ប្រជាពលរដ្ឋឈ្មោះ លោក រ៉ាន រ៉ា រស់នៅភូមិតាប៉ើ ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង មានប្រសាសន៍នៅថ្ងៃទី៨ មិថុនា នេះថា រូបគាត់ផ្ទាល់ និងអ្នកភូមិជាច្រើននាក់ទៀត ដែលរស់នៅក្នុងឃុំនេះ ម្នាក់ៗតែងមានការរំភើបរីករាយនៅពេលដឹងថា មេឃុំមកពីគណបក្សថ្មី មកដឹកនាំឃុំរបស់គាត់។ លោក រ៉ា បន្ថែមថា សប្បាយចិត្តនឹងមេឃុំថ្មីនេះ ដោយសារតែមេឃុំចាស់មិនបានបំពេញបំណងរបស់ប្រជាពលរដ្ឋ ដែលសុំឲ្យដោះស្រាយបញ្ហាផ្សេងៗ មានការពិបាកក្នុងការទំនាក់ទំនងការងារម្ដងៗ និងការអភិវឌ្ឍមានការយឺតយ៉ាវជាដើម។ ម្យ៉ាងវិញទៀត ពួកគាត់មានការធុញទ្រាន់ក្នុងការដឹកនាំដដែលៗ របស់មេឃុំចាស់នោះ។
លោក រ៉ាន រ៉ា៖ «មេឃុំចាស់ គាត់មិនសូវបានបំរើការឲ្យប្រជាពលរដ្ឋប៉ុន្មានទេ ព្រោះគាត់ប្រឹងប្រែងរកស៊ីតែខ្លួនគាត់ ម្យ៉ាងដូចជាមិនសូវជារីកចំរើនអីសោះ ដូចជាផ្លូវថ្នល់តាមមូលដ្ឋានអី អញ្ចឹងវាមិនសូវបានល្អត្រង់ថា គេផ្ដល់លុយផ្ដល់កាក់អី មកអញ្ចឹងគាត់ច្រើនតែយកទៅចែកគ្នាគាត់ចាយ ហើយឥឡូវមកជាប់មេឃុំថ្មីហ្នឹង ដឹងម៉េចដែរបង តែគាត់មិនទាន់បានចេញធ្វើការ តែគ្រាន់តែថា បានជាប់គាត់ថ្មីហ្នឹង ប្រជាពលរដ្ឋក្នុងភូមិ ក្នុងឃុំ គេសប្បាយចិត្តណាស់ សប្បាយចិត្ត គេអរ រំភើបណាស់។ ព្រោះថា បានជាប់ថ្មីអញ្ចឹង ក្រែងលោការងារគាត់ទៅរីកចំរើនជាងមុខ»។
ទាក់ទងបញ្ហានេះ មេឃុំកំពង់ប្រាសាទ ដែលបានចាញ់ឆ្នោត គឺលោក ទុំ សារ៉េត ឲ្យដឹងថា អ្វីដែលប្រជាពលរដ្ឋលើកទ្បើងនោះ គ្រាន់ជាការនិយាយបញ្ជាក់ក្រោយពេលដែលលោកបានចាញ់ឆ្នោតទៅហើយ។ គាត់បន្ថែមថា លោកបានជាប់មេឃុំ ២អាណត្តិមកហើយ ក្រោមការដឹកនាំរបស់លោក មិនបានរើសអើងដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋនោះទេ។
លោក ទុំ សារ៉េត៖ «បាទ! សូមជម្រាបផងដែរថា ចំពោះប្រជាពលរដ្ឋ គាត់ចេះតែមានទស្សនៈអញ្ចឹងហើយ នេះក្រោយពីមានគណបក្សដទៃឈ្នះ។ បញ្ហាទី១ ការដែលគាត់ថា មកធ្វើសំបុត្រស្នាមពិបាកទាក់ទងមេឃុំ មិនមែនដូច្នេះទេ។ តាមពិតទៅ ខ្ញុំមិនមែនរើសអើងអីទេ ក្នុងនាមជាមេឃុំ ក្នុងនាមជាអាជ្ញាធររបស់ប្រជាពលរដ្ឋ បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋគាត់បានថា ទទួលគាំទ្របក្សដទៃ ហើយបក្សដទៃដែលគាំទ្រទទួលបានជោគជ័យ អាហ្នឹងវាជារឿងសិទ្ធិរបស់គាត់ទៅហើយ ខ្ញុំក្នុងនាមជាមេឃុំអាណត្តិទី១ ទី២មកនេះ ប្រសិនថា គណបក្សនយោបាយដទៃ ដែលគេអាចជាប់ឆ្នោតមកនេះ អាហ្នឹងឲ្យគេធ្វើទៅ ខ្ញុំមិនមានបញ្ហាអីទេ»។
