តើ​មាន​មូល​ហេតុ​អ្វី ដែល​នៅ​កម្ពុជា​មិន​ធ្វើ​ការ​ស្ទង់​មតិ​មុន​ពេល​បោះឆ្នោត?

នៅ​ក្នុង​ការ​បោះឆ្នោត​ម្ដងៗ ជា​ពិសេស​កៀក​នឹង​ពេល​បោះឆ្នោត នៅ​តាម​បណ្ដា​ប្រទេស ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ភាគ​ច្រើន គេ​តែង​ធ្វើ​ការ​ស្ទង់​មតិ​ប្រជាពលរដ្ឋ ជា​អ្នក​ទៅ​បោះ​ឆ្នោត​ដែល​ជា​ការ​ទស្សន៍ទាយ​ពី​លទ្ធផល​ឆ្នោត។ ការ​ទស្សន៍ទាយ​នោះ ពេល​ខ្លះ​ស្ទើរ​តែ​មិន​ខុស​គ្នា​ទេ​ពី​លទ្ធផល​ផ្លូវ​ការ​ពិត​ប្រាកដ​ឡើយ។
ដោយ សុ ជីវី
2012-06-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

កម្ពុជា​បាន​ឆ្លង​កាត់​ការ​បោះឆ្នោត​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​ពុំ​ធ្លាប់​ឆ្លង​កាត់​ទេ ការ​ធ្វើ​ប្រជាមតិ​នៅ​មុន​លទ្ធផល​ឆ្នោត។ អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត និង​អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា មាន​ហេតុ​ផល​មួយ​ចំនួន ដែល​ធ្វើ​មិន​អោយ​មាន​ការ​ស្ទង់​មតិ​បែប​នេះ។ ភាព​ក្មេង​ខ្ចី​នៃ​គណបក្ស​នយោបាយ​កម្ពុជា គឺ​ជា​ហេតុ​ផល​មួយ ដែល​ត្រូវ​បាន​លើក​ឡើង។ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយសេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​អង្គការ និកហ្វិច លោក បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា លោក បាន​សាក​ល្បង​ការ​ស្ទង់​មតិ ដើម្បី​ប៉ាន់​ប្រមាណ​ពី​សំឡេង​គាំទ្រ​គណបក្ស​នយោបាយ​នៅ​មុន​លទ្ធ​ផល​ជា​ផ្លូវ​ការ​នោះ​ម្ដង​ដែរ ប៉ុន្តែ​អង្គការ​របស់​លោក​ត្រូវ​បាន​ការ​គំរាម​ពី​គណបក្ស​ដែល​ទទួល​បាន​សំឡេង​តិច​នៅ​ក្នុង​លទ្ធផល​ស្ទង់​មតិ​នោះ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត ដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា ខុមហ្វ្រែល លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន សាកលវិទ្យាល័យ​ល្បីៗ គឺ​ជា​អ្នក​បង្កើត​អោយ​មាន​ការ​ស្ទង់​មតិ ដែល​ប្រាប់​ពី​លទ្ធផល​នៅ​មុន​ការ​បោះ​ឆ្នោត។ លោក​បន្ត​ថា នៅ​កម្ពុជា គឺ​នៅ​ខ្វះ​ស្ថាប័ន ដែល​ជាទី​ទុកចិត្ត ដែល​អាច​ធ្វើ​ការ​ស្ទង់​មតិ​ប្រភេទ​នេះ​បាន។

នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ការ​ស្ទង់​មតិ​ពី​លទ្ធផល​ឆ្នោត ត្រូវ​គេ​ធ្វើ​កាន់​តែ​ញឹក​ញាប់​នៅ​ពេល​កៀក​នឹង​ពេល​បោះ​ឆ្នោត។ គេ​បាន​ផ្សព្វ​ផ្សាយ​លទ្ធ​ផល​ជា​បន្ត​បន្ទាប់​ទៅ​ដល់​អ្នក​បោះ​ឆ្នោត និង​គណបក្ស​នយោបាយ អោយ​ដឹង​ថា អ្វី​ជា​តម្រូវ​ការ​របស់​ពលរដ្ឋ និង​ថា តើ​គោល​នយោបាយ​គណបក្ស​នីមួយៗ ដែល​ដាក់​ចេញ​ទៅ​នោះ បាន​ទទួល​ការ​គាំទ្រ និង​ឆ្លើយ​តប​តម្រូវ​ការ​របស់​ពលរដ្ឋ​បាន​កម្រិត​ណា។

