លោក ផាន់ វណ្ណសិទ្ធិ ជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត (គ.ខ.ប) ខេត្តពោធិ៍សាត់ លោកបានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ កញ្ញា ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សហការជាមួយក្រសួងមហាផ្ទៃ សម្អាតបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បីធ្វើយ៉ាងណាឲ្យមានបញ្ជីឈ្មោះអ្នកបោះឆ្នោតមួយ ដែលគ្រប់គណបក្សនយោបាយអាចទទួលយកបាន។
ទោះជាយ៉ាងនេះក្ដី ការលំបាកនៅតែមាន ដោយសារបញ្ហាបន្លាស់ទីរបស់ប្រជាពលរដ្ឋ។ លោកថា ការធ្វើចំណាកស្រុក ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃដែលកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាកត្តាចម្បងដែលធ្វើឲ្យបញ្ជីឈ្មោះអ្នកបោះឆ្នោតលំបាកក្នុងការសំអាត។
លោក ផាន់ វណ្ណសិទ្ធិ៖ «អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ តែបច្ចុប្បន្នគាត់បានធ្វើចំណាកស្រុកទៅរកស៊ីនៅប្រទេសកូរ៉េ ម៉ាឡេស៊ី ថៃ អ៊ីចឹងហើយដែលយើងលុបឈ្មោះគេមិនបាន ព្រោះគេនៅមានគ្រួសារ ម៉ែ ឪ ផ្ទះសម្បែង ទោះបីជាមិនបានបោះឆ្នោតកាលពីឆ្នាំ២០១២ កន្លងមកក្ដី ក៏ប៉ុន្តែសង្ឃឹមថាឆ្នាំ២០១៣ គេមានឱកាសមកបោះឆ្នោត។ អ៊ីចឹង បញ្ជីនេះនៅប៉ោងទៀត ដោយសារអ្នកទាំងនោះបានធ្វើចំណាកស្រុករយៈពេលយូរ»។
ប្រធានគណបក្ស សម រង្ស៊ី ខេត្តពោធិ៍សាត់ លោក សុខ អ៊ុំស៊ា មានប្រសាសន៍ថា នីតិវិធីនៃការចុះឈ្មោះ និងលុបឈ្មោះអ្នកបោះឆ្នោត មានភាពសាំញ៉ាំ ដែលបង្កការលំបាកស្មុគស្មាញដល់ប្រជាពលរដ្ឋ ក្នុងការទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះអ្នកបោះឆ្នោត។ ឯមន្ត្រីដែលអនុវត្តការងារនេះ គឺភាគច្រើនលើសលុបជាសកម្មជនគណបក្សកាន់អំណាច។ លោកថា ទាំងនេះជាកត្តាដែលគណបក្ស សម រង្ស៊ី សម្រេចពហិការដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះអ្នកបោះឆ្នោត៖ «ការងារតាំងពីណិច (NEC) មកដល់ប៉ិច (PEC) នេះ ខ្ញុំដូចអត់មានជំនឿ ព្រោះនិយាយយកតែពីរោះ ឯការងារនៅតែស៊ុមគ្រលុំដដែលៗ ដូចមុនអ៊ីចឹង។ អ៊ីចឹងហើយ បានជាគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ធ្វើពហិការមិនដាក់អ្នកសង្កេតការណ៍ហ្នឹង»។
ចំណែកប្រធានសហគមន៍ព្រៃឈើឃុំក្បាលត្រាច លោក គុជ វ៉េង មានប្រសាសន៍ថា ទោះបីជាមានការខិតខំរបស់ គ.ខ.ប ក្ដី ប្រជាពលរដ្ឋនៅតែជួបការលំបាកក្នុងការទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះអ្នកបោះឆ្នោតដដែល៖ «គេមកចុះឈ្មោះនៅចុងភូមិក្រឡាញ់ ប្រហែល១៥គីឡូម៉ែត្រ នៅឯថ្នល់ជាតិ។ ដល់តែអ៊ីចឹង អ្នកភូមិគាត់អត់មានលទ្ធភាពទៅចុះឈ្មោះទេ ខ្ញុំកំពុងតែសង្កេតមើលរាល់តែថ្ងៃហ្នឹង។ ដោយសារតែការិយាល័យនៅឆ្ងាយ គាត់អត់មានម៉ូតូកង់អី ជិះទៅចុះឈ្មោះ»។
ប្រភពពីមន្ត្រីលេខាធិការដ្ឋានគណៈកម្មការបោះឆ្នោតខេត្តពោធិ៍សាត់ បានឲ្យដឹងថា តាមការគ្រោងទុក ខេត្តពោធិ៍សាត់ នឹងមានអ្នកចុះឈ្មោះបោះឆ្នោតថ្មីប្រមាណ១៥.២៤៩នាក់ ដែលក្នុងនោះរួមមានអ្នកចំណូលថ្មី និងអ្នកគ្រប់អាយុបោះឆ្នោត។ ប្រភពបានឲ្យដឹងទៀតថា រយៈពេល១០ថ្ងៃនៃដំណើរការចុះឈ្មោះ និងសម្អាតបញ្ជីឈ្មោះអ្នកបោះឆ្នោតនេះ មានប្រជាពលរដ្ឋ៨.៨៣៥នាក់ បានមកចុះឈ្មោះដែលក្នុងនោះមានអ្នកចុះឈ្មោះថ្មី២.៩៣៥នាក់ លុបឈ្មោះស្ទួន និងផ្លាស់ចេញមកចុះឈ្មោះនៅការិយាល័យថ្មីចំនួន៥.៧០០នាក់។
សម្រាប់ការបោះឆ្នោតអាណត្តិនេះ ខេត្តពោធិ៍សាត់ បានសម្រេចបន្ថែមការិយាល័យបោះឆ្នោតចំនួន១៧ទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។