ប្រជាពលរដ្ឋម្នាក់ទៀត គឺលោកស្រី ជួន ផាំ អាយុ ៥១ឆ្នាំ រស់នៅភូមិទឹកវិល ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ដែរនោះ បានឲ្យដឹងថា គាត់ចង់ឲ្យមានការផ្លាស់ប្ដូរមេឃុំចាស់ចេញយូរយារណាស់មកហើយ តែពុំបានសម្រេច។ ពេលនេះបានមេឃុំថ្មីមកពីគណបក្សសិទ្ធិមនុស្ស ធ្វើឲ្យលោកស្រីមានការសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមមិនបាន។ លោកស្រីមានក្តីសង្ឃឹមចំពោះមេឃុំថ្មីនេះ អាចនឹងធ្វើឲ្យប្រជាពលរដ្ឋក្នុងឃុំរបស់គាត់ មានជីវភាពធូរធារជាងមុនជាពុំខាន។
លោកស្រី ជួន ផាំ៖ «មីងរំភើបនោះរំភើប មែនទែនសូម្បីតែថា រើសប្រាក់បាន ១០ម៉ឺន ក៏មិនស្មើផង មីងអរសប្បាយណាស់ក្នុងចិត្តរាល់ថ្ងៃ តាំងតែបានជាប់សម្លេងមេឃុំលេខ១ នៅក្នុងភូមិកំពង់ប្រាសាទ ចា»។
រីឯបេក្ខជនជាមេឃុំ កំពុងប្រាសាទ ដែលទើបនឹងជាប់ឆ្នោតថ្មីៗ តាមលទ្ធផលឆ្នោតបណ្ដោះអាសន្ននោះ គឺលោក លន់ កុល មានប្រសាសន៍ថា លោកសន្យាថាគ្រប់ការងារទាំងអស់ អាចទាក់ទងមកលោកបានដោយមិនរើសអើងបក្សពួកនិយម និងដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឲ្យបានគ្រប់គណបក្សនយោបាយ។
លោក លន់ កុល៖ «ទុកចិត្តសម្រាប់ឲ្យបោះឆ្នោត ខ្ញុំបាទជាមេឃុំសិទ្ធិមនុស្សនេះ ចាប់ពីថ្ងៃនេះទៅ គឺជាមេឃុំសម្រាប់ប្រជាពលរដ្ឋទាំងមូលហើយ ខ្ញុំក៏ត្រេកអរជាមួយប្រជាពលរដ្ឋ និងលើកទឹកចិត្តប្រជាពលរដ្ឋដែលបានគាំទ្រខ្ញុំបាទហ្នឹង។ ហើយអនាគតទៅ ខ្ញុំនឹងបម្រើប្រជាពលរដ្ឋដោយអត់រើសអើងជាមួយប្រជាពលរដ្ឋណាមួយឡើយបាទ»។
ទោះជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋលោកស្នើសុំឲ្យមេឃុំ ដែលជាប់ឆ្នោតថ្មីដឹកនាំឃុំរបស់គាត់ឲ្យបានរីកចម្រើន និងមានភាពយុត្តិធម៌ ក្នុងសង្គម ដោះស្រាយបញ្ហាប្រឡាយទឹកជូនប្រជាពលរដ្ឋ និងជួយរកទីផ្សារ ដើម្បីលក់ផលិតផលស្រូវរបស់គាត់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។