​សំលៀក​បំពាក់​នាំ​ចេញ​​ទៅ​សហរដ្ឋ​អាមេរិក​មាន​​​​និន្នាការ​ធ្លាក់​ចុះ

វិស័យ​​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា បាន​​ផ្ដល់​ការងារ​​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ប្រមាណ ១,៧​លាន​នាក់។ ទីផ្សារ​សំខាន់​​នៃ​ការ​នាំ​ចេញ​សំលៀក​បំពាក់​កម្ពុជា គឺ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប។

0:00 / 0:00

អ្នក​វិភាគ​នានា​បាន​អះ​អាង​ថា ការ​នាំ​ចេញ​សំលៀក​បំពាក់​ទៅ​សហរដ្ឋ​អាមេរិក​មាន​និន្នាការ​ធ្លាក់​ចុះ ដោយ​សារ​តែ​សហរដ្ឋ​អាមេរិក​យក​ពន្ធ ប៉ុន្តែ​​ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប នឹង​បន្ត​កើន​ឡើង​​វិញ ដោយ​សារ​តែ​​កម្ពុជា ទទួល​បាន​ផល​ពី​ការ​អនុគ្រោះ​ពន្ធ​ពី​គោលនយោបាយ​​របស់​សហភាព​អឺរ៉ុប​អ្វីៗ​ទាំង​អស់​លើក​លែង​តែ​អាវុធ (EBA) ដែល​បាន​ចាប់​អនុវត្ត​ចាប់​តាំង​ពី​ឆ្នាំ​២០០១ កន្លង​មក។

ថ្វី​ត្បិត​​ឆ្នាំ​២០០៥ កូតា​របស់​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់ ប៉ុន្តែ​ផលិត​ផល​សំលៀក​បំពាក់​របស់​កម្ពុជា ត្រូវ​បាន​ទទួល​ស្គាល់​រួច​ជា​ស្រេច​​នៅ​ក្នុង​ទីផ្សារ​អាមេរិក ដែល​ប្រការ​នេះ​ជា​កិត្តិនាម​ដ៏​សំខាន់​បំផុត​ដែល​ក្រុមហ៊ុន​​កាត់​ដេរ​នៅ​កម្ពុជា បាន​កសាង​ឡើង​​ជា​មួយ​អតិថិជន​នៅ​អាមេរិក ជា​ពិសេស​អ្នក​ទទួល​ទិញ​ដុំ។

អ្នក​វិភាគ​នានា​លើ​វិស័យ​កាត់​ដេរ​សំលៀក​បំពាក់​នៅ​កម្ពុជា បាន​រក​ឃើញ​ថា ក្រៅ​ពី​កត្តា​ទទួល​ស្គាល់​ជា​អន្តរជាតិ​នេះ ក៏​មាន​ស្ថាប័ន​​​ផ្សេង​បាន​វាយ​តម្លៃ​អំពី​ស្ថានភាព និង​លក្ខខណ្ឌ​ការងារ​នៅ​ប្រទេស​កម្ពុជា ដែល​បាន​ទទួល​ស្គាល់​ដោយ​​អ្នក​បញ្ជា​ទិញ​​ផលិត​សំលៀក​បំពាក់​របស់​ប្រទេស​កម្ពុជា ផង​ដែរ។

មន្ត្រី​​ទំនាក់​ទំនង​ព័ត៌មាន​នៅ​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​ លោក ប៊ុន យីង បាន​ឲ្យ​ដឹង​ថា ចំនួន​រោង​ចក្រ​ដែល​ចូល​នៅ​ក្នុង​ការ​វាយ​តម្លៃ​នៅ​ក្នុង​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​មាន​ចំនួន ៣២០​រោងចក្រ ជា​ប្រភេទ​រោងចក្រ​ដែល​នាំ​ចេញ​​វាយនភណ្ឌ​ទៅ​ក្រៅ​ប្រទេស។ លោក​បញ្ជាក់​ថា រោង​ចក្រ​នាំ​ចេញ​ទាំង​អស់​ត្រូវ​ចុះ​បញ្ជិកា​នៅ​ក្រសួង​ពាណិជ្ជកម្ម និង​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ។

