អ្នក​ដំណើរ​ត្អូញ​ពី​ការ​កកស្ទះ​ចរាចរណ៍​នៅ​កំពង់ចម្លង​អ្នកលឿង

អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រឡាង​កំពង់​ចម្លង​អ្នកលឿង បាន​ត្អូញត្អែរ​អំពី​ការ​កក​ស្ទះ​ជា​ច្រើន​ម៉ោង​ដោយសារ​តែ​ការ​មិន​គោរព​ការ​ចេញ​ដំណើរ​តាម​លេខ​រៀង ព្រោះ​តែ​មាន​អំពើ​សូក​ប៉ាន់។
ដោយ ឡេង ម៉ាលី
2010.04.18
កំពង់​ចម្លង​អ្នកលឿង​៣០៥ កំពង់​ចម្លង​អ្នកលឿង ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រៃវែង
Photo: RFA

ការ​ត្អូញត្អែរ​នេះ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន​ដែល​ឆ្លង​កាត់​ទន្លេ​មេគង្គ​តាម​ស្រឡាង​ចម្លង​អ្នកលឿង​ពី​ប៉ែក​ខាង​កើត គឺ​ខេត្ត​ព្រៃវែង និង​ស្វាយរៀង មក​ខាង​ភ្នំពេញ បន្ទាប់​ពី​គេ​ត្រូវ​រង់ចាំ​ឆ្លង​ស្រឡាង​អស់​រយៈពេល​ជាង ៩​ម៉ោង​នៅ​តែ​មិន​បាន​ឆ្លង​ទៀត ព្រោះ​តែ​មាន​អ្នក​សូក​ប៉ាន់​ដល់​មន្ត្រី​រៀបចំ​ចរាចរណ៍​នៅ​ទី​នោះ​ដើម្បី​បាន​ចេញ​មុន។

អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រឡាង​អ្នកលឿង​ម្នាក់​ឈ្មោះ ឡាក់ សុភាព មាន​ប្រសាសន៍​កាល​ពី​វេលា​ម៉ោង ៤ និង​៤០​នាទី ថ្ងៃ​អាទិត្យ ទី​១៨ មេសា​នេះ​ថា អ្នកស្រី​បាន​រង់ចាំ​ឆ្លង​ស្រឡាង​អស់​រយៈពេល​ជិត ១០​ម៉ោង​ហើយ​នៅ​តែ​មិន​ទាន់​បាន​ឆ្លង​ទៀត។

អ្នកស្រី ឡាក់ សុភាព បាន​បន្ត​ថា ៖ «អត់​បាន​ចេញ។ ឡាន​ដែល​គេ​បង់​លុយ គេ​ឱ្យ​ចេញ​ច្រើន​ពេក ដល់​អ៊ីចឹង​យើង​អ្នក​មក​តាំង​ពី​ម៉ោង​៥(ព្រឹក) រហូត​ដល់​ថ្មើរ​នេះ​អត់​ទាន់​បាន​ឆ្លង​ស្រឡាង​ទេ។ ឡាន​មួយ​តម្លៃ ២ ទៅ ៣​ម៉ឺន​(រៀល) ទើប​គេ​ឲ្យ​ចេញ​ទៅ​មុន»

អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រឡាង​ម្នាក់​ទៀត​ឈ្មោះ ស្រី ភាស់ ដែល​ធ្វើ​ដំណើរ​ដោយ​រថយន្ត​តាក់ស៊ី​ពី​ខេត្ត​ព្រៃវែង មក​ទីក្រុង​ភ្នំពេញ បាន​ប្រាប់​តាម​ទូរស័ព្ទ​មក​ថា នាង​បាន​ចំណាយ​ពេល​ជាង ៨​ម៉ោង​ក្នុង​ការ​រង់ចាំ​ស្រឡាង​នោះ។

