មតិ​អ្នក​ស្ដាប់​លើ​វប្បធម៌​ហៃអើ

ក្រោយ​ពី​វិទ្យុ​អាស៊ី​សេរី ផ្សាយ​ពី​ទស្សនៈ​ស្ដីពី​វប្បធម៌​ហៃអើ (ទំយើ) ដោយ​ចាំ​តែ​បំពង​សំឡេង​បន្ទរ​តាម​សម្ដី​អ្នក​ធំ ជាពិសេស មេ​ដឹកនាំ​ប្រទេស ទោះ​ចេញ​ពី​ដួង​ចិត្ត​ពិត​ក្តី ឬ​មិន​ពិត​ក្តី​នោះ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ជាច្រើន ទាំង​វិជ្ជមាន និង​អវិជ្ជមាន។
ដោយ សេក បណ្ឌិត
2012-09-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប្រតិកម្ម​ទាំង​នេះ ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​គ្នា​តាម​រយៈ​វិទ្យុ ទូរទស្សន៍ ដែល​គាំទ្រ​រដ្ឋាភិបាល តាម​បណ្ដាញ​សង្គម​ហ្វែសប៊ុក (Facebook) ព្រម​ទាំង​គេហទំព័រ​នានា​ជាដើម។

ការ​គាំទ្រ​សម្ដី​របស់​អ្នក​ធំ ឬ​វប្បធម៌​ហៃអើ នៅ​ក្នុង​សង្គម​ខ្មែរ គេ​ឃើញ​មាន​រូបភាព​ពីរ​ជា​សំខាន់ ទីមួយ សម្ដី​នោះ​ស្រប​នឹង​ឆន្ទៈ​អ្នក​គាំទ្រ ទីពីរ ធ្វើ​ឡើង​គ្រាន់​តែ​ដើម្បី​មុខ​មាត់ បុណ្យស័ក្តិ ឬ​លាភ​សក្ការៈ​ផ្សេងៗ។

ទម្លាប់​បែប​នេះ កំពុង​ចាក់​ឫស​យ៉ាង​ជ្រៅ ក្នុង​សង្គម​ខ្មែរ​ជា​ច្រើន​ជំនាន់​មក​ហើយ ហើយ​វា​កាន់​តែ​ពង្រឹង​ខ្លាំង​ថែម​ទៀត​នា​សម័យ​ថ្មី​នេះ។

តាម​រយៈ​គេហទំព័រ​វិទ្យុ​អាស៊ី​សេរី អ្នក​អាន​ម្នាក់​នៅ​ភ្នំពេញ ដែល​បង្ហាញ​រហស្សនាម​ថា "ហួស​ចិត្ត" បាន​សរសេរ​ឆ្លើយ​តប​ថា ពាក្យ​បញ្ចើច​បញ្ចើ​ដូច​សព្វថ្ងៃ គឺ​ដើម្បី​ប្រយោជន៍ និង​ដើម្បី​រស់ ពីព្រោះ​មេ​ដឹកនាំ​យើង​ចូល​ចិត្ត​ឱ្យ​គេ​លើក​ជើង តែ​ចុង​ក្រោយ​គេ​នឹង​សម្រាត​យក​ខោ​ហើយ។

អ្នក​អាន​ម្នាក់​ទៀត បាន​សរសេរ​ថា បើ​យើង​នៅ​តែ​ធ្វើ​អ៊ីចឹង បាន​ន័យ​ថា អា​ជ័យ​ធ្លាក់​ទឹក​ហៃអើៗ ដោយ​អត់​នាំគ្នា​ជួយ​កែលំអ​នោះ​ទេ ខុស​ក៏​គាំទ្រ ត្រូវ​ក៏​គាំទ្រ បែប​នេះ​ជា​ពួក​តាម​ស៊ី​តាម​ផឹក។

