សមាគមបញ្ញវន្តខ្មែរនៅអាមេរិកបារម្ភអំពីការចរចារវាងខ្មែរនិងថៃ
2008.08.18
លោក ផង បណ្ឌិត ក្នុងនាមសមាគមបញ្ញវន្តខ្មែរ បានសម្តែងការព្រួយបារម្ភថា ការដកកងទ័ពសៀមចេញពីតំបន់ប្រាសាទព្រះវិហារ អាចនឹងមានភ្ជាប់ជាលក្ខខណ្ឌណាមួយពីខាងសៀម ។
លោក ផង បណ្ឌិ មានប្រសាសន៍ដូច្នេះថា ៖ «ទី១ រាជរដ្ឋាភិបាលខ្មែរ អាចនឹងធ្វើការព្រមព្រៀង ដោយកាត់បំណែកទឹកដី ណាមួយរបស់ខ្មែរឲ្យសៀម។ ទី២ រដ្ឋាភិបាលខ្មែរយល់ព្រមឲ្យមានការគ្រប់គ្រងរួមគ្នា នៅតំបន់ណាមួយ ជាពិសេសតំបន់ប្រាសាទព្រះវិហារ ដែលជាទឹកដីរបស់ខ្មែរ។ បើដូច្នោះមែន ខ្មែរនឹងបាត់បង់ទឹកដីដ៏ធំ ជាពិសេសបាត់បង់ភាពជាម្ចាស់របស់ខ្លួន ដែលបុព្វបុរសយើងបានបន្សល់ទុក។ ទន្ទឹមនឹងនោះ ខ្មែរនឹងបាត់បង់ចំណូលដ៏ធំពីវិស័យទេសចរណ៍ មិនតែប៉ុណ្ណោះ សៀម នឹងមានល្បិចកលគ្រប់គ្រង កេងប្រវ័ញ្ចតែម្នាក់ឯងនិងបន្តការឈ្លានពានព្រំដែនខ្មែរបន្តទៅទៀតទៅថ្ងៃអនាគតជាមិនខាន»។
សមាគម ក៏ធ្វើការតឿនសតិរដ្ឋាភិបាលខ្មែរពីកលល្បិចនានារបស់ភាគីថៃ ដូចជាព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលខ្មែរឲ្យទទួលស្គាល់អ្វីដែលសៀមចង់បាន និងបញ្ចុះបញ្ចូលប្រទេសវៀតណាមឲ្យដាក់សម្ពាធលើប្រមុខរដ្ឋាភិបាលខ្មែរ ជាដើម។
បើកិច្ចចរចាលើកនេះធ្វើឲ្យខ្មែរត្រូវខាតបង់ ឬចាញ់ប្រៀបសៀម សមាគមស្នើឲ្យងាកមករកដំណោះស្រាយតាមរយៈអង្គការសហប្រជាជាតិ (អ.ស.ប.) ឬតុលាការយុត្តិធម៌អន្តរជាតិវិញ។
លោក ផង បណ្ឌិត ក្នុងនាមសមាគមបញ្ញវន្តខ្មែរឯនាយសមុទ្រ ក៏អំពាវនាវឲ្យខ្មែរបន្តការតស៊ូដើម្បីបុព្វហេតុជាតិ ៖ «សមាគមបញ្ញវន្តខ្មែរ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស គ្រប់ស្រទាប់វណ្ណៈ ព្រមទាំងសហគមន៍បញ្ញវន្ត ពិសេសទូទាំងពិភពលោក តស៊ូដើម្បីបុព្វហេតុជាតិនៃយើងតទៅទៀត»៕