អ្នក​ដំណើរ​ឈ្មោះ ស្រី ភាស់ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ខ្ញុំ​មក​តាំង​ពី​ម៉ោង​៧ (ព្រឹក) ហើយ​ឥឡូវ​ម៉ោង​ពីរ​ម៉ោង​បី​ហើយ​អត់​ទាន់​បាន​ចេញ​ទៅ​ផង។ មាន​ឡាន​កក​ស្ទះ​ច្រើន ហើយ​ច្រើន​មាន​អ្នក​ឲ្យ​លុយ​ប៉ូលិស​បាន​ទៅ​មុន»

អ្នក​បើក​រថយន្ត​តាក់ស៊ី​ស្វាយរៀង​មួយ​រូប​បាន​រអ៊ូ​ដូច្នេះ ៖ «តាម​ផ្លូវ​ត្រង់​ងាប់​ស្ដូក​តែម្ដង បាន​តែ​ផ្លូវ​ជ្រែ។ ជ្រែ​ហ្នឹង​សុទ្ធ​តែ​ឲ្យ​លុយ ផ្លូវ​កន្លៀត​ណា​ក៏​ទៅ​បាន​ដែរ​ឲ្យ​តែ​ឲ្យ​លុយ...»

ប្រធាន​កំពង់​ចម្លង​ស្រឡាង​អ្នកលឿង គឺ​លោក សេង ឈួន បាន​បដិសេធ​នឹង​ការ​លើក​ឡើង​របស់​អ្នក​ដំណើរ ដោយ​លោក​ផ្ដល់​ហេតុ​ផល​ថា ៖ «ចេញ​ម៉េច​នឹង​រួច ចេញ​តាម​ណា​រួច​បើ​បិទ​មួយ​ខ្សែ​ហើយ។ បិទ​មួយ​ខ្សែ​អត់​មាន​មក​តាម​បញ្ច្រាស​បាន​ទេ។ សារ៉េ (សម្រួល)​អត់​បាន​ទេ ក្រែង​តែ​ឡាន​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​បាន​មាន មាន​មួយៗ​អ៊ីចឹង​ទៅ ក្រៅ​ពី​ហ្នឹង​គ្មាន​ទេ ចូល​ជួរ​អស់​ហើយ...»

លោក សេង ឈួន បាន​ថ្លែង​ឱ្យ​ដឹង​ថា ការ​កក​ស្ទះ​បាន​ចាប់​ផ្ដើម​តាំង​ពី​ម៉ោង​៥​នៃ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​មេសា​នេះ ហើយ​ការ​កក​ស្ទះ​រថយន្ត​នៅ​កំពង់​ចម្លង​ត្រើយ​ខាង​កើត​មាន​ខ្សែ​រថយន្ត​ធំ​តូច​បន្ត​គ្នា​ប្រវែង​ជាង​មួយ​គីឡូម៉ែត្រ។ លោក​កំពុង​ប្រើប្រាស់​ស្រឡាង​ចំនួន ៥​គ្រឿង​ដើម្បី​ចម្លង​អ្នក​ដំណើរ​ដែល​ឆ្លង​កាត់​កំពង់​ចម្លង​អ្នកលឿង​នេះ ហើយ​លោក​មិន​អាច​សន្និដ្ឋាន​បាន​ថា នឹង​ត្រូវ​ប្រើ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ទៀត​ទេ​ទើប​រំដោះ​ការ​កកស្ទះ​នេះ​បាន។

អ្នក​ដំណើរ​ម្នាក់​បាន​ឱ្យ​ដឹង​ថា ការ​កកស្ទះ​ខ្លាំង​គឺ​នៅ​ត្រើយ​ខាង​កើត ព្រោះ​តែ​អ្នក​ដំណើរ​ភាគ​ច្រើន​ត្រូវ​សម្រុក​វិល​ត្រឡប់​មក​ទិស​ខាង​ភ្នំពេញ​វិញ បន្ទាប់​ពី​បាន​ចេញ​ទៅ​ឈប់​សម្រាក​នៅ​តាម​ខេត្ត​ភាគ​ខាង​កើត កាល​ពី​អំឡុង​ចូល​ឆ្នាំ​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​១៤ ដល់ ១៦ មេសា កន្លង​ទៅ​នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។