ហ៊្វុនស៊ិនប៉ិច-នរោត្តម រណឫទ្ធិ ឈាន​ដល់​ការ​បែក​បាក់​គ្នា​ទាំង​ស្រុង

ផែន​ការ​បង្រួប​បង្រួម​គ្នា​រវាង​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ ដែល​បាន​ចុះ​ហត្ថលេខា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ នៅ​ឯ​វិមាន​សន្តិភាព បាន​ឈាន​ដល់​ការ​រលំ​រលាយ​ទាំង​ស្រុង​ទៅ​វិញ ដោយ​សារ​តែ​មេ​ដឹក​នាំ​នៃ​គណបក្ស​ទាំង​ពីរ មិន​អាច​ផ្សះផ្សា​គ្នា​បាន និង​បន្ត​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក។
ដោយ សុខ សេរី
2012-06-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នរោត្តម រណឫទ្ធិ ៣០៥
ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ធ្វើ​សន្និសីទ​កាសែត នៅ​ដំណាក់ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១២។
RFA/Sok Serey

អតីត​នាយក​រដ្ឋមន្ត្រី​ទី​១ និង​ជា​អតីត​ប្រធាន​គណបក្ស ហ៊្វុនស៊ិនប៉ិច គឺ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១២ បាន​មាន​បន្ទូល​ថា ព្រះអង្គ​សម្រេច​ព្រះទ័យ​ដក​ខ្លួន​ចេញ​ពី​ផែន​ការ​បង្រួម​បង្រួប ឬ​ច្របាច់​បញ្ចូល​​គ្នា​នៃ​គណបក្ស​ទាំង​ពីរ​នោះ​ហើយ ដោយ​សារ​តែ​អគ្គលេខាធិការ នៃ​គណបក្ស ហ៊្វុនស៊ិនប៉ិច គឺ​លោក ញឹក ប៊ុនឆៃ បាន​ប្រកាស​ផ្អាក​ផែន​ការ​សមាជ​វិសាមញ្ញ ដោយ​ឯកតោ​ភាគី។

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​ចោទ​លោក ញឹក ប៊ុនឆៃ ថា ជា​អ្នក​បំផ្លាញ​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​អ្នក​រាជា​និយម​ជា​ថ្មី​ទៀត។

ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ គឺ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង​អគ្គលេខាធិការ​នៃ​គណបក្ស ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង នៅ​ឯ​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១២ ក្រោម​អធិបតី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

គម្រោង​ការ​ដើម គឺ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នឹង​ធ្វើ​ជា​ប្រធាន​គណបក្ស ហ៊្វុនស៊ិនប៉ិច ជា​ថ្មី​ទៀត រី​ឯ​លោក ញឹក ប៊ុនឆៃ នឹង​ធ្វើ​ជា​អនុប្រធាន។ ផែន​ការ​ច្របាច់​ចូល​គ្នា​នោះ គឺ​គ្រោង​ធ្វើ​ឲ្យ​បាន​មុន​ពេល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣។ ដំបូង​ឡើយ លោក ញឹក ប៊ុនឆៃ បាន​គ្រោង​ធ្វើ​សមាជ​វិសាមញ្ញ នៅ​ខែ​កក្កដា ឬ​ខែ​សីហា ឆ្នាំ​២០១២ ខាង​មុខ​នេះ ដើម្បី​ច្របាច់​បញ្ជូល​គ្នា។

ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ គឺ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​មាន​បន្ទូល​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១២ ថា ព្រះអង្គ​គ្មាន​គម្រោង​ការ​ជួប​ចរចា​ជាមួយ​លោក ញឹក ប៊ុនឆៃ ទៀត​ទេ៖ «ពី​ព្រោះ​អ្វី​មួយ​ដែល​លោក ញឹក ប៊ុនឆៃ គាត់​សម្រេច គាត់​អត់​បាន​សួរ​ខ្ញុំ​ទេ។ សួរ​ខ្លះ​មក​ថា ​ម៉េច​ទៅ​ព្រះ​អង្គ​យើង​ធ្វើ​ទៅ​កើត​ទេ ការ​សិក្សា​ពង្រាង​លក្ខន្តិកៈ? សួរ​គ្នា​ខ្លះ​ផង​មក។ យើង​ជួប​គ្នា​បាន វា​ទាល់​តែ​យើង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​ជួប​គ្នា​បាន ទាល់​តែ​យើង​ទុក​ឧត្តម​ប្រយោជន៍​ជាតិ ឧត្តម​ប្រយោជន៍​ចលនា​អ្នក​ស្នេហា​ជាតិ​របស់​សម្ដេច​តា សម្ដេច​តាទួត យើង​ទុក​ឧត្តម​ប្រយោជន៍​នៃ​អ្នក​រាជា​និយម និង​អ្នក​សីហនុ​និយម ជា​ត្រី​វិស័យ។ បើ​យើង​ទុក​តែ​អំពី​ប្រយោជន៍​របស់​ខ្លួន ធ្វើ​ទៅ​វា​បាត់​តំណែង កៅអី​ពុក​ហ្នឹង អ្នក​ណា​មួយ​មាន​តំណែង​ពិត​ប្រាកដ អាច​នឹង​បម្រើ​ប្រទេស​ជាតិ មាតុភូមិ ដោះស្រាយ​បញ្ហា​ជាតិ​បាន​ទេ?»

