គណបក្ស នរោត្ដម រណឫទ្ធិ រង្គោះរង្គើ​ជា​ថ្មី​ម្ដង​ទៀត

រចនា​សម្ព័ន្ធ​ដឹកនាំ​ក្នុង​គណបក្ស នរោត្តម រណឫទ្ធិ ចាប់​ផ្ដើម​រង្គោះរង្គើ​ជា​ថ្មី​ម្ដង​ទៀត​ហើយ នៅ​ក្រោយ​ពេល​ដែល​គណបក្ស​នេះ​បរាជ័យ​ក្នុង​ការ​ចង​សម្ព័ន្ធភាព ដើម្បី​ច្របាច់​បញ្ចូល​គ្នា​ជា​មួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច។
ដោយ សុ ជីវី
2012-07-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ៣០៥
សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ ជួប​សំណេះ​សំណាល​ជាមួយ​សកម្មជន និង​ជំទប់​ឃុំ ដែល​ជាប់​ឆ្នោត​ថ្មី នា​ទី​ស្នាក់​ការ​បក្ស​ខណ្ឌ​ទួលគោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១២។
RFA/Sok Serey

គណបក្ស​នេះ​បាន​សម្រេច​តែង​តាំង អគ្គលេខាធិការ​បក្ស​ថ្មី នៅ​ពេល​ដែល​គេ​បាន​ដឹង​ថា អគ្គលេខាធិការ​បក្ស​ចាស់​បាន​ទី​ចុះ​ហត្ថលេខា​លើ​កំណត់ហេតុ​ចរចា ស្ដីពី​ការ​បង្រួប​បង្រួម​ជា​មួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច។

គណបក្ស នរោត្តម រណឫទ្ធិ បាន​សម្រេច​តែង​តាំង លោក ឈឹម សៀកឡេង អោយ​បំពេញ​តួនាទី​ជា​អគ្គលេខាធិការ​គណបក្ស​នេះ ជំនួស​អោយ​លោក សៅ រ៉ានី ដែល​ត្រូវ​បណ្ដេញ​ពី​តួនាទី។

ការ​បណ្ដេញ​លោក សៅ រ៉ានី ចេញ​ពី​ដំណែង​នេះ ដោយ​សារ​តែ​មាន​ការ​ចោទ​ប្រកាន់​ថា លោក​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំពេញ​កិច្ចការ​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​បក្ស ក្នុង​ការ​ចរចា​ចុះ​កិច្ច​ព្រមព្រៀង​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច។

សេចក្ដី​សម្រេច​ចុះ​ថ្ងៃ​ទី​២១ ខែ​កក្កដា ចុះ​ព្រះហស្តលេខា​ដោយ​សម្ដេច​ក្រុម​ព្រះ ប្រធាន​គណបក្ស បាន​បញ្ជាក់​ថា លោក ឈឹម សៀកឡេង ដែល​កំពុង​បំពេញ​តួនាទី​ជា​ប្រធាន​ស្ដីទី ត្រូវ​តែងតាំង​ជា​អគ្គលេខាធិការ​គណបក្ស​នេះ។

អ្នកនាំ​ពាក្យ​គណបក្ស នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា មាន​ប្រសាសន៍​ថា ការ​សម្រេច​បញ្ចប់​តួនាទី​លោក សៅ រ៉ានី គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចរចា​របស់​អតីត​អគ្គលេខាធិការ​បក្ស​រូប​នេះ​ជាមួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច ដោយ​ពុំ​បាន​ការ​យល់​ព្រម​ពី​ប្រធាន​គណបក្ស គឺ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ។

លោក ប៉ែន សង្ហា៖ «គណបក្ស និង​សម្ដេច​ក្រុម​ព្រះ បាន​ហាម​គាត់​មិន​អោយ​គាត់​ទៅ​ចុះ​ហត្ថលេខា ជាពិសេស​គាត់​បាន​ចុះ​ហត្ថលេខា​លើ​កំណត់ហេតុ ស្ដីពី​ការ​បង្រួប​បង្រួម​គ្នា គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ។ ហើយ​ការ​ចុះ​ហត្ថលេខា​នោះ ឯកឧត្ដម សៅ រ៉ានី ពុំ​បាន​ទទួល​ការ​ប្រគល់​សិទ្ធិ ឬ​ការ​ចាត់តាំង​ណា​មួយ​ពី​គណបក្ស។ នេះ​ជា​អ្វី​មួយ ដែល​ឯកឧត្ដម​បាន​ធ្វើ​ប្រាសចាក​ពី​ផល​ប្រយោជន៍​គណបក្ស»

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា លោក សៅ រ៉ានី បាន​សរសេរ​លិខិត​មួយ​ថ្វាយ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ពី​កំណត់ហេតុ​នៃ​ការ​ចរចា​រវាង​រូប​លោក និង​គណបក្ស ហ៊្វុនស៊ិនប៉ិច ពី​គម្រោង​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ទាំង​ពីរ។ ស្រប​គ្នា​នេះ លោក សៅ រ៉ានី បាន​បញ្ជាក់​ថា ប្រសិន​បើ​គណបក្ស នរោត្តម រណឫទ្ធិ ចង់​អោយ​មាន​ការ​រួបរួម​គ្នា​ពិត​ប្រាកដ លុះ​ត្រា​តែ​សម្ដេច​ក្រុម​ព្រះ គង់​នៅ​អោយ​ឆ្ងាយ​ពី​គណបក្ស​នេះ​មួយ​រយៈ។ ប៉ុន្តែ​ភ្លាមៗ នៅ​ក្រោយ​ការ​លើក​ឡើង​នេះ គណបក្ស​នេះ​ក៏​បាន​សម្រេច​បញ្ឈប់​តួនាទី​របស់ លោក សៅ រ៉ានី រួម​នឹង​អគ្គលេខាធិការ​រង និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណបក្ស​នេះ​ចំនួន​៤​រូប​ទៀត។

