ក្រុមអាណាព្យាបាលសិស្សអំពាវនាវឲ្យមន្ទីរអប់រំ និងសិក្សាធិការ យកចិត្តទុកដាក់ត្រួតពិនិត្យបញ្ហានេះ ដើម្បីពង្រឹងគុណភាពសិក្សាឡើងវិញ។
គុណភាពសិក្សារបស់សិស្ស គឺជាចំណុចសំខាន់ និងជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាមាតាបិតាសិស្ស ដែលចង់ឃើញកូនប្រុសស្រីរៀងៗខ្លួន រៀនសូត្រចេះដឹងស្របទៅតាមកម្រិតសិក្សារបស់ពួកគេ ក៏ប៉ុន្តែមានមាតាបិតាជាច្រើន បានត្អូញត្អែរថា ច្រើនឆ្នាំកន្លងទៅនេះ គុណភាពសិក្សារបស់កូនៗនៅមិនទាន់បានប្រសើរនៅឡើយ។
ប្រជាពលរដ្ឋជនជាតិភាគតិចរស់នៅភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី លោក ប៉ាង ញ៉ច បានបន្ទោសថា ការចុះខ្សោយនៃគុណភាពសិក្សារបស់សិស្សនៅសាលាបឋមសិក្សា ណង ហៃ គឺមកពីគ្រូមិនទទួលខុសត្រូវបង្រៀនសិស្សឲ្យបានពេញលេញតាមកម្មវិធីសិក្សាកំណត់របស់មន្ទីរអប់រំ។
លោកកត់សម្គាល់ថា គ្រូបង្រៀនមានចំនួនតិច ហើយអវត្តមានច្រើនថ្ងៃក្នុងមួយឆ្នាំៗ ជាហេតុធ្វើឲ្យសិស្សសាលាភាគច្រើននឿយណាយមិនមករៀន ដោយសារគ្រូមិនមកបង្រៀន ហើយសាលារៀនគ្មានការថែទាំ និងខ្វះអនាម័យ៖ «កូនយើងម្នាក់ៗក្នុងមួយឆ្នាំ ខានទៅៗ ហើយដល់វាធំទៅ វាខ្មាសរៀនខ្មាសសូត្រ ហេតុហ្នឹងហើយ ខ្ញុំព្រួយបារម្ភ ពីព្រោះរាជរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះកូនចៅរបស់ប្រជារាស្ត្រ ដល់ពេលឥឡូវគេអត់រៀន ខ្ញុំព្រួយបារម្ភហ្នឹងហើយ»។
ចំណែកមាតាបិតាសិស្សនៃសាលាបឋមសិក្សាជាច្រើនទៀត នៅខេត្តរតនគិរី ក៏បានសម្ដែងទុទ្ទិដ្ឋិនិយមស្រដៀងគ្នាស្ដីពីការចុះខ្សោយនៃគុណភាពសិក្សារបស់សិស្សសាលាបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងគុណភាពសិក្សារបស់សិស្ស កាលពីសម័យមុនឆ្នាំ១៩៧៥។
ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ លោក រ៉ុង ឈុន ធ្លាប់មានប្រសាសន៍ថា គុណភាពសិក្សារបស់សិស្សពីបឋមសិក្សា រហូតដល់មធ្យមសិក្សា មានគុណភាពខ្សោយទាំងផ្នែកអក្សរសាស្ត្រ និងចំណេះវិជ្ជាដទៃទៀត។ លោកសន្និដ្ឋានថា កត្តាសំខាន់ដែលនាំឲ្យគុណភាពសិក្សាបច្ចុប្បន្នចុះខ្សោយ ដោយសារតែគ្រូបង្រៀនភាគច្រើនមានជីវភាពទន់ខ្សោយ ត្រូវឆ្លៀតរកកម្រៃ ឬប្រាក់ចិញ្ចឹមជីវិតបន្ថែម ដើម្បីទ្រទ្រង់ការរស់នៅរបស់ក្រុមគ្រួសារគ្រូប្រចាំថ្ងៃ ហេតុនេះ គ្រូមួយចំនួន មិនបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវលើវិជ្ជាជីវៈគ្រូបង្រៀននោះឡើយ។
របាយការណ៍របស់មន្ទីរអប់រំខេត្តរតនគិរី ឲ្យដឹងថា កាលពីឆ្នាំសិក្សា ២០១១-២០១២ មានកូនចៅប្រជាពលរដ្ឋក្នុងខេត្តចូលរៀននៅសាលាបឋមសិក្សា ចំនួន ៣០.៣១២នាក់ មធ្យមសិក្សាបឋមភូមិ ចំនួន ៣.៥៧០នាក់ និងសិស្សសាលាមធ្យមសិក្សាទុតិយភូមិ ចំនួន ១.៤៨៥នាក់។ ក្នុងនោះ ក្រសួងអប់រំបង្កើតឲ្យមានសាលាបឋមសិក្សា ចំនួន ១៨៥សាលា អនុវិទ្យាល័យ ចំនួន១២ និងវិទ្យាល័យ ចំនួន៥។
