បក្ស​នយោបាយ​លើក​ពី​បញ្ហា​នៅ​ក្នុង​ការឃោសនា​រក​សំឡេង​ឆ្នោត

គណបក្ស​នយោយបាយ​ជា​ច្រើន​នៅ​ព្រឹក​មិញ​នេះ​បាន​និយាយ​ថា មាន​ការបំភិត​បំភ័យ ការគំរាម​កំហែង និង​ការរារាំង​ការឃោសនា​រក​សំឡេង​ឆ្នោត បន្ទាប់ពី​ដំណើរការ​ឃោសនា​បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​ជាង​មួយ​សប្តាហ៍​មក​នេះ ។

ការត្អូញត្អែរ​បាន​សម្ដែង​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​រវាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ជាមួយ​នឹង​បណ្តា​គណបក្ស​នយោបាយ​នៅ​ការិយាល័យ​គ.ជ.ប.​ក្រុង​ភ្នំពេញ ។

អ្នក​នាំ​ពាក្យ​គណបក្ស នរោត្តម រណឫទ្ធិ លោក មុត ចន្ថា បាន​ចោទ​ដោយ​ចំហ​នៅ​ក្នុង​ឱកាស​នោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​កំហិត​ឲ្យ​មាន​ការទទួល​ខុស​ត្រូវ​នៃ​ការចាញ់​ឆ្នោត​មក​លើ​សកម្មជន​របស់​ខ្លួន​ដែល​ជា​មូលហេតុ​នៃ​ការបង្កើត​ឲ្យ​មាន​ការគំរាម​កំហែង​និង​បំភិត​បំភ័យ ។

លោក មុត ចន្ថា បាន​ឲ្យ​ដឹង​ថា ៖ «លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​អំពាវនាវ​ឈប់​ឲ្យ​ប្រើ​អំពើ​ហិង្សា ឈប់​ឲ្យ​ប្រើ​ការគំរាម​កំហែង គ.ជ.ប.​ក៏​បាន​ធ្វើ​សេចក្ដី​ណែនាំ ។ ប៉ុន្តែ​ចំណុច​ដែល​មិន​អាច​ទប់ស្កាត់​ការគំរាម​កំហែង ការបំភិត​បំភ័យ​ផ្នែក​នយោបាយ​នេះ​បាន ពីព្រោះ​ថា​វា​មាន​គោលការណ៍​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដាក់​ទៅ​អាជ្ញាធរ​មូលដ្ឋាន បើ​អ្នក​ឯង​ចាញ់​ឆ្នោត​នៅ​កន្លែង​ណា​អ្នក​ឯង​ត្រូវ​បាត់បង់​តំណែង​នៅ​កន្លែង​ហ្នឹង»

លោក​អះអាង​ថា​មាន​ការគំរាម​សម្លាប់​នៅ​ខេត្ត​កំពត បើសិន​ជា​មន្រ្តី​បក្ស​របស់​លោក​មិន​ចូលរួម​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការគំរាម​បាញ់​ឡាន និង​ជេរ​ប្រមាថ ហែក​ខិត្តប័ណ្ណ​ឃោសនា​របស់​គណបក្ស​លោក​ចោល​នៅ​ខេត្ត​បាត់ដំបង ។

គណបក្ស​សមរង្ស៊ី​ក៍​បាន​លើក​ឡើង​អំពី​ការយក​រថយន្ត​របស់​រដ្ឋ​មក​ប្រើ​ក្នុង​ពេល​ឃោសនា ការដើរ​ហែក​ខិត្តប័ណ្ណ​ឃោសនា ការបង្អើល​អំពី​រឿង​មិន​បាន​បោះ​ឆ្នោត​បើ​គ្មាន​ប័ណ្ណ​ព័ត៌មាន​ជាដើម ។

ការចោទ​ប្រកាន់​ភាគច្រើន​បាន​សំដៅ​មក​លើ​បក្ស​ប្រជាជន ប៉ុន្តែ​មន្រ្តី​គណបក្ស​ប្រជាជន​វិញ លោក ហុង គឹមហាន បាន​បដិសេធ​ដោយ​ត្អូញត្អែរ​ថា​នោះ​ជា​ការបំផ្លើស គណបក្ស​ផ្សេង​ក៍​បាន​បំពាន​មក​លើ​បក្ស​ប្រជាជន​ដែរ ។ ការដើរ​ហែក​ខិត្តប័ណ្ណ​មាន​ដូច​គ្នា ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​នៅ​មាន​គណបក្ស​ខ្លះ​ដើរ​ចែក​ប៊ីចេង និង​យក​រូប​ព្រះ​មហាក្សត្រ​មក​ប្រើ​ជាដើម ។

លោក​បន្ត​ទៀត​ថា ៖ «ខ្ញុំ​ព្រួយ​បារម្ភ​ដូច​ជា​នៅ​ខេត្ត​ក្រចេះ​អ៊ីចឹង លោក សម រង្ស៊ី គាត់​ចោទ​ថា​អ្នក​ដឹកនាំ​សព្វថ្ងៃ​នេះ​សុទ្ធតែ​ចោរ​លួច​ជាតិ ។ សម្ដី​ប្រមាថ​យ៉ាង​ហ្នឹងៗ​ដែល​ធ្វើ​ឲ្យ​សភាពការណ៍​ហ្នឹង​វា​រឹត​តែ​ខ្លាំង​ឡើងៗ ។ ហើយ​គាត់​និយាយ​ទៀត​ថា​រូប​មនុស្ស​ប្រុស​៣​នាក់​ដែល​បិទ​ផ្សាយ​តាម​ដងផ្លូវ​ហ្នឹង​គឺ​ជា​ចោរ​លួច​ជាតិ ហើយ​រូប​កណ្ដាល​ហ្នឹង គឺ​ថា​អា​ហ្នឹង​ខូច​ជាង​គេ ។ សុទ្ធតែ​ប្រើ​ពាក្យ​អ៊ីចឹងៗ ជា​ពាក្យ​ញុះញង់ ពាក្យ​មិន​ល្អ​ទេ»

មន្រ្តី​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ខៀវ វាសនា អត្ថាធិប្បាយ​ថា​គេ​មាន​ការបារម្ភ​ចំពោះ​អំពើ​ហិង្សា​នៅ​តាម​ស្រុកស្រែ​នៅ​ពេល​ដែល​ឃើញ​ក្រុម​អ្នក​ឃោសនា​នៃ​គណបក្ស​នីមួយៗ​ជួប​គ្នា​ម្តងៗ ។

អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត លោក ទេព នីថា បន្ថែម​ថា​យ៉ាង​ណា​ក៏ដោយ​ការឃោសនា​នៅ​ក្នុង​អាណត្តិ​នេះ​ប្រសើរ​ជាង​ពេល​មុនៗ ។ រយៈពេល​ជាង​មួយ​សប្តាហ៍​មក​ហើយ​គ.ជ.ប.​បាន​ទទួល​បណ្តឹង​នៃ​ភាព​មិន​ប្រក្រតី​ចំនួន​៥២​បណ្តឹង ផ្ទុយ​ពី​ឆ្នាំ​២០០៣ ដែល​មាន​បណ្តឹង​សរុប​ដល់​ទៅ​៦០០​បណ្តឹង ៕