អ្នក​វិភាគ​នយោបាយ និង​ជា​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ លោក បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា សាកលវិទ្យាល័យ​ដែល​មាន​បង្រៀន​មុខ​វិជ្ជា វិទ្យាសាស្ត្រ​នយោបាយ ភាគ​ច្រើន​ជា​សកលវិទ្យាល័យ​ឯកជន ដែល​ពុំ​មាន​ថវិកា​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ការ​ស្ទង់​មតិ។

ទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​អ្នក​វិភាគ​បាន​ទទួល​ស្គាល់​ថា ការ​ស្ទង់​មតិ គឺ​មាន​សារៈសំខាន់​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ទៅ​អោយ​ប្រជាពលរដ្ឋ និង​ផ្ដល់​ឱកាស​អោយ​គណបក្ស​នយោបាយ​ក្នុង​ការ​កែ​សម្រួល​គោល​នយោបាយ និង​យុទ្ធសាស្ត្រ ក្នុង​ការ​ឃោសនា ដើម្បី​អោយ​ស្រប​ទៅ​តាម​តម្រូវ​ការ​របស់​ពលរដ្ឋ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត ដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ពិត​មែន​ថា​មាន​សារៈសំខាន់ ក៏​ការ​ស្ទង់​មតិ​ប្រភេទ​នេះ អាច​ជា​អាវុធ​មុខ​ពីរ ដែល​អាច​ជំរុញ​អោយ​ការ​គាំទ្រ​គណបក្ស​ណា​មួយ​កាន់​តែ​កើន​ឡើង ឬ​ថយ​ចុះ ទៅ​តាម​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នោះ។ ដោយ​មូលហេតុ​នេះ ចាំ​បាច់​ត្រូវ​តែ​មាន​ស្ថាប័ន ដែល​ឯក​រាជ្យ ធ្វើ​ការ​ស្ទង់​មតិ​នេះ។

អ្នក​វិភាគ​នយោបាយ និង​ជា​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ លោក បណ្ឌិត សុខ ទូច។ លោក មាន​ប្រសាសន៍​ថា ដើម្បី​អោយ​លទ្ធផល​ស្ទង់​មតិ​អាច​ជឿ​ទុក​ចិត្ត​បាន លុះត្រាតែ​មាន​ថវិកា​ពី​ម្ចាស់​ជំនួយ​ឯករាជ្យ ដែល​មិនមែន​ជា​គណបក្ស​នយោបាយ ឬ​បម្រើ​ប្រយោជន៍​គណបក្ស​នយោបាយ​ណា​មួយ។ លោក សុខ ទូច បាន​ស្នើ​អោយ​ម្ចាស់​ជំនួយ​ទាំង​ឡាយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ ការស្ទង់មតិ​នៅ​មុន​ការ​បោះ​ឆ្នោត ដោយ​ផ្ដល់​ថវិកា​ទៅ​អោយ ស្ថាប័ន​ស្រាវ​ជ្រាវ​ឯករាជ្យ។

អង្គការ​មិនមែន​រដ្ឋាភិបាល បាន​លើក​ឡើង​ដែរ​ថា ដើម្បី​អោយ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ ស្ដី​ពី​លទ្ធផល​ឆ្នោត​អាច​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ពិត​របស់​ពលរដ្ឋ គឺ​ចាំ​បាច់​ទាមទារ​អោយ​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ដើម្បី​ផ្សព្វ​ផ្សាយ​គោល​នយោបាយ​គណបក្ស​នយោបាយ​នានា និង​លទ្ធផល​ដែល​ទទួល​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

In cambodia the survey about election can't receive the good result ,because cambodia is not a real democracy country ,it's not 100% people can tell the true ,they still scare the authority.In the real democraty country ,we walk everywhere ahole day ,sometime we can't see one police ,but in cambodia ,civil security , police,authority in village every where,their watch the people who talk the bad thing from government,so that the motif.

Jun 01, 2012 08:41 PM

អ្នក​អាន​អនាមិក

It is easy to steal votes result.

Jun 01, 2012 04:48 PM

អ្នក​អាន​អនាមិក

If a survey before an election was held, one party will not support, because once the result is announced, it would be hard to rig on the election.

Jun 01, 2012 07:49 AM