គណបក្សហ៊្វុនស៊ិនប៉ិច ជាគណបក្សរាជានិយមមួយ នៅក្នុងរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងតែកាន់អំណាច នាពេលបច្ចុប្បន្ន។
ប្រធានស្តីទីគណបក្ស នរោត្តម រណឫទ្ធិ លោក សៅ រ៉ានី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ បានប្រកាសប្ដូរឈ្មោះគណបក្ស នរោត្តម រណឫទ្ធិ មកជាគណបក្សជាតិនិយម វិញ ហើយគណបក្សនេះត្រៀមចូលរួមធ្វើសមាជវិសាមញ្ញច្របាច់បញ្ចូលជាមួយគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២។
ការប្រកាសរួបរួមជាគណបក្សតែមួយ ក្រោមការដឹកនាំដោយគណបក្សហ៊្វុនស៊ិនប៉ិច នោះ គឺនៅគ្រាដែលអតីតប្រធានគណបក្ស នរោត្តម រណឫទ្ធិ គឺសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានប្រកាសជាលាយលក្ខណ៍អក្សរពីប្រទេសបារាំង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ កន្លងទៅនេះថា ព្រះអង្គឈប់ធ្វើនយោបាយ និងមិនទទួលខុសត្រូវលើកិច្ចការងាររបស់គណបក្ស នរោត្តម រណឫទ្ធិ ទៀតទេ។
ព្រះអង្គបានបញ្ជាក់ថា នឹងចាប់ផ្ដើមធ្វើការងារមនុស្សធម៌ សង្គមកិច្ច ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ក្រោមការគ្រងរាជសម្បត្តិ នៃព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី។
ប្រធានស្តីទីគណបក្ស នរោត្តម រណឫទ្ធិ លោក សៅ រ៉ានី ដែលប្ដូរមកជាគណបក្សជាតិនិយម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា ការផ្លាស់ប្ដូរឈ្មោះគណបក្ស និងរចនាសម្ព័ន្ធថ្នាក់ដឹកនាំ គឺដើម្បីរួបរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ជាអ្នករាជានិយម ឬសីហនុនិយម នៅពេលឆាប់ៗនេះ ក្រោយពីបានបែកបាក់ធ្ងន់ធ្ងរកន្លងមក៖ «យើងគ្រាន់តែធ្វើដើម្បីទុករក្សាតំណែងរបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាឃុំ រហូតដល់ឆ្នាំ២០១៧ ក្រៅពីនេះ សមាជិក និងរចនាសម្ព័ន្ធទាំងអស់ ទាំងមូល បញ្ចូលក្នុងក្របខ័ណ្ឌគណបក្សហ៊្វុនស៊ិនប៉ិច»។
ជាមួយគ្នានេះ អគ្គមគ្គុទ្ទេសក៍ នៃគណបក្សហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី បានមានប្រសាសន៍ថា ការរួបរួមរវាងគណបក្សទាំងពីរនេះ គឺជាជំហានចាប់ផ្ដើមល្អមួយ ដើម្បីស្ដារការបែកបាក់កន្លងមក៖ «គ្រាន់តែនិយាយមួយម៉ាត់ទៅ គឺថាលាហើយការបាក់បែក ហើយជោគជ័យ នៃការបង្រួបបង្រួម។ តាំងតែពីយើងបាក់បែកកន្លងមកនោះ មានចរន្តច្រើនណាស់ ដែលគេមិនចង់ឲ្យយើងបន្តការបាក់បែកហ្នឹង។ ដូច្នេះ យើងបានធ្វើការជាមួយគ្នាហ្នឹងជាច្រើនឆ្នាំមកហើយ ដោយសារការជួយជ្រោមជ្រែងជំរុញ តាមរយៈពីសម្ដេចនាយករដ្ឋមន្ត្រីនេះហើយ បានជាធ្វើឲ្យការអ្វីៗដែលរង់ចាំបាន ដែលយើងចង់បាននោះ ហៅថាបានសម្រេចបានឆាប់»។
ទាក់ទងនឹងការរួបរួមរវាងគណបក្ស នរោត្តម រណឫទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិច នេះ អតីតប្រធានគណបក្ស នរោត្តម រណឫទ្ធិ គឺសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្លាប់បានចុះហត្ថលេខាជាមួយប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ រួចម្តងហើយ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ កន្លងទៅនេះ នៅឯវិមានសន្តិភាព ក្រោមអធិបតីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែផែនការរួបរួមនោះ បានអាក់ខានទៅវិញដោយសារតែលោក ញឹក ប៊ុនឆៃ បានសម្រេចផ្អាកផែនការរួបរួមនោះ ដោយលោកបានចោទថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានផែនការសហការជាមួយគណបក្សប្រឆាំង។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានប្រកាសបដិសេធការចោទប្រកាន់នោះភ្លាមៗដែរ។ ផែនការរួបរួមនៅថ្ងៃទី២៥ ខែសីហា ខាងមុខនេះ គឺនៅគ្រាដែលសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានប្រកាសឈប់ធ្វើនយោបាយ។
នៅមុនការប្រកាសច្របាច់បញ្ចូលគ្នារវាងគណបក្ស នរោត្តម រណឫទ្ធិ ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ខាងមុខនេះ មានសេចក្តីរាយការណ៍ថា សមាជិកជាច្រើនរយនាក់ នៃគណបក្ស នរោត្តម រណឫទ្ធិ នៅស្រុកចំនួន៣ នៅខេត្តកំពត គឺស្រុកដងទង់ ស្រុកជុំគីរី និងស្រុកឈូក បានចុះចូលជាមួយគណបក្សថ្មី គឺគណបក្សសង្គ្រោះជាតិ ប៉ុន្តែលោក សៅ រ៉ានី បានបញ្ជាក់ថា ការចុះចូលនោះ មិនបានប៉ះពាល់ដល់ដំណើរការរួបរួមគ្នានេះទេ។
ការរួបរួមរវាងគណបក្សទាំងពីរនេះ គឺនៅមុនពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគ.ជ.ប គ្រោងរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។