អ្នកវិភាគនានាបានអះអាងថា ការនាំចេញសំលៀកបំពាក់ទៅសហរដ្ឋអាមេរិកមាននិន្នាការធ្លាក់ចុះ ដោយសារតែសហរដ្ឋអាមេរិកយកពន្ធ ប៉ុន្តែការនាំចេញទៅសហភាពអឺរ៉ុប នឹងបន្តកើនឡើងវិញ ដោយសារតែកម្ពុជា ទទួលបានផលពីការអនុគ្រោះពន្ធពីគោលនយោបាយរបស់សហភាពអឺរ៉ុបអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ដែលបានចាប់អនុវត្តចាប់តាំងពីឆ្នាំ២០០១ កន្លងមក។
ថ្វីត្បិតឆ្នាំ២០០៥ កូតារបស់សហរដ្ឋអាមេរិកបានបញ្ចប់ ប៉ុន្តែផលិតផលសំលៀកបំពាក់របស់កម្ពុជា ត្រូវបានទទួលស្គាល់រួចជាស្រេចនៅក្នុងទីផ្សារអាមេរិក ដែលប្រការនេះជាកិត្តិនាមដ៏សំខាន់បំផុតដែលក្រុមហ៊ុនកាត់ដេរនៅកម្ពុជា បានកសាងឡើងជាមួយអតិថិជននៅអាមេរិក ជាពិសេសអ្នកទទួលទិញដុំ។
អ្នកវិភាគនានាលើវិស័យកាត់ដេរសំលៀកបំពាក់នៅកម្ពុជា បានរកឃើញថា ក្រៅពីកត្តាទទួលស្គាល់ជាអន្តរជាតិនេះ ក៏មានស្ថាប័នផ្សេងបានវាយតម្លៃអំពីស្ថានភាព និងលក្ខខណ្ឌការងារនៅប្រទេសកម្ពុជា ដែលបានទទួលស្គាល់ដោយអ្នកបញ្ជាទិញផលិតសំលៀកបំពាក់របស់ប្រទេសកម្ពុជា ផងដែរ។
មន្ត្រីទំនាក់ទំនងព័ត៌មាននៅគម្រោងរោងចក្រកាន់តែប្រសើរ លោក ប៊ុន យីង បានឲ្យដឹងថា ចំនួនរោងចក្រដែលចូលនៅក្នុងការវាយតម្លៃនៅក្នុងគម្រោងរោងចក្រកាន់តែប្រសើរមានចំនួន ៣២០រោងចក្រ ជាប្រភេទរោងចក្រដែលនាំចេញវាយនភណ្ឌទៅក្រៅប្រទេស។ លោកបញ្ជាក់ថា រោងចក្រនាំចេញទាំងអស់ត្រូវចុះបញ្ជិកានៅក្រសួងពាណិជ្ជកម្ម និងគម្រោងរោងចក្រកាន់តែប្រសើរ។
លោក ប៊ុន យីង បានឲ្យដឹងទៀតថា ស្ថានភាពនៃការវាយតម្លៃនេះនៅតែមានបញ្ហាប្រឈមនៅឡើយ ដូចជាការដួលសន្លប់ និងការធ្វើកូដកម្ម ប៉ុន្តែស្ថានភាពនេះស្ថិតនៅក្នុងការតាមដានរបស់អ្នកបញ្ជាទិញដែលអាចដោះស្រាយ ឬក៏យ៉ាងណា។
លោក ប៊ុន យីង៖ «យើងនឹងចុះទៅធ្វើការលក្ខខណ្ឌការងារនៅក្នុងរោងចក្រ ហើយនិងការអនុលោម ហើយរបាយការណ៍ដែលយើងបានចុះឃ្លាំមើលលក្ខខណ្ឌការងារហ្នឹង គឺរបាយការណ៍ហ្នឹង ខាងអ្នកបញ្ជាទិញគាត់នឹងទទួលបានរបាយការណ៍ទៅលើរោងចក្រពួកអ្នកបញ្ជាទិញ កុម្ម៉ង់ទិញពីរោងចក្រហ្នឹង ដើម្បីមើលពីទិដ្ឋភាពជារួមនៅក្នុងរោងចក្រហ្នឹង ថាមានការគោរព និងអនុលោមទៅតាមលក្ខខណ្ឌការងារដល់កម្រិតណា»។