លិខិត​ចុះ​ថ្ងៃ​ទី​២០ ខែ​កក្កដា ដែល​បញ្ចប់​តួនាទី​របស់ លោក សៅ រ៉ានី នោះ​គឺ​មាន​ចុះ​ព្រះហស្តលេខា​ដោយ​សម្ដេច​ក្រុម​ព្រះ នៅ​ខណៈ​ដែល​ព្រះអង្គ​កំពុង​មាន​វត្តមាន​គង់​នៅ​ប្រទេស​បារាំង នៅ​ឡើយ។

អគ្គលេខាធិការ​បក្ស ដែល​ត្រូវ​បណ្ដេញ​ពី​តំណែង លោក សៅ រ៉ានី បាន​ប្រតិកម្ម​តប​នឹង​ការ​បញ្ឈប់​តួនាទី​របស់​លោក​នេះ​ថា ជា​ទង្វើ​ដែល​ខុស​ពី​ក្បួន​ច្បាប់​របស់​បក្ស និង​អះអាង​ថា លោក​ពុំ​បាន​ធ្វើ​ខុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ លោក​បន្ត​ថា រាល់​លិខិត​ដែល​មាន​ចុះ​ហត្ថលេខា ដោយ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ គឺ​ជា​លិខិត​ក្លែង​បន្លំ ត្បិត​សម្ដេច​ក្រុមព្រះ ព្រះអង្គ​មិន​បាន​គង់​នៅ​ភ្នំពេញ​ឡើយ ហើយ​លោក​នឹង​ដាក់​ពាក្យ​ប្ដឹង អ្នក​ដែល​ក្លែង​លិខិត​ទាំង​នោះ។

លោក សៅ រ៉ានី៖ «ប្ដឹង​ទៅ​សមត្ថកិច្ច អោយ​គេ​រក​ថា លិខិត​ហ្នឹង​វា​ក្លែងក្លាយ។ លោក (សម្ដេច​ក្រុមព្រះ) នៅ​ស្រុក​បារាំង ហើយ​លោក​ដាក់​ថា នៅ​ភ្នំពេញ​យ៉ាង​ម៉េច។ បើ​ប្រគល់​សិទ្ធិ​អោយ​គេ​ហើយ លោក​មាន​សិទ្ធិ​អី​ទៅ​ស៊ីញេ​ទៀត? រឿង​ដក​ខ្ញុំ តើ​លោក​មាន​បាន​ពិភាក្សា​ក្រុម​ប្រឹក្សា​វិន័យ​ទេ? អត់​មាន​ទេ។ ព្រះអង្គ​បាន​ឆ្លើយ​មក​ខ្ញុំ​ថ្ងៃ​១៨ លោក​ថា កុំ​យក​ឈ្មោះ​លោក និង​គណបក្ស​លោក​ទៅ​សម្រប​សម្រួល។ ខ្ញុំ​អត់​រវល់​ថា លោក​ទទួល ឬ​មិន​ទទួល​ទេ។ ទិស​ដៅ​ដែល​ខ្ញុំ​ធ្វើ គឺ​ខ្ញុំ​ត្រូវ​ការ​បង្រួប​បង្រួម​គណបក្ស​ទាំង​២​ហ្នឹង។ ហើយ​បើ​លោក​ចង់​ទៅ​ដឹកនាំ ហ៊្វុនស៊ិនប៉ិច ប្រាកដ​មែន​ដោយ​សុច្ឆន្ទៈ​មែន​ទែន​ហ្នឹង លោក​ទទួល​ទៅ បើ​មិន​ទទួល ជា​សិទ្ធិ​របស់​លោក»

បើ​ទោះ​ជា​យ៉ាង​ណា លោក សៅ រ៉ានី នៅ​តែ​បញ្ជាក់​ថា ប្រសិន​បើ​សម្ដេច​ក្រុមព្រះ ចង់​អោយ​មាន​ការ​បង្រួម​បង្រួម​រវាង​គណ​បក្ស​ទាំង​ពីរ​នេះ​ពិត​ប្រាកដ​មែន គួរ​តែ​ព្រះអង្គ​គង់​នៅ​អោយ​ឆ្ងាយ​ពី​ការ​ចរចា ដែល​មាន​ន័យ​ថា ព្រះអង្គ​រង់ចាំ​តែ​ពេលវេលា​សម្រាប់​មក​ដឹកនាំ​សម្ព័ន្ធភាព នោះ​ប៉ុណ្ណោះ។

ចលនា​ច្របាច់​បញ្ចូល​គ្នា​ទៅ​ជា​បក្ស​តែ​មួយ រវាង​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​បក្ស នរោត្តម រណប្ញទ្ធិ បាន​លេច​ជា​រូប​រាង​ឡើង​វិញ ដោយ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រួម​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ នា​វិមាន​សន្តិភាព ដោយ​មាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ជា​អ្នក​សម្រប​សម្រួល ប៉ុន្តែ​គម្រោង​នេះ​បាន​ជាប់​គាំង​ជា​ថ្មី​ទៀត គឺ​នៅ​រយៈពេល​មិន​ដល់​២​ខែ​ផង បន្ទាប់​ពី​មាន​ការ​ព្រមព្រៀង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល