អ្នកនយោបាយល្បីៗរបស់កម្ពុជានិងក្រុមមន្ត្រីអង្គការសង្គមស៊ីវិលបានសម្ដែងប្រតិកម្មផ្សេងៗគ្នានៅបន្ទាប់ពីប្រមុខរដ្ឋាភិបាលខ្មែរ លោក ហ៊ុន សែន បានបង្ហើបអំពីការស្វាគមន៍អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ក្នុងការស្នាក់អាស្រ័យគ្រប់ពេលនៅកម្ពុជា។
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន (ឆ្វេង) និងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ឈិនណាវ៉ាត្រ (Thaksin Shinawatra) ញញឹមក្នុងអំឡុងពេលលេងហ្គោលនៅឯខែត្រសៀមរាប កាលពីថ្ងៃ៦ មេសា ២០០៨។
មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានថ្លែងថា បើសិនជាការស្វាគមន៍នោះជាការលក្ខណៈឯកជនរបស់លោកនាយករដ្ឋមន្ត្រី លោកគិតថា មិនមានអ្វីរំខានទៅដល់ផលប្រយោជន៍ប្រទេសឡើយ ប៉ុន្តែបើសិនជាផ្ទុយទៅវិញ កម្ពុជានឹងមានបញ្ហាមិនខាន។
លោក សម រង្ស៊ី បានបញ្ជាក់ថា ៖ «បើគ្រាន់តែជាទំនាក់ទំនងផ្ទាល់ខ្លួន ជាភាពរវាងបុគ្គលនិងបុគ្គល មិនអីទេ តែបើយករដ្ឋអំណាចធ្វើអ្វីដើម្បីគាំទ្រភាគីមួយដើម្បីប្រឆាំងនឹងភាគីមួយទៀតនៅប្រទេសគេ ហ្នឹងយើងបាត់បង់ភាពអព្យាក្រឹតរបស់យើង។ ប្រទេសកម្ពុជាត្រូវតែស្ថិតនៅក្នុងភាពអព្យាក្រឹត មិនត្រូវកាន់ជើងភាគីណាៗដែលមានទំនាស់នៅប្រទេសជិតខាងណាទេ»។
ដូចគ្នានេះដែរ លោក កឹម សុខា មេដឹកនាំគណបក្សសិទ្ធិមនុស្សវិញ មិនធ្វើអត្ថាធិប្បាយច្រើនទេជុំវិញរឿងនេះ ប៉ុន្តែលោកបានសម្ដែងស្រដៀងគ្នានឹងលោក សម រង្ស៊ី ដែរ ថា លោកភ្ញាក់ផ្អើលចំពោះការទទួលស្វាគមន៍នោះ ដោយលោកសុំឲ្យមេដឹកនាំខ្មែរប្រុងប្រយ័ត្នចំពោះរឿងនេះ។
លោក កឹម សុខា បានមានប្រសាសន៍ថា ៖ «ភ្ញាក់ផ្អើលដែរដោយសារជាប្រទេសមួយដែលនៅមានចំណងមិត្តភាពរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ហើយយើងទៅទាក់ទងជាមួយក្រុមមួយទៀតដែលមិនមែនរដ្ឋាភិបាល ហ្នឹងវាចម្លែកដែរ បើសិនជាតំណាងក្នុងនាមរដ្ឋាភិបាល បើក្នុងនាមបុគ្គលគាត់ឬបក្សគាត់ អាហ្នឹងជារឿងរបស់គាត់ទេ តែបើក្នុងនាមរដ្ឋាភិបាលមិនគួរយើងចាប់យកចំហៀងណាទេ យើងត្រូវការរដ្ឋាភិបាលដែលស្របច្បាប់ស្រុកគេ នរណាដែលកាន់ស្របច្បាប់ យើងត្រូវតែទាក់ទងតាមរយៈហ្នឹងហើយ»។
មន្ត្រីការពារសិទ្ធិមនុស្ស អាដហុក លោក ចាន់ សុវ៉េត បានត្អូញអំពីការរំលោភសិទ្ធិមនុស្សដែលប្រទេសថៃកំពុងតែប្រព្រឹត្តមកលើកម្ពុជា ដូចជាពេលថ្មីៗនេះពលរដ្ឋខ្មែរត្រូវបានក្រុមទាហានថៃបាញ់សម្លាប់ជាបន្តបន្ទាប់គ្នា ហើយម្យ៉ាងវិញទៀតបញ្ហាចម្រូងចម្រាសអំពីទឹកដីនៅមិនទាន់ចប់សព្វគ្រប់នៅឡើយជាថៃ។
លោកបន្តថា កម្ពុជាជាប្រទេសសមាជិកអាស៊ាន ដូច្នេះការទទួលអតីតមេដឹកនាំថៃដែលត្រូវតុលាការថៃផ្តន្ទាទោសទៅហើយនោះ ខ្លាចតែត្រូវបណ្តាប្រទេសផ្សេងៗរិះគន់ ៖ «សព្វថ្ងៃនេះយើងឃើញទៀត បើសិនជាសម្ដេចធ្វើអ៊ីចឹងគឺមានន័យថា ហាក់បីដូចជាមានការបើកដោយត្រង់ថា រដ្ឋាភិបាលកម្ពុជាយើងមិនគាំទ្រប៉ុន្មានទៅលើសកម្មភាពរបស់រដ្ឋាភិបាលថៃបច្ចុប្បន្ន»។
មេដឹកនាំសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា លោក រ៉ុង ឈុន បានសម្ដែងការបារម្ភថា ខ្លាចតែកម្ពុជាត្រូវគេចោទប្រកាន់ថាកាន់ជើងម្ខាងៗ នៅគ្រាដែលប្រទេសថៃកំពុងតែមានវិបត្តិផ្ទៃក្នុងរបស់ខ្លួនស្រាប់។
លោក រ៉ុង ឈុន បានថ្លែងថា ៖ «បើសិនគ្រាន់តែស្វាគមន៍ក្នុងករណីការទូត ដំណើរទស្សនកិច្ចមួយថ្ងៃពីរថ្ងៃ អាហ្នឹងវាជារឿងមួយដោយឡែក ប៉ុន្តែបើស្វាគមន៍ក្នុងការឲ្យស្នាក់នៅ អាហ្នឹងវាជារឿងមួយយើងគិតថា វាអត់មានអ្វីនឹងល្អប្រសើរ ហើយកម្ពុជាយើងក៏អត់មានផលចំណេញទៅនឹងការផ្ដល់ការស្នាក់អាស្រ័យដែរ ពីព្រោះលោក ថាក់ស៊ីន ជាអ្នកនិរទេសពីរដ្ឋាភិបាលសៀម ហើយកំពុងតែប្រឈមមុខទៅនឹងផ្លូវច្បាប់ ហើយយើងចង់ឲ្យលោកនាយករដ្ឋមន្ត្រីយើងពិចារណាជុំវិញបញ្ហាហ្នឹងឡើងវិញ ក្រែងលោវាមានផលប៉ះពាល់ដល់ប្រយោជន៍ជាតិរបស់យើង»។
កាលពីថ្ងៃទី២១ តុលាកន្លងទៅ នៅក្នុងជំនួបមួយរវាងគណបក្ស ភឿថៃ ដែលដឹកនាំដោយលោក ឆាវ៉ាលិត យុងឆៃយុទ្ធ (Chavalit Yongchaiyudh) ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទូរទស្សន៍ជាតិកម្ពុជាបានផ្សាយថា លោកនាយករដ្ឋមន្ត្រីបានថ្លែងស្វាគមន៍ទទួលអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ឈិនណាវ៉ាត្រ (Thaksin Shinawatra) គ្រប់ពេលដែលលោកចង់មកកម្ពុជា។ ទូរទស្សន៍ជាតិដដែលបាននិយាយទៀតថា លោកនាយករដ្ឋមន្ត្រីនឹងត្រៀមរៀបចំលំនៅឋានមួយជាស្រេចសម្រាប់ការស្នាក់នៅរបស់លោក ថាក់ស៊ីន ក្នុងប្រទេសកម្ពុជាផងដែរ។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បញ្ជាក់ថា ប្រសាសន៍ទទួលស្វាគមន៍របស់លោកនាយករដ្ឋមន្ត្រី គឺជាការសម្ដែងទឹកចិត្តដោយឯកជនរបស់លោកប៉ុណ្ណោះ មិនទាក់ទងទៅនឹងបញ្ហាការទូតឡើយ។
មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនដដែលបន្ថែមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ថាក់ស៊ីន មានការរាប់អានជិតស្និទ្ធ។
លោក ជាម យៀប បានមានប្រសាសន៍ថា ៖ «សម្ដេចក៏ដូចជាឯកឧត្ដម ថាក់ស៊ីន ជានាយករដ្ឋមន្ត្រី គឺថា យើងបានយោគយល់គ្នាទៅវិញទៅមក ហើយពេលដែលសម្ដេចអញ្ជើញទៅទស្សនកិច្ចឬក៏ទៅជាផ្លូវឯកជនទៅថៃ គឺថាគាត់បានទទួលសម្ដេចនិងគ្រួសារ ក៏ដូចជាពេលដែលគាត់អញ្ជើញមកភ្នំពេញ សម្ដេចបានទទួលដូចជាវ៉ៃហ្គោលវ៉ៃអី ដូចជាស៊ីខ្សែសង្វាក់គ្នាណាស់ ក្នុងនាមអ្នកស្រករគ្នាហ្នឹង។ អ៊ីចឹងទេ នេះជាឯកជន ជាមនោសញ្ចេតនារបស់សម្ដេចតេជោ ហ៊ុន សែន ផ្ទាល់ទេ»។
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ឈិនណាវ៉ាត្រ ត្រូវបានគេធ្វើរដ្ឋប្រហាយោធាទម្លាក់ពីមុខតំណែងកាលពីឆ្នាំ២០០៦កន្លងទៅ ហើយលោកបានភៀសខ្លួនទៅនៅទីក្រុង ដុយបៃ នៃប្រទេសអារ៉ាប់អេមីរ៉េត នៅបន្ទាប់ពីតុលាការថៃបានផ្តន្ទាទោសលោកដាក់ពន្ធនាគារចំនួន២ឆ្នាំក្នុងបទទាក់ទងនឹងអំពើពុករលួយ។
ស្របពេលទៅនឹងការបង្ហើបទទួលស្វាគមន៍ លោក ថាក់ស៊ីន ដោយលោកនាយករដ្ឋមន្ត្រីខ្មែរ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) នាយករដ្ឋមន្ត្រីថៃនាពេលបច្ចុប្បន្ន បានថ្លែងប្រាប់អ្នកកាសែតនៅថ្ងៃទី២២ តុលានេះ ថា សមភាគីកម្ពុជាគួរតែរក្សាចំណងមិត្តភាពឲ្យនៅដោយឡែកពីនយោបាយ។
