កម្ពុជាបានឆ្លងកាត់ការបោះឆ្នោតជាច្រើនលើកមកហើយ ប៉ុន្តែពុំធ្លាប់ឆ្លងកាត់ទេ ការធ្វើប្រជាមតិនៅមុនលទ្ធផលឆ្នោត។ អង្គការមិនមែនរដ្ឋាភិបាលធ្វើការងារពាក់ព័ន្ធនឹងការបោះឆ្នោត និងអ្នកវិភាគនយោបាយមើលឃើញថា មានហេតុផលមួយចំនួន ដែលធ្វើមិនអោយមានការស្ទង់មតិបែបនេះ។ ភាពក្មេងខ្ចីនៃគណបក្សនយោបាយកម្ពុជា គឺជាហេតុផលមួយ ដែលត្រូវបានលើកឡើង។ នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬអង្គការ និកហ្វិច លោក បណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា លោក បានសាកល្បងការស្ទង់មតិ ដើម្បីប៉ាន់ប្រមាណពីសំឡេងគាំទ្រគណបក្សនយោបាយនៅមុនលទ្ធផលជាផ្លូវការនោះម្ដងដែរ ប៉ុន្តែអង្គការរបស់លោកត្រូវបានការគំរាមពីគណបក្សដែលទទួលបានសំឡេងតិចនៅក្នុងលទ្ធផលស្ទង់មតិនោះ។
នាយកប្រតិបត្តិគណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា នៅតាមបណ្ដាប្រទេសមួយចំនួន សាកលវិទ្យាល័យល្បីៗ គឺជាអ្នកបង្កើតអោយមានការស្ទង់មតិ ដែលប្រាប់ពីលទ្ធផលនៅមុនការបោះឆ្នោត។ លោកបន្តថា នៅកម្ពុជា គឺនៅខ្វះស្ថាប័ន ដែលជាទីទុកចិត្ត ដែលអាចធ្វើការស្ទង់មតិប្រភេទនេះបាន។
នៅតាមបណ្ដាប្រទេសមួយចំនួន ការស្ទង់មតិពីលទ្ធផលឆ្នោត ត្រូវគេធ្វើកាន់តែញឹកញាប់នៅពេលកៀកនឹងពេលបោះឆ្នោត។ គេបានផ្សព្វផ្សាយលទ្ធផលជាបន្តបន្ទាប់ទៅដល់អ្នកបោះឆ្នោត និងគណបក្សនយោបាយ អោយដឹងថា អ្វីជាតម្រូវការរបស់ពលរដ្ឋ និងថា តើគោលនយោបាយគណបក្សនីមួយៗ ដែលដាក់ចេញទៅនោះ បានទទួលការគាំទ្រ និងឆ្លើយតបតម្រូវការរបស់ពលរដ្ឋបានកម្រិតណា។
អ្នកវិភាគនយោបាយ និងជាសកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ លោក បណ្ឌិត សុខ ទូច មានប្រសាសន៍ថា សាកលវិទ្យាល័យដែលមានបង្រៀនមុខវិជ្ជា វិទ្យាសាស្ត្រនយោបាយ ភាគច្រើនជាសកលវិទ្យាល័យឯកជន ដែលពុំមានថវិកាគ្រប់គ្រាន់ដើម្បីធ្វើការស្ទង់មតិ។
ទាំងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកវិភាគបានទទួលស្គាល់ថា ការស្ទង់មតិ គឺមានសារៈសំខាន់ក្នុងការផ្ដល់ព័ត៌មានទៅអោយប្រជាពលរដ្ឋ និងផ្ដល់ឱកាសអោយគណបក្សនយោបាយក្នុងការកែសម្រួលគោលនយោបាយ និងយុទ្ធសាស្ត្រ ក្នុងការឃោសនា ដើម្បីអោយស្របទៅតាមតម្រូវការរបស់ពលរដ្ឋ។
នាយកប្រតិបត្តិគណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅកម្ពុជា លោក គល់ បញ្ញា មានប្រសាសន៍ថា ពិតមែនថាមានសារៈសំខាន់ ក៏ការស្ទង់មតិប្រភេទនេះ អាចជាអាវុធមុខពីរ ដែលអាចជំរុញអោយការគាំទ្រគណបក្សណាមួយកាន់តែកើនឡើង ឬថយចុះ ទៅតាមលទ្ធផលនៃការស្ទង់មតិនោះ។ ដោយមូលហេតុនេះ ចាំបាច់ត្រូវតែមានស្ថាប័ន ដែលឯករាជ្យ ធ្វើការស្ទង់មតិនេះ។
អ្នកវិភាគនយោបាយ និងជាសកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ លោក បណ្ឌិត សុខ ទូច។ លោក មានប្រសាសន៍ថា ដើម្បីអោយលទ្ធផលស្ទង់មតិអាចជឿទុកចិត្តបាន លុះត្រាតែមានថវិកាពីម្ចាស់ជំនួយឯករាជ្យ ដែលមិនមែនជាគណបក្សនយោបាយ ឬបម្រើប្រយោជន៍គណបក្សនយោបាយណាមួយ។ លោក សុខ ទូច បានស្នើអោយម្ចាស់ជំនួយទាំងឡាយយកចិត្តទុកដាក់ចំពោះ ការស្ទង់មតិនៅមុនការបោះឆ្នោត ដោយផ្ដល់ថវិកាទៅអោយ ស្ថាប័នស្រាវជ្រាវឯករាជ្យ។
អង្គការមិនមែនរដ្ឋាភិបាល បានលើកឡើងដែរថា ដើម្បីអោយលទ្ធផលនៃការស្ទង់មតិ ស្ដីពីលទ្ធផលឆ្នោតអាចឆ្លុះបញ្ចាំងពីទស្សនៈពិតរបស់ពលរដ្ឋ គឺចាំបាច់ទាមទារអោយមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដើម្បីផ្សព្វផ្សាយគោលនយោបាយគណបក្សនយោបាយនានា និងលទ្ធផលដែលទទួលបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
