គ្រូ​បងៀន​និង​សិស្ស​ជួប​គ្នា​ស្វែង​យល់​ពី​ដំណើរការ​កាត់​ក្តី​អតីត​មេ​​ខ្មែរ​ក្រហម

គ្រូ​បង្រៀន​និង​សិស្សា​នុសិស្ស​ប្រមាណ​៤​ពាន់​នាក់ បាន​ជួបជុំ​គ្នា​នៅ​ឯ​វិទ្យាល័យ​ហ៊ុន សែន តាខ្មៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​តុលា ដើម្បី​ស្វែងយល់​ពី​ដំណើរការ​កាត់ក្តី​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម។

0:00 / 0:00

សិស្ស​សាលា​នៅ​ជាយ​ក្រុង​ភ្នំពេញ បាន​លើក​សំណួរ​ចំពោះ​មន្ត្រី​សាលាក្តី​ខ្មែរ​ក្រហម អំពី​ពេល​វេលា​ដំណើរការ​សាលាក្តី​ខ្មែរ​ក្រហម​និង​ចង់​ដឹង​ថា តើ​ការ​កាត់​ក្តី​នោះ​អាច​ពន្យារ​ដល់​ពេល​ណា?

លោក រាជ សម្បត្តិ មន្ត្រី​ទំនាក់​ទំនង​សាធារណៈ​របស់​សាលាក្តី​បាន​មាន​ប្រសាសន៍​ថា ការ​កាត់ក្តី​នោះ​អាច​ចប់​ទាំង​អស់​នៅ​ឆ្នាំ​២០១២ ឬ ២០១៣។

ការ​ថ្លែង​ឲ្យ​ដឹង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ គឺ​លោក រាជ សម្បត្តិ ក្នុង​ជំនួប​ជាមួយ​គ្រូ​បង្រៀន​និង​សិស្ស​សាលា នៅ​ឯ​វិទ្យាល័យ​ហ៊ុន សែន តាខ្មៅ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ តុលា ឆ្នាំ​២០០៩។

លោក រាជ សម្បត្តិ បាន​ថ្លែង​ដូច្នេះ ៖ «គឺ​ឥឡូវ​នេះ​សំណុំ​រឿង​០០២ គេ​នឹង​បញ្ជូន​រឿង​ទៅ​ជំនុំ​ជម្រះ​ក្ដី​នៅ​ខែ​១២ ខាង​មុខ​នេះ»

លោក រាជ សម្បត្តិ មាន​ប្រសាសន៍​បន្ត​ថា សំណុំ​រឿង​ក្តី​ឧក្រិដ្ឋកម្ម​លេខ​០០២ ដែល​មាន​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ខ្ពស់​បំផុត​ចំនួន​៤​រូប គឺ​លោក ខៀវ សំផន, នួន ជា, អៀង សារី និង​លោកស្រី អៀង ធីរិទ្ធ នឹង​ត្រូវ​តុលាការ​ជំនុំ​ជម្រះ​នៅ​ឆ្នាំ​២០១០ ក៏​ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​អំពី​ពេល​វេលា​ជាក់​លាក់​ណា​មួយ​នៅ​ឡើយ​ទេ។

ទាក់​ទង​ជាមួយ​ពេល​វេលា​កាត់​ក្តី​នេះ លោក រាជ សម្បត្តិ ប្រធាន​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ឆ្លើយ​តប​ថា ៖ «យើង​អត់​ពន្យារ​ទេ ប៉ុន្តែ​គេ​ត្រូវ​ធ្វើ​តាម​របៀប។ បើ​កាល​ណា​គេ​ធ្វើ​លឿន​ពេក ប្អូន​ថា ធ្វើ​អី​លឿន​ម៉្លេះ? យើង​គិត​ថា ប្រហែល​ជា​២០១២ ឬ ២០១៣​យ៉ាង​យូរ នឹង​ចប់​ការ​កាត់ក្តី​ទាំងអស់ លែង​មាន​ហើយ»

ក្នុង​ជំនួប​ជាមួយ​គ្រូ​បង្រៀន​និង​សិស្ស​សាលា​ប្រមាណ​៤​ពាន់​នាក់ នៅ​ឯ​វិទ្យាល័យ​ហ៊ុន សែន តាខ្មៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ តុលា ឆ្នាំ​២០០៩ ដើម្បី​ផ្សព្វផ្សាយ​អំពី​សាលា​ក្តី​ខ្មែរ​ក្រហម ត្រូវ​គ្រូ​បង្រៀន​មួយ​រូប គឺ​លោក ហែម សុខល័ក្ខ ចាប់​អារម្មណ៍​ថា ជា​ការ​ផ្សព្វផ្សាយ​ដើម្បី​បន្ថយ​ទុក្ខសោក​ខ្លះ។

លោក ហែម សុខល័ក្ខ មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​ឃើញ​ថា ខាង​តំណាង​សាលាក្ដី​គេ​អញ្ជើញ​មក​នេះ គេ​មាន​ធ្វើ​បទសម្ភាសន៍ ឬ​ក៏​សួរ​សំណួរ​ចម្លើយ​ជាមួយ​សិស្ស​សាលា​ខ្ញុំ​ហ្នឹង ធ្វើ​ឲ្យ​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​ធ្លាប់​តែ​កើត​មាន​លើ​ឪពុក​ម្ដាយ ជីដូន​ជីតា​របស់​សិស្ស​យើង​ខ្ញុំ​ហ្នឹង ក៏​ដូច​ជា​ខ្ញុំ​ផង​ដែរ ត្រូវ​បាន​រសាយ​មួយ​ចំនួន​ធំ»

ជាមួយ​គ្នា​នេះ​ដែរ​មន្ត្រី​សម្រប​សម្រួល​ការ​ផ្សព្វផ្សាយ​នៃ​អង្គភាព​គាំទ្រ​ជន​រងគ្រោះ នៅ​សាលាក្តី​ខ្មែរ​ក្រហម លោក នៅ កាស៊ី ថ្លែង​ថា ឆ្លុះ​បញ្ចាំង​តាម​ការ​សួរ​ដេញ​ដោល​ផុលផុស​ពីយុវសិស្ស គឺ​ជា​ការ​បង្ហាញ​នូវ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​សាលាក្តី​ខ្មែរ​ក្រហម​ពី​សំណាក់​ពលរដ្ឋ។

សាលាក្តី​ខ្មែរ​ក្រហម​គ្រោង​នឹង​បិទ​សំណុំ​រឿង​លេខ​០០១ របស់​ជនជាប់​ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច ចុង​ឆ្នាំ​២០០៩​នេះ៕