អ្នក​ភូមិ​នៅ​ស្រុក​ស្វាយលើ​ខេត្ត​សៀមរាប​ហូប​ក្ដួច​ជំនួស​បាយ

ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន រស់នៅ​ក្នុង​ឃុំ​ស្វាយលើ និង​ឃុំ​តាសៀម ស្រុក​ស្វាយលើ ចម្ងាយ​ប្រមាណ​ជាង ៧០​គីឡូម៉ែត្រ ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប កំពុង​នាំ​គ្នា​ដើរ​ចូល​ព្រៃ​រក​ជីក​មើម​ក្ដួច ដើម្បី​ចំអិន​បរិភោគ​ជំនួស​បាយ នៅ​ក្នុង​រដូវ​វស្សា​ឆ្នាំ​២០១២។
ដោយ ហង្ស សាវយុត
2012-09-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
យ៉ែម ថយ កំពុង​ជ្រាវ​ក្ដួច ៣០៥
២០-កញ្ញា-២០១២៖ លោកស្រី យ៉ែម ថយ កំពុង​ជ្រាវ​ក្ដួច ដែល​គាត់​ដាក់​ត្រាំ​ទឹក​ឱ្យ​សាប​ជាតិ​ពុល មុន​នឹង​យក​មក​ផ្ទះ​ដើម្បី​ចំអិន​ចែក​គ្នា​ហូប នៅ​ភូមិ​អង្កាញ់ ឃុំ​ស្វាយលើ ស្រុក​ស្វាយលើ ខេត្ត​សៀមរាប។
RFA/Hang Savyouth

ពួក​គេ​បាន​ឱ្យ​ដឹង​ថា ទឹក​ជំនន់​ដែល​បំផ្លាញ​ផល​ស្រូវ កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​របស់​ពួក​គេ កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ខ្វះ​ស្បៀង​ប្រចាំ​ថ្ងៃ​យ៉ាង​ខ្លាំង។

ស្ត្រី​ឈ្មោះ ឃុត រិន រស់នៅ​ក្នុង​ភូមិ​អង្កាញ់ ឃុំ​ស្វាយលើ នា​ភូមិ​សាស្ត្រ​តំបន់​ក្បាល​ប្រើស ដែល​ក្នុង​ខ្ទម​របស់​គាត់ មាន​នៅ​សល់​ចំណិត​មើម​ក្ដួច​មួយ​ចង្អេរ​នៅ​ឡើយ។ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​មាន​ដី​ស្រែ​ទំហំ​ប្រមាណ ១,៥​ហិកតារ ក៏ប៉ុន្តែ ទឹក​ជំនន់​បាន​បំផ្លាញ​ផល​ស្រូវ​របស់​គាត់​អស់ កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ បណ្ដាល​ឱ្យ​ឆ្នាំ​នេះ​គ្រួសារ​របស់​គាត់​ត្រូវ​ខ្វះ​ស្បៀង។

ស្ត្រី​ដដែល​បាន​បញ្ជាក់​ថា គាត់​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ចំនួន ២០០​ដុល្លារ​ហើយ ដើម្បី​យក​មក​ទិញ​អង្ករ ក៏ប៉ុន្តែ ស្បៀង​របស់​គាត់​នៅ​តែ​មិន​គ្រប់គ្រាន់៖ «អូយ! បង្ខំ​ចិត្ត​នុះ​ហើយ ខ្ញុំ​វា​មិន​សូវ​ស្ម័គ្រ​ហូប​ដែរ​ទេ ប្រសិន​បើ​មាន​បាយ ខ្ញុំ​មិន​ហូប​ទេ។ ហូប​២ខែ​មក​ហើយ ខែ​អត់​បាយ​ក៏​ខ្ញុំ​ដើរ​រក​ខ្ចី​បង​ប្អូន អ្នក​ស្រុក ទៅ​យក​លុយ អេ.ស៊ី.លី.ដា (ACLEDA) អី​ទិញ​ជំនួស​ខ្លះ​ទៅ ដល់​បាន​ស្រូវ​បន្តិច​បន្តួច​ទៅ ក៏​សង​គេ​អស់។ ជីវភាព​ក្រុម​គ្រួសារ​ខ្ញុំ វា​ធ្លាប់​តែ​អត់​បាយ​ហូប​អីចេះ​ឯង។ បើ​មាន​បាយ​ក៏​ខ្ញុំ​មិន​ដែល​ហូប​ទេ​ក្ដួច។ បង​ប្អូន​ណា​គេ​ចំអក​អី​ក៏​ចំអក​ទៅ ខ្ញុំ​គ្មាន​ចាប់​អារម្មណ៍​ថា​គេ​ចំអក​អី​ឱ្យ​ទេ»

