ក្រុមអ្នកភូមិប្រមាណជាង ៧០គ្រួសារ ដែលរស់នៅលើខ្នងភ្នំដងរែក មានភូមិជប់គគីរខាងលិច និងខាងកើត នៃឃុំអំពិល ស្រុកបន្ទាយអំពិល នៅតែតស៊ូប្រកាន់ជំនឿសាសនាខ្ជាប់ខ្ជួន ដោយនាំគ្នាធ្វើបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដូចប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសដែរ បើទោះបីជាពួកគេខ្វះខាតជីវភាពប្រចាំថ្ងៃ ព្រមទាំងគ្មានព្រះសង្ឃគង់នៅជិត ដើម្បីធ្វើបុណ្យទានក៏ដោយ។
ចាប់តាំងពីថ្ងៃកាន់បិណ្ឌទី១ រហូតមកដល់ថ្ងៃកាន់បិណ្ឌទី១៤ នេះ ក្រុមអ្នកភូមិនៅជាប់បន្ទាត់ព្រំដែនខ្មែរ-ថៃ ទាំងនោះ សុខចិត្តធ្វើម្ហូប ព្រមទាំងមាននំ ចំណី ហើយនាំគ្នាធ្វើដំណើរចុះពីខ្នងភ្នំ ចម្ងាយជិត ១៥គីឡូម៉ែត្រ ទៅកាន់ទីវត្តមួយដែលមានព្រះសង្ឃគង់នៅ ដើម្បីធ្វើបុណ្យទៅតាមជំនឿ និងប្រពៃណីរបស់ដូនតា។
លោក ឡេង ខ្លី គឺជាប្រជាពលរដ្ឋរស់នៅភូមិជប់គគីរខាងលិច។ គាត់បានមានប្រសាសន៍ថា អ្នកភូមិរបស់គាត់ដែលរស់នៅជាប់បន្ទាត់ព្រំដែន មានជីវភាពខ្វះខាតយ៉ាងខ្លាំង មិនដូចជាអ្នកទីក្រុងទេ។
ចំណែកឯទីវត្តទៀតសោត ពេលបច្ចុប្បន្ននេះក៏មិនមានព្រះសង្ឃគង់នៅ ដើម្បីឱ្យពុទ្ធបរិស័ទ្ធបានធ្វើបុណ្យទានស្រួលដែរ។ ក៏ប៉ុន្តែទោះយ៉ាងណា នៅក្នុងរដូវភ្ជុំបិណ្ឌឆ្នាំនេះ គឺអ្នកភូមិរបស់គាត់បានជួយដឹកជញ្ជូនគ្នា ដើម្បីឱ្យបានទៅធ្វើបុណ្យនៅតាមទីវត្តផ្សេងៗ ដែលមានព្រះសង្ឃគង់នៅ៖ «វត្តយើងដុះស្មៅជិតសម្ភារៈតាមវត្តក៏បាត់អស់ វាអត់លោកនៅការពារ នៅគ្រប់គ្រង។ ក្នុងភូមិនេះ ប្រមូលយកគោយន្តចេះតែឌុបគ្នាទៅ ឱ្យបានកុះករទាំងអស់តែគ្នាចុះទៅធ្វើនៅតាមវត្តគេ។ ពួកខ្ញុំចាស់ទុំទាំងអស់នេះប្រុងតែពិគ្រោះទៅរកលោកមកគង់នៅដែរ តែចាំចេញវស្សាសិន»។
ក្រុមអ្នកភូមិបានឱ្យដឹងថា ដោយសារតែភូមិពួកគេរស់នៅមានតែវត្ត មិនមានព្រះសង្ឃគង់នៅ គឺក្នុងរដូវភ្ជុំបិណ្ឌនេះ គេបាននាំគ្នាទៅធ្វើបុណ្យនៅវត្តប្រាសាទតាមាន់ ឬក៏វត្តពងទឹក ដែលមានចម្ងាយជាង ១០គីឡូម៉ែត្រ ពីភូមិរបស់ពួកគេ។
