លោក អូបាម៉ា សង្កត់​ធ្ងន់​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ជាមួយ​លោក ហ៊ុន សែន

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ថ្លែង​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ក្លាយ​ទៅ​ជា​ឧបសគ្គ​រារាំង​ដល់​ដំណើរ​ការ​រីក​ចំរើន​នៃ​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ។
ដោយ កេសរណ្ណីយ្យា
2012.11.19
ហ៊ុន សែន អូបាម៉ា ៣០៥ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ជំនួប​នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ឆ្នាំ​២០១២។
RFA/Vohar Cheath

លោក បារ៉ាក់ អូបាម៉ា ថ្លែង​ប្រាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពី​បញ្ហា​នេះ នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​ដ៏​មាន​ស្ថានភាព​តានតឹង កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​១៩ វិច្ឆិកា នា​វិមាន​សន្តិភាព បន្ទាប់​ពី​បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​កម្ពុជា​ភ្លាម។

នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា ក៏​បាន​លើក​ឡើង​ផង​ដែរ នូវ​ក្តី​បារម្ភ​អំពី​បញ្ហា​អ្នក​ទោស​នយោបាយ​នៅ​កម្ពុជា។ ក្នុង​នោះ​មាន​ករណី​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុកឃ្មុំ ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ កាល​ពី​ខែ​តុលា កន្លង​ទៅ​នេះ។

លោក​ប្រធានាធិបតី​អាមេរិក​បាន​គូស​បញ្ជាក់​អំពី​ភាព​ចាំបាច់​ត្រូវ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​នោះ។ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ប្រាប់​លោក អូបាម៉ា វិញ​ថា កម្ពុជា​មិន​មាន​អ្នក​ទោស​នយោបាយ​ទេ ប៉ុន្តែ​មាន​អ្នក​នយោបាយ​ដែល​បាន​ក្លាយ​ទៅ​ជា​អ្នក​ទោស ពីព្រោះ​អ្នក​នយោបាយ​បាន​ធ្វើ​ខុស​ច្បាប់។

ទីភ្នាក់ងារ​ព័ត៌មាន អា.អេហ្វ.ប៉េ (AFP) បាន​ស្រង់​ប្រសាសន៍​មន្ត្រី​ទីប្រឹក្សា​ផ្នែក​សន្តិសុខ​សហរដ្ឋ​អាមេរិក លោក បេន រ៉ូដ្ស (Ben Rhodes) ដែល​កត់សំគាល់​ថា ជំនួប​ទ្វេ​ភាគី​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ប្រព្រឹត្ត​ទៅ​ក្នុង​ស្ថានភាព​តានតឹង។
ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ជំនួប​នេះ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប្រាក់ សុខុន ឱ្យ​ដឹង​ថា លោក ហ៊ុន សែន ដោយ​បាន​ថ្លែង​អំណរ​គុណ​ដល់​លោក អូបាម៉ា ដែល​លោក​បាន​និយាយ​ដោយ​ត្រង់ៗ។ ប៉ុន្តែ​ឆ្លើយ​តប​ទៅ​នឹង​ក្ដី​បារម្ភ​របស់​លោក អូបាម៉ា ទាក់ទង​នឹង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​បាន​ខិតខំ​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​ត្រូវ​ទទួល​រង​គ្រោះ​ដោយសារ​តែ​យុទ្ធនាការ​បំភ្លៃ​ការពិត។

លោក ប្រាក់ សុខុន៖ «ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ទទួល​រង​យុទ្ធនាការ​មួយ ដែល​ទី​១ គឺ​ជា​យុទ្ធនាការ​ដែល​ខិតខំ​រារាំង​មិន​ឱ្យ​លោក​ប្រធានាធិបតី​អាមេរិក​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​ទី​២ ជា​យុទ្ធនាការ​មួលបង្កាច់​ការ​ពិត​ទាក់ទង​នូវ​ស្ថានការណ៍​សិទ្ធិ​មនុស្ស ស្ថានការណ៍​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​រំលឹក​ឡើង​វិញ​ដែរ​ថា ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ប្រទេស​ធំៗ​មួយ​ចំនួន មាន​សហរដ្ឋអាមេរិក អ៊ឺយូ អូស្រ្តាលី គឺ​បាន​មក​រក​ពឹង​សុំ​ឱ្យ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ទៅ​និយាយ​ជាមួយ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ឱ្យ​ធ្វើ​កំណែ​ទម្រង់​នយោបាយ ដើម្បី​លើក​ស្ទួយ​ស្ថានភាព​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ​នៅ​ប្រទេស​នោះ។ ប៉ុន្តែ​ឥឡូវ តាម​យុទ្ធនាការ​មួលបង្កាច់​នេះ ហាក់​ដូច​ជា​កម្ពុជា ឥឡូវ​ក្លាយ​ទៅ​ជា​កូន​សិស្ស​ដែល​អាក្រក់​ជាង មីយ៉ាន់ម៉ា ទៅ​ទៀត»

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប្រាក់ សុខុន ឱ្យ​ដឹង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នៅ​កម្ពុជា នា​ពេល​នេះ ថា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង​សំដែង​ការ​ពេញ​ចិត្ត​ចំពោះ​ការ​រីក​ចំរើន​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។

ចំពោះ​ការ​លើក​ឡើង​របស់​លោក បារ៉ាក់ អូបាម៉ា អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ដែល​បណ្ដាល​មក​ពី​បញ្ហា​វិវាទ​ដីធ្លី លោក ហ៊ុន សែន ឆ្លើយ​តប​ថា បញ្ហា​ជម្លោះ​ដីធ្លី​បាន​ថយ​ចុះ ដោយសារ​តែ​គោលនយោបាយ​របស់​រដ្ឋាភិបាល ដោយ​បង្កើត​ឱ្យ​មាន​ក្រុម​និស្សិត​ចុះ​វាស់វែង​បែងចែក​កម្មសិទ្ធិ​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​មាន​ទំនាស់​ជាមួយ​ក្រុម​ហ៊ុន​នានា ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល។

លោក​ប្រធានាធិបតី​អាមេរិក ក្នុង​ជំនួប​ទ្វេ​ភាគី​នោះ​ដែរ ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​កែ​ទម្រង់​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​បាន​ស្នើ​ឡើង​ក្នុង​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)។

លោក ប្រាក់ សុខុន បាន​ឱ្យ​ដឹង​ពី​ការ​ឆ្លើយ​តប​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​បញ្ហា​នេះ ដែល​ជា​ក្តី​កង្វល់​របស់​សភា​សហរដ្ឋ​អាមេរិក ក្នុង​ដំណើរ​កែ​ទម្រង់​នៅ​កម្ពុជា៖ «ចំពោះ​មតិ​យោបល់​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ សម្ដេច​លោក​មាន​ប្រសាសន៍​ថា យោបល់​នោះ​ជា​យោបល់​ល្អ​ហើយ ប៉ុន្តែ​ប្រទេស​យើង​ក៏​មាន​ច្បាប់​គ្រប់គ្រង​កិច្ច​ការងារ​បោះ​ឆ្នោត​នោះ​ដែរ ដែល​ទាក់ទង​នឹង​កំណែ​ទម្រង់​មួយ​ចំនួន ដែល​គាត់​បាន​ស្នើ​សុំ​ឱ្យ​ធ្វើ​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ»

លោក បារ៉ាក់ អូបាម៉ា គឺ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី​១ ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា។ លោក បារ៉ាក់ អូបាម៉ា បាន​អញ្ជើញ​មក​ដល់​ទីក្រុង​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៩ វិច្ឆិកា បន្ទាប់​ពី​ចាក​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក បារ៉ាក់ អូបាម៉ា និង​គណៈប្រតិភូ​អាមេរិក បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​វិមាន​សន្តិភាព ដែល​ជា​ទី​កន្លែង​ប្រារព្ធ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ និង​កិច្ច​ប្រជុំ​ទាក់ទិន​សំខាន់ៗ​ផ្សេង​ទៀត។

លោក អូបាម៉ា នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន-​អាមេរិក និង​អាស៊ី​បូព៌ា នៅ​ថ្ងៃ​អង្គារ នេះ។ លោក អូបាម៉ា និង​គណៈប្រតិភូ​អាមេរិក នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អង្គារ នេះ​ដែរ បន្ទាប់​ពី​ចប់​កិច្ច​ប្រជុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។