ប៉ុន្តែប្រជាពលរដ្ឋដែលពុំមានឯកសារគ្រប់គ្រាន់ នៅតែជួបការលំបាក ហើយពួកគាត់ត្រូវចំណាយថវិកាច្រើនថែមទៀត ទើបអាចទទួលបានឯកសារស្របច្បាប់អាចចុះឈ្មោះបាន។
មន្ត្រីគណបក្សប្រឆាំង បានថ្លែងថា មានប្រជាពលរដ្ឋរាប់ពាន់នាក់នៅក្នុងខេត្តបន្ទាយមានជ័យ កំពុងជួបការលំបាកក្នុងការចុះឈ្មោះបោះឆ្នោត។ បញ្ហាទាំងនោះ គឺដោយសារពួកគាត់ពុំមានឯកសារគ្រប់គ្រាន់ អ្នកខ្លះមានសៀវភៅគ្រួសារ តែពុំមានអត្តសញ្ញាណប័ណ្ណ និងអ្នកខ្លះទៀតពុំមានលុយយកទៅថតរូប។ បញ្ហាឯកសារមិនគ្រប់គ្រាន់នេះ បានធ្វើឲ្យមន្ត្រីរៀបចំការបោះឆ្នោតមិនចុះឈ្មោះឲ្យ។
លោក មាន សារិទ្ធ ជាសមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត មកពីគណបក្ស សម រង្ស៊ី បានថ្លែងនៅថ្ងៃទី១៤ ខែកញ្ញា ថា ប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់ ជាច្រើនក្នុងខេត្តបន្ទាយមានជ័យ កំពុងមានបញ្ហាក្នុងការចុះឈ្មោះបោះឆ្នោត។ ប្រជាពលរដ្ឋមួយចំនួនអត់មានអត្តសញ្ញាណប័ណ្ណ ហើយពួកគាត់ពុំមានលទ្ធភាពរកលុយទៅថតរូប ដើម្បីទៅបំពេញទម្រង់លិខិតបញ្ជាក់អត្តសញ្ញាណបាននោះទេ។
លោក មាន សារិទ្ធ៖ «ទី២ បើសៀវភៅគ្រួសាររបស់គាត់មានការប្រឡូកប្រឡាក់បន្តិចបន្តួច គឺខាងស្មៀនឃុំ និងគណៈកម្មការចុះឈ្មោះបោះឆ្នោតហ្នឹង គេអត់ទទួលយកជាបានការទេ។ គេឲ្យគាត់ហ្នឹងធ្វើជាសៀវភៅថ្មី ហើយសៀវភៅថ្មីហ្នឹង បើធ្វើ អស់៥ទៅ៦ម៉ឺនរៀលក្នុងសៀវភៅ១ក្បាល។ អ៊ីចឹង គាត់ពិបាកក្នុងការរកលុយធ្វើសៀវភៅគ្រួសារ ហើយគាត់ពិបាករករូបថតទៀត។ ទី៣ គណៈកម្មការចុះឈ្មោះបោះឆ្នោត និងស្មៀនសង្កាត់ហ្នឹង ច្រើនតែរើសអើងគណបក្សនយោបាយ»។
លោក គឹម សុខសាន្ត ជាប្រជាពលរដ្ឋរស់នៅភូមិរស្មីសាមគ្គី សង្កាត់និមិត្ត បានថ្លែងថា ប្រជាពលរដ្ឋនៅភូមិដែលលោករស់នៅ មានជីវភាពក្រីក្រ។ ពួកគាត់បាននាំគ្នាទៅចុះឈ្មោះបោះឆ្នោត ប៉ុន្តែមិនអាចចុះឈ្មោះបាន ដោយសារពុំមានឯកសារគ្រប់គ្រាន់៖ «ព្រោះការចុះឈ្មោះហ្នឹង មកដូចជាបន្ទាន់ពេក ហើយតម្រូវឲ្យប្រជាជនផ្ដល់រូបថតឲ្យគាត់ ម្នាក់ពីរសន្លឹក ហើយឲ្យថតភ្លាមៗ។ នៅក្នុងព្រៃ ទៅរកឯណាថតឲ្យគាត់បាន បើចំណាយពេលទៅដល់ប៉ោយប៉ែត អស់លុយកាក់របស់ប្រជាពលរដ្ឋយ៉ាងតិចណាស់ក៏ត្រឹម២ម៉ឺនរៀលដែរ ហើយនៅថ្លៃរូបថតទៀត ថ្លៃហូបទៀត។ ពួកគាត់នៅក្នុងព្រៃស៊ីឈ្នួលគេមួយថ្ងៃបានតែ១ម៉ឺនខ្មែរ ហើយបើតម្រូវបែបហ្នឹង តើពួកគាត់អាចរត់រួចអត់»។