នៅក្នុងប្រសាសន៍របស់លោក អាភីស៊ិត ដែលដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានបារាំង អេអេហ្វភី (AFP) លោកបានថ្លែងថា លោកធ្លាប់បានជួបនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ដែលលោក ហ៊ុន សែន ធ្លាប់បានប្រាប់អំពីចំណងមិត្តភាពរបស់លោកជាមួយនឹង ថាក់ស៊ីន ហើយក៏ធ្លាប់បានបញ្ជាក់ថា លោកនឹងចែកដាច់គ្នារវាងមិត្តភ័កិ្តជាមួយនឹងតួនាទីនិងកិច្ចការអន្តរជាតិ។
លោក អាភីស៊ិត ថ្លែងទៀតថា លោកធ្លាប់បានប្រាប់លោក ហ៊ុន សែន ថានរណាក៏ដោយនៅពេលដែលកំពុងតែកាន់មុខនាទីសំខាន់ត្រូវតែចែកឲ្យដាច់នូវទំនាក់ទំនងឯកជន។
ប្រភពដដែលនេះបានបញ្ជាក់ទៀតថា ប្រសាសន៍របស់លោក អាភីស៊ិត បានធ្វើឡើងជាមួយនឹងការរំពឹងនៃជំនួបមួយជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅចុងសប្ដាហ៍នេះផងដែរ៕
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
Banlar Muth Trao Yok Banlar Chhoss
2009-10-28 14:14
If Hun Sen supports Thaksin for the benefit of our country, go for it. But if Hun Sen allowes Thaksin resides in Cambodia for his personal benefit, we are Cambodian people do not agree with his decision. Because Thai current government may accuses Hun Sen for keeping Thai most wanted in Cambodian territory and these may cause the war between Thailand and Cambodian to start. My advice to you Mr. Priminister, Think hard and think smart.
2009-10-26 00:15
Becarefull, do not bring the fire into Cambodian home. Sihanouk supported Ho Chi Minh. What was the result, Cambodian poeple loss everythings. Remember! <br>Khmer Farmers
2009-10-25 23:12
Being the Khmer cityzen, I am very glad and support to my lovely Priminister about the Taksin's greeting in Cambodia. This is the Cambodia right to do like this it is not affective to Cambodia and Thai at all this is the personal problem being friendship relation. I appriciated to my lovely Leader. Priminister Hun Sen just teach APHASITH to know about the what is the friendship and How to take care friend ship? Someone they can communicated to make friend but they don't know how to take care friendship at all. this is the good lesson for Thai Leaders specially APHASITH. Secondly just 1 2 told thai government that Cambodia not Affrait to Thai Military at all. Thai Should be understant about cambodia or should be read Cambodai more than this.
2009-10-25 21:55
I think, Samdach Hun Sen is a good man and i support his ideas. Samdach Hun Sen just want gave new lesson to APHASITH known taht Cambodia is the stronger Country and the kingdom of WOnder not affrait to Thailand at all. This is the best ways to lets Thai know about Cambodia, I think that Thai should be read Cambodia more than this.
2009-10-25 21:43
មើលមតិទាំងអស់.