ការលើកឡើងនេះ បានត្រូវក្រុមអ្នកវិភាគនយោបាយនៅកម្ពុជា ទទួលស្គាល់ថា ពិតជាមានផលវិបាកមួយចំនួន ក្រោយដែលអ៊ុនតាក់ បានចាកចេញពីកម្ពុជា កាលពីខែកញ្ញា ឆ្នាំ១៩៩៣។
លោក ម៉ៃ ស្មិត (Mike Smith) អតីតឧត្ដមសេនីយ៍ម្នាក់ទទួលបន្ទុកបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសលីប៊ី ដែលបច្ចុប្បន្នចូលនិវត្តន៍ មានប្រសាសន៍ថា អ៊ុនតាក់ សម្រេចបានជោគជ័យនៅកម្ពុជា ច្រើនដែរ រួមមាន រៀបចំការបោះឆ្នោត និងត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សជាដើម។
លោកថា អ៊ុនតាក់ បានបន្សល់ទុកនូវកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើបន្ត រួមមានការដកអាវុធពីគ្រប់ភាគីកម្ពុជា ធ្វើសមាហរណកម្មកងទ័ពទាំងនោះ និងផ្ដល់ទីជម្រកដល់ប្រជាពលរដ្ឋដែលរត់ភៀសខ្លួនចេញពីលំនៅឋាន។ លោកឧត្ដមសេនីយ៍ ម៉ៃ ស្មិត សង្កត់ធ្ងន់ថា កិច្ចការសំខាន់បំផុត គឺកងរក្សាសន្តិភាពអ៊ុនតាក់ ត្រូវជួយចាត់ចែង និងរៀបចំកសាងប្រទេសកម្ពុជា ឡើងវិញឲ្យមានស្ថិរភាព និងសុខសន្តិភាពយូរអង្វែង។
អត្ថបទចុះផ្សាយរបស់វិទ្យាស្ថានឡូវ៉ី សំរាប់គោលនយោបាយអន្តរជាតិនៅប្រទេសអូស្ត្រាលី (Lowy Institute for International Policy) កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានឲ្យដឹងថា បទពិសោធន៍នៅកម្ពុជានេះ បានផ្តល់មេរៀនយ៉ាងសំខាន់ដល់ក្រុមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សព្វថ្ងៃនេះ ដែលកំពុងបំពេញបេសកកម្មនៅក្នុងប្រទេសមួយចំនួន មានវិបត្តិសង្គ្រាមស៊ីវិល។
ភារកិច្ចរបស់ក្រុមរក្សាសន្តិភាព មិនត្រឹមតែការពារកុំឲ្យមានការផ្ទុះអាវុធ ការបាញ់ប្រហារគ្នាប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានយុទ្ធសាស្ត្រចេះដឹងក្នុងការរៀបចំឲ្យមានសណ្ដាប់ធ្នាប់ សុខសន្តិភាពក្នុងសង្គម និងជួយពលរដ្ឋឲ្យចូលរួមការអភិវឌ្ឍក្នុងសហគមន៍របស់ពួកគេរស់នៅថែមទៀតផង។
ពាក់ព័ន្ធនឹងបេសកកម្មរបស់ក្រុមរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ អ៊ុនតាក់ នៅកម្ពុជានេះ ទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមន្ត្រីបក្សប្រឆាំងនៅកម្ពុជា បានទទួលស្គាល់ដូចគ្នាថា អ៊ុនតាក់ ពិតជាមិនបានបញ្ចប់តួនាទីរបស់ខ្លួនចប់សព្វគ្រប់មែននៅកម្ពុជា។ ក៏ប៉ុន្តែ អ៊ុនតាក់ បានរៀបចំឲ្យមានការបោះឆ្នោតមួយដោយសេរី យុត្តិធម៌ និងតម្លាភាព កាលពីឆ្នាំ១៩៩៣ ក្រោយដែលកម្ពុជា ទទួលរងការបំផ្លាញខ្ទេចខ្ទីក្នុងគ្រប់វិស័យ ដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃប្រមាណជា ៣សតវត្សកន្លងមក។
មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា អ៊ុនតាក់ គ្រាន់តែបានរៀបចំឲ្យមានការបោះឆ្នោតប៉ុណ្ណោះ ប៉ុន្តែ អ៊ុនតាក់ បរាជ័យក្នុងកិច្ចប្រឹងប្រែងដើម្បីដកអាវុធពីកងទ័ពខ្មែរក្រហម និងជំរុញឲ្យពួកគេធ្វើសមាហរណកម្មក្នុងសង្គម។
លោកថា អ៊ុនតាក់ ក៏បានបន្សល់ទុកនូវវប្បធម៌រិះគន់ និងចោទគ្នាទៅវិញទៅមករហូតមកដល់ពេលនេះផងដែរ៖ «អ៊ុនតាក់ មិនបានបំពេញភារកិច្ចចប់សព្វគ្រប់ទេ ដូចនេះគ្រាន់តែចូលមករៀបចំការបោះឆ្នោត ហើយរហូតមកដល់ពេលនេះ យើងសង្កេតឃើញមានភាគីខ្លះនៅតែចោទប្រកាន់ថា អ្នកនេះជាកុម្មុយនិស្ត អ្នកនោះជាខ្ញុំយួន។ សូម្បីតែដកអាវុធពីភាគីក្រុមខ្មែរក្រហម ក៏ធ្វើមិនបាន។ អ៊ុនតាក់ មកនេះមានបំណងផ្សេង មិនមែនចង់ឲ្យមានសន្តិភាពនៅស្រុកខ្មែរទេ ហើយផ្អែកទៅលើអ្វីដែលជាជម្រើសរបស់ប្រជាពលរដ្ឋទេ។ ទាំងអស់គ្នាមកពីក្រៅហ្នឹង គឺមាននិន្នាការមួយថា ធ្វើដូចម្ដេចដើម្បីឲ្យឈ្នះក្នុងស្រុក គឺធ្វើឲ្យរដ្ឋកម្ពុជា នោះទទួលបរាជ័យ»។
ប្រតិកម្មទៅនឹងការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលនេះ តំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ បន្ទោសគណបក្សប្រជាជនកម្ពុជា ថា ពុំបានសហការជាមួយ អ៊ុនតាក់ ក្នុងការរៀបចំការបោះឆ្នោត និងរៀបចំរដ្ឋាភិបាល ក្រោយលទ្ធផលការបោះឆ្នោតឆ្នាំ១៩៩៣។
លោកបន្តថា ភាពស្មុគស្មាញទាំងនោះហើយ ដែលជាហេតុនាំឲ្យមានបញ្ហាលំបាកដល់បេសកកម្មបន្តរបស់ អ៊ុនតាក់ នៅកម្ពុជា៖ «តាមការពិត ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ប្រទេសនៅកម្ពុជា បានបង្កើតនូវរដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលស្របច្បាប់មួយ។ រាល់ការងាររបស់អង្គការសហប្រជាជាតិដើម្បីបន្តភារកិច្ចនៅកម្ពុជា នោះ ទាល់តែមានការព្រមព្រៀងពីរដ្ឋាភិបាលដែលកើតឡើងដោយការបោះឆ្នោតឆ្នាំ១៩៩៣។ ប៉ុន្តែមានប្រតិកម្មពីគណបក្សប្រជាជនកម្ពុជា បានធ្វើពហិការ និងបង្កើតឲ្យមានតំបន់អបគមន៍។ ក្រោយពីការបង្កើតចលាចលបង្កើតរដ្ឋក្នុងរដ្ឋមក បង្កឲ្យមានការសម្រួលគ្នាមួយកើតជារដ្ឋាភិបាលចម្រុះ ដែលមានសហនាយករដ្ឋមន្ត្រី ក្នុងនោះមានសម្ដេចក្រុមព្រះ និងនាយករដ្ឋមន្ត្រីទី២ ហ៊ុន សែន ដែលបានបដិសេធមិនឲ្យអង្គការសហប្រជាជាតិបន្តការងារនៅកម្ពុជាទេ។ ដូច្នេះហើយ យើងឃើញមានការរិះគន់ ដៀលត្មេះការងាររបស់អង្គការសហប្រជាជាតិពីសំណាក់មន្ត្រីគណបក្សប្រជាជនកម្ពុជា…»។
ក្រុមរក្សាសន្តិភាពអង្គការសហប្រជាជាតិ អ៊ុនតាក់ បានបំពេញបេសកកម្មនៅកម្ពុជា ពីខែកុម្ភៈ ឆ្នាំ១៩៩២ ដល់ខែកញ្ញា ឆ្នាំ១៩៩៣ ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខែតុលា ឆ្នាំ១៩៩១ ដែលភាគីកម្ពុជា ៤ក្រុម បានសុខចិត្តបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងចូលរួមការបោះឆ្នោតជាលើកដំបូងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩៣។
ក្រុមភាគីទាំង ៤នោះ រួមមាន ភាគីរដ្ឋកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន រណសិរ្សសង្គ្រោះជាតិកម្ពុជា របស់លោក សឺន សាន រណសិរ្សរួបរួមជាតិដើម្បីកម្ពុជា ឯករាជ្យ អព្យាក្រឹត សន្តិភាព និងសហប្រតិបត្តិការ បច្ចុប្បន្នក្លាយជាគណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងក្រុមខ្មែរក្រហម ឬហៅថា កម្ពុជាប្រជាធិបតេយ្យ។
ចំណែកលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា មានទស្សនៈយល់ឃើញថា ជាទូទៅគេអាចនិយាយបានថា បេសកកម្មរបស់ អ៊ុនតាក់ ទទួលបានជោគជ័យនៅកម្ពុជា ពីព្រោះកងរក្សាសន្តិភាព អ៊ុនតាក់ បាននាំមកនូវសង្គមថ្មីមួយប្រកបដោយក្តីសង្ឃឹមឡើងវិញដល់ពលរដ្ឋខ្មែរ ក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
លោកក៏បានគូសបញ្ជាក់ផងដែរថា បេសកកម្មសំខាន់របស់ អ៊ុនតាក់ គឺរៀបចំឲ្យមានការបោះឆ្នោតដើម្បីបង្កើតចេញជារដ្ឋាភិបាលថ្មី និងរដ្ឋធម្មនុញ្ញនៅកម្ពុជា៖ «កិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ហៅថា សព្វមុខ គ្រប់គ្រាន់ទាំងអស់ ទាំងពីកងទ័ព ទាំងពីការបោះឆ្នោត និងបង្កើតរដ្ឋាភិបាល។ បញ្ហាត្រង់ដែរថា ទី១ អាណត្តិរបស់អ៊ុនតាក់ នោះកាលណាមានរដ្ឋាភិបាលថ្មី រដ្ឋធម្មនុញ្ញ គឺចប់បេសកកម្មហើយ។ រឿងអ្វីៗបន្ថែមទៀត អាស្រ័យលើរដ្ឋាភិបាលទេ ហើយបេសកកម្មគេកំណត់អ៊ីចឹង។ ហេតុផលដែល អ៊ុនតាក់ បំពេញមិនបានគ្រប់គ្រាន់នោះ គឺភាគីខ្មែរក្រហមមិនចូលដំណើរការសន្តិភាព និងចូលរួមបោះឆ្នោត។ ដូច្នេះបន្តច្បាំង ដល់អ៊ីចឹងទៅរំសាយកងទ័ពអត់បាន ម្ល៉ោះហើយកងទ័ពនៅពាសពេញទាំងអស់»។
ទោះជាយ៉ាងណាក៏ដោយ បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អ៊ុនតាក់ ក្នុងអំឡុងពេលជាងមួយឆ្នាំ គឺចាប់ពីខែកុម្ភៈ ឆ្នាំ១៩៩២ ដល់ខែកញ្ញា ឆ្នាំ១៩៩៣ នៅប្រទេសកម្ពុជានេះ បានចំណាយថវិកាជាង ១.៦០០លានដុល្លារអាមេរិក ដោយបានបញ្ជូនកងទ័ពអង្គការសហប្រជាជាតិប្រមាណជិត ២ម៉ឺននាក់ រាប់ទាំងក្រុមប៉ូលិស មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលជាច្រើនផងដែរ។
អ្នកវិភាគនយោបាយបរទេសជាច្រើនមានទស្សនៈ និងយោបល់ខុសៗគ្នា ចំពោះប្រតិបត្តិការរបស់អ៊ុនតាក់ នៅកម្ពុជានេះ។ ខ្លះថា អ៊ុនតាក់ គួរតែបន្តបេសកកម្មនៅកម្ពុជា ពីព្រោះត្រូវមានការងារដែលត្រូវបំពេញថែមទៀត។ នៅជាមួយគ្នានេះ ប្រទេសផ្ដល់ជំនួយក៏បានរិះគន់អង្គការសហប្រជាជាតិថា អ៊ុនតាក់ ចំណាយប្រាក់ច្រើនសម្រាប់ប្រតិបត្តិការនៅកម្ពុជា ដែលបានលទ្ធផលតិចតួចទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
