អាជ្ញាធរ​រតនគិរី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មក​ទទួល​សេវា​ពី​ការិ.​ច្រក​ចេញ​ចូល​តែ​មួយ

នៅ​ខេត្ត​រតនគិរី អាជ្ញាធរ​ក្រុង​បានលុង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​ពី​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​លើ​វិស័យ​ជំនាញ​ចំនួន​១០ ដើម្បី​លប់​បំបាត់​បញ្ហា​អសកម្ម និង​អំពើ​ពុក​រលួយ ដែល​ធ្លាប់​មាន​កន្លង​មក ខណៈ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ការ​បំពេញ​ឯកសារ លិខិត​អនុញ្ញាត ឬ​សុំ​ច្បាប់​ធ្វើ​អាជីវកម្ម សេវាកម្ម និង​សិប្បកម្ម​របស់​ខ្លួន។
ដោយ រដ្ឋា វីសាល
2012-09-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ ៣០៥
ពលរដ្ឋ អាជ្ញាធរ នាំគ្នា​ហែ​ក្បួន​លើក​បដា​ពាក្យ​ស្លោក និង​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ពី​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នំា​២០១២។
RFA/Ratha Visal

មនុស្ស​ប្រមាណ​៤០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៧ ខែ​កញ្ញា ឆ្នាំ​២០១២ នាំ​គ្នា​ហែ​ក្បួន​លើក​បដា​ពាក្យ​ស្លោក និង​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ពី​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​ម្ចាស់​អាជីវកម្ម សិប្បកម្ម សេវាកម្ម យល់​ដឹង​ពី​សារប្រយោជន៍​នៃ​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ។

នៅ​ខេត្ត​រតនគិរី ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ នៃ​សាលា​ក្រុង​បានលុង ចាប់​ផ្ដើម​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១១ លើ​វិស័យ​ចំនួន​៧ រួម​មាន វិស័យ​នីត្យានុកូលដ្ឋាន វិស័យ​សំណង់ សាធារណការ​ដឹក​ជញ្ជូន ទេសចរណ៍ វប្បធម៌ វិចិត្រសិល្បៈ ពាណិជ្ជកម្ម និង​វិស័យ​ឧស្សាហកម្ម រ៉ែ និង​ថាមពល​រដ្ឋ។ ហើយ​នៅ​ពេល​បច្ចុប្បន្ន ការិយាល័យ​នេះ​បាន​ទទួល​ប្រតិភូកម្ម​លើ​វិស័យ​ចំនួន​៣​ទៀត គឺ​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សុខាភិបាល និង​វិស័យ​អប់រំ យុវជន និង​កីឡា។

ប្រធាន​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ កញ្ញា សុខជា មាន​ប្រសាសន៍​បញ្ជាក់​ថា ដោយ​សារ​តែ​ប្រជាពលរដ្ឋ​មិន​ទាន់​បាន​ទទួល​ដំណឹង​គ្រប់គ្រាន់ ស្ដីពី​អត្ថប្រយោជន៍​នៃ​សេវា​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ ហេតុ​នេះ​សាលា​ក្រុង បាន​រៀបចំ​យុទ្ធនាការ​ហែ​ក្បួន​ផ្សព្វផ្សាយ​ជា​លើក​ទីពីរ ដើម្បី​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ទទួល​យក​សេវាកម្ម​ពី​ការិយាល័យ ដើម្បី​កាត់​បន្ថយ​ការ​ខាតបង់​ពេល​វេលា ប្រាក់​កាស និង​ជាពិសេស អំពើ​ពុក​រលួយ ការិយាធិបតេយ្យ​នៅ​តាម​អង្គភាព ក្រសួង មន្ទីរ​ជំនាញ ក្នុង​ការ​ចេញ​លិខិត​ស្នាម ឬ​ឯកសារ​ច្បាប់​ធ្វើ​អាជីវកម្ម សេវាកម្ម និង​សិប្បកម្ម។

កញ្ញា សុខជា៖ «កាល​មុន យើង​សុំ​អ្វី​មួយ គឺ​ត្រូវ​រត់​ទៅ​ច្រើន​សមត្ថកិច្ច។ គាត់​អាច​ទៅ​ទំនាក់​ទំនង​នៅ​ស្ថាប័ន​ជាច្រើន ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ធ្វើ​ឲ្យ​គាត់​ចំណាយ​ពេល​វេលា​ច្រើន ហើយ​លុយ​កាក់​ក៏​ធ្វើ​ឲ្យ​គាត់​ត្រូវ​ចំណាយ​ច្រើន ហើយ​តម្លៃ​សេវា​ក៏​អត់​មាន​ការ​កំណត់​ដែរ។ តាម​អ្នក​ស្គាល់​ក៏​អត់​មាន​ការ​កំណត់​ជាក់​លាក់​ដែរ។ តែ​ការ​ផ្តល់​សេវា​តាម​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ គឺ​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ គឺ​ប្រមូល​ផ្តុំ​សេវា​មួយ​ចំនួន ដែល​ប្រតិភូកម្ម​មក​នៅ​កន្លែង​តែ​មួយ គឺ​ប្រជាពលរដ្ឋ​គាត់​ទៅ​កន្លែង​ហ្នឹង គាត់​នឹង​ទទួល​បាន​លទ្ធផល​សម្រេច​នៅ​កន្លែង​ហ្នឹង​តែ​ម្តង»

