អគ្គលេខាធិការ គ.ជ.ប. លោក ទេព នីថា មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី១២ ឧសភានេះ ថា មូលហេតុដែលមានគណបក្សចំនួនតិចបានចូលរួមក្នុងការប្រកួតប្រជែងនេះគឺ ៖ «មានតែ ១២គណបក្សទេដែលបានចុះបញ្ជី ហើយគជប អត់ទាន់សម្រេចជាផ្លូវការទៀត ។ ហើយមូលហេតុអី ខ្ញុំជឿថាទី១ នៅមានការវិវត្តទៅ ហើយការខិតខំរបស់គណបក្ស ត្រូវត្រៀមលក្ខខណ្ខយូរ ទាំងមនុស្ស ទាំងថវិកា» ។
បើតាមមន្ត្រីរបស់គណបក្សដែលបានដាក់ពាក្យរួចស្ទើរទាំងអស់ក្នុងសន្និសីទកាសែត ព្រមទាំងមន្ត្រីគណបក្សសង្គមខ្មែរនិយម ដែល គ.ជ.ប. បានបដិសេធផងនោះបានលើកឡើងថា ការដែលពួកគាត់រាំងស្ទះក្នុងការដាក់ពាក្យ និងធ្វើឲ្យ គ.ជ.ប. បដិសេធនោះ គឺជាកំហុសរបស់ក្រុមប្រឹក្សាឃុំសង្កាត់ មិនយល់ពីការងារនិងមិនអនុវត្តតាមនីតិវិធីរបស់ គ.ជ.ប. ៖ «ពីរឿងមេឃុំគឺថាបញ្ជាក់នៅលើសំណុំបែបបទរបស់បេក្ខជន របស់ខ្ញុំហ្នឹងចេះតែបញ្ជាក់បានគ្រប់ចំនួនទាំងអស់ ប៉ុន្តែដល់តែយកមក គជប ពិនិត្យគឺគ្មានឈ្មោះហ្នឹងទាំងអស់» ។
ឆ្លើយតបនឹងការលើកឡើងខាងលើរបស់មន្ត្រីគណបក្សខាងលើ មន្រ្តី គ.ជ.ប. លោក ម៉ៅ ភារិទ្ធ បានលើកឡើងថា ដោយគណបក្សសង្គមខ្មែរនិយមបានដាក់បេក្ខជននៅ ២៣ខេត្តក្រុង ប៉ុន្តែ មាន ១៥ខេត្តក្រុងមិនបានបំពេញលក្ខខណ្ឌតាមតម្រូវការរបស់ច្បាប់ ៖ «ដល់ពេលយកពញ្ជីបេក្ខជនពេញសិទ្ធិហ្នឹង ច្បាប់តម្រូវថាឲ្យមានបេក្ខជនពេញសិទ្ធិមួយភាគ៣ នៃចំនួនអាសនៈ អ៊ីចឹងដល់ពេល ១ភាគ៣ វាត្រូវ៤១នាក់ ប៉ុន្តែដល់ពេលបូកឃុំហ្នឹងទៅបានតែ ៣៨នាក់ទេ អ៊ីចឹងខ្វះ» ។
ចំណែកឯអគ្គលេខាធិការ គ.ជ.ប. លោក ទេព នីថា ក៏មានប្រសាសន៍ថា បន្ទាប់ពី គ.ជ.ប. បដិសេធ គណបក្សមានសិទ្ធិតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញរយៈពេល ៥ថ្ងៃ ហើយក្រុមប្រឹក្សាធម្មនុញ្ញមានរយៈពេល១០ថ្ងៃ ក្នុងការសម្រេចបន្ទាប់ពីទទួលពាក្យបណ្តឹង ។
លោក ទេព នីថា មានប្រសាសន៍ថា ៖ «ខ្ញុំសូមជម្រាបថា កាលណាយើងដាក់ពាក្យអ៊ីចឹងទៅ គជប ពិនិត្យ ៧ថ្ងៃ អត់ប៉ះពាល់ដល់សិទ្ធិនៃការប្ដឹងអីទេ ក្នុងករណីដែល គជប ពិនិត្យហ្នឹងឃើញមានកំហុសបញ្ហាអីហ្នឹង យើងអត់ទាន់សម្រេចថាបដិសេធ គឺសុំឲ្យគណបក្សរកបំពេញបន្ថែមមក ក្នុងរង្វង់ ៧ថ្ងៃហ្នឹង បើសិនជារកឲ្យគជប បានទាន់ពេលវេលាគ្រប់គ្រាន់គឺយើងអត់មានចេញឲ្យកែតម្រូវទេ គឺយើងបំពេញឯកសារហ្នឹងជាផ្លូវការតែម្ដង ។ តែក្នុងករណី គជប ជូនដំណឹងថា គាត់បំពេញអត់បានគ្រប់គ្រាន់ ក្នុង ៧ថ្ងៃហ្នឹងទេ ថ្ងៃទី ៧ គជប សម្រេចជាផ្លូវការឲ្យគាត់កែតម្រូវ ៥ថ្ងៃតាមផ្លូវច្បាប់ ដែលឲ្យកែតម្រូវ៥ថ្ងៃ ។ អ៊ីចឹងបើ ៥ថ្ងៃនេះ គាត់បំពេញគ្រប់គ្រាន់ឲ្យគជប គជប នឹងពិនិត្យមើលហើយសមេ្រចទទួលជាផ្លូវការ ។ ក្នុងករណី ៥ថ្ងៃនេះ គាត់បំពេញអត់បានគ្រប់គ្រាន់ទេ គជប ចេញសេចក្ដីសម្រេចបដិសេធ» ។
សូមជម្រាបថា កាលពីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០០៣ មានគណបក្សចំនួន ២៣ បានចូលរួមប្រកួតប្រជែង ។
ចំណែកឯ គណបក្សដែលត្រូវចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៤ នៅថ្ងៃ២៧ កក្កដា ខាងមុខនេះ ដែល គ.ជ.ប. បានទទួលស្គាល់ហើយ គឺ គណបក្សប្រជាជនកម្ពុជា គណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យ គណបក្សនរោត្តម រណឫទ្ធិ ។ គណបក្សសង្គមខ្មែរនិយម គ.ជ.ប. បដិសេធ និងគណបក្ស ៨ទៀត ដែល គ.ជ.ប. កំពុងពិនិត្យ មានគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសិទ្ធិមនុស្ស គណបក្សសង្គមយុត្តិធម៌ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សសមរង្ស៊ី គណបក្សខ្មែរឈប់ក្រ គណបក្សប្រជាធិបតេយ្យខ្មែរ និងគណបក្សខ្មែរសាធារណរដ្ឋ ៕
