មន្ត្រីជាន់ខ្ពស់គណបក្ស នរោត្តម រណឫទ្ធិ បានឲ្យដឹងនៅល្ងាចថ្ងៃទី៧ ខែឧសភានេះថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាបេក្ខជនតំណាងរាស្ត្រលំដាប់ទីមួយមណ្ឌលកំពង់ចាមរបស់គណបក្ស បើទោះបីជាព្រះអង្គកំពុងគង់នៅក្រៅប្រទេសក៏ដោយ ។
សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានគណបក្ស នរោត្ដម រណឫទ្ធិ។
លោក មុត ចន្ថា អ្នកនាំពាក្យគណបក្ស នរោត្តម រណឫទ្ធិ បានមានប្រសាសន៍ឲ្យដឹងថា គណបក្សបានដាក់ពាក្យចុះឈ្មោះនៅគ.ជ.ប.រួចរាល់ហើយ ដោយមានបេក្ខជនតំណាងរាស្ត្រទាំង ២៥ខេត្តក្រុង ។
លោក មុត ចន្ថា បានឲ្យដឹងថា ៖ «លោកឈរនៅមណ្ឌលកំពង់ចាម លោកជាបេក្ខជនលំដាប់លេខ១ នៅមណ្ឌលកំពង់ចាម ។ ករណីសម្ដេចក្រុមព្រះគឺជាបញ្ហានយោបាយ ប៉ុន្តែគណបក្សនរោត្ដម រណឫទ្ធិ នៅតែបន្តធ្វើការតស៊ូមតិដើម្បីធ្វើយ៉ាងណាឲ្យព្រះអង្គយាងមកវិញបាន ។ វាប៉ះពាល់ដល់គោលការណ៍បោះឆ្នោត សេរី យុត្តិធម៌ និងប្រជាធិបតេយ្យហើយ ពីព្រោះកាលណាប្រធានគណបក្សនយោបាយដែលមានសក្ដានុពលភាពមួយ ហើយមិនមានលទ្ធភាពយាងចូលមកប្រកួតប្រជែងដោយស្មើភាពគ្នានោះ វាធ្វើឲ្យប៉ះពាល់ដល់ទីលានប្រកួតប្រជែងនយោបាយដែលស្មើភាពគ្នា ។ អ៊ីចឹងបើមានបញ្ហាអ៊ីចឹង គឺវាប៉ះពាល់ដល់គោលការណ៍សេរី និងយុត្តិធម៌ហើយ» ។
ដោយឡែក លោក លីវ សុវណ្ណា មេធាវីការពារក្តីឲ្យសម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានមានប្រសាសន៍ថា តុលាការកំពូលបានបង្គាប់ឲ្យសម្ដេចក្រុមព្រះសរសេរសារណាដើម្បីការពារបណ្តឹងសារទុក ហើយប្រសិនបើតុលាការកំពូលមានឆន្ទៈក្នុងការជម្រះក្តីនោះ ព្រះអង្គនឹងអាចយាងត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងពេលឆាប់ៗនេះ ។
លោក លីវ សុវណ្ណា បានមានប្រសាសន៍ថា ៖ «បើសិនជាតុលាការកំពូលមានឆន្ទៈរឿងក្ដីនេះ អាចនឹងចប់មុនបើសិនជាភាគីដាក់សារណាត្រឹមត្រូវ តាមច្បាប់ ពេលហ្នឹង គឺតុលាការកំពូលអាចកាត់បាន ប្រហែលជាអាចក្នុងខែ ៦ ។ ហ្នឹងបើសិនជាតុលាការកំពូលកាត់មានឆន្ទះ ចង់ដោះស្រាយបញ្ហាហ្នឹងមុន ។ ខ្ញុំយល់ថា បើសិនជាខ្ញុំនិយាយក្នុងក្របខណ្ឌច្បាប់ អ៊ីចឹងបើសិនជាយើងពិនិត្យទៅលើរឿងហេតុនេះ គឺសម្ដេចក្រុមព្រះអត់មានកំហុសទេ ខ្ញុំមើលឃើញថា ក្នុងរឿងហ្នឹងគឺបើសិនជាតុលាការកំពូល គាត់កាត់ទៅតាមច្បាប់ គាត់ឯករាជ្យ ខ្ញុំយល់ថា សម្ដេចក្រុមព្រះអត់មានទោសទេ» ។
កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ លោក ចូសេហ្វ មូសូមែលី (Joseph Mussomeli) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា ធ្លាប់បានមានប្រសាសន៍នៅឯខេត្តកំពង់ធំថា សម្តេចក្រុមព្រះគួរតែមកដោះស្រាយរឿងក្តីនេះ នៅក្នុងប្រទេសកម្ពុជា ។
ចំណែកឯលោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានមានប្រសាសន៍ឲ្យដឹងថា ការឈរឈ្មោះជាតំណាងរាស្ត្រមិនអាស្រ័យលើបេក្ខជននៅក្នុងប្រទេសឬនៅក្រៅប្រទេសនោះទេ គឺអាស្រ័យលើគណបក្សនយោបាយ បានគោរពលក្ខខណ្ឌរបស់គ.ជ.ប. ។
លោក ទេព នីថា បានឲ្យដឹងថា ៖ «រឿងនៅក្រៅប្រទេស ក្នុងប្រទេសអត់ខុសលក្ខខណ្ខអីទេ ទាំងឈរឈ្មោះបោះឆ្នោតរហូតដល់ការបោះឆ្នោត អត់មានខុសលក្ខខណ្ខអីទេ សំខាន់លក្ខខណ្ខមកបំពេញជាបេក្ខជនហ្នឹងឲ្យបានគ្រប់គ្រាន់» ។
បើតាមមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា មកដល់ថ្ងៃទី៧ ខែឧសភានេះ ទើបតែមានគណបក្សនយោបាយចំនួន៤ប៉ុណ្ណោះ ដែលបានមកដាក់ពាក្យចុះឈ្មោះនៅគ.ជ.ប. ហើយកាលបរិច្ឆេទបិទបញ្ជីឈ្មោះគណបក្សនយោបាយនេះ នៅថ្ងៃទី១២ ខែឧសភា ខាងមុខនេះ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
នាយករដ្ឋមន្ត្រីស្នើសុំឲ្យមានសន្តិសុខក្នុងអំឡុងពេលបោះឆ្នោត
នាយករដ្ឋមន្ត្រីគាំទ្រចំពោះការលើកតម្កើងវប្បធម៌អ៊ិស្លាម
អតីតព្រះមហាក្សត្របង្ហាញពីព្រឹត្តិការណ៍ខ្លះក្នុងសម័យសង្រ្គាម
ឌុច ជាសាក្សីក្នុងបណ្ដឹង ហោ ណាំហុង ប្រឆាំងសម រង្ស៊ី
សម រង្ស៊ី និពន្ធសៀវភៅស្ដីពីជំហរតស៊ូ
បក្សសិទ្ធិមនុស្ស៖ រដ្ឋគួរមានផ្ទះដាក់ជួលឬលក់ក្នុងតម្លៃថោក
បក្ស"រណឫទ្ធិ" រិះគន់ការដកហូតព្រះដំណាក់សម្ដេចក្រុមព្រះ
ប្រតិកម្មគណបក្សនយោបាយជុំវិញដំណើរការបោះឆ្នោត