ក្រុមមន្ត្រីរៀបចំការបោះឆ្នោត ថ្លែងថា បញ្ហានេះជារឿងរបស់ថ្នាក់ជាតិ។ មន្ត្រីនៅតាមមូលដ្ឋានមានតួនាទីពិនិត្យ និងចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល៤២ថ្ងៃ តាមការកំណត់។ មន្ត្រីរៀបចំការបោះឆ្នោត ចាប់ផ្ដើមធ្វើនៅសាលាឃុំ-សង្កាត់ បន្ទាប់មកចល័តតាមភូមិ ហើយត្រឡប់ចូលមកសាលាសង្កាត់វិញ។ នៅសាលាសង្កាត់ ប្រជាពលរដ្ឋដែលមានលំនៅក្បែរ គាត់អាចទៅចុះឈ្មោះ ដោយមានអត្តសញ្ញាណប័ណ្ណ ប៉ុន្តែបើអ្នកមិនមានអត្តសញ្ញាណប័ណ្ណទេ ប្រជាពលរដ្ឋត្រូវមានរូបថតពីរសន្លឹក និងមានការបញ្ជាក់ទីលំនៅពីភូមិ ឃុំ។
ប៉ុន្តែ មន្ត្រីគណបក្សប្រឆាំងចោទថា មន្ត្រីចុះឈ្មោះនៅតាមឃុំ-សង្កាត់ និងស្មៀនឃុំ នៅពេលពួកគេដឹងថា ប្រជាពលរដ្ឋណាមាននិន្នាការគាំទ្រគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ពួកគេមិនចុះឈ្មោះឲ្យនោះទេ ដោយយកលេសថា ប្រជាពលរដ្ឋនោះមានឯកសារពុំគ្រប់គ្រាន់៖ «ទាំងអស់ហ្នឹង សុទ្ធតែជារឿងអយុត្តិធម៌ គួរតែអង្គការសង្គមស៊ីវិល បើមានលទ្ធភាពដាក់អ្នកសង្កេតការណ៍ឲ្យគ្រប់ទាំង១.៦៣៣ឃុំ-សង្កាត់ គឺជាការល្អ ប្រព័ន្ធការចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតរបស់ គ.ជ.ប គឺចាត់ទុកថាមិនបានការ មិនផ្លូវការទេ»។
ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ លោក គី គឹមសេង ថ្លែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្ត្រីរៀបចំការបោះឆ្នោតនៅតាមខេត្ត-ក្រុងនានា បានបើកយុទ្ធការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋនាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។ លោកបន្តថា តាមការប៉ាន់ស្មាន អ្នកដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ក្នុងខេត្តបន្ទាយមានជ័យ មាន២៣.៦០១នាក់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសឲ្យមន្ត្រីរៀបចំការបោះឆ្នោតទាំង១.៦៣៣ឃុំ-សង្កាត់ នៅទូទាំងប្រទេស ត្រូវចាប់ផ្ដើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះអ្នកបោះឆ្នោត តាំងពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ទើបបញ្ចប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។