លោកបន្ថែមទៀតថា ក្នុងចំណោមរោងចក្រចំនួនផ្សេងទៀតដែលមិនបានចុះបញ្ជីគឺជាប្រភេទរោងចក្រតូច និងជាប្រភេទរោងចក្រមានកុងត្រាខ្លី។
យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា លោក ប៉ូច គង់ឆេង បានឲ្យដឹងថា គម្រោងការវាយតម្លៃរបស់រោងចក្រកាន់តែប្រសើរ គឺមានសារសំខាន់ដែលអនុញ្ញាតឲ្យការនាំចេញសំលៀកបំពាក់កម្ពុជា មានទីផ្សារមួយនៅសហរដ្ឋអាមេរិក ដែលជាកត្តាទាក់ទាញដល់អ្នកបញ្ជាទិញធំនានាពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម។
លោក ប៉ូច គង់ឆេង៖ «កម្មវិធី Better Factory គឺជាកត្តាល្អ ព្រោះវាជាកត្តាទាក់ទាញធំនៅសហរដ្ឋអាមេរិក ឬសហគមន៍អឺរ៉ុប ហ្នឹងគេមកទិញពីប្រទេសកម្ពុជាយើង ពីព្រោះអ្នកបញ្ជាទិញធំ គេគិតពីស្តង់ដារការងារ សុវត្ថិភាពការងារហ្នឹងខ្លាំង។ វាជាកត្តាមួយដែលយើងអាចទាក់ទាញអ្នកទិញធំហ្នឹងបាន»។
លោក ប៉ូច គង់ឆេង បានបញ្ជាក់ថា ការនាំចេញទៅសហភាពអឺរ៉ុបមាននិន្នាការកើនឡើងនៅរយៈពេល ៥ឆ្នាំចុងក្រោយ ដោយសារតែការអនុគ្រោះពន្ធនាំចូលទៅប្រទេសនានានៅសហភាពអឺរ៉ុប។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា លោកបណ្ឌិត ហង្ស ជួនណារ៉ុន ធ្លាប់មានប្រសាសន៍ថា ការផលិតនាំចេញសំលៀកបំពាក់គឺកើនឡើងជាង ២០% ដែលមានតម្លៃប្រមាណ ៣ពាន់លានដុល្លារ ភាគច្រើននាំចេញទៅសហរដ្ឋអាមេរិក ៦០% និងសហភាពអឺរ៉ុបប្រមាណជា ៣០%។ លោកបញ្ជាក់ទៀតថា ការនាំចេញទៅសហភាពអឺរ៉ុបមានកើនដោយសារតែការមិនយកពន្ធពីផលិតផលរបស់កម្ពុជា។
លោកបណ្ឌិត ហង្ស ជួនណារ៉ុន៖ «ការផលិតនាំចេញសំលៀកបំពាក់កើនឡើងជាង ២០% គឺនាំចេញភាគច្រើនទៅសហភាពអឺរ៉ុប ហើយនាំទៅអាមេរិក គឺនាំទៅអាមេរិកប្រមាណ ៦០% សហភាពអឺរ៉ុបជាង ៣០%។ សហគមន៍អឺរ៉ុបគាត់បានកាត់បន្ថយពន្ធក្នុងការនាំចូលពីប្រទេសដែលមានកម្រិតអភិវឌ្ឍន៍ទាប ដូចជាកម្ពុជាហ្នឹង គឺយកពន្ធ សូន្យ។ អ៊ីចឹងធ្វើឲ្យការនាំចេញទាំងអង្ករក្ដី ទាំងសំលៀកបំពាក់ក្ដី គឺនាំចេញខ្លាំង»។
បើទោះជាប្រទេសកម្ពុជា មានសក្ដានុពលដូចជាការទទួលស្គាល់ផលិតផលស្រាប់នៅសហរដ្ឋអាមេរិក និងការរួចពន្ធនាំចូលទៅសហគមន៍ទៅអឺរ៉ុបក៏ដោយ ប៉ុន្តែវិស័យនេះក៏ជួបប្រទះនូវការប្រកួតប្រជែងពីបណ្ដាប្រទេសនាំចេញសំលៀកបំពាក់នានា និងងាយរងគ្រោះពីវិបត្តិសកលនៅឡើយ។
របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ និងបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ប្រចាំឆ្នាំ២០១១ បានបង្ហាញថា បច្ចុប្បន្នសហគ្រាសឧស្សាហកម្មភាគច្រើននៅកម្ពុជា គឺមានមូលដ្ឋានតូចចង្អៀត ដោយពឹងផ្អែកជាចម្បងលើវិស័យកាត់ដេរដែលបង្កើតតម្លៃតិចតួចដល់ផលិតផលក្នុងស្រុកសរុប (GDP) និងងាយរងគ្រោះខ្លាំងពីវិបត្តិផ្នែកខាងក្រៅ។ វិស័យនេះបានកំពុងប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីប្រទេសផលិតសំលៀកបំពាក់ ដូចជាចិន បង់ក្លាដេស វៀតណាម និងឥណ្ឌា ជាដើម។ ក្រៅពីនេះ ការនាំចេញសំលៀកបំពាក់ទៅសហរដ្ឋអាមេរិកប្រឈមនឹងការបង់ពន្ធនៅឡើយ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ ធ្លាប់មានប្រសាសន៍ថា កម្ពុជានាំចេញសំលៀកបំពាក់ទៅសហរដ្ឋអាមេរិកដោយជាប់អត្រាពន្ធចំនួន ១៥% ទៅ ២៥% ដែលតាមកាប៉ាន់ស្មានប្រទេសកម្ពុជា បានបង់ពន្ធទៅសហរដ្ឋអាមេរិកចំនួនជាង ៦៤០លានដុល្លាររៀងរាល់ឆ្នាំ។
បញ្ហានេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ស្នើសុំឲ្យសហរដ្ឋអាមេរិកលើកលែងពន្ធការនាំចេញសំលៀកបំពាក់របស់កម្ពុជា ចូលទៅក្នុងសហរដ្ឋអាមេរិក នៅអំឡុងពេលមានទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) កន្លងទៅ។
របាយការណ៍ប្រចាំឆ្នាំ២០១១ របស់វិទ្យាស្ថានបណ្ដុះបណ្ដាលស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា សកម្មភាពកាត់ដេរមានចំណែកធំបំផុតដល់ ៦៦% នៅក្នុងផ្នែកកម្មន្តសាលចន្លោះឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៨ ដែលបានចូលរួមចំណែកជាង ១០% នៃផលិតក្នុងស្រុកសរុប។ វិស័យកាត់ដេរមានសន្ទុះខ្លាំងជាងគេក្នុងវិស័យឧស្សាហកម្មដែលមានកំណើនអត្រាប្រចាំឆ្នាំជាង ៣៤%។
យ៉ាងណាក៏ដោយវិស័យកាត់ដេរបានចូលរួមចំណែកប្រមាណពី ៧០% ទៅ ៨០% នៃការនាំចេញសរុបប្រចាំឆ្នាំ ហើយវិស័យនេះបានប្រើពលករជាង ៣៥ម៉ឺននាក់ ភាគច្រើននារីមកពីជនបទ ឬប្រហែល ៤% នៃកម្លាំងពលកម្មសរុប។ តាមការប៉ាន់ស្មាន មានប្រជាជនប្រហែល ១,៧លាននាក់កំពុងពឹងផ្អែកលើផ្នែកកាត់ដេរ ដោយផ្ទាល់ ឬដោយប្រយោលនៅប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។