លោក ប៊ុន យីង បាន​ឲ្យ​​ដឹង​ទៀត​ថា ស្ថានភាព​នៃ​ការ​​វាយ​តម្លៃ​នេះ​​​នៅ​តែ​មាន​បញ្ហា​ប្រឈម​នៅ​ឡើយ ដូចជា​ការ​ដួល​សន្លប់ និង​ការ​ធ្វើ​កូដកម្ម ប៉ុន្តែ​​ស្ថានភាព​នេះ​ស្ថិត​នៅ​ក្នុង​ការ​តាម​ដាន​របស់​អ្នក​បញ្ជា​ទិញ​ដែល​អាច​​ដោះ​ស្រាយ ​ឬ​ក៏​យ៉ាង​ណា។

លោក ប៊ុន យីង៖ «យើង​នឹង​ចុះ​ទៅ​ធ្វើ​ការ​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោង​ចក្រ ហើយ​និង​ការ​អនុលោម ហើយ​របាយការណ៍​ដែល​យើង​បាន​ចុះ​ឃ្លាំ​មើល​លក្ខខណ្ឌ​ការងារ​ហ្នឹង គឺ​របាយការណ៍​ហ្នឹង ខាង​អ្នក​បញ្ជាទិញ​គាត់​នឹង​ទទួល​បាន​របាយការណ៍​ទៅ​លើ​រោងចក្រ​ពួក​អ្នក​បញ្ជាទិញ កុម្ម៉ង់​ទិញ​ពី​រោង​ចក្រ​ហ្នឹង​​ ដើម្បី​មើល​ពី​ទិដ្ឋភាព​ជា​រួម​នៅ​ក្នុង​រោងចក្រ​ហ្នឹង ថា​មាន​ការ​គោរព និង​អនុលោម​​ទៅ​តាម​លក្ខខណ្ឌ​ការងារ​ដល់​កម្រិត​ណា»

លោក​បន្ថែម​ទៀត​ថា ក្នុង​ចំណោម​រោង​ចក្រ​ចំនួន​​ផ្សេង​ទៀត​ដែល​មិន​បាន​ចុះ​បញ្ជី​គឺ​ជា​ប្រភេទ​រោង​ចក្រ​តូច និង​ជា​ប្រភេទ​រោង​​ចក្រ​មាន​កុងត្រា​ខ្លី។

យ៉ាង​ណា​ក៏​ដោយ អ្នក​ស្រាវ​ជ្រាវ​នៃ​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​ លោក ប៉ូច គង់ឆេង បាន​ឲ្យ​ដឹង​ថា គម្រោង​ការ​​វាយ​តម្លៃ​​របស់​រោងចក្រ​កាន់​តែ​ប្រសើរ គឺ​មាន​សារសំខាន់​ដែល​អនុញ្ញាត​ឲ្យ​ការ​នាំចេញ​សំលៀក​បំពាក់​​កម្ពុជា មាន​ទីផ្សារ​មួយ​នៅ​សហរដ្ឋអាមេរិក ដែល​ជា​កត្តា​ទាក់​ទាញ​ដល់​អ្នក​បញ្ជា​ទិញ​ធំ​​នានា​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ជា​ដើម។

លោក ប៉ូច គង់ឆេង៖ «កម្មវិធី Better Factory គឺ​ជា​កត្តា​ល្អ ព្រោះ​វា​ជា​កត្តា​ទាក់​ទាញ​ធំ​នៅ​សហរដ្ឋ​អាមេរិក ឬ​សហគមន៍​អឺរ៉ុប​ ហ្នឹង​គេ​មក​ទិញ​ពី​ប្រទេស​កម្ពុជា​យើង​ ពី​ព្រោះ​អ្នក​បញ្ជាទិញ​ធំ​ គេ​គិត​ពី​ស្តង់ដារ​ការងារ សុវត្ថិភាព​ការងារ​ហ្នឹង​ខ្លាំង។ វា​ជា​កត្តា​មួយ​ដែល​យើង​អាច​ទាក់​ទាញ​អ្នក​ទិញ​ធំ​ហ្នឹង​បាន»