កាលពីមុនឆ្នាំ២០០៨ ដែលមិនទាន់មានជម្លោះព្រំដែនរវាងកម្ពុជា និងថៃ កើតឡើង ភូមិជប់គគីរខាងលិច និងខាងកើត គឺមានប្រជាពលរដ្ឋរស់នៅជាង ១៦០គ្រួសារ និងមានវត្តអារាម រួមទាំងព្រះសង្ឃគង់នៅផង។ ក៏ប៉ុន្តែចាប់តាំងពីមានជម្លោះព្រំដែនកើតឡើង ហើយច្រករបៀងព្រំដែនទីនោះបានបិទជាច្រើនឆ្នាំ ធ្វើឱ្យអ្នកភូមិដែលមានរបរទីពឹងតែលើច្រកទ្វារព្រំដែនបានចាកចោលភូមិបន្តិចម្ដងៗ។ចំណែកឯព្រះសង្ឃដែលប្រឈមមុខនឹងការដាច់ចង្ហាន់ក៏បាននិមន្តចាកចោលទីអារាមជាបន្តបន្ទាប់ដែរ។
បច្ចុប្បន្ន បើទោះបីជាស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ បានស្ងប់ស្ងាត់ ក៏ប្រជាពលរដ្ឋនៅភូមិជប់គគីរខាងកើតជាច្រើន មិនទាន់វិលត្រឡប់ទៅរស់នៅលើខ្នងភ្នំវិញទេ ហើយព្រះសង្ឃក៏មិនទាន់និមន្តទៅគង់នៅជាប់លាប់ដែរ ដោយសារតែជួបប្រទះនឹងការខ្វះចង្ហាន់ ដោយសារតែអ្នកភូមិមានជីវភាពខ្វះខាតប្រចាំថ្ងៃផងនោះ។
លោក ហួក ហៀវ ជាប្រធានភូមិជប់គគីរខាងកើត បានមានប្រសាសន៍ថា ពេលបច្ចុប្បន្ន អ្នកភូមិរបស់គាត់បានទីពឹងតែលើការបើច្រករបៀងព្រំដែន ក៏ប៉ុន្តែជីវភាពមិនសំបូរសប្បាយទេ ដោយសារតែទីនោះពុំមានដីស្រែ គឺមានតែដីចំការតិចតួច។
លោកមេភូមិដដែល មានបានប្រសាសន៍ថា បើទោះបីជាអ្នកភូមិរបស់លោកមិនសូវមានទ្រព្យធនសម្រាប់ធ្វើបុណ្យដូចអ្នកទីក្រុងយ៉ាងណាក៏ដោយ ក៏រដូវភ្ជុំបិណ្ឌឆ្នាំនេះគេនៅតែនាំគ្នាគោរព និងប្រតិបត្តិទៅតាមជំនឿសាសនា និងប្រពៃណីខ្មែរដូចប្រជាពលរដ្ឋនៅទូទាំងប្រទេសដែរ។
លោក ហួក ហៀ៖ «ឃើញបងប្អូនប្រជាពលរដ្ឋគាត់បានវេចនំ ជាអន្សម សម្រាប់បុណ្យភ្ជុំបិណ្ឌនេះគគ្រឹកគគ្រេងតាមផ្ទះនីមួយៗដែរ ប៉ុន្តែមិនបានដូចជាអ្នកទីកន្លែងប្រជុំជនធំៗទេ ព្រោះថា តំបន់នេះគ្នាខ្សត់ក្រ មានស្តួចស្តើង។ ខ្ញុំក៏ដឹកនាំធ្វើកុំឱ្យវាដាច់កម្មវិធីបុណ្យភ្ជុំបិណ្ឌ។ ធ្វើតែឱ្យបំពេញតាមប្រពៃណី ហើយនេះខ្ញុំដង្ហែជាអង្គផ្កាប្រាក់មួយទៅដាក់នៅវត្តប្រាសាទកោះកែ ពងទឹក។ កាន់វេននឹងគេបានមួយវេន»។