ចំណែក​លោកស្រី យ៉ែម ថយ នៅ​ភូមិ​អង្កាញ់​ដែរ បាន​មាន​ប្រសាសន៍​ថា គ្រួសារ​របស់​គាត់​ដែល​មាន​សមាជិក​ចំនួន ៧នាក់ បាន​ដើរ​ជីក​មើម​ក្ដួច​មក​ចំអិន​លាយ​បាយ​ហូប​រយៈពេល​ចំនួន ២​ខែ​មក​ហើយ​ដែរ។ គាត់​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន នៅ​លើ​ផ្ទះ​របស់​គាត់​នៅ​សល់​អង្ករ​មិន​ដល់ ១០គីឡូ​ក្រាម​ទេ ហើយ​ប្រសិន​បើ​គាត់​មិន​ដើរ​ជីក​មើម​ក្ដួច​ចំអិន​លាយ​បាយ​ហូប​ទេ គឺ​គ្រួសារ​គាត់​នឹង​គ្មាន​អង្ករ​ហូប​គ្រប់​គ្រាន់​ឡើយ៖ «ស្រូវ​ខ្ញុំ​រលួយ​អស់ ដល់​ស្បើយ​អង្ករ ក៏​ខ្ញុំ​ជីក​ក្ដួច​ហូប​ផង។ នោះ​អង្ករ​នៅ​ក្នុង​ធុង​បន្តិច។ ខ្ញុំ​ទើប​តែ​ជីក​ហូប​ឆ្នាំ​នេះ​ឯង ស្បើយ​ដែរ​ទឹក​លិច​ណាស់​ពេក។ ទាល់​តែ​ដល់​ស្រូវ​បែក ស្រូវ​ទុំ​ហ្នឹង បាន​ខ្ញុំ​ឈប់​ហូប​ក្ដួច​ជំនួស​បាយ។ ដើរ​ជីក​តាម​ដុប​មូស​ខាំ​វ៉ៃ»

គេ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ប្រហែល ៦០​គ្រួសារ រស់នៅ​ឃុំ​តាសៀម និង​ឃុំ​ស្វាយលើ ស្រុក​ស្វាយលើ កំពុង​នាំ​គ្នា​ដើរ​ចូល​ព្រៃ ដើម្បី​ជីក​ក្ដួច​មក​ចំអិន​ហូប​ជំនួស​បាយ​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក ញឹក រ៉ែម ជា​មេ​ឃុំ​តាសៀម បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឃុំ​របស់​លោក​បច្ចុប្បន្ន គឺ​មាន​ប្រជាពលរដ្ឋ​ជាង ៥.៩០០​នាក់ ហើយ​ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ២៥​គ្រួសារ កំពុង​ខ្វះ​ខាត​ខ្លាំង ដោយ​នាំ​គ្នា​ដើរ​ជីក​ក្ដួច​មក​ចំអិន​ហូប​ជំនួស​បាយ៖ «អា​ហ្នឹង​គាត់​ចាប់​ផ្ដើម​ហូប​ពី​ខែ​កញ្ញា ទៅ​ទល់​គ្នា​នឹង​ខែ​វិច្ឆិកា។ មាន​ស្រូវ​ស្រាល​ខ្លះៗ​ហើយ ដែល​គាត់​ហូប​ហ្នឹង មក​អំពី​ទីមួយ ខ្វះ​ថវិកា​ទិញ​ស្បៀង​អាហារ ដី​ក៏​ខ្វះ។ ជាក់​ស្ដែង ដូច​នៅ​ភូមិ​ត្រពាំងទឹម គឺ​៥គ្រួសារ​នោះ​អត់​ដី​ទទេ។ ដល់​ខ្ញុំ​ក៏​អត់​មាន​លទ្ធភាព​ជួយ។ ចុង​បញ្ចប់ ថា​សុំ​ដី​ជួយ​សម្រាប់​គាត់ ដល់​មិន​ចែក​គាត់ ទៅ​ចែក​តែ​អ្នក​មាន អ្នក​អត់​នៅ​តែ​អត់​ដដែល»

