បន្ទាប់ពីបានស្ដាប់ការបកស្រាយពីបញ្ហាព្រំដែនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែសីហា ប្រជាពលរដ្ឋរស់នៅតាមខេត្តជាប់មាត់សមុទ្រ មានខេត្តកែប កំពត និងព្រះសីហនុ ជាដើម ជំរុញឲ្យរដ្ឋាភិបាលឆាប់វាស់កំណត់ព្រំដែនសមុទ្រ ជាមួយប្រទេសជិតខាងឲ្យបានឆាប់។
លោក ហោ ហេង ជាប្រជាពលរដ្ឋរស់នៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានមុខរបរជាអ្នកនេសាទជិត៣០ឆ្នាំនៅលើផ្ទៃសមុទ្រ។ លោកបានឲ្យដឹងថា មូលហេតុនាំឲ្យពលរដ្ឋចង់ឲ្យរដ្ឋាភិបាលកំណត់ព្រំដែនសមុទ្រឲ្យបានឆាប់ គឺចង់រក្សាដីកោះនៅសេសសល់ឲ្យបានគង់វង្ស។
លោក ហោ ហេង៖ «ព្រំដែនទឹកយើងមិនទាន់ដឹងពិតប្រាកដថា បោះទីតាំងកន្លែងណា ឬត្រូវបោះពោងយ៉ាងម៉េចទេ។ ហើយគណៈកម្មការគេមិនដឹងជាត្រូវត្រួតពិនិត្យអីយ៉ាងម៉េច ឬត្រូវបោះពោងយ៉ាងណាទេ។ ខ្ញុំគ្រាន់តែដឹងថា ការនេសាទរបស់ខ្ញុំទៅពីកោះប៉ូឡូវ៉ៃទៅតែ៣ ទៅ៤ម៉ាយ គឺដឹងថាត្រូវចូលដល់ដីវៀតណាម ហើយ។ ចង់ឲ្យបោះឲ្យបានត្រឹមត្រូវដែរ ស្រណុកយើងរកស៊ី យើងអាចដឹងថាព្រំដែនថៃត្រឹមណា ព្រំដែនយួនត្រឹមណា យើងងាយឆ្លងទៅឆ្លងមក»។
លោកថា សព្វថ្ងៃនេះប្រជាពលរដ្ឋរស់នៅលើដីកោះមួយចំនួន តាមខេត្តជាប់មាត់សមុទ្រកំពុងបារម្ភលើបញ្ហាបាត់បង់ដីកោះនាថ្ងៃអនាគត ខ្លាចបាត់បង់កោះទៅឲ្យប្រទេសជិតខាងតទៀត។
ប្រជាពលរដ្ឋផ្សេងទៀតមានលំនៅឋានតាមប្រជុំកោះមួយចំនួនទៀតមានខេត្តកំពត កែប និងព្រះសីហនុ ជាដើម មានមុខរបរជាអ្នកនេសាទ ក៏ចង់ឲ្យរដ្ឋាភិបាលបោះកំណត់ព្រំដែនសមុទ្រជាមួយប្រទេសជិតខាងកម្ពុជា ឲ្យបានឆាប់ដែរ។ ព្រោះពួកគាត់យល់ថា បើដែនសមុទ្រកម្ពុជា មានព្រំកំណត់ត្រឹមត្រូវ ទៅថ្ងៃអនាគតមិនព្រួយបារម្ភបាត់បង់ដីកោះទៅឲ្យបរទេសទៀត។
ពលរដ្ឋផ្សេងទៀតបន្ថែម៖ «ទាំងអស់គ្នាកុំឲ្យមានបញ្ហា យើងជាប្រជាពលរដ្ឋល្អហើយ។ កុំឲ្យមានបាត់បង់ថែមទៀត ចង់ឲ្យព្រំដែនបោះឲ្យបានឆាប់ និងពិតប្រាកដ ដើម្បីឲ្យប្រាកដថារបស់យើងមានត្រឹមណា ឬរបស់គេមានត្រឹមណា។ យើងចង់ធ្វើដំណើរ យើងចង់នេសាទ ហើយចង់ប្រកបអាជីវកម្ម នៅលើដែនសមុទ្រ យើងដឹងរបស់យើងពិតប្រាកដថារបស់យើង ឬព្រំដែនយើងមានពីត្រឹមណាដល់ត្រឹមណា។ ចង់ដឹងពីបញ្ហាព្រំដែនហ្នឹង ត្រង់កន្លែងណារបស់ជាតិខ្មែរ កន្លែងណារបស់ជាតិយួន ចង់ដឹងឲ្យបានច្បាស់លាស់កុំឲ្យរញ៉េរញ៉ៃ និងកុំឲ្យគេរំលោភបំពានមកលើយើងទៀត»។
សព្វថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរដែលមិនសូវមានការយល់ដឹងជ្រៅជ្រះ រស់នៅខេត្តជាប់មាត់សមុទ្រ លោកកំពុងមានកង្វល់ និងព្រួយបារម្ភខ្លាំង ក្រោយដឹងថា កោះត្រល់ដែលជាដីកោះរបស់ខ្មែរ ត្រូវកាត់ប្រគល់ទៅឲ្យប្រទេសវៀតណាម គ្រប់គ្រងជំនួសខ្មែរនោះ។
ស្រដៀងគ្នាដែរ លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រ និងជាសមាជិកសភាគណបក្ស សម រង្ស៊ី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ បានឲ្យដឹងថា លោកក៏ទន្ទឹងចាំមើលរដ្ឋាភិបាលបង្ហាញឯកសារនៃការកំណត់ព្រំដែនទឹក ឬសមុទ្រ ជាមួយប្រទេសជិតខាងកម្ពុជានេះដែរ។