ទាក់ទិននឹងទស្សនៈរបស់មាតាបិតាសិស្សនេះដែរ ប្រធានការិយាល័យអប់រំស្រុកអូរយ៉ាដាវ លោក យិន ជា មានប្រសាសន៍កត់សម្គាល់ថា គុណភាពសិក្សារបស់សិស្សនាពេលបច្ចុប្បន្ន គឺមានការរីកចម្រើន ដែលផ្ទុយពីមតិមាតាបិតាសិស្សដែលបានបារម្ភនោះ។ តែទោះយ៉ាងណា លោកទទួលស្គាល់ថា ថ្វីត្បិតជីវភាព និងប្រាក់បៀវត្សគ្រូបង្រៀនមិនគ្រប់គ្រាន់សម្រាប់ការចំណាយក្នុងគ្រួសារ ក៏ប៉ុន្តែគ្រូបង្រៀនមានបទបញ្ជាផ្ទៃក្នុង និងគោលនយោបាយណែនាំឲ្យបង្រៀនសិស្សបានពេញលេញតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំបានកំណត់៖ «បើតាមការពិត យើងមិនថាមិនទទួលស្គាល់ យើងទទួលស្គាល់ អវត្តមានសម្រាប់តែពេលសិក្ខាសាលា ឬប្រជុំ ហើយប្រសិនអវត្តមាន យើងឲ្យគ្រូហ្នឹងបង្រៀនជំនួសទៀត បង្រៀនសងម៉ោង។ មិនមានខ្សោយទេ តាមពិតសិស្សខ្លះចង់ឆ្លាតជាងមុនផង ឆ្នាំនេះប្រឡងឌីប្លូមចង់ជាប់ជាង ៨០% ឯណោះ»។
កាលពីឆ្នាំសិក្សា២០១១-២០១២ របាយការណ៍របស់មន្ទីរអប់រំខេត្តរតនគិរី ឲ្យដឹងថា សិស្សប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ មានកម្រិតពី ៧០ ទៅ ៨០%។
ប្រធានមន្ទីរអប់រំខេត្តរតនគិរី អ្នកស្រី ចាន់ ខាំឃឿ មានប្រសាសន៍ថា នេះគឺជាសញ្ញាបង្ហាញថា គុណភាពវិស័យអប់រំសិក្សាធិការមានការរីកចម្រើន។ បច្ចុប្បន្ន កូនចៅប្រជាពលរដ្ឋភាគច្រើនបានចូលសាលារៀន សូម្បីក្រុមសហគមន៍ជនជាតិដើមភាគតិចក៏បានបញ្ជូនកូនចៅចូលសាលារៀនស្ទើរគ្រប់ភូមិឃុំដែរ។ អ្នកស្រីបន្តថា ក្រសួងអប់រំបានដាក់ចេញសេចក្តីណែនាំ ស្ដីពីការពង្រឹងការងារគ្រប់គ្រងកិច្ចដំណើរការបង្រៀន ការអនុវត្តនូវកម្មវិធីសិក្សា និងម៉ោងពេលបង្រៀន និងអនុវត្តបទបញ្ជាផ្ទៃក្នុង ឬអនុវត្តគោលការណ៍ដាក់វិន័យចំពោះគ្រូ ដែលមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍ក្រសួងអប់រំ។
អ្នកស្រី ចាន់ ខាំឃឿ៖ «ពីមុន អត្រាបានចូលរៀន គឺបានតិចបំផុត។ អំពីសាលានៅទូទាំងខេត្ត គឺមានតែបឋមទេ អនុវិទ្យាល័យ យើងមានតែមួយកន្លែងទេ តែមកដល់សង្គមនេះ គោលនយោបាយរបស់រាជរដ្ឋាភិបាលព្យាយាមពង្រាយសាលារៀនទាំងមធ្យមទាំងបឋម បានទៅខិតជិតមូលដ្ឋានប្រជាពលរដ្ឋ។ អ៊ីចឹង មានន័យថា ប្រជាពលរដ្ឋទោះបីគាត់មានគាត់ក្រ គាត់មានឱកាស និងលទ្ធភាពបានចូលរៀនទាំងអស់គ្នា ហើយបានរៀនចប់បឋមសិក្សាភាគច្រើន»។
អ្នកស្រីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងអប់រំ បានដាក់ចេញគោលនយោបាយបីសំខាន់សម្រាប់សម្រេចផែនការយុទ្ធសាស្ត្រវិស័យអប់រំ រួមមាន ធានាសមធម៌នៃការចូលរៀន ធានាគុណភាពប្រសិទ្ធភាពនៃការបង្រៀន អភិវឌ្ឍសមត្ថភាពមន្ត្រី និងអភិវឌ្ឍស្ថាប័ន សម្រាប់ធ្វើវិមជ្ឈការនៅមូលដ្ឋាន។
យ៉ាងនេះក្តី អ្នកស្រីអំពាវនាវឲ្យមានការចូលរួមបន្ថែមទៀតពីថ្នាក់ដឹកនាំសាលារៀន អ្នកគ្រូ លោកគ្រូ ធ្វើយ៉ាងណាពង្រឹងសមត្ថភាព និងគុណភាពបង្រៀនសិស្សឲ្យបានកាន់តែប្រសើរឡើង។ មន្ត្រីអាជ្ញាធរមូលដ្ឋាន សហគមន៍ មាតាបិតា និងអាណាព្យាបាលសិស្ស ត្រូវលើកទឹកចិត្ត និងជំរុញយកកូនមកចុះឈ្មោះចូលរៀន និងសហការជាមួយគ្រូតាមសាលា តាមដានការសិក្សារបស់កូន ដើម្បីឲ្យការសិក្សារបស់កូនបានប្រសើរឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។