កាល​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា កន្លង​ទៅ សាខា​កាក​បាទ​ក្រហម​ខេត្ត​សៀមរាប បាន​នាំ​យក​ស្បៀង​អាហារ​ទៅ​ចែក​ឱ្យ​ប្រជាពលរដ្ឋ ដែល​ចំអិន​ក្ដួច​ហូប​ទាំង​នោះ ក៏ប៉ុន្តែ​ជំនួយ​មនុស្ស​ធម៌ គឺ​មាន​តិច​តួច ដោយ​ចែក​បាន​ទៅ​ឱ្យ​អ្នក​ភូមិ​អូរ​ប្រាំព្យាម ចំនួន​តែ ៩គ្រួសារ​ប៉ុណ្ណោះ។

លោក ចៅ សែន ជា​អភិបាល​ស្រុក​ស្វាយលើ បាន​មាន​ប្រសាសន៍​ថា ថ្មីៗ​នេះ​លោក​បាន​បញ្ជូន​មន្ត្រី​របស់​លោក ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​ក្នុង​ឃុំ​ស្វាយលើ និង​ឃុំ​តាសៀម ដើម្បី​រក​ចំនួន​ប្រជាពលរដ្ឋ​ដែល​ហូប​ក្ដួច ឱ្យ​ដឹង​ពិត​ប្រាកដ។ លោក​អភិបាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​ខ្វះ​ស្បៀង​ទាំង​នោះ អាច​បណ្ដាល​មក​ពី​ផល​ស្រូវ​ខូច​ខាត​កាល​ពី​ឆ្នាំ​មុន៖ «ឥឡូវ​នេះ កំពុង​ចុះ​ពិនិត្យ​ទៀត ឃើញ​មាន ៣៧​គ្រួសារ​ទៀត​នៅ​ឯ​ក្នុង​ភូមិ​អង្កាញ់ (ឃុំ​ស្វាយលើ) កំពុង​តែ​ធ្វើ​ពាក្យ​ស្នើសុំ​ទៅ​កាកបាទ​ក្រហម​ខេត្ត។ នៅ​តាសៀម ខ្ញុំ​ឱ្យ​គេ​ចុះ​ស្រាវជ្រាវ​ហើយ តែ​គេ​អត់​ទាន់​បាន​ផ្តល់​ព័ត៌មាន»

កាល​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លង​ទៅ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៤ គឺ​អង្គការ​ឃែរ (CARE) អង្គការ​អុកស្វាម (OXFAM) អង្គការ​ផាក (PACT) និង​អង្គការ​សេវា​សង្គ្រោះ​កាតូលិក (CATHOLIC RELIEF SERVICE) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​បញ្ជាក់​ថា ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០១១ បាន​ធ្វើ​ឱ្យ​កសិករ​ខ្មែរ​រាប់​ពាន់​នាក់ ប្រឈម​មុខ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​លើ​បំណុល។ តាម​ធម្មតា កសិករ​ខ្ចី​ដើម​ទុន​ទាំង​នោះ សម្រាប់​រដូវ​ដាំ​ដុះ​ខាង​មុខ។ ក៏ប៉ុន្តែ គេ​រក​ឃើញ​ថា ស្ទើរ​តែ​មួយ​ភាគ​បួន នៃ​កម្ចី​ទាំង​នោះ ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការ​ចំណាយ​ជា​បន្ទាន់​ទៅ​លើ​ចំណី​អាហារ សុខភាព និង​ការ​អប់រំ ជាដើម។

កាល​ពី​ថ្ងៃ​ទី២១ ខែ​កញ្ញា កន្លង​ទៅ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា បាន​អះអាង​ថា កម្ពុជា​អាច​សម្រេច​កាត់​បន្ថយ​ភាព​ក្រីក្រ​ឲ្យ​ចុះ​នៅ​ត្រឹម ១៩,៤% នៅ​ឆ្នាំ​២០១៣ ខាង​មុខ។ កម្ពុជា​គិត​ថា នេះ​ជា​ជោគជ័យ​មុន​កាល​កំណត់​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​កំណត់​ទិសដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ថ្មី​ឲ្យ​កម្ពុជា មុន​រយៈពេល​ពីរ​ឆ្នាំ។

