មន្ត្រី​ប្រកាស​ទទួល​ពាក្យ​ស្នើ​សុំ​ចូល​គោរព​ព្រះ​បរម​សព

គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ប្រកាស​ទទួល​ពាក្យ​ស្នើ​សុំ​ពី​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ ដើម្បី​អនុញ្ញាត​ឲ្យ​ចូល​គោរព​ព្រះ​បរម​សព​របស់​ព្រះអង្គ​ផ្ទាល់ ដែល​តម្កល់​នៅ​ក្នុង​ព្រះ​បរម​រាជវាំង។
ដោយ ទេព សុរ៉ាវី
2012-10-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ស្ដេច សីហនុ ៣០៥
ព្រះ​សង្ឃ​ជា​ច្រើន​ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​អតីត​ព្រះ​មហាក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង កាល​ពី​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១២។
RFA/Van Vichar

គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព ព្រះបាទ នរោត្តម សីហនុ ចាប់​ផ្ដើម​បើក​ទូលាយ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​គោរព​ព្រះ​បរម​សព​ក្នុង​ព្រះ​រាជវាំង​ដោយ​ផ្ទាល់ ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា នេះ​ត​ទៅ ក្នុង​អំឡុង​ពេល​ដែល​ព្រះ​បរម​សព​ត្រូវ​តម្កល់​ក្នុង​ព្រះ​រាជវាំង ៣​ខែ។

លោក ញឹក ប៊ុនឆៃ ឧបនាយករដ្ឋមន្រ្តី និង​ជា​អនុ​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា នេះ​ត​ទៅ ពោល​គឺ ១​ថ្ងៃ​ក្រោយ​ពេល​បញ្ចប់​ពិធី​បុណ្យ​កាន់​ទុក្ខ​ជា​ផ្លូវ​ការ ៧​ថ្ងៃ​ចប់​សព្វគ្រប់ ខាង​គណៈកម្មាធិការ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព នឹង​ផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​គោរព​ព្រះ​បរម​សព​របស់​ព្រះបាទ នរោត្តម សីហនុ ផ្ទាល់​ក្នុង​ព្រះ​បរម​រាជវាំង។

លោក ញឹក ប៊ុនឆៃ បន្ត​ថា ដោយសារ​តែ​ចំនួន​ប្រជាពលរដ្ឋ​មាន​ច្រើន ដូច្នេះ​ការ​ស្នើ​សុំ​គោរព​ព្រះ​បរម​សព មិន​អាច​ធ្វើ​ដោយ​ឯកជន​បាន​ទេ។ ប៉ុន្តែ​ពួក​គេ​អាច​បង្កើត​ជា​ក្រុម​ក្នុង​តំបន់​រស់​នៅ​របស់​ខ្លួន​ក្នុង​ការ​ដាក់​លិខិត​ស្នើ​សុំ​ដើម្បី​ខាង​គណៈកម្មាធិការ​ងាយ​ស្រួល​ចាត់ចែង​ពេល​វេលា​ឲ្យ​ចូល​គោរព​ព្រះ​បរម​សព និង​អាច​រក្សា​សណ្ដាប់ធ្នាប់​របៀប​រៀបរយ និង​សន្តិសុខ​បាន​ល្អ។

លោក ញឹក ប៊ុនឆៃ៖ «កាល​ណា​យើង​បើក​ទូលាយ​ដោយ​សេរី ដោយ​មិន​មាន​រៀបចំ​ឲ្យ​មាន​របៀប​អី​អ៊ីចឹង​ទៅ វា​ពិបាក​មាន​បញ្ហា​មនុស្ស​ច្រើន បាន​ត្រូវ​ឲ្យ​មាន​ការ​ដាក់​ពាក្យ​សុំ​ទៅ​ដើម្បី​ចាត់​តាម​លំដាប់​លំដោយ។ ដាក់​ម្នាក់ៗ​មិន​ងាយ មិន​ងាយ​ចាត់ចែង​នរណា​បាន​ទេ តាម​មើល​នោះ ទាល់​តែ​ដាក់​ក្រុម​មក ប៉ុន្មាន​នាក់​អ៊ីចឹង ពី​ស្រុក​ណា ពី​ភូមិ​ណា ពី​ខេត្ត​ណា​អី​អ៊ីចឹង ហើយ​ខាង​ខ្ញុំ​ចាត់ចែង​នរណា​ដាក់​មុន​បាន​មុន នរណា​ដាក់​បន្ត​បន្ទាប់​ទៅ»

