ដើម្បីសម្រេចបានផែនការនេះ ប្រទេសអាស៊ាន ត្រូវដោះស្រាយឲ្យបាន ឬលុបបំបាត់នូវរបាំងពន្ធគយ និងរបាំងមិនមែនពន្ធគយ។ ប៉ុន្តែ អ្នកវិភាគមួយចំនួនយល់ឃើញថា ប្រទេសទាំងអស់មានភាពងាយស្រួលធ្វើការកាត់បន្ថយរបាំងទាក់ទងនឹងពន្ធ ហើយបញ្ហាប្រឈមរបស់សមាគមអាស៊ាន ក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរី នៅត្រឹមឆ្នាំ២០១៥ គឺពាក់ព័ន្ធនឹងយន្តការកាត់បន្ថយរបាំងមិនមែនពន្ធគយ។
យន្តការដែលបានអនុវត្តដើម្បីសម្រេចគោលបំណង នៃការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន គឺកិច្ចព្រមព្រៀងស្ដីពីការអនុគ្រោះពន្ធគយរួម ដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នាខែមករា ឆ្នាំ១៩៩២ នៅប្រទេសសិង្ហបុរី។ កិច្ចព្រមព្រៀងស្ដីពីការអនុគ្រោះពន្ធគយរួមនេះ គ្របដណ្ដប់លើបណ្ដាមុខទំនិញកម្មន្តសាល (Manufactured Goods) ដោយរាប់បញ្ចូលទាំងទំនិញ មូលធន ផលិតផលកសិកម្មកែច្នៃ និងទំនិញមិនមែនកសិកម្មផ្សេងទៀត។
ប្រទេសសមាជិកអាស៊ានទាំងអស់ គ្រោងនឹងបញ្ចុះរបាំងពន្ធគយ នៃការនាំចេញ និងនាំចូលក្នុងតំបន់អាស៊ាន ដល់កម្រិតសូន្យ នៅឆ្នាំ២០១៥ ខាងមុខ ដើម្បីឆ្ពោះទៅសម្រេចឲ្យបាននូវការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន។ ក្រៅពីបញ្ចុះរបាំងពន្ធគយ តំបន់ពាណិជ្ជកម្មសេរីអាស៊ាន ទាមទារឲ្យប្រទេសសមាជិក បញ្ចុះនូវរបាំងមិនមែនជាសារពើពន្ធជាបណ្ដើរៗផងដែរ។ មានន័យថា ប្រទេសជាសមាជិក ត្រូវលុបបំបាត់ឲ្យអស់នូវការកម្រិតបរិមាណ ដូចជាការកំណត់បរិមាណផលិតផល អាជ្ញាប័ណ្ណ វិធានការរដ្ឋបាល និងការទាមទារនានា។
ម៉្យាងវិញទៀត ប្រទេសជាសមាជិកទាំងអស់ មិនត្រូវអនុវត្តការរឹតត្បិតរូបិយប័ណ្ណបរទេស ក្នុងការទូទាត់ទំនិញ ដែលបានបញ្ចូលនៅក្នុងតារាងអនុគ្រោះពន្ធគយរួម។
ដើម្បីដោះស្រាយកត្តារារាំងទាំងឡាយដល់ដំណើរការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាននេះ គឺជាការទទួលខុសត្រូវរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ត្រូវចូលរួមសហប្រតិបត្តិការគ្នាទៅវិញទៅមកជាមួយប្រទេសជាសមាជិកអាស៊ាន ក្នុងការពន្លឿនកិច្ចការនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០១២ មានប្រសាសន៍ថា ទាក់ទងនឹងការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ២០១៥ គឺរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានត្រូវដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងពន្ធគយ និងមិនមែនពន្ធគយ៖ «ជាការពិត រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន មានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេស ការដោះស្រាយបញ្ហាពាក់ព័ន្ធ និងរបាំងពន្ធគយ និងមិនមែនពន្ធគយ ក៏ដូចជាបញ្ហាថ្មីៗដែលកំពុងកើតមានពាក់ព័ន្ធនឹងគម្លាតនៃការអភិវឌ្ឍ រួមទាំងដៃគូសន្ទនា និងធ្វើឲ្យសមាហរណកម្មពាណិជ្ជកម្មនៅក្នុងតំបន់ កាន់តែមានលក្ខណៈមុតស្រួច»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បន្តថា ការសម្រេចបាននូវការបង្កើតសហគមន៍សេដ្ឋកិច្ចតែមួយ គឺជាអាទិភាពខ្ពស់បំផុត ដើម្បីប្រែក្លាយអាស៊ានជាទីផ្សារ និងមូលដ្ឋានផលិតតែមួយ មានលំហូរដោយសេរីនូវទំនិញ និងសេវាកម្ម ការវិនិយោគពលករជំនាញ និងលំហូរមូលធនកាន់តែសេរីជាងមុន ជាដើម។