លោកថ្លែងថា បក្សប្រឆាំងមិនមែនចង់លើកយកបញ្ហាព្រំដែន មកផ្ដួលរំលំរដ្ឋាភិបាលទេ ប៉ុន្តែបើតាមការអះអាងរបស់អ្នកឯកទេសព្រំដែនមួយចំនួនបានឲ្យដឹងថា ប្រទេសកម្ពុជាបានបាត់ដែនសមុទ្ររាប់ម៉ឺនម៉ែត្រការ៉េ ទៅឲ្យប្រទេសជិតខាង។
លោក សុន ឆ័យ៖ «យើងមិនមែនយកបញ្ហាព្រំដែនដូចលោកនាយករដ្ឋមន្ត្រីគាត់ភ័យបារម្ភ ដើម្បីយកទៅផ្ដួលរំលំគាត់ទេ គឺយើងត្រូវធ្វើជាបញ្ហាបច្ចេកទេសឲ្យបានត្រឹមត្រូវ ព្រោះយើងឃើញមានការអះអាងពីលក្ខណៈបច្ចេកទេស ពីអ្នកឯកទេសមួយចំនួនថា វាមានការបាត់បង់ដែនសមុទ្ររបស់យើងរាប់ម៉ឺនគីឡូម៉ែត្រការ៉េ ហើយរដ្ឋាភិបាលលោកថា អ្វីដែលជាសន្ធិសញ្ញាបង្កើត ជាតំបន់ទឹកប្រវត្តិសាស្ត្រ វានឹងមិនធ្វើឲ្យបាត់បង់របស់យើងអីជាដើម»។
ទោះជាបែបនេះក្ដី លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា បានបដិសេធន៍ មិនធ្វើអត្ថាធិប្បាយជុំវិញកង្វល់ ឬក្ដីបារម្ភរបស់ប្រជាពលរដ្ឋ និងមន្ត្រីបក្សប្រឆាំង លើបញ្ហាការបោះកំណត់ព្រំដែនសមុទ្រនេះទេ ព្រោះលោកយល់ថា បញ្ហានេះប្រមុខដឹកនាំបានបកស្រាយអស់ហើយកាលពីថ្ងៃទី៩ ខែសីហា៖ «ខ្ញុំមិននិយាយ និងមិនធ្វើអត្ថាធិប្បាយអីទេ។ ព្រោះអ្វីដែលសម្ដេចតេជោមានប្រសាសន៍ គឺគ្រប់គ្រាន់អស់ហើយ»។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៤ ខែកញ្ញា ក្នុងពិធីចែកសញ្ញាប័ត្រជូននិស្សិត ជាង៦ពាន់នាក់មកពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា លោកបានរិះគន់ចំពោះការទិតៀនរបស់មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលខ្លះ លើបញ្ហាបោះកំណត់ព្រំដែនទឹកជាមួយប្រទេសជិតខាងដែលចោទថា នាំឲ្យកម្ពុជាបាត់ដែនសមុទ្ររាប់ម៉ឺនម៉ែត្រការ៉េនោះ៖ «មួយថ្ងៃៗនៅតែវៀតណាម ឈ្លានពាន នៅតែរឿងកាត់ដីឲ្យវៀតណាម។ ដូចសមុទ្របាត់អស់ហើយសមុទ្រ១ម៉ឺនម៉ែត្រការ៉េបាត់ផ្ទៃទឹក។ ខ្ញុំមិនប្រើពាក្យការ៉េទេ ខ្ញុំថាទឹកមួយតំណក់ក៏វាមិនទាន់បាត់ដែរ ព្រោះមិនទាន់វាស់ផងបាត់អីៗ។ អានេះបើវាភ្លឺៗ ភូតឲ្យចេះទំនងផង តែភូតវាអាក្រក់អាក្រីពេក»។
ទាក់ទិនបញ្ហានេះ លោក ហ៊ុន សែន កាលពីថ្ងៃទី៩ ខែសីហា បានមកឆ្លើយបំភ្លឺលើបញ្ហាបោះបង្គោលព្រំដែន និងការដោះដូរភូមិមួយចំនួននៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម ដែលត្រូវអនុវត្តក្នុងពេលខាងមុខ។
បញ្ហានេះ លោក ហ៊ុន សែន បានចំណាយពេល៥ម៉ោង និង២០នាទី ក្នុងសភាជាតិ ដោយមានបញ្ចាំងបង្ហាញរូបភាពផែនទីដែនទឹក និងដែនគោករវាងកម្ពុជា និងវៀតណាម ដែលបន្សល់ទុកតាំងពីសម័យអាណានិគម និងរបបរបស់លោកសេនាប្រមុខ លន់ នល់។
យ៉ាងនេះក្ដី មន្ត្រីគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា បានអះអាងថា សកម្មភាពបោះបង្គោលកំណត់ព្រំដែនគោកជាមួយប្រទេសវៀតណាម នឹងបោះបញ្ចប់នៅត្រឹមឆ្នាំ២០១២។ បន្ទាប់ពីនោះ រដ្ឋាភិបាលនឹងមានផែនការពិនិត្យលើការកំណត់ព្រំដែនទឹក ឬព្រំដែនគោកជាមួយប្រទេសថៃ ជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។