ចាប់​ពី​ដើម​ខែ​មករា ឆ្នាំ​២០១១ ដល់​ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ​២០១២ របាយការណ៍​របស់​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ នៃ​សាលា​ក្រុង​បានលុង ឲ្យ​ដឹង​ថា អង្គភាព​នេះ​បាន​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣.៥៤៦​សេវា និង​រក​ប្រាក់​ចំណូល​សរុប​ចំនួន​៣១.២០៥.៩០០​រៀល និង​ប្រាក់​ដុល្លារ​៧.២៤០​ដុល្លារ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បញ្ជាក់​ថា សមាគម​លោក​មិន​ទាន់​បាន​ទទួល​ពាក្យ​ប្ដឹង ឬ​ការ​បញ្ជាក់​ណា​មួយ​ពី​ប្រជាពលរដ្ឋ ស្ដីពី​ភាព​មិន​ប្រក្រតី​នៃ​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​នៅ​ក្រុង​បានលុង នៅ​ឡើយ។ ក៏ប៉ុន្តែ លោក​កត់​សម្គាល់​ថា ប្រជាពលរដ្ឋ​នៅ​ក្រុង​បានលុង ភាគ​ច្រើន​នៅ​មិន​ទាន់​មាន​ជំនឿ​លើ​សេវា​របស់​អង្គភាព​នេះ ថា​អាច​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ប្រសើរ​នៅ​ឡើយ៖ «យើង​​មាន​ការ​ព្រួយ​បារម្ភ ទោះ​បី​មាន​ច្រក​ចេញ​ចូល​តែ​មួយ ក៏​មាន​វិស័យ​ជំនាញ​ខ្លះ គេ​មាន​របៀប​រត់​ការ​របស់​គេ។ យើង​សូម​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ទំនាក់​ទំនង​ជាមួយ​ច្រក​ចេញ​ចូល​តែ​មួយ។ ទោះ​បី​មាន​ជន​ខិល​ខូច​ខ្លះ​គាត់​ថា​មាន​តម្លៃ​ថោក​ជាង​ខាង​ក្រៅ​ក៏ដោយ»

យ៉ាង​នេះ​ក្តី អភិបាល​ក្រុង​បានលុង លោក លីវិន មាន​ប្រសាសន៍​បញ្ជាក់​ថា តាម​គោល​នយោបាយ​កែទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជ​រដ្ឋាភិបាល ក្រោយ​ពេល​ធ្វើ​ប្រតិភូកម្ម​វិស័យ​ជំនាញ​ទាំង​ឡាយ​មក​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​នោះ ការ​ផ្តល់​សេវា​ពី​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ជូន​ប្រជាពលរដ្ឋ ត្រូវ​តែ​ធ្វើ​តាម​រយៈ​អង្គភាព​នេះ។

លោក​បញ្ជាក់​ថា ការិយាល័យ​ច្រក​ចេញ​ចូល​មាន​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ និង​ប្រអប់​សំបុត្រ ដើម្បី​ទទួល​ពាក្យ​ប្ដឹង និង​សេចក្តី​រាយការណ៍ ឬ​ដោះស្រាយ​បញ្ហា​អសកម្ម អំពើ​ពុក​រលួយ​របស់​មន្ត្រី​បុគ្គលិក​ក្នុង​អង្គភាព​នេះ៖ «ការ​ផ្សព្វផ្សាយ​របស់​យើង​នៅ​ពេល​នេះ ហាក់​បី​ដូច​ជា​ទូលំ​ទូលាយ​ដែរ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​លោក​អញ្ជើញ​មក​ភ្ជាប់​សេវា ដើម្បី​ស្រប​ច្បាប់​វិស័យ​ទាំង​១០​ហ្នឹង។ ម៉ូតូ​មាន​ផ្លាក​លេខ​មាន​អ្វី​ត្រឹមត្រូវ​ទៅ»

របាយការណ៍​របស់​ការិយាល័យ​ប្រជាពលរដ្ឋ ឲ្យ​ដឹង​ថា រហូត​មក​ដល់​បច្ចុប្បន្ន មន្ត្រី​ការិយាល័យ​នេះ​ទទួល​បាន​សំណូម​ពរ ការ​សរសើរ និង​សាកសួរ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ចំនួន​៧៤​ករណី រួម​មាន ភាព​យឺតយ៉ាវ​ផ្តល់​សេវា​ចំនួន​១០​ករណី សំណូម​ពរ​ចំនួន​១០​ករណី សរសើរ​ចំនួន​១១​ករណី និង​សាកសួរ​ព័ត៌មាន​ចំនួន​៤៣​ករណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល