ផលវិបាក​ដែល​បន្សល់​ទុក​ដោយ​កង​រក្សា​សន្តិភាព​អ.ស.ប​នៅ​កម្ពុជា

ឧត្ដមសេនីយ៍​ជាន់​ខ្ពស់​មួយ​រូប​នៃ​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) អះអាង​ថា បេសកកម្ម​មិន​ចប់​សព្វ​គ្រប់​របស់​អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC) បាន​ផ្ដល់​មេរៀន និង​បទពិសោធន៍​ជា​ច្រើន សម្រាប់​ការ​ផ្លាស់ប្ដូរ​តួនាទី​របស់​ក្រុម​រក្សា​សន្តិភាព​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​មាន​ជម្លោះ​សង្គ្រាម​ស៊ីវិល។
ដោយ ម៉ៅ សុធានី
2012-11-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ការ​លើក​ឡើង​នេះ បាន​ត្រូវ​ក្រុម​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា ទទួល​ស្គាល់​ថា ពិត​ជា​មាន​ផល​វិបាក​មួយ​ចំនួន ក្រោយ​ដែល​អ៊ុនតាក់ បាន​ចាក​ចេញ​ពី​កម្ពុជា កាល​ពី​ខែ​កញ្ញា ឆ្នាំ​១៩៩៣។

លោក ម៉ៃ ស្មិត (Mike Smith) អតីត​ឧត្ដមសេនីយ៍​ម្នាក់​ទទួល​បន្ទុក​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​លីប៊ី ដែល​បច្ចុប្បន្ន​ចូល​និវត្តន៍ មាន​ប្រសាសន៍​ថា អ៊ុនតាក់ សម្រេច​បាន​ជោគជ័យ​នៅ​កម្ពុជា ច្រើន​ដែរ រួម​មាន រៀបចំ​ការ​បោះ​ឆ្នោត និង​ត្រួត​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​ជាដើម។

លោក​ថា អ៊ុនតាក់ បាន​បន្សល់​ទុក​នូវ​កិច្ចការ​ជា​ច្រើន​ទៀត ដែល​ត្រូវ​ធ្វើ​បន្ត រួម​មាន​ការ​ដក​អាវុធ​ពី​គ្រប់​ភាគី​កម្ពុជា ធ្វើ​សមាហរណកម្ម​កងទ័ព​ទាំង​នោះ និង​ផ្ដល់​ទី​ជម្រក​ដល់​ប្រជាពលរដ្ឋ​ដែល​រត់​ភៀស​ខ្លួន​ចេញ​ពី​លំនៅឋាន។ លោក​ឧត្ដមសេនីយ៍ ម៉ៃ ស្មិត សង្កត់​ធ្ងន់​ថា កិច្ចការ​សំខាន់​បំផុត គឺ​កង​រក្សា​សន្តិភាព​អ៊ុនតាក់ ត្រូវ​ជួយ​ចាត់​ចែង និង​រៀបចំ​កសាង​ប្រទេស​កម្ពុជា ឡើង​វិញ​ឲ្យ​មាន​ស្ថិរភាព និង​សុខ​សន្តិភាព​យូរ​អង្វែង។

អត្ថបទ​ចុះ​ផ្សាយ​របស់​វិទ្យាស្ថាន​ឡូវ៉ី សំរាប់​គោលនយោបាយ​អន្តរជាតិ​នៅ​ប្រទេស​អូស្ត្រាលី (Lowy Institute for International Policy) កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា បាន​ឲ្យ​ដឹង​ថា បទពិសោធន៍​នៅ​កម្ពុជា​នេះ បាន​ផ្តល់​មេរៀន​យ៉ាង​សំខាន់​ដល់​ក្រុម​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ សព្វថ្ងៃ​នេះ ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន មាន​វិបត្តិ​សង្គ្រាម​ស៊ីវិល។

ភារកិច្ច​របស់​ក្រុម​រក្សា​សន្តិភាព មិន​ត្រឹម​តែ​ការពារ​កុំ​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ ការ​បាញ់​ប្រហារ​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​យុទ្ធសាស្ត្រ​ចេះ​ដឹង​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ សុខ​សន្តិភាព​ក្នុង​សង្គម និង​ជួយ​ពលរដ្ឋ​ឲ្យ​ចូល​រួម​ការ​អភិវឌ្ឍ​ក្នុង​សហគមន៍​របស់​ពួក​គេ​រស់​នៅ​ថែម​ទៀត​ផង។

ពាក់ព័ន្ធ​នឹង​បេសកកម្ម​របស់​ក្រុម​រក្សា​សន្តិភាព​នៃ​អង្គការ​សហ​ប្រជាជាតិ អ៊ុនតាក់ នៅ​កម្ពុជា​នេះ ទាំង​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល និង​មន្ត្រី​បក្ស​ប្រឆាំង​នៅ​កម្ពុជា បាន​ទទួល​ស្គាល់​ដូច​គ្នា​ថា អ៊ុនតាក់ ពិត​ជា​មិន​បាន​បញ្ចប់​តួនាទី​របស់​ខ្លួន​ចប់​សព្វគ្រប់​មែន​នៅ​កម្ពុជា។ ក៏​ប៉ុន្តែ អ៊ុនតាក់ បាន​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព កាល​ពី​ឆ្នាំ​១៩៩៣ ក្រោយ​ដែល​កម្ពុជា ទទួល​រង​ការ​បំផ្លាញ​ខ្ទេចខ្ទី​ក្នុង​គ្រប់​វិស័យ ដោយសារ​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​ប្រមាណ​ជា ៣​សតវត្ស​កន្លង​មក។

មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា អ៊ុនតាក់ គ្រាន់​តែ​បាន​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ ប៉ុន្តែ អ៊ុនតាក់ បរាជ័យ​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​ដក​អាវុធ​ពី​កងទ័ព​ខ្មែរ​ក្រហម និង​ជំរុញ​ឲ្យ​ពួកគេ​ធ្វើ​សមាហរណកម្ម​ក្នុង​សង្គម។

លោក​ថា អ៊ុនតាក់ ក៏​បាន​បន្សល់​ទុក​នូវ​វប្បធម៌​រិះគន់ និង​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​រហូត​មក​ដល់​ពេល​នេះ​ផង​ដែរ៖ «អ៊ុនតាក់ មិន​បាន​បំពេញ​ភារកិច្ច​ចប់​សព្វគ្រប់​ទេ ដូច​នេះ​គ្រាន់​តែ​ចូល​មក​រៀបចំ​ការ​បោះ​ឆ្នោត ហើយ​រហូត​មក​ដល់​ពេល​នេះ យើង​សង្កេត​ឃើញ​មាន​ភាគី​ខ្លះ​នៅ​តែ​ចោទ​ប្រកាន់​ថា អ្នក​នេះ​ជា​កុម្មុយនិស្ត អ្នក​នោះ​ជា​ខ្ញុំ​យួន។ សូម្បី​តែ​ដក​អាវុធ​ពី​ភាគី​ក្រុម​ខ្មែរ​ក្រហម ក៏​ធ្វើ​មិន​បាន។ អ៊ុនតាក់ មក​នេះ​មាន​បំណង​ផ្សេង មិន​មែន​ចង់​ឲ្យ​មាន​សន្តិភាព​នៅ​ស្រុក​ខ្មែរ​ទេ ហើយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​ជា​ជម្រើស​របស់​ប្រជាពលរដ្ឋ​ទេ។ ទាំង​អស់​គ្នា​មក​ពី​ក្រៅ​ហ្នឹង គឺ​មាន​និន្នាការ​មួយ​ថា ធ្វើ​ដូច​ម្ដេច​ដើម្បី​ឲ្យ​ឈ្នះ​ក្នុង​ស្រុក គឺ​ធ្វើ​ឲ្យ​រដ្ឋ​កម្ពុជា នោះ​ទទួល​បរាជ័យ»

ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ បន្ទោស​គណបក្ស​ប្រជាជន​កម្ពុជា ថា ពុំ​បាន​សហការ​ជាមួយ អ៊ុនតាក់ ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត និង​រៀបចំ​រដ្ឋាភិបាល ក្រោយ​លទ្ធផល​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣។

លោក​បន្ត​ថា ភាព​ស្មុគស្មាញ​ទាំង​នោះ​ហើយ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​លំបាក​ដល់​បេសកកម្ម​បន្ត​របស់ អ៊ុនតាក់ នៅ​កម្ពុជា៖ «តាម​ការ​ពិត ក្រោយ​ការ​​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ប្រទេស​នៅ​កម្ពុជា បាន​បង្កើត​នូវ​រដ្ឋធម្មនុញ្ញ និង​រដ្ឋាភិបាល​ស្រប​ច្បាប់​មួយ។ រាល់​ការងារ​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​បន្ត​ភារកិច្ច​នៅ​កម្ពុជា នោះ ទាល់​តែ​មាន​ការ​ព្រមព្រៀង​ពី​រដ្ឋាភិបាល​ដែល​កើត​ឡើង​ដោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣។ ប៉ុន្តែ​មាន​ប្រតិកម្ម​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ពហិការ និង​បង្កើត​ឲ្យ​មាន​តំបន់​អបគមន៍។ ក្រោយ​ពី​ការ​បង្កើត​ចលាចល​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​មក បង្ក​ឲ្យ​មាន​ការ​សម្រួល​គ្នា​មួយ​កើត​ជា​រដ្ឋាភិបាល​ចម្រុះ ដែល​មាន​សហ​នាយករដ្ឋមន្ត្រី ក្នុង​នោះ​មាន​សម្ដេច​ក្រុម​ព្រះ និង​នាយករដ្ឋមន្ត្រី​ទី​២ ហ៊ុន សែន ដែល​បាន​បដិសេធ​មិន​ឲ្យ​អង្គការ​សហប្រជាជាតិ​បន្ត​ការងារ​នៅ​កម្ពុជា​ទេ។ ដូច្នេះ​ហើយ យើង​ឃើញ​មាន​ការ​រិះគន់ ដៀលត្មេះ​ការងារ​របស់​អង្គការ​សហប្រជាជាតិ​ពី​សំណាក់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា…»

ក្រុម​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជាជាតិ អ៊ុនតាក់ បាន​បំពេញ​បេសកកម្ម​នៅ​កម្ពុជា ពី​ខែ​កុម្ភៈ ឆ្នាំ​១៩៩២ ដល់​ខែ​កញ្ញា ឆ្នាំ​១៩៩៣ ក្រោយ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ខែ​តុលា ឆ្នាំ​១៩៩១ ដែល​ភាគី​កម្ពុជា ៤​ក្រុម បាន​សុខ​ចិត្ត​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ចូល​រួម​ការ​បោះ​ឆ្នោត​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​១៩៩៣។

ក្រុម​ភាគី​ទាំង ៤​នោះ រួម​មាន ភាគី​រដ្ឋ​កម្ពុជា ដឹក​នាំ​ដោយ​លោក ហ៊ុន សែន រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា របស់​លោក សឺន សាន រណសិរ្ស​រួប​រួម​ជាតិ​ដើម្បី​កម្ពុជា ឯករាជ្យ អព្យាក្រឹត សន្តិភាព និង​សហប្រតិបត្តិការ បច្ចុប្បន្ន​ក្លាយ​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹក​នាំ​ដោយ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ និង​ក្រុម​ខ្មែរ​ក្រហម ឬ​ហៅ​ថា កម្ពុជា​ប្រជាធិបតេយ្យ។

ចំណែក​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា មាន​ទស្សនៈ​យល់​ឃើញ​ថា ជា​ទូទៅ​គេ​អាច​និយាយ​បាន​ថា បេសកកម្ម​របស់ អ៊ុនតាក់ ទទួល​បាន​ជោគជ័យ​នៅ​កម្ពុជា ពីព្រោះ​កង​រក្សា​សន្តិភាព អ៊ុនតាក់ បាន​នាំ​មក​នូវ​សង្គម​ថ្មី​មួយ​ប្រកប​ដោយ​ក្តី​សង្ឃឹម​ឡើង​វិញ​ដល់​ពលរដ្ឋ​ខ្មែរ ក្រោយ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។

លោក​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា បេសកកម្ម​សំខាន់​របស់ អ៊ុនតាក់ គឺ​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដើម្បី​បង្កើត​ចេញ​ជា​រដ្ឋាភិបាល​ថ្មី និង​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា៖ «កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ ហៅ​ថា សព្វ​មុខ គ្រប់គ្រាន់​ទាំង​អស់ ទាំង​ពី​កងទ័ព ទាំង​ពី​ការ​បោះ​ឆ្នោត និង​បង្កើត​រដ្ឋាភិបាល។ បញ្ហា​ត្រង់​ដែរ​ថា ទី​១ អាណត្តិ​របស់​អ៊ុនតាក់ នោះ​កាល​ណា​មាន​រដ្ឋាភិបាល​ថ្មី រដ្ឋធម្មនុញ្ញ គឺ​ចប់​បេសកកម្ម​ហើយ។ រឿង​អ្វីៗ​បន្ថែម​ទៀត អាស្រ័យ​លើ​រដ្ឋាភិបាល​ទេ ហើយ​បេសកកម្ម​គេ​កំណត់​អ៊ីចឹង។ ហេតុផល​ដែល អ៊ុនតាក់ បំពេញ​មិន​បាន​គ្រប់គ្រាន់​នោះ គឺ​ភាគី​ខ្មែរ​ក្រហម​មិន​ចូល​ដំណើរ​ការ​សន្តិភាព និង​ចូល​រួម​បោះ​ឆ្នោត។ ដូច្នេះ​បន្ត​ច្បាំង ដល់​អ៊ីចឹង​ទៅ​រំសាយ​កងទ័ព​អត់​បាន ម្ល៉ោះ​ហើយ​កងទ័ព​នៅ​ពាសពេញ​ទាំង​អស់»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ អ៊ុនតាក់ ក្នុង​អំឡុង​ពេល​ជាង​មួយ​ឆ្នាំ គឺ​ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​១៩៩២ ដល់​ខែ​កញ្ញា ឆ្នាំ​១៩៩៣ នៅ​ប្រទេស​កម្ពុជា​នេះ បាន​ចំណាយ​ថវិកា​ជាង ១.៦០០​លាន​ដុល្លារ​អាមេរិក ដោយ​បាន​បញ្ជូន​កងទ័ព​អង្គការ​សហប្រជាជាតិ​ប្រមាណ​ជិត ២​ម៉ឺន​នាក់ រាប់​ទាំង​ក្រុម​ប៉ូលិស មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ផង​ដែរ។

អ្នក​វិភាគ​នយោបាយ​បរទេស​ជា​ច្រើន​មាន​ទស្សនៈ និង​យោបល់​ខុសៗ​គ្នា ចំពោះ​ប្រតិបត្តិការ​របស់​អ៊ុនតាក់ នៅ​កម្ពុជា​នេះ។ ខ្លះ​ថា អ៊ុនតាក់ គួរ​តែ​បន្ត​បេសកកម្ម​នៅ​កម្ពុជា ពីព្រោះ​ត្រូវ​មាន​ការងារ​ដែល​ត្រូវ​បំពេញ​ថែម​ទៀត។ នៅ​ជាមួយ​គ្នា​នេះ ប្រទេស​ផ្ដល់​ជំនួយ​ក៏​បាន​រិះគន់​អង្គការ​សហប្រជាជាតិ​ថា អ៊ុនតាក់ ចំណាយ​ប្រាក់​ច្រើន​សម្រាប់​ប្រតិបត្តិការ​នៅ​កម្ពុជា ដែល​បាន​លទ្ធផល​តិចតួច​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Untac has brought millions of millions dolars to Cambodia, with some results which finally was destroyed by Cambodia government and it's created its own system instead now. Untac hasn't fulfilled its role completely and let the government diverts the word democracy from implementation to paper only. In contrast, it has created communist system by just saying the word democracy to attract donation from other countries.

Dec 01, 2012 06:04 AM