រដ្ឋាភិបាល​បញ្ជាក់​ថា កម្ពុជា​សម្រេច​កាត់​បន្ថយ​អត្រា​ភាព​ក្រីក្រ ឱ្យ​ចុះ​​មក​ត្រឹម ២០% ក្នុង​ឆ្នាំ​២០១២ នេះ ហើយ​នឹង​អាច​ធ្លាក់​ចុះ​មក​ត្រឹម ១៩,៤% ក្នុង​ឆ្នាំ​២០១៣ ខាង​មុខ។ ការ​រំពឹង​ទុក​នេះ ដោយ​ផ្អែក​លើ​កំណើន​សេដ្ឋកិច្ច​ប្រមាណ ៧,១% កាល​ពី​ឆ្នាំ​២០១១ បើ​ទោះ​បី​ជា​មាន​គ្រោះ​ទឹក​ជំនន់​ក៏ដោយ។ ក៏ប៉ុន្តែ កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១១ កន្លង​ទៅ អង្គការ​យូនីសេហ្វ (UNICEF) ធ្លាប់​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​និយាយ​ថា កម្ពុជា​ពេល​បច្ចុប្បន្ន នៅ​ខ្វះ​ប្រព័ន្ធ​ការងារ​ផ្នែក​សង្គម ដែល​មាន​ដំណើរ​ការ​ល្អ ដើម្បី​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់ នៃ​គ្រោះ​ធម្មជាតិ​ទៅ​លើ​ជន​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​នៅ​ឡើយ។ បញ្ហា​មួយ​ទៀត គឺ​គម្លាត​កាន់​តែ​មាន​ធំ​ឡើង រវាង​អ្នក​មាន និង​អ្នក​ក្រ ដែល​កំពុង​បង្កើន​នូវ​ឧបសគ្គ​ដល់​សេវាកម្ម​នានា សម្រាប់​ជន​ក្រីក្រ​បំផុត​នៅ​កម្ពុជា។

អង្គការ​យូនីសេហ្វ បាន​បញ្ជាក់​ថា គម្លាត​ធំ​រវាង​អ្នក​មាន និង​អ្នក​ក្រ​នៅ​កម្ពុជា កំពុង​ធ្វើ​ឱ្យ​គ្រួសារ​ក្រីក្រ​បំផុត ស្ថិត​នៅ​ក្រោម​គំនូស​កំណត់ នៃ​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្ស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី សៀម​រាប

លោក ហ៊ុន សែន និងមន្រ្តីបក្សពួកខ្លួន មានដឹង​លឺពត៏មាននេះទេ តើពួកគាត់កាន់អំនាចដើម្បីសំលាប់ប្រជាជនក្រីក្រ ដើម្បីឲ្យពួកគាត់រស់នៅមានបានតែឯងឬ? រឺក៏នេះហៅថាកាត់បន្ថយភាពក្រីក្រ គឺឲ្យអ្នកក្រស្លាប់ឲ្យអស់ ឲ្យនៅសល់តែអ្នកមាន?

Sep 27, 2012 12:43 AM

អ្នក​អាន​អនាមិក

រដ្ឋាភិបាលមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយទេ
ព្រោះថារាស្ត្រពិតជាដើរជីកក្តួចមកបំពេញបនែ្ថមទៅលើអង្ករដែលជិតអស់ពីពាង
ជាមិនខាន។
រដ្ឋាភិបាលមានគោលនយោបាយកាត់បន្ថយភាពក្រីក្រ គឺកាត់អ្នកក្រអោយនៅ
ឆ្ងាយពីអ្នកមាន៕

Sep 26, 2012 11:55 PM

kd

hun sen and bun heang are very useless! What they are preaching and practicing in real life for Khmers are completely contradicting. hun sen will never be able to cut down poverty level in Cambodia since he can never eliminate corruption in his administration for the past 30 years. hun sen just brags and nothing has been done in his administration to help the poor. hun sen should not stay in his current job since he has failed to do his job right. How can hun sen say the country is going in the right direction?

Sep 26, 2012 11:53 PM

អ្នក​អាន​អនាមិក

Don't worry Mr. Hun Sen never let some one die by hunger. Because he lets people find KDUOCH to eat. bravo!bravo! win win politic of KATE BONDETH

Sep 26, 2012 11:18 PM

អ្នក​អាន​អនាមិក

Gov't has rice to export while its people have no rice to eat. What does that mean to us?

Sep 26, 2012 11:15 PM

មើល​មតិ​ទាំង​អស់.