ការលើកឡើងដូច្នេះ បន្ទាប់ពីមានការបាញ់រះទៅលើហ្វូងកូដករ ដែលទាមទារដំឡើងថ្លៃបាយ និងថ្លៃធ្វើដំណើររបស់កម្មកររោងចក្រនានា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត កាលពីថ្ងែទី២០ ខែកុម្ភៈ ឆ្នាំ២០១២។ ករណីនេះបានបង្កអោយកម្មការិនី ៣នាក់ រងរបួស ហើយរហូតមកដល់ពេលនេះគេនៅមិនទាន់ចាប់ជនប្រព្រឹត្តដែលគេសង្ស័យថា ជាអតីតអភិបាលក្រុងបាវិត នោះមកផ្ដន្ទាទោសនៅឡើយទេ។
ពលរដ្ឋដែលធ្លាប់ជាប់ពន្ធនាគារដោយសារការការតវ៉ាការពារផ្ទះសម្បែង និងដីធ្លី បានលើកឡើងថា ការអនុវត្តច្បាប់លើពលរដ្ឋក្រីក្រ និងអ្នកមានអំណាចមានភាពផ្ទុយស្រឡះ ដូចជាករណីបាញ់កម្មករនៅក្រុងបាវិត នោះជាដើម។
ខុសគ្នាត្រង់ថា ពេលកើតមានអំពើហិង្សាក្នុងហ្វូងបាតុកម្មក្ដី ឬកូដកម្មក្ដី ពលរដ្ឋក្រីក្រត្រូវអាជ្ញាធរចាប់ឃុំខ្លួនភ្លាមៗទោះត្រូវក្ដី ឬខុសក្ដី។ ប៉ុន្តែបើអ្នកមានអំណាចវិញ ទោះបីប្រើអំពើហិង្សាលើពលរដ្ឋដោយខុសច្បាប់យ៉ាងណាក្ដី គឺពុំមានការចាប់ខ្លួនភ្លាមៗឡើយ។ ពួកគេចាត់ទុកទង្វើបែបនេះថា ជាភាពអយុត្តិធម៌ដែលកើតមានជារឿយៗក្នុងសង្គម។
លោក ស៊ឹម លាប ជាតំណាងប្រជាពលរដ្ឋរស់នៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ លោកធ្លាប់ជាប់ពន្ធនាគារអស់រយៈពេល ២ឆ្នាំ ដោយសារជម្លោះដណ្តើមដីស្រែប្រាំងនៅក្នុងឃុំ។
លោក ស៊ឹម លាប បន្តថា អស់រយៈពេល ២ឆ្នាំនៃការជាប់ឃុំ តុលាការគ្រប់ជាន់ថ្នាក់មិនបានរកឃើញទោសកំហុសណាមួយប្រឆាំងរូបលោកឡើយ។ លោកថា លោកហួសចិត្តនឹងនិយាយពីកិច្ចការរបស់តុលាការនៅស្រុកខ្មែរ៖ «យើងចង់បានសេរីភាព ហើយអោយវាសមស្របនឹងច្បាប់ដែលគេហៅថា ជាអំណាចលទ្ធិប្រជាធិបតេយ្យ។ ហើយខ្ញុំនិយាយទៅដូចជាកាត់កន្ទុយបញ្ចុកមាត់ អាជ្ញាសឹកទាំងអស់។ វាដូចទៅនឹងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ យើងកំពុងតែស្អប់របបនេះឯងហើយរាល់ៗរូប។ ខ្ញុំមិនគួរនឹងនិយាយ និងមិនដឹងនិយាយថាម៉េច វាហួសនឹងនិយាយ»។
ចំណែកលោក ពុត សាមាន ជាពលរដ្ឋនៅបុរីកីឡាកណ្ដាលរាជធានីភ្នំពេញ ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនផានអ៊ីម៉ិចនោះ បានលើកឡើងដែរថា ជារឿយៗ នៅពេលអ្នកមានប្រាក់មានអំណាចប្រព្រឹត្តល្មើស អាជ្ញាធរហាក់មិនសូវហ៊ានចាត់វិធានការតាមច្បាប់ឡើយ៖ «បើនិយាយទៅវាអយុត្តិធម៌សម្រាប់ខ្ញុំណាស់ ប៉ុន្តែថា យើងជារាស្រ្តសាមញ្ញ មិនដូចគេមានលុយមានអំណាច។ គេមានអំណាច ដូចជាពិបាក... និយាយអោយត្រង់ទៅ ប្រហែលគេមិនហ៊ានធ្វើ គេធ្វើបានតែរាស្រ្តក្រីក្រតូចទាប។ ចង់អោយគេផ្លាស់ប្តូរអោយគោរពច្បាប់ទាំងអស់គ្នា អ្នកតូច អ្នកធំធ្វើខុសត្រូវមានទោសភ្លាមៗដូចគ្នា»។
អង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ ដោយជំរុញអោយអាជ្ញាធរផ្ដន្ទាទោសជនល្មើសដែលបាញ់រះលើកម្មករ។ ពួកគេទាមទារអោយអាជ្ញាធរអនុវត្តគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់ដូចដែលធានាក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់រដ្ឋ។
