សម្តេច​ក្រុមព្រះ​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម

មន្ត្រី​ជាន់ខ្ពស់​គណបក្ស នរោត្តម រណឫទ្ធិ បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី៧ ខែ​ឧសភា​នេះ​ថា សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ គឺ​ជា​បេក្ខជន​តំណាងរាស្ត្រ​លំដាប់​ទី​មួយ​មណ្ឌល​កំពង់ចាម​របស់​គណបក្ស បើ​ទោះបីជា​ព្រះអង្គ​កំពុង​គង់​នៅ​ក្រៅ​ប្រទេស​ក៏ដោយ ។

0:00 / 0:00

លោក មុត ចន្ថា អ្នក​នាំពាក្យ​គណបក្ស នរោត្តម រណឫទ្ធិ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គណបក្ស​បាន​ដាក់​ពាក្យ​ចុះឈ្មោះ​នៅគ.ជ.ប.​រួចរាល់​ហើយ ដោយ​មាន​បេក្ខជន​តំណាងរាស្ត្រ​ទាំង ២៥​ខេត្ត​ក្រុង ។

លោក មុត ចន្ថា បាន​ឲ្យ​ដឹង​ថា ៖ «លោក​ឈរ​នៅ​មណ្ឌល​កំពង់ចាម លោក​ជា​បេក្ខជន​លំដាប់​លេខ​១ នៅ​មណ្ឌល​កំពង់ចាម ។ ករណី​សម្ដេច​ក្រុមព្រះ​គឺ​ជា​បញ្ហា​នយោបាយ ប៉ុន្តែ​គណបក្ស​នរោត្ដម រណឫទ្ធិ នៅ​តែ​បន្ត​ធ្វើការ​តស៊ូ​មតិ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ព្រះអង្គ​យាង​មក​វិញ​បាន ។ វា​ប៉ះពាល់​ដល់​គោលការណ៍​បោះ​ឆ្នោត សេរី យុត្តិធម៌ និង​ប្រជាធិបតេយ្យ​ហើយ ពីព្រោះ​កាលណា​ប្រធាន​គណបក្ស​នយោបាយ​ដែល​មាន​សក្ដានុពលភាព​មួយ ហើយ​មិន​មាន​លទ្ធភាព​យាង​ចូល​មក​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​គ្នា​នោះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទីលាន​ប្រកួតប្រជែង​នយោបាយ​ដែល​ស្មើភាព​គ្នា ។ អ៊ីចឹង​បើ​មាន​បញ្ហា​អ៊ីចឹង គឺ​វា​ប៉ះពាល់​ដល់​គោលការណ៍​សេរី និង​យុត្តិធម៌​ហើយ»

ដោយឡែក លោក លីវ សុវណ្ណា មេធាវី​ការពារ​ក្តី​ឲ្យ​សម្តេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ បាន​មាន​ប្រសាសន៍​ថា តុលាការ​កំពូល​បាន​បង្គាប់​ឲ្យ​សម្ដេច​ក្រុមព្រះ​សរសេរ​សារណា​ដើម្បីការពារ​បណ្តឹង​សារទុក ហើយ​ប្រសិន​បើ​តុលាការ​កំពូល​មាន​ឆន្ទៈ​ក្នុង​ការ​ជម្រះ​ក្តី​នោះ ព្រះអង្គ​នឹង​អាច​យាង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ក្នុង​ពេល​ឆាប់ៗ​នេះ ។

លោក លីវ សុវណ្ណា បាន​មាន​ប្រសាសន៍​ថា ៖ «បើសិន​ជា​តុលាការ​កំពូល​មាន​ឆន្ទៈ​រឿង​ក្ដី​នេះ អាច​នឹង​ចប់​មុន​បើសិនជា​ភាគី​ដាក់​សារណា​ត្រឹមត្រូវ តាម​ច្បាប់ ពេល​ហ្នឹង គឺ​តុលាការ​កំពូល​អាច​កាត់​បាន ប្រហែលជា​អាច​ក្នុង​ខែ ៦ ។ ហ្នឹង​បើសិនជា​តុលាការ​កំពូល​កាត់​មាន​ឆន្ទះ ចង់​ដោះស្រាយ​បញ្ហា​ហ្នឹង​មុន ។ ខ្ញុំ​យល់​ថា បើសិនជា​ខ្ញុំ​និយាយ​ក្នុង​ក្របខណ្ឌ​ច្បាប់ អ៊ីចឹង​បើសិនជា​យើង​ពិនិត្យ​ទៅ​លើ​រឿង​ហេតុ​នេះ គឺ​សម្ដេច​ក្រុមព្រះ​អត់​មាន​កំហុស​ទេ ខ្ញុំ​មើល​ឃើញ​ថា ក្នុង​រឿង​ហ្នឹង​គឺបើសិនជា​តុលាការ​កំពូល គាត់​កាត់​ទៅ​តាម​ច្បាប់ គាត់​ឯករាជ្យ ខ្ញុំ​យល់​ថា សម្ដេច​ក្រុមព្រះ​អត់​មាន​ទោស​ទេ»

កាលពី​ថ្ងៃ​អង្គារ៍​កន្លងទៅ​នេះ លោក ចូសេហ្វ មូសូមែលី (Joseph Mussomeli) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ធ្លាប់​បាន​មាន​ប្រសាសន៍​នៅ​ឯ​ខេត្ត​កំពង់ធំ​ថា សម្តេច​ក្រុមព្រះ​គួរតែ​មក​ដោះស្រាយ​រឿង​ក្តី​នេះ នៅក្នុង​ប្រទេស​កម្ពុជា ។

ចំណែក​ឯ​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​មិន​អាស្រ័យ​លើ​បេក្ខជន​នៅក្នុង​ប្រទេស​ឬ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ គឺ​អាស្រ័យ​លើ​គណបក្ស​នយោបាយ បាន​គោរព​លក្ខខណ្ឌ​របស់​គ.ជ.ប. ។

លោក ទេព នីថា បាន​ឲ្យ​ដឹង​ថា ៖ «រឿង​នៅ​ក្រៅ​ប្រទេស ក្នុង​ប្រទេស​អត់​ខុស​លក្ខខណ្ខ​អី​ទេ ទាំង​ឈរ​ឈ្មោះ​បោះ​ឆ្នោត​រហូត​ដល់​ការ​បោះ​ឆ្នោត អត់​មាន​ខុស​លក្ខខណ្ខ​អី​ទេ សំខាន់​លក្ខខណ្ខ​មក​បំពេញ​ជា​បេក្ខជន​ហ្នឹង​ឲ្យ​បាន​គ្រប់គ្រាន់»

បើ​តាម​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ឲ្យ​ដឹង​ថា មកដល់​ថ្ងៃ​ទី៧ ខែ​ឧសភា​នេះ ទើប​តែ​មាន​គណបក្ស​នយោបាយ​ចំនួន​៤​ប៉ុណ្ណោះ ដែល​បាន​មក​ដាក់​ពាក្យ​ចុះឈ្មោះ​នៅ​គ.ជ.ប. ហើយ​កាលបរិច្ឆេទ​បិទ​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​នេះ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ខាងមុខ​នេះ ៕