គ្រួសារ​ពលការិនី​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​រក​កូន​ស្រី

នៅ​ឯ​ខេត្ត​ក្រចេះ គ្រួសារ​ពលការិនី​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល ជួយ​ស្រាវជ្រាវ​រក​កូនស្រី​របស់​គាត់ បន្ទាប់ពី​នាង​បាន​បាត់​ដំណឹង​រយៈពេល ៤​ឆ្នាំ។
ដោយ ទេព សុរ៉ាវី
2012-08-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលករ ៣០៥
ពលការិនី​ឈ្មោះ សូត រិន អាយុ ២៥​ឆ្នាំ ដែល​គ្រួសារ​នាង​អះអាង​ថា​បាត់​ដំណឹង​នៅ​ប្រទេស​ម៉ាឡេស៊ី អស់​រយៈពេល ៤​ឆ្នាំ​មក​ហើយ។
Provided Photo

ម្ដាយ​ពលការិនី​មួយ​រូប​ឈ្មោះ លឿយ មុំ អាយុ ៥១​ឆ្នាំ ស្នើសុំ​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល​ជួយ​ស៊ើប​រក​ដំណឹង​កូនស្រី​របស់​គាត់ ដែល​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​បាន​បាត់​ដំណឹង​សូន្យឈឹង​រយៈពេល ៤​ឆ្នាំ​មក​ហើយ។

អ្នកស្រី លឿយ មុំ រស់នៅ​ភូមិ​ដូនមាស ឃុំ​សំបូរ ស្រុក​សំបូរ ខេត្ត​ក្រចេះ រៀបរាប់​ឲ្យ​ដឹង​ថា កូនស្រី​របស់​គាត់​ឈ្មោះ សូត រីន អាយុ ២៥​ឆ្នាំ បាន​ស្ម័គ្រចិត្ត​ទៅ​ធ្វើការ​ជា​មេផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី តាម​រយះ​ក្រុមហ៊ុន​ខ្វូតា យូមេន រីសស្ស (Quota Human Resources) កាល​ពី​ឆ្នាំ​២០០៦។

អ្នកស្រី​បន្ត​ថា ក្នុង​រយៈពេល ២​ឆ្នាំ​នៃ​អាណត្តិ​ដំបូង កូនស្រី​របស់​គាត់​បាន​ទូរស័ព្ទ​មក​គ្រួសារ​ផ្ដល់​ដំណឹង​ពី​សុខទុក្ខ​របស់​ខ្លួន និង​បាន​ផ្ញើ​លុយ​ចំនួន ៥០០​ដុល្លារ​តាមរយៈ​ក្រុមហ៊ុន។ ប៉ុន្តែ​ក្រោយ​មក ពោល​ក្នុង​ឆ្នាំ​២០០៨ ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា កូនស្រី​របស់​គាត់​បន្ត​អាណត្តិ ហើយ​ក្រុមហ៊ុន​បាន​ផ្ទេរ​នាង​ទៅ​ក្រុមហ៊ុន វីស៊ី មេន ផៅវ័រ (VC Man power) វិញ។

អ្នកស្រី លឿយ មុំ បញ្ជាក់​ថា ចាប់​តាំងពី​ទៅ​ក្រុមហ៊ុន​ថ្មី​កាល​ពី​ឆ្នាំ​២០០៨ រហូត​ដល់​ឆ្នាំ​២០១២ នេះ គាត់​ដឹង​ពី​សុខទុក្ខ​កូនស្រី​ទាល់តែ​សោះ មិន​ដឹង​ស្លាប់​ឬ​រស់ ព្រោះ​បាត់​ដំណឹង​កូន​ឈឹង។ លុះ​ពេល​ទៅ​សួរនាំ​ក្រុមហ៊ុន តំណាង​ក្រុមហ៊ុន​ប្រាប់​ថា រក​មិន​ឃើញ​ព្រោះ​តែ​ដូរ​ថៅកែ​ថ្មី៖ «ខ្ញុំ​តេ​ទៅ​ក្រុមហ៊ុន​ហើយ ក្រុមហ៊ុន​ថា​ទាក់ទង​ទៅៗ ខ្ញុំ​ចេះ​តែ​ចាំៗ ​ដល់ ៣ ឬ ៤​ឆ្នាំ​ហ្នឹង​ចេះ​បាត់​ដំណឹង​សូន្យ​ទៅ។ ភ័យ​មិន​ដឹង​ជា​កូន​ងាប់ ឬ​រស់ បាត់​វា​អត់​តេ​មក ស្ងាត់ច្រៀប​ឈឹង»

អ្នកស្រី លឿយ មុំ បាន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សមាគម​អាដហុក កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា ប្ដឹង​ប្រធាន​ក្រុមហ៊ុន វីស៊ី មេន ផៅវ័រ ពី​បទ​មិន​ទទួល​ខុសត្រូវ​ធ្វើ​ឲ្យ​បាត់​កូនស្រី​របស់​គាត់ និង​ស្នើសុំ​ឲ្យ​ជួយ​ស្រាវជ្រាវ​ស៊ើបអង្កេត​រក​កូនស្រី​របស់​គាត់​ដែល​បាត់​ដំណឹង​រយៈពេល ៤​ឆ្នាំ ឲ្យ​ត្រឡប់​មក​ជួប​ជុំ​គ្រួសារ​វិញ។

ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​នេះ បុគ្គលិក​ក្រុមហ៊ុន វីស៊ី មេន ផៅវ័រ ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​កំពុង​ទាក់ទង​ទៅ​តំណាង​របស់​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ជួប​ជាមួយ​ពល​ការិនី​រូប​នោះ។

បុគ្គលិក​ដដែល​បន្ត​ថា ឈ្មោះ សូត រិន ជា​ពល​ការិនី​មាន​សុខទុក្ខ​ធម្មតា តែ​ទាស់​តែ​នាង​មិន​មាន​បំណង​ចង់​ទាក់ទង​ក្រុម​គ្រួសារ​នៅ​ស្រុក​ខ្មែរ​ប៉ុណ្ណោះ ទើប​មាន​ការ​ឆោឡោ​ថា​នាង​បាត់​ខ្លួន​រហូត​មាន​ការ​ប្ដឹងផ្ដល់​ដល់​ក្រុមហ៊ុន៖ «សុខទុក្ខ​គាត់​អត់​បញ្ហា​ទេ​បង ព្រោះ​មេ​ខ្ញុំ​គាត់​ប្រាប់​មក​ថា អត់​មាន​បញ្ហា​អី​ទេ គ្រាន់តែ​កូន​ហ្នឹង​ឮ​ថា គាត់​ហ្នឹង​មិន​ចង់ call (ទូរស័ព្ទ) មក​ផ្ទះ»

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកស្រី ធីម ណារិន អ្នក​សម្របសម្រួល​អង្គការ​អាដហុក ប្រចាំ​ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​ពាក្យសុំ​ឲ្យ​ជួយ​អន្តរាគមន៍​របស់​គ្រួសារ​ពលការិនី​ដែល​បាត់​ដំណឹង​នេះ អង្គការ​អាដហុក បាន​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​ហើយ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា នាង​មាន​សុវត្ថិភាព និង​កំពុង​បំពេញ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី។

អ្នកស្រី​បន្ត​ថា ក្រុមហ៊ុន​ក៏​បាន​ប្រាប់​ថា ពលការិនី​រូប​នោះ​នឹង​បញ្ចប់​អាណត្តិ​រួច​វិល​មក​ស្រុក​ខ្មែរ​វិញ​នៅ​អំឡុង​ខែ​មករា ឆ្នាំ​២០១៣ ខាង​មុខ។ តែ​ទោះ​ជា​យ៉ាង​ណា អ្នកស្រី​មិន​ទាន់​ជឿ​លើ​ការ​អះអាង​របស់​ក្រុមហ៊ុន​នោះ​ទេ ហើយ​នឹង​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​បង្កើត​ឲ្យ​មាន​កិច្ច​សន្ទនា​មួយ​រវាង​គ្រួសារ​ពលការិនី និង​ពលការិនី​ដោយ​ផ្ទាល់​តាម វីដេអូ ខនហ្វឺរិន (Video Conference)។

អ្នកស្រី ធីម ណារិន៖ «មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​ជួប​សំដី​ផ្ទាល់​ជាមួយ​ពលការិនី​រូប​នេះ ហើយ​ក៏​ដូចជា​មិន​ទាន់​បាន​ឃើញ​មុខ​ដែរ អ៊ីចឹង​នៅ​តែ​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់ សូត រិន នេះ​ឯង»

អ្នកស្រី ធីម ណារិន ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៧​ខែ ឆ្នាំ​២០១២ អ្នកស្រី​ទទួល​ពាក្យ​បណ្ដឹង​ពី​រឿង​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ចំនួន ២៧​ករណី។ ចំនួន​នេះ​មាន​ការ​កើន​ឡើង​ខ្ពស់​ក្នុង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដែល​មាន​តែ ៤​ករណី​ប៉ុណ្ណោះ។ ការ​កើន​ឡើង​នៃ​ចំនួន​ពាក្យ​បណ្ដឹង​នេះ ដោយសារ​តែ​មាន​ពលករ​ខ្លះ​កំពុង​ប្រឈម​នឹង​ការ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ ខ្លះ​ទៀត​បាត់​ខ្លួន​ដោយ​រត់​គេច​ពី​ការ​បង្ខំ​ឲ្យ​បន្ត​កុងត្រា​ថ្មី ដោយសារ​តែ​ថៅកែ​មិន​ព្រម​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ពេល​ចប់​អាណត្តិ​ចាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheyVorman007

ពី AngKor Wat

ហ៊ឺ ប្រទេសយើងជាប្រទេសធូរលុងផ្នែកច្បាប់មនុស្សជាតិ
លោក«ក្រុមរកស៊ីជមួយហ៊ុនហ្នឹង»ដឹងតែពីបញ្ជូនតែត្រង់ថា
អ្នកណាទៅដល់ឫទើនៅទីណាអត់ដឹងខ្យល់អីសោះ?
មិនដែលឮម៉ែអាណា(និយាយតាមសម្តីសម្តេចបណ្ឌិត)
ធ្វើការចឹង? បើរកស៊ីបែបភ្លើៗចឹងទេតើអោយនៅបើករអី
ទៀត?អត់មានធើ្វការទទួលខុសត្រូវអីសោះ ?គ្មានភ្នាក់
ងារទៅតាមរកឈឹបៗអោយគេទេហ្អេ?និយាយស្មានៗចឹង?
គិតទៅស្រុកខ្មែរទាំងមូល លិតផលកាងារចេញមកដូច
គ្នានឹងលិតផលការងាររដ្ឆាភិបាល ស្លឹកឈើជ្រុះមិនឆ្ងាយ
ពីគល់

Aug 29, 2012 12:07 PM