អ្នកស្រី ធីតា ឃិះ នាយកប្រតិបត្តិអង្គការសីលការ មានប្រសាសន៍ថា ជនល្មើសគួរត្រូវចាប់ខ្លួន បើពុំនោះសោត នឹងក្លាយជាគំរូអាក្រក់សម្រាប់សង្គមខ្មែរនាពេលបច្ចុប្បន្ន៖ «បើសិនណាគេមិនអនុវត្តច្បាប់ភ្លាទេ ការគោរពរបស់ពលរដ្ឋចំពោះស្ថាប័នរដ្ឋអាចមានបញ្ហា ធ្វើអោយប៉ះពាល់ដល់ស្ថាប័នមានសមត្ថកិច្ច»។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត បានចូលទៅបំភ្លឺដោយស្ងាត់ៗ នៅតុលាការខេត្តស្វាយរៀង គឺនៅមួយថ្ងៃមុនការកំណត់។ ប៉ុន្តែតែតុលាការមិនបានឃុំខ្លួនមន្ត្រីមានអំណាចរូបនោះឡើយ។ ករណីនេះបានបង្កើតអោយមានចម្ងល់ជាច្រើនក្នុងរង្វង់សាធារណជន និងអ្នកឃ្លាំមើលការអនុវត្តច្បាប់នៅកម្ពុជា។
ព្រះរាជអាជ្ញាតុលាការខេត្តស្វាយរៀង លោក ហ៊ឹង ប៊ុនជា មិនអធិប្បាយឆ្លើយតបនឹងចម្ងល់នេះទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា លោកបានធ្វើតាមនីតិវិធី។ លោកក៏បានបដិសេធព័ត៌មានដែលថា លោក ឈូក បណ្ឌិត បានសារភាពថា បានបាញ់រះលើក្រុមកម្មករ។
បើទោះជាបែបណា លោក ហ៊ីង ប៊ុនជា អះអាងថា លោកនៅមិនទាន់កំណត់បទចោទទៅលើជនសង្ស័យ គឺលោក ឈូក បណ្ឌិត ឡើយ ដោយត្រូវរង់ចាំការស៊ើបសួរបន្ថែមទៀត៖ «ដោយសារការងារស៊ើបអង្កេតហ្នឹងវានៅស្មុគស្មាញមួយចំនួនទាក់ទិននឹងការបញ្ជាក់របស់ជនរងគ្រោះ ហើយសាក្សីមួយចំនួនទៀត ដែលនេះខ្ញុំសុំមិននិយាយ ចង់ចាំបន្តិចទៀត»។
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២ កម្មការិនី ២នាក់ ក្នុងចំណោម ៣នាក់ ដែលរបួសដោយសារការបាញ់រះក្នុងពេលតវ៉ានៅរោងចក្រកៅវ៉េ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង បានប្ដឹងអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ទៅតុលាការខេត្តស្វាយរៀង ពីបទមនុស្សឃាត។
លោកមេធាវី សុក សំអឿន នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា។ លោកថា ជាញឹកញយការពន្យារពេលក្នុងការចោទប្រកាន់ គឺអាជ្ញាធរព្យាយាមផ្លាស់ប្ដូរបទចោទ។ ក្នុងនោះបទចោទមនុស្សឃាតតែងត្រូវប្ដូរទៅជាបទបង្ករបួសស្នាម។ បើទោះជាយ៉ាងណា លោកថា ករណីបាញ់រះលើកម្មករនេះគួរតែត្រូវឃុំខ្លួនជនល្មើសជាមុនសិន ទើបធ្វើការស៊ើបអង្កេតជាក្រោយ។
លោក សុក សំអឿន៖ «ធម្មតាបើសិនអត់ឃុំអ៊ីចឹងច្រើនតែទោសស្រាល។ ជួនកាលព្រះរាជអាជ្ញាច្រើនទាញថា ជាបទបង្ករបួសស្នាម។ ប៉ុន្តែចំណុចមួយត្រង់អ៊ីចេះ បាញ់ចំដើមទ្រូងមែន? ធ្លុះទៅក្រោយទៀត បើអ៊ីចឹងមិនអាចជាបទហិង្សាបានទេ ធ្លុះសួតហើយនោះ។ តាមពិតបើបាញ់ពីក្រោយអ៊ីចឹង ត្រូវដាក់គុកតាំងពីយូរហើយ។ ដូចថាមិនចង់លើកទឹកចិត្តអោយចៅក្រមអនុវត្តច្បាប់នីតិវិធីដោយតឹងតែងទេ ក៏ប៉ុន្តែត្រូវស្មើភាពគ្នា។ តែមិនមែនស្មើភាពថា អ្នកមុនធ្ងន់ម៉េចក៏អ្នកក្រោយស្រាល។ បើសិនក្នុងច្បាប់អាចដាក់ស្រាលបាន អូខេ យកអាស្រាល។ តែអ្នកក្រ អ្នកមាន អ្នកធំ អ្នកតូចត្រូវស្រាលដូចគ្នា»។
នៅក្នុងក្រមព្រហ្មទណ្ឌថ្មី បទមនុស្សឃាត ឬបទឃាតកម្មស្មើមនុស្សឃាតដោយចេតនា ជនល្មើសអាចជាប់ពន្ធនាគារពី ១០ ទៅ ១៥ឆ្នាំ ចំណែកឯបទចោទពីអំពើហិង្សា គឺការបង្ករបួសស្នាមអាចមានទោសពី ១ឆ្នាំ ទៅ ៣ឆ្នាំ។
ប្រភពដែលស្និទ្ធនឹងលោក ឈូក បណ្ឌិត និយាយដោយមិនបញ្ចេញឈ្មោះ អោយដឹងថា អតីតអភិបាលក្រុងបាវិត រូបនេះ ជាអ្នកដែលស្និទ្ធនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា មានឋានៈជាឧបនាយករដ្ឋមន្ត្រីម្នាក់៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។