លោក ប៉ូច គង់ឆេង បាន​បញ្ជាក់​ថា ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​មាន​និន្នាការ​កើន​ឡើង​នៅ​រយៈ​ពេល ៥​ឆ្នាំ​ចុង​ក្រោយ​ ដោយ​សារ​តែ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទៅ​ប្រទេស​នានា​​នៅ​សហភាព​អឺរ៉ុប។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា លោក​បណ្ឌិត ហង្ស ជួនណារ៉ុន ធ្លាប់​មាន​ប្រសាសន៍​ថា ការ​ផលិត​នាំ​ចេញ​សំលៀក​បំពាក់​គឺ​កើន​ឡើង​ជាង ២០% ដែល​មាន​តម្លៃ​​​ប្រមាណ ៣​ពាន់​លាន​ដុល្លារ ភាគ​ច្រើន​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក ៦០% និង​សហភាព​អឺរ៉ុប​ប្រមាណ​ជា ៣០%។ លោក​បញ្ជាក់​​ទៀត​ថា ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​មាន​កើន​ដោយ​សារ​តែ​​ការ​មិន​យក​ពន្ធ​ពី​ផលិត​ផល​​របស់​កម្ពុជា។

លោក​បណ្ឌិត ហង្ស ជួនណារ៉ុន៖ «ការ​ផលិត​នាំ​ចេញ​សំលៀក​បំពាក់​កើន​ឡើង​ជាង ២០% គឺ​នាំ​ចេញ​ភាគ​ច្រើន​ទៅ​សហភាព​អឺរ៉ុប ហើយ​នាំ​ទៅ​អាមេរិក គឺ​នាំ​ទៅ​អាមេរិក​ប្រមាណ ៦០% សហភាព​អឺរ៉ុប​ជាង ៣០%។ សហគមន៍​អឺរ៉ុប​គាត់​បាន​កាត់​បន្ថយ​ពន្ធ​ក្នុង​ការ​នាំ​ចូល​ពី​ប្រទេស​ដែល​មាន​កម្រិត​អភិវឌ្ឍន៍​ទាប ដូច​ជា​កម្ពុជា​ហ្នឹង​ គឺ​យក​ពន្ធ សូន្យ។ អ៊ីចឹង​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ទាំង​អង្ករ​ក្ដី ទាំង​សំលៀក​បំពាក់​ក្ដី គឺ​នាំ​ចេញ​ខ្លាំង»

បើ​ទោះ​ជា​ប្រទេស​កម្ពុជា មាន​សក្ដានុពល​ដូច​ជា​ការ​ទទួល​ស្គាល់​ផលិតផល​ស្រាប់​នៅ​សហរដ្ឋអាមេរិក និង​ការ​រួច​ពន្ធ​នាំ​ចូល​ទៅ​សហគមន៍​ទៅ​អឺរ៉ុប​ក៏ដោយ​ ប៉ុន្តែ​វិស័យ​នេះ​ក៏​ជួប​ប្រទះ​នូវ​ការ​ប្រកួត​ប្រជែង​ពី​បណ្ដា​ប្រទេស​នាំ​ចេញ​សំលៀក​បំពាក់​​នានា និង​ងាយ​រង​គ្រោះ​​ពី​វិបត្តិ​សកល​នៅ​ឡើយ។

