បាស់លាស់ ឲ្យមានការទុកចិត្តពីក្រុមភាគីទាំងឡាយហ្នឹង»។
លោក ឡៅ ម៉ុងហៃ បន្តថា ដើម្បីជៀសវាងសង្គ្រាមស៊ីវិល ប្រទេសនិមួយៗត្រូវមានការឯកភាពផ្ទៃក្នុង គោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយសមធម៌។
ទន្ទឹមនឹងនេះ ប្រធានបច្ចេកទេសអង្កេតអង្គការលីកាដូ (LICADHO) លោក អំ សំអាត ក៏បង្ហាញជំហរគាំទ្រការសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលដែរ ប៉ុន្តែលោកកត់សម្គាល់ថា កម្ពុជា កំពុងត្រូវបានរិះគន់ពីសំណាក់សង្គមស៊ីវិលជាតិ និងអន្តរជាតិ ជុំវិញការរំលោភសិទ្ធិមនុស្ស និងប្រព័ន្ធតុលាការ មិនទាន់ឯករាជ្យ។ លោកបន្តថា បើតុលាការមិនទាន់ឯករាជ្យនោះ បានន័យថា បញ្ហាអយុត្តិធម៌សង្គមកាន់តែកើនឡើង ហើយបើអយុត្តិធម៌កាន់តែរីកធំនោះ នឹងអាចនាំឲ្យប្រទេសធ្លាក់ក្នុងសង្គ្រាមស៊ីវិលក៏អាចថាបាន៖ «សង្គ្រាមស៊ីវិលអាចកើតចេញពីបញ្ហាជាច្រើន ដូចជាទំនាស់ដីធ្លីជាដើម។ គួរធ្វើយ៉ាងណាពង្រឹងអំណាចឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ ឲ្យបានល្អ កាលណាយើងអនុវត្តច្បាប់ កាលណាគេគោរពច្បាប់ត្រឹមត្រូវ គោរពសិទ្ធិមនុស្ស ក៏មិនអាចមានសង្គ្រាមស៊ីវិលដែរ»។
លោក អំ សំអាត បន្តថា រដ្ឋាភិបាលគួរតែធ្វើកំណែទម្រង់ឲ្យបានស៊ីជម្រៅ ដែលនាំស្ថាប័នកំពូលទាំងបី គឺនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ឲ្យឯករាជ្យពីគ្នាស្របតាមរដ្ឋធម្មនុញ្ញ ទើបពលរដ្ឋរស់នៅបានសេចក្តីសុខ រួចផុតពីសង្គ្រាមស៊ីវិលជាថ្មីទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ព្រមានពីសង្គ្រាមស៊ីវិល ដែលអាចកើតមានឡើងដោយសារជម្លោះដីធ្លីដែរ។
អ្នកតាមដានស្ថានការណ៍នយោបាយ ឲ្យដឹងថា ប្រទេសមួយចំនួនក្នុងអាស៊ាន ដែលធ្លាប់ជួបប្រទះបញ្ហាសង្គ្រាមស៊ីវិលធ្ងន់ធ្ងរមានដូចជា ប្រទេសកម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌូនេស៊ី។ សង្គ្រាមស៊ីវិលក្នុងប្រទេសមួយអាចកើតចេញពីជម្លោះផ្ទៃក្នុងដណ្ដើមអំណាច ជម្លោះសាសនា គម្លាតរវាងអ្នកមាន និងអ្នកក្រ ប្រព័ន្ធតុលាការមិនឯករាជ្យ ទំនាស់ដីធ្លី ការរំលោភសិទ្ធិមនុស្ស និងការគ្រប់គ្រងបែបផ្តាច់ការជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។