លោក ញឹក ប៊ុនឆៃ បន្ថែម​ថា ចំពោះ​មន្ត្រី​រាជការ​នៅ​តាម​ស្ថាប័ន​ក្រសួង​នានា ដែល​មិន​ទាន់​គោរព​ព្រះ​បរម​សព​ព្រះអង្គ ក៏​ត្រូវ​អនុវត្ត​ដូច​គ្នា​ចំពោះ​លក្ខន្តិក​នេះ ដោយ​ត្រូវ​ស្នើ​សុំ​ពាក្យ​នៅ​ការិយាល័យ​នៃ​គណៈកម្មាធិការ​រៀបចំ​ព្រះ​បរម​សព​នៅ​ជិត​ព្រះ​បរម​រាជវាំង។

ទោះ​ជា​យ៉ាង​ណា នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា មិន​ទាន់​ឃើញ​មាន​ប្រជាពលរដ្ឋ​ណា​បាន​ចូល​គោរព​ព្រះ​បរម​សព​ព្រះបាទ នរោត្តម សីហនុ នៅ​ឡើយ​ទេ ដោយ​ពួក​គេ​ខ្វះ​ព័ត៌មាន​នៃ​ការ​ស្នើ​សុំ​ពាក្យ​ចូល​គោរព​ព្រះ​បរម​សព។ តែ​គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​បន្ត​ទៅ​គោរព​ព្រះ​បរម​សព​ព្រះអង្គ​នៅ​ខាង​ក្រៅ​ព្រះ​បរម​រាជវាំង​ដដែល បើ​ទោះ​បី​ជា​ថ្ងៃ​បុណ្យ​កាន់​ទុក្ខ​ព្រះ​បរម​សព​ជា​ផ្លូវ​ការ ៧​ថ្ងៃ បាន​បញ្ចប់​ទៅ​ហើយ​នោះ។

ក្នុង​ពិធី​បុណ្យ​កាន់​ទុក្ខ​ព្រះ​បរម​សព​ថ្ងៃ​ចុង​ក្រោយ មាន​ព្រះអង្គ ១​ម៉ឺន​អង្គ និង​ប្រជាពលរដ្ឋ​ច្រើន​ម៉ឺន​នាក់​ទៀត បាន​សូត្រ​ធម៌ បង្សុកូល​ថ្វាយ​ដល់​ព្រះ​បរម​សព​ព្រះអង្គ​នៅ​មុខ​ព្រះ​បរម​រាជវាំង។

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​បញ្ជាក់​ថា កាលបរិច្ឆេទ​ច្បាស់លាស់​នៃ​ការ​បូជា​ព្រះ​បរម​សព​ព្រះបាទ នរោត្តម សីហនុ នៅ​មិន​ទាន់​ប្រជុំ​កំណត់​ឲ្យ​ច្បាស់​នៅ​ឡើយ​ទេ។

ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ បាន​សោយ​ទិវង្គត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​រោគ​គាំងបេះដូង ក្នុង​ព្រះជន្ម ៩០​ព្រះ​វស្សា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ហុងណាំហោ

ពី ភ្នំពេញ

ពេលព្រះអង្កនៅគង់ព្រះជននៅឡើយមិនដែលឮថាបើកឱ្យ
ប្រជាជនចូលគាល់ម្ដងណាទេតែដល់ព្រះអង្កអស់ព្រះជន
ទៅហើយបែជាមានប្រកាសឱ្យចូលគាល់សំពះព្រះសព្វទៅ
វិញ។ទោះជាប្រជាជនមួយនគរចូលគាល់ក៍ព្រះអង្កមិនទ្រង់
ជ្រាបដែរមានតែចង់បានសន្លឹកឆ្នោតទើបធ្វើដូច្នេះ។

Oct 25, 2012 09:16 PM