ប្រជាពលរដ្ឋទូទាំងប្រទេសមានជំនឿតៗគ្នាជាយូរលង់មកហើយថា នៅរដូវបុណ្យភ្ជុំបិណ្ឌ គឺយមរាជបានដោះលែងព្រលឹងសាច់ញាតិរបស់គេដែលស្លាប់ទាំងអស់ បើទោះបីជាព្រលឹងខ្លះមានបាបកម្មធ្ងន់ធ្ងរ ហើយធ្លាក់ខ្លួនទៅជានរកប្រេតយ៉ាងណាក៏ដោយ ឱ្យមកទទួលយកកុសលបុណ្យ និងបាយទឹក នំ ចំណី ដែលកូនចៅនៅរស់បានឧទ្ទិសឱ្យតាមរយៈព្រះសង្ឃ។ ក៏ប៉ុន្តែប្រសិនបើនៅក្នុងរដូវភ្ជុំបិណ្ឌនេះ កូនចៅមិនបានយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃទេ គឺព្រលឹងអ្នកស្លាប់ខ្លះដែលក្លាយទៅជាប្រេតកំពុងស្រេកឃ្លាន តែមិនបានទទួលអ្វីទាល់តែសោះនោះ នឹងយំទួញសោក ព្រមទាំងដាក់បណ្តាសាផង។
លោក ខ្លូត អ៊ីវ គឺជាមេឃុំអំពិល នៃស្រុកបន្ទាយអំពិល បានមានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅភូមិជប់គគីរខាងលិច និងខាងកើត បានខិតខំនាំគ្នាធ្វើបុណ្យភ្ជុំបិណ្ឌ បើទោះបីជាពួកគេមានជីវភាពខ្វះខាត មិនដូចប្រជាពលរដ្ឋនៅតាមទីក្រុងក៏ដោយ។
លោកមេឃុំមានប្រសាសន៍ទៀតថា អ្នកភូមិជប់គគីរ ដែលនៅលើខ្នងភ្នំដងរែក តែងនាំគ្នាចុះពីលើខ្នងភ្នំ ចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ ទៅកាន់ទីវត្តពងទឹក ដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ៖ «ឆ្ងាយគ្រាន់ដែរ ប៉ុន្តែគាត់ព្យាយាមធ្វើបុណ្យដែរ។ ពេលធ្វើបុណ្យធ្វើទាន ម្នាក់ៗព្យាយាមរកម្ហូបអាហារចំណីមកដើម្បីបុណ្យ។ សូម្បីតែគាត់ខ្វះខាតយ៉ាងម៉េចក៏គាត់ព្យាយាម បើថា ធ្វើឱ្យបានអធិកអធមគាត់មិនមានទេ ព្រោះជីវភាពរបស់គាត់មិនដូចទីក្រុង»។
ព្រះភិក្ខុ ឈន់ ឈឿន គង់នៅវត្តដំណាក់ ក្នុងទីរួមខេត្តសៀមរាប បានមានព្រះថេរដីកាថា ការធ្វើបុណ្យភ្ជុំបិណ្ឌនៅក្នុងជំនឿនៃព្រះពុទ្ធសាសនា គឺជាការដែលអាចជួយរំដោះបាបកម្មឱ្យសាច់ញាតិដែលស្លាប់ទៅ ដោយសារការឧទ្ទិសមគ្គផល កុសលផលបុណ្យតាមរយៈព្រះសង្ឃ។ ចំណែកនៅក្នុងសង្គមខ្មែរវិញ ការប្រារព្ធបុណ្យភ្ជុំបិណ្ឌ គឺជាឱកាសឱ្យក្រុមគ្រួសារបានជួបជុំគ្នា និងធ្វើសេចក្ដីល្អជាច្រើនជាមួយគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