ទាក់​ទង​នឹង​បញ្ហា​នេះ ប្រធាន​ក្រុម​អ្នក​នាំ​ពាក្យ​ឲ្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បាន​ប្រតិកម្ម​ថា អ្នក​ដែល​កំពុង​និយាយ​នោះ​ក៏​ប្រាកដ​ជា​ហៃអើ​ដែរ។ លោក​បន្ត​ថា ពាក្យ​ខ្មែរ​មិន​ចូល​ចិត្ត​ឲ្យ​សរសើរ​ទេ ប៉ុន្តែ​បើ​បង្អាប់​ខឹង៖ «កាល​ណា​ធ្វើ​ការ​ត្រូវ​តែ​គោរព​ទៅ​តាម​ឋានានុក្រម សូម្បី​តែ​សង្គម​ស៊ីវិល ក៏​ត្រូវ​ធ្វើ​ការ​ផ្គាប់​ចិត្ត​ម្ចាស់​ជំនួយ​ដែរ បើ​ខ្លួន​មិន​ធ្វើ​ការ​ទៅ​តាម​ម្ចាស់​ជំនួយ​ទេ ខ្លួន​នឹង​បាត់​បង់​ជំនួយ​សម្រាប់​ធ្វើ​កិច្ចការ​របស់​ក្រុម​សង្គម​ស៊ីវិល ឬ​ក្រុម​ខ្លួន បក្ខពួក​ខ្លួន​នោះ​ដែរ ក្រុមហ៊ុន​ឯកជន​ក៏​អ៊ីចឹង​ដែរ ឲ្យ​តែ​យើង​ប្រឆាំង​នឹង​គេ យើង​ប្រាកដ​ជា​ខ្ទាត​ចេញ​ហើយ»

ប្រធាន​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម លោក សន ជ័យ លោក​មាន​ប្រសាសន៍​ថា ការ​បន្ទរ​សរសើរ​អ្នក​ធំ​មិន​ដាច់​ពី​មាត់ ឬ​ការ​បង្ហាញ​នូវ​ការ​គោរព​អ្នក​ធំ​នោះ ភាគ​ច្រើន​កើត​មាន​នៅ​ក្នុង​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​សមាគម​មួយ​ចំនួន ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល៖ «ប៉ុន្តែ សង្គម​ស៊ីវិល​ដទៃ​ទៀត ការ​ដែល​គេ​ផ្តល់​យោបល់ គេ​រិះគន់​ហ្នឹង គឺ​មិន​មែន​ប្រយោជន៍​ដើម្បី​កាន់​អំណាច​ខ្លួន​គេ​នោះ​ទេ គេ​រិះគន់​នេះ គឺ​ដើម្បី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​នោះ​វិញ​ទេ»

ចំណែក​អ្នក​អាន​អត្ថបទ​នៅ​គេហទំព័រ​វិទ្យុ​អាស៊ី​សេរី ម្នាក់​ទៀត បាន​បង្ហាញ​រហស្សនាម​ថា "អាយ​ខ្មែរ (I Khmer)" បាន​សរសេរ​ឆ្លើយ​តប​ថា លោក​មិន​ចង់​គាំទ្រ​ទេ តែ​គេ​ចេញ​បែប​បទ​អោយ​សរសេរ​តាម។ លិខិត​គាំទ្រ​មាន​រូបភាព​ដូច​គ្នា​ទាំង​អស់ គ្រាន់​តែ​ចុះ​ហត្ថលេខា (ស៊ីញេ) ទៅ វិទ្យុ ទូរទស្សន៍ គេ​ផ្សាយ​អោយ​ហើយ។ បើ​មិន​ចុះ​ហត្ថលេខា​ទេ ច្បាស់​ជា​អស់​តំណែង​ហើយ។

ដោយ​ឡែក អ្នក​អាន​អនាមិក​ម្នាក់ ជា​អ្នក​ស្រុក​បប៉ៃលិន និយាយ​ថា ខ្ញុំ​ដឹង​ថា​គាត់​ធ្វើ​មិន​ត្រូវ តែ​ខ្ញុំ​គាំទ្រ​គាត់ ទោះ​បី​ដឹង​ថា​ខ្ញុំ​កំពុង​ក្បត់​ឧត្ដម​គតិ​ខ្លួន​ឯង​ក៏ដោយ ហើយ​គាត់​ជា​អ្នក​សរសេរ​មក​នោះ​ក៏​ធ្វើ​មិន​ត្រូវ​ដែរ។

