សភា​ជាតិ​កម្ពុជា​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​បញ្ជូន​ពលករ​ទៅ​ប្រទេស​កាតា

សភា​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១២ បាន​អនុម័ត​ដោយ​ឯកច្ឆន្ទ​លើ​កិច្ច​ព្រមព្រៀង​ទ្វេភាគី​មួយ ដើម្បី​បញ្ជូន​ពលករ​កម្ពុជា​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​កាតា (Quarta) នៅ​ទ្វីប​អារ៉ាប់។
ដោយ សុខ សេរី
2012-08-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
វង សូត្រ ៣០៥
រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក វង សូត្រ ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នៅ​សភា​ជាតិ កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១២។
RFA/Sok Serey

ការ​អនុម័ត​នេះ បាន​ធ្វើ​ឡើង​ដោយ​មាន​សំឡេង​គាំទ្រ​ចំនួន ៩៧​សំឡេង ក្នុង​ចំណោម​សមាជិក​សភា​ចូល​រួម​ប្រជុំ​សរុប ៩៧​រូប រាប់​ទាំង​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ដែរ។

ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ មាន​ផែនការ​បញ្ជូន​ពលករ​ខ្មែរ​ជា​លើក​ដំបូង​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​កាតា នា​ពេល​ខាង​មុខ​នេះ ក្រោយ​ពី​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​នេះ​ចូល​ជា​ធរមាន ដើម្បី​បើក​ផ្លូវ​ឲ្យ​កម្ពុជា​បញ្ជូន​ពលករ​តាម​សេចក្តី​ត្រូវ​ការ​របស់​ប្រទេស​កាតា។

ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ នៅ​មិន​ទាន់​អាច​កំណត់​បាន​នៅ​ឡើយ​ទេ​ថា តើ​ប្រទេស​កាតា ត្រូវ​ការ​ពលករ​ខ្មែរ​ចំនួន​ប៉ុន្មាន​នាក់​ក្នុង​មួយ​ឆ្នាំៗ និង​មុខ​ជំនាញ​អ្វី​ខ្លះ​នោះ​ទេ។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​មន្ត្រី​ជំនាញ​ការងារ​នៃ​ប្រទេស​កាតា នឹង​ជួប​ពិភាក្សា​គ្នា​លំអិត​នៅ​ថ្ងៃ​អនាគត លើ​បញ្ហា​ទាំង​នេះ។

កិច្ច​ព្រមព្រៀង​ដែល​ត្រូវ​បាន​អនុម័ត​នេះ គឺ​ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋ​កាតា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ នៅ​ទីក្រុង​ដូហា (Doha) ប្រទេស​កាតា។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក វង សូត្រ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត នៅ​ថ្ងៃ​ទី​១០ ខែ​សីហា នៅ​សភា​ជាតិ​ថា កិច្ច​ព្រមព្រៀង​នេះ គឺ​មាន​គោល​បំណង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​កាតា នៅ​ក្នុង​ចំណោម​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ជាច្រើន​ទៀត។

លោក វង សូត្រ៖ «ក្នុង​ករណី​ដែល​បង​ប្អូន​យើង ដែល​អត់​មាន​ជំនាញ​អ្វី គឺ​ថា​ប្រាក់​ឈ្នួល​នេះ​អត់​លើស​ពី​យើង​នៅ​ស្រុក​យើង ឬ​ប្រទេស​នៅ​ក្បែរៗ​យើង​ទេ។ ប៉ុន្តែ ប្រាក់​ឈ្នួល​ច្រើន គឺ​បង​ប្អូន​ដែល​មាន​ជំនាញ​ច្បាស់​លាស់ មាន​បច្ចេកទេស​ខ្ពស់ គឺ​ប្រាក់​ខែ​រាប់​ពាន់​ឡើង។ ទីផ្សារ​នៅ​កន្លែង​ហ្នឹង យើង​ត្រូវ​តែ​បាន​បណ្ដុះ​បណ្ដាល​បង​ប្អូន​ជំនាញ​យើង តម្រូវ​ទីផ្សារ​កន្លែង​នោះ ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ជៀសវាង​ទៅ​ហើយ​បាន​ប្រាក់​ខែ​ទាប។ ជួន​កាល​ត្រឡប់​មក​វិញ គ្រាន់​តែ​ថ្លៃ​យន្តហោះ​ក៏​រាប់​ពាន់​ដុល្លារ​ដែរ បើ​ប្រៀប​យើង​ទៅ​ប្រទេស​ជិត​ខាង​នេះ យើង​ចំណាយ​តិចតួច យើង​ទៅ​មក​ងាយ​ស្រួល ប៉ុន្តែ​នៅ​ឯណោះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ព្រោះ​វា​ឆ្ងាយ។ នេះ​ជា​អ្វី​ដែល​ក្រសួង​បាន​គិត»