បន្ថែម​លើ​នេះ​ទៀត ព្រះអង្គ​បាន​ផ្ញើ​លិខិត​ជា​ផ្លូវ​ការ​មួយ​ច្បាប់ ចុះ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​មូល​ហេតុ​ចំនួន ៣​យ៉ាង ដែល​ព្រះអង្គ​មិន​អាច​បន្ត​រួប​រួម​ជាមួយ​លោក ញឹក ប៊ុនឆៃ បាន។

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​បញ្ជាក់​ថា ព្រះអង្គ​បើក​ទ្វារ​ឲ្យ​មន្ត្រី​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​អ្នក​គាំទ្រ​ដទៃ​ទៀត មក​ចូល​រួម​ជាមួយ​ព្រះអង្គ។

ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​នេះ អគ្គលេខាធិការ នៃ​គណបក្ស ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បាន​មាន​ប្រសាសន៍​ថា លោក​ក៏​មិន​អាច​ទទួល​យក​បាន​ដែរ ដោយ​សារ​តែ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ មាន​ផែន​ការ​រួប​រួម​ជាមួយ​គណបក្ស​ប្រឆាំង ក្រោយ​ពី​ច្របាច់​ចូល​គ្នា​ហើយ៖ «បញ្ហា​ហ្នឹង​ហើយ ដែល​ជា​ចំណុច​គន្លឹះ ដែល​ធ្វើ​យើង​ខ្ញុំ​នេះ​ត្រូវ​តែ​ពិចារណា ពី​ព្រោះ​បើ​លោក​មក​ដឹក​នាំ​គណបក្ស ហ៊្វុនស៊ិនប៉ិច ហើយ​លោក​មាន​ជំហរ ជាមួយ​បក្ស​ប្រឆាំង វា​មាន​ការ​ប៉ះពាល់​ដល់​យើង​ខ្ញុំ​ដែល​ជា​អ្នក​នៅ​ក្នុង​រាជ​រដ្ឋាភិបាល។ កាល​ណា​មាន​ជំហរ​ជាមួយ​បក្ស​ប្រឆាំង យើង​ខ្ញុំ​ច្បាស់​ត្រូវ​តែ​បណ្ដេញ​ចេញ​ពី​រដ្ឋាភិបាល​ហើយ ព្រះអង្គ​ត្រូវ​តែ  Clear (ដោះស្រាយ​) បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់​លាស់»

ប៉ុន្តែ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​បញ្ជាក់​ថា ព្រះអង្គ​គ្មាន​ផែន​ការ​រួប​រួម​ជាមួយ​គណបក្ស សម រង្ស៊ី ឬ​គណបក្ស សិទ្ធិ​មនុស្ស ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Born Tola

ហ៊្វុនស៊ិនប៉ិច-នរោត្តម រណឫទ្ធិ លាគ្នាមុនស្អប់

Jun 21, 2012 05:54 PM

អ្នក​អាន​អនាមិក

Will u have second chance? I don't think so. You are now doing things that weaken the royal family. Your action is absolutely contrary to what you have said of desiring people to respect the king father. Moreover, everyone knows that what you are doing now is definitely for your own sakes not for people's interest. My advice: walk away from politics, maximize your private life usage.

Jun 21, 2012 04:44 AM

koko

ពី pp

ឲប៊ុន​ ឆៃ​អើយ​ ហេតុអ្វីលោកស្រលាញ់តំណែងខ្លាំងយ៉ាងនេះ

Jun 21, 2012 03:18 AM

អ្នក​អាន​អនាមិក

បើនៅតែអែបអប គង់តែអត់កៅអីអង្គុយទាំងស្រុងឆាប់ៗទេ!

Jun 20, 2012 09:34 PM

អ្នក​អាន​អនាមិក

អស់ជំនឿទៀតហើយ!

Jun 20, 2012 09:30 PM

មើល​មតិ​ទាំង​អស់.