សិស្សសាលានៅជាយក្រុងភ្នំពេញ បានលើកសំណួរចំពោះមន្ត្រីសាលាក្តីខ្មែរក្រហម អំពីពេលវេលាដំណើរការសាលាក្តីខ្មែរក្រហមនិងចង់ដឹងថា តើការកាត់ក្តីនោះអាចពន្យារដល់ពេលណា?
លោក រាជ សម្បត្តិ មន្ត្រីទំនាក់ទំនងសាធារណៈរបស់សាលាក្តីបានមានប្រសាសន៍ថា ការកាត់ក្តីនោះអាចចប់ទាំងអស់នៅឆ្នាំ២០១២ ឬ ២០១៣។
ការថ្លែងឲ្យដឹងនេះ ត្រូវបានធ្វើឡើងដោយប្រធានផ្នែកកិច្ចការសាធារណៈ គឺលោក រាជ សម្បត្តិ ក្នុងជំនួបជាមួយគ្រូបង្រៀននិងសិស្សសាលា នៅឯវិទ្យាល័យហ៊ុន សែន តាខ្មៅ កាលពីព្រឹកថ្ងៃទី២៨ តុលា ឆ្នាំ២០០៩។
លោក រាជ សម្បត្តិ បានថ្លែងដូច្នេះ ៖ «គឺឥឡូវនេះសំណុំរឿង០០២ គេនឹងបញ្ជូនរឿងទៅជំនុំជម្រះក្ដីនៅខែ១២ ខាងមុខនេះ»។
លោក រាជ សម្បត្តិ មានប្រសាសន៍បន្តថា សំណុំរឿងក្តីឧក្រិដ្ឋកម្មលេខ០០២ ដែលមានអតីតមេដឹកនាំខ្មែរក្រហមខ្ពស់បំផុតចំនួន៤រូប គឺលោក ខៀវ សំផន, នួន ជា, អៀង សារី និងលោកស្រី អៀង ធីរិទ្ធ នឹងត្រូវតុលាការជំនុំជម្រះនៅឆ្នាំ២០១០ ក៏ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់អំពីពេលវេលាជាក់លាក់ណាមួយនៅឡើយទេ។
ទាក់ទងជាមួយពេលវេលាកាត់ក្តីនេះ លោក រាជ សម្បត្តិ ប្រធានកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហមឆ្លើយតបថា ៖ «យើងអត់ពន្យារទេ ប៉ុន្តែគេត្រូវធ្វើតាមរបៀប។ បើកាលណាគេធ្វើលឿនពេក ប្អូនថា ធ្វើអីលឿនម៉្លេះ? យើងគិតថា ប្រហែលជា២០១២ ឬ ២០១៣យ៉ាងយូរ នឹងចប់ការកាត់ក្តីទាំងអស់ លែងមានហើយ»។
ក្នុងជំនួបជាមួយគ្រូបង្រៀននិងសិស្សសាលាប្រមាណ៤ពាន់នាក់ នៅឯវិទ្យាល័យហ៊ុន សែន តាខ្មៅកាលពីព្រឹកថ្ងៃទី២៨ តុលា ឆ្នាំ២០០៩ ដើម្បីផ្សព្វផ្សាយអំពីសាលាក្តីខ្មែរក្រហម ត្រូវគ្រូបង្រៀនមួយរូប គឺលោក ហែម សុខល័ក្ខ ចាប់អារម្មណ៍ថា ជាការផ្សព្វផ្សាយដើម្បីបន្ថយទុក្ខសោកខ្លះ។
លោក ហែម សុខល័ក្ខ មានប្រសាសន៍ដូច្នេះ ៖ «យើងឃើញថា ខាងតំណាងសាលាក្ដីគេអញ្ជើញមកនេះ គេមានធ្វើបទសម្ភាសន៍ ឬក៏សួរសំណួរចម្លើយជាមួយសិស្សសាលាខ្ញុំហ្នឹង ធ្វើឲ្យទុក្ខលំបាកទាំងប៉ុន្មានដែលធ្លាប់តែកើតមានលើឪពុកម្ដាយ ជីដូនជីតារបស់សិស្សយើងខ្ញុំហ្នឹង ក៏ដូចជាខ្ញុំផងដែរ ត្រូវបានរសាយមួយចំនួនធំ»។
ជាមួយគ្នានេះដែរមន្ត្រីសម្របសម្រួលការផ្សព្វផ្សាយនៃអង្គភាពគាំទ្រជនរងគ្រោះ នៅសាលាក្តីខ្មែរក្រហម លោក នៅ កាស៊ី ថ្លែងថា ឆ្លុះបញ្ចាំងតាមការសួរដេញដោលផុលផុសពីយុវសិស្ស គឺជាការបង្ហាញនូវការចាប់អារម្មណ៍ខ្លាំងចំពោះសាលាក្តីខ្មែរក្រហមពីសំណាក់ពលរដ្ឋ។
សាលាក្តីខ្មែរក្រហមគ្រោងនឹងបិទសំណុំរឿងលេខ០០១ របស់ជនជាប់ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច ចុងឆ្នាំ២០០៩នេះ៕