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​នៅ​មុន​ពេល​អនុម័ត​ថា លោក​ចង់​ឲ្យ​មាន​ការ​ធានា​ថា ពលករ​ខ្មែរ​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់ និង​ការងារ​ល្អ​ប្រើ​ជំនាញ និង​បច្ចេកទេស ជា​ជាង​ការ​ប្រើ​កម្លាំង​បាយ។ លោក​មិន​ចង់​ឃើញ​ថៅកែ​បរទេស​ប្រើ​ពលករ​ខ្មែរ​ដូច​សត្វ​ធាតុ ឬ​ជា​ទាសករ​នោះ​ទេ៖ «កម្មករ​ដែល​ទៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​មួយ​ឆ្នាំ​អត់​បាន​ទទួល​ប្រាក់​មួយ​រៀល​ទេ។ ក្រុមហ៊ុន​កាត់​យក​អស់​ហើយ ឆ្នាំ​ទី​២​នោះ ក្រែង​បាន​អ្វី​ខ្លះ​មក។ ក្រសួង​ការងារ​មិន​មែន​ទៅ​បង្កើត​ក្រុមហ៊ុន ដើម្បី​យក​មនុស្ស​ចេញ​ទេ គឺ​ខ្លួន​ត្រូវ​មាន​តួនាទី​ការពារ​កម្មករ​ខ្មែរ​នោះ ធ្វើ​ម៉េច​ឲ្យ​ទទួល​បាន​នូវ​ការ​ការពារ និង​ផល​ប្រយោជន៍ និង​កម្រៃ​ត្រឹមត្រូវ ដើម្បី​គាត់​អាច​យក​លុយ​កាក់​នោះ មក​ថែទាំ មក​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គាត់»

កិច្ច​ព្រមព្រៀង​ដែល​គ្រោង​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ប្រទេស​កាតា នោះ គឺ​មាន​សុពលភាព​រយៈពេល​៣ឆ្នាំ និង​អាច​ពន្យារ​ពេល​បាន​៣ឆ្នាំ​ទៀត។ បើ​ភាគី​រដ្ឋ​ណា​មួយ​ចង់​លុប​ចោល​កិច្ច​ព្រមព្រៀង​នេះ គឺ​រដ្ឋ​នោះ​ត្រូវ​តែ​ផ្តល់​ដំណឹង​ឲ្យ​បាន​មុន ក្នុង​រយៈពេល​៦​ខែ។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ មាន​ពលករ​ខ្មែរ​សរុប​ចំនួន​រវាង ៣០ម៉ឺន​នាក់​ទៅ​៤០​ម៉ឺន​នាក់ បាន​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ប្រទេស​ម៉ាឡេស៊ី ចំនួន​៣ម៉ឺន​នាក់ ប្រទេស​កូរ៉េ​ខាង​ត្បូង ចំនួន​ជាង​២ម៉ឺន​នាក់ ប្រទេស​ថៃ ចំនួន​ជាង​២សែន​នាក់ កោះ​តៃវ៉ាន់ ចំនួន​ជាង​៥ពាន់​នាក់ និង​ប្រទេស​ជប៉ុន មួយ​ចំនួន​ទៀត។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក វង សូត្រ បាន​ប៉ាន់ស្មាន​ថា ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ គឺ​ចំនួន​ជាង​២០០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ ពី​ការងារ​នៅ​ក្រៅ​ប្រទេស​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​នៅ​បរទេស ពិបាក​ជួយ​សង្គ្រោះ​ពលករ​ខ្មែរ​កន្លង​មក ដែល​រង​ការ​ចាប់​ខ្លួន​កន្លង​មក ដោយ​សារ​តែ​គាត់​បាន​ទៅ​ធ្វើ​ការងារ​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

កម្មករចំណាកស្រុក

ពី សេអូល

ការបញ្ជូនពលករទៅកូរ៉េធ្វើឡើងរវាងរដ្ឋនិងរដ្ឋមិនអនុញ្ញាតិឲ្យ ក្រុមហ៊ុនឯកជនជ្រើសរើសទេ​។​ បាទចំនុចនេះល្អខ្លាំងណាស់ខ្ញុំពេញចិត្តមែនទែន តែមិនពេញចិត្តត្រង់ថាហេតុអ្វីការដាក់ពាក្យនៅស្ថានប័នរដ្ឋ​ខ្មែរថ្លៃម្លេះ? ចង់មិនចង់ក៏ត្រូវខ្ចីលុយគេមុនហើយដើម្បីដាក់ទៅធ្វើការនៅកូរ៉េបាទ!!!សូមមើលផងលោករដ្ឋមន្ត្រី!!!

Aug 11, 2012 10:20 PM