អ្នក​អាន​អនាមិក​ម្នាក់​ទៀត បាន​សរសេរ​ដែរ​ថា ពិត​ណាស់​ហើយ អ្នក​ប្រើ​ពាក្យ​បញ្ជោរ​ក៏​ដើម្បី​ផល​ប្រយោជន៍​ណា​មួយ​របស់​ខ្លួន បើ​ទោះ​បី​មិន​ពេញ​ចិត្ត​ទាំង​ស្រុង​ក្តី ម្យ៉ាង​ទៀត​គាត់​អាច​គិត​យល់​ពី​ចរិត​ម្នាក់​ហ្នឹង ដែល​ចូល​ចិត្ត​ភាព​បញ្ចើច​បញ្ចើ​នេះ​ដែរ។ ផ្ទុយ​ទៅ​វិញ ពាក្យ​រិះគន់​ត្រូវ​បាន​គេ​យក​ប្រើ​ពី​ក្រោយ​ខ្នង ជា​លក្ខណ​ម៉ាត់​ចាប​ម៉ាត់​ព្រាប ដើម្បី​បន្ថយ​កំហឹង​ប៉ុណ្ណោះ ដោយ​សារ​អ្នក​ដឹកនាំ​យើង​ជា​មនុស្ស​ញាំ​ជោរ។

អ្នក​អាន​ផ្សេង​ទៀត បាន​ចាប់​អារម្មណ៍​ទៅ​លើ​ពាក្យ​ទំយើ​អ្នក​ធំ ដោយ​សរសើរ​ថា គតិ​បណ្ឌិត ឬ​គតិ​ព្រឹទ្ធ​បណ្ឌិត​ដ៏​ខ្ពង់​ខ្ពស់។ ប៉ុន្តែ ពាក្យ "ខ្ពង់​ខ្ពស់" នេះ​លែង​មាន​ន័យ​អ្វី​ទៀត​ហើយ វា​គ្រាន់​តែ​ជា​ពាក្យ​បញ្ជោរ​មួយ សម្រាប់​មនុស្ស​ស៊ី​ជោរ​ប៉ុណ្ណោះ។

អ្នក​អាន​អនាមិក​ម្នាក់​ទៀត បាន​សរសេរ​ចេញ​នូវ​ទស្សនៈ​យល់​ឃើញ​របស់​ខ្លួន​ដែរ​ថា ពាក្យ​បញ្ជោរ​អ្នក​មាន​អំណាច មាន​លុយ ដូច​សព្វថ្ងៃ​នេះ ជា​កំហុស​ឆ្គង​មួយ​ដែល​អាច​នាំ​មក​នូវ​ភាព​រលំរលាយ ដែល​យើង​គួរ​ខ្លាច​ខ្លាំង​បំផុត​នោះ គឺ​អ្នក​ដែល​បង្កប់​ខ្លួន​ក្នុង​ចំណោម​រដ្ឋាភិបាល។ អ្នក​ទាំង​នោះ ច្រើន​តែ​ញុះញង់ អែបអប​លើក​តម្កើង អុច​អាល​អ្នក​ដឹកនាំ​ដែល​ចូល​ចិត្ត​ស៊ី​ជោរ។

កន្លង​មក ប្រទេស​ជាតិ​យើង​រលំរលាយ ក៏​ដោយ​សារ​ល្បិចកល​បែប​នេះ​រាប់​សតវត្សរ៍​មក​ហើយ ប៉ុន្តែ​មិន​សូវ​មាន​អ្នក​ណា​ខ្វល់​ខ្វាយ ឬ​យក​ចិត្ត​ទុក​ដាក់​នោះ​ឡើយ។

អ្នក​សិក្សា​ពី​បញ្ហា​សង្គម​មួយ​ចំនួន បាន​បង្ហាញ​ថា វប្បធម៌​ហៃអើ ដែល​មនុស្ស​មួយ​ក្រុម​គេ​តែង​តែ​កៀងគរ​គ្នា​គាំទ្រ​លើ​សម្ដី​មេ​ដឹកនាំ​ប្រទេស​ទាំង​ពេញ​ចិត្ត​ក្តី ឬ​មិន​ពេញ​ចិត្ត​ក្តី​បែប​នេះ ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ដឹកនាំ​សង្គម​មួយ​ជា​លក្ខណៈ​បុគ្គល​និយម និង​បក្ខពួក​និយម។ ការ​ដឹក​នាំ​របៀប​នេះ គេ​តែង​តែ​រក​លេះ​ដើម្បី​បំបិទ​សំឡេង​អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​បក្ស ឬ​ក្រុម​របស់​គេ​នោះ។