យ៉ាងណាក៏ដោយ របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍកម្ពុជា បានបង្ហាញថា ប្រទេសកម្ពុជាត្រូវជំរុញឲ្យកាន់តែទូលំទូលាយសម្រាប់វិស័យឯកជន ក្នុងការធ្វើគោលនយោបាយ និងដំណើរការរបស់អាស៊ាន ហើយតួអង្គក្នុងវិស័យឧស្សាហកម្មទាំងអស់ នៅក្នុងតំបន់ ត្រូវបង្កើតបានជាស្តង់ដាររួម ឬបទបញ្ញត្តិផ្នែកបច្ចេកទេស ជាដើម។
បញ្ជាក់បន្ថែមអំពីបញ្ហានេះ ទីប្រឹក្សាក្រសួងការបរទេស លោកបណ្ឌិត សុក ស៊ីផាណា បានមានប្រសាសន៍ថា ការធ្វើពាណិជ្ជកម្មសេរី គឺទាក់ទងនឹងកត្តាពីរ គឺរបាំងពន្ធគយ និងរបាំងមិនមែនពន្ធគយ ដោយលោកបញ្ជាក់ថា ការដោះស្រាយរបាំងមិនមែនពន្ធ គឺជាការលំបាក ដោយសារតែប្រទេសនីមួយៗមានច្បាប់គាំពារនិយម ចំពោះផលិតផលរបស់ខ្លួនខាងផ្នែកបច្ចេកទេស៖ «ប្រទេសនីមួយៗគាត់ចេញច្បាប់ការពារគាំពារនិយមមួយ ដែលហៅថាគាំពារនិយមបច្ចេកទេស។ គាត់អត់អាចប្រកាសជាឧឡារិកថា ខ្ញុំមិនឲ្យប្រទេសនេះផលិតទូទឹកកក ឬទូរទស្សន៍ចេញខ្សែឌុយមក មិនឲ្យចូលលក់ក្នុងស្រុក គាត់អត់ថាអ៊ីចឹងកើត។ អ៊ីចឹង គាត់យករូបភាពមួយទៀតតាមរយៈរបាំងមិនមែនពន្ធគយ គេហៅថារបាំងបច្ចេកទេស»។
លោកមានប្រសាសន៍បន្ថែមថា កត្តានេះគឺទាមទារឲ្យប្រទេសដែលជាសមាជិកទាំងអស់មានកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក គឺជាកត្តាសំខាន់។
អ្នកវិភាគសេដ្ឋកិច្ចយល់ឃើញថា មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច គឺការលុបបំបាត់គម្លាតភូមិសាស្ត្រ និងពេលវេលា រវាងសេវាកម្ម ដំណើរការផលិតកម្ម និងទីផ្សារ។ មានន័យថា បណ្ដាញដឹកជញ្ជូនប្រសើរឡើង វាជួយកាត់បន្ថយពេលវេលា ចម្ងាយ និងថ្លៃដឹកជញ្ជួនពីកសិដ្ឋានទៅកាន់ទីផ្សារនានា នៅក្នុងប្រទេស។
ហើយការភ្ជាប់ទំនាក់ទំនងនៅក្នុងតំបន់ គឺមានគោលបំណងសំខាន់ក្នុងការកាត់បន្ថយចម្ងាយ និងពេលវេលាផ្ទៃក្នុងអាស៊ាន និងរវាងប្រទេសសមាជិកអាស៊ាន និងទីផ្សារពិភពលោក តាមរយៈការកែលម្អហេដ្ឋារចនាសម្ពន្ធដឹកជញ្ជួន ព្រមទាំងការលុបបំបាត់កត្តារារាំងទាំងឡាយទាក់ទងនឹងផ្នែកគោលនយោបាយ និងស្ថាប័ន។
យ៉ាងណាក៏ដោយ ប្រទេសសមាជិកអាស៊ានទាំងអស់ បានផ្ដោតយកចិត្តទុកដាក់ខ្លាំងលើការលុបបំបាត់របាំងខាងស្ថាប័ន និងគោលនយោបាយ ចំពោះពាណិជ្ជកម្មរវាងបណ្ដាប្រទេសជាសមាជិក។ ជាក់ស្ដែង ការលុបបំបាត់របាំងពន្ធគយនៅក្នុងតំបន់អាស៊ាន របស់ប្រទេសសមាជិកអាស៊ាន ជាទិដ្ឋភាពដ៏សំខាន់សម្រាប់កំណែទម្រង់ទាំងនេះ។
ចាប់តាំងពីដើមឆ្នាំ២០១០ ប្រទេសសមាជិកអាស៊ានចំនួន៦ រួមមានប្រទេសប្រ៊ុយណេ ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ សិង្ហបុរី និងម៉ាឡេស៊ី បានលុបពន្ធនាំចូលលើផលិតផលមានប្រភពនៅក្នុងអាស៊ាន អស់ជាង៩៩% នៃផលិតផលជាប់ពន្ធ។ប្រទេសកម្ពុជា ឡាវ វៀតណាម ភូមា (មីយ៉ាន់ម៉ា) បានបន្ថយពន្ធគយមកត្រឹម០ទៅ៥% លើប្រភេទផលិតផលជាង៩៨%ដែលជាប់ពន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។