របាយការណ៍​របស់​វិទ្យាស្ថាន​​ស្រាវជ្រាវ និង​បណ្ដុះ​បណ្ដាល​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ប្រចាំ​ឆ្នាំ​២០១១ បាន​បង្ហាញ​ថា បច្ចុប្បន្ន​សហគ្រាស​ឧស្សាហកម្ម​ភាគ​ច្រើន​នៅ​កម្ពុជា​ គឺ​មាន​មូលដ្ឋាន​តូច​ចង្អៀត​ ដោយ​ពឹង​ផ្អែក​​ជា​ចម្បង​លើ​វិស័យ​កាត់ដេរ​ដែល​បង្កើត​តម្លៃ​តិច​តួច​​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) និង​ងាយ​រង​គ្រោះ​ខ្លាំង​​ពី​វិបត្តិ​ផ្នែក​ខាង​ក្រៅ។ វិស័យ​នេះ​បាន​កំពុង​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ពី​ប្រទេស​ផលិត​សំលៀក​បំពាក់ ដូចជា​ចិន បង់ក្លាដេស​ វៀតណាម​ និង​ឥណ្ឌា ជា​ដើម។ ក្រៅ​ពី​នេះ ការ​នាំ​ចេញ​​សំលៀក​បំពាក់​ទៅ​សហរដ្ឋអាមេរិក​ប្រឈម​នឹង​ការ​បង់​ពន្ធ​នៅ​ឡើយ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ ធ្លាប់​មាន​ប្រសាសន៍​​ថា កម្ពុជា​នាំ​ចេញ​សំលៀក​បំពាក់​ទៅ​សហរដ្ឋអាមេរិក​ដោយ​ជាប់​អត្រាពន្ធ​ចំនួន ១៥% ទៅ ២៥% ដែល​តាម​កា​ប៉ាន់​ស្មាន​ប្រទេស​កម្ពុជា បាន​បង់​ពន្ធ​ទៅ​សហរដ្ឋអាមេរិក​ចំនួន​​ជាង ៦៤០​លាន​ដុល្លារ​រៀង​រាល់​ឆ្នាំ។

បញ្ហា​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ធ្លាប់​មាន​ប្រសាសន៍​ស្នើ​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក​លើក​លែង​ពន្ធ​ការ​នាំ​ចេញ​សំលៀក​បំពាក់​​របស់​កម្ពុជា ចូល​ទៅ​ក្នុង​​សហរដ្ឋអាមេរិក នៅ​អំឡុង​ពេល​មាន​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​របស់​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) កន្លង​ទៅ។

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១១ របស់​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា សកម្មភាព​​កាត់​ដេរ​​មាន​ចំណែក​ធំ​បំផុត​ដល់ ៦៦% នៅ​ក្នុង​ផ្នែក​កម្មន្តសាល​​ចន្លោះ​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០៨ ដែល​បាន​ចូល​រួម​ចំណែក​ជាង ១០% នៃ​ផលិត​ក្នុង​ស្រុក​សរុប។ វិស័យ​កាត់​ដេរ​មាន​សន្ទុះ​ខ្លាំង​ជាង​គេ​ក្នុង​វិស័យ​ឧស្សាហកម្ម​ដែល​មាន​កំណើន​អត្រា​ប្រចាំ​ឆ្នាំ​ជាង ៣៤%។

យ៉ាង​ណា​ក៏​ដោយ​វិស័យ​កាត់​ដេរ​បាន​ចូល​រួម​ចំណែក​ប្រមាណ​​ពី ៧០% ទៅ ៨០% នៃ​ការ​នាំ​ចេញ​សរុប​ប្រចាំ​ឆ្នាំ​ ហើយ​​វិស័យ​នេះ​បាន​ប្រើ​ពលករ​ជាង ៣៥​ម៉ឺន​នាក់​ ភាគ​ច្រើន​នារី​មក​ពី​ជនបទ​ ឬ​ប្រហែល ៤% នៃ​កម្លាំង​ពលកម្ម​សរុប។ តាម​ការ​ប៉ាន់​ស្មាន មាន​ប្រជាជន​​ប្រហែល ១,៧​លាន​នាក់​កំពុង​ពឹង​ផ្អែក​លើ​ផ្នែក​កាត់​ដេរ​ ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​នៅ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។