ការ​ប្រើប្រាស់​អំណាច​បែប​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​មនុស្ស​នៅ​ជុំវិញ​ខ្លួន មិន​ហ៊ាន​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់ ឬ​ជំទាស់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​ការ​ភ័យ​ខ្លាច ហើយ​មាន​តែ​វិធី​ម្យ៉ាង​គត់ គឺ​គាំទ្រ​គំនិត​របស់​មេ​ធំ បើ​ទោះ​បី​ជា​ការ​គាំទ្រ​នោះ​ខុស​ក៏​ដោយ ត្រូវ​ក៏​ដោយ។

អ្នក​វិភាគ​យល់​ឃើញ​ទៀត​ថា បើ​សិន​ជា​បញ្ហា​នេះ​កាន់​តែ​រីក​ធំ​ធាត់​ទៅ​នោះ វា​ជា​គ្រោះ​ថ្នាក់​មួយ​ដល់​ការ​អភិវឌ្ឍ និង​ការ​កសាង​ប្រទេស​មួយ​ប្រកប​ដោយ​នីតិរដ្ឋ និង​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ និង​មិន​មាន​តុល្យភាព​នៃ​អំណាច ក្នុង​សង្គម​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Castro De La Monreo

ពី Paris, France

I know everybody has their own objectives or goals then make their speak out when they have chances, but some chances need to speak out at the right time in the right place. We are human, none of human practicing without mistakes. We are Buddhish followers how our mentor tought us to be calm and patient solve the problems step by step if you are a leader what you should do, you couldn't make a u-turn when your vehicle on a speed of 50km/h then your vehicle gonna get crash within upside down and whoever in the vehicle will get suffer from your high temper decision. So learn how to use your temper Mrs. leaders. Just think nothing remain forever don't try to fuel gas on flame you will reach your goal when you believe. The democracy is never late it still coming just believe your thought.

Sep 15, 2012 01:40 PM

អ្នក​អាន​អនាមិក

លោក កែវ រ៉េមីៈ ក្រុមហ៊ុនក្តី អង្កការក្តីគេត្រូវធ្វើការតាមថានានុក្រមមែន ប៉ុន្តែនៅពេលដែលគេមិនពេញចិត្តនូវលក្ខ័ណ្ឌការងារ ក៏ពួកគេធ្វើបាតុកម្ម រឺកូដកម្មដែរ។ ដោយឡែកពួកអស់លោកដែលជានអ្នកនយោបាយ មានភារកិច្ចទទួលខុសត្រូវធំធេងណាស់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ បើពួកលោកឯងចេះតែហៃអើបែបនេះ វាមិនសមជាអ្នកធ្វើនយោបាយទេ វាសមតែជាឆ្កែបម្រើនយោបាយ។

Sep 15, 2012 09:50 AM

KHMER-AMERICAN

ពី MARYLAND,USA

I have a lot fun & joy by reading all people comments, It's an EXCELLENT TOPIC. Comment is just idea, opinon of individual one, no wrong or right!!! Please do not criticize each other!!! Learn from each other is very best way to do. I do agree with Miss MALARY from USA. Anyway, in life, we do thing just have limit, don't be so stick...Her writing is very appropriated to the TOPIC!!! I do appreciate so much RFA for your BEST ARTICLE!!!

Sep 14, 2012 09:45 AM

អ្នក​អាន​អនាមិក

ប្រព័ន្ធផ្សព្វផ្សាយ គឺជាអ្នកដើរតួរសំខាន់ក្នុងការផ្តល់ពត៌មាន ក៏ដូចជាការអប់រំ ដើម្បីធ្វើអោយកម្ពុជារីកចំរើន។ ដូច្នេះហើយ គួរគប្បីយល់ថា តួនាទីរបស់ស្ថាប័នទាំងនោះ គឺផ្តល់ពត៌មាន ដែលសុក្រិត ហើយអព្យាក្រិត។​​ សូមមើលពីប្រទេសជឿនលឿនផង!

Sep 14, 2012 12:28 AM

អ្នក​អាន​អនាមិក

ផានិត ខ្ញុំគាំទ្រនូវយោបលលោកដែលថា ត្រូវតែប្រើពាក្យពេជ្រប្រកបដោយចំណេះដឹង ខ្ញុំសូមថែមពាក្យថា ថ្លៃថ្នូរ ទៀតផង។

Sep 14, 2012 12:26 AM

មើល​មតិ​ទាំង​អស់.