ពលរដ្ឋ​ជា​ច្រើន​នៅ​លើ​ខ្នង​ភ្នំ​គូលែន​ស្ថិត​ក្នុង​ជីវភាព​ក្រីក្រ​ខ្លាំង

អាជ្ញាធរ​ឃុំ​ខ្នង​ភ្នំ ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប បាន​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​​ខ្លះ​ក្នុង​ចំណោម​អ្នក​រស់​នៅ​​ភូមិ​ចំនួន ៩ គឺ​លើ​ខ្នង​ភ្នំ​គូលែន កំពុង​មាន​កំរិត​ជីវភាព​ក្រី​ក្រ​ខ្លាំង គ្មាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ និង​មិន​មាន​ការងារ​សម្រាប់​ចិញ្ចឹម​ជីវិត​ឱ្យ​ធំ​ដុំ​ទេ។
ដោយ ហង្ស សាវយុត
2012-06-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
kulen_305
២-ឧសភា-២០១២៖ កុមារ​នៅ​ភូមិ​អន្លង់​ធំ ឃុំ​ខ្នង​ភ្នំ លើ​តំបន់​ភ្នំ​គូលែន ដែល​តាម​សាច់​ញាតិ​ទៅ​កាប់​ចម្ការ​ពនេចរ​ ដោយ​មិន​សូវ​គិត​ពី​រឿង​ទៅ​សាលា​រៀន​ទេ។
RFA/Hang Savyouth

មន្ត្រី​រដ្ឋាភិបាល​ប្រចាំ​មូល​ដ្ឋាន​នោះ​បាន​ឱ្យ​ដឹង​ថា អ្នក​ភូមិ​ខ្លះ​បាន​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​សុំទាន​ពី​អ្នក​ទេសចរ ដែល​ទៅ​កំសាន្ត​នៅ​តំបន់​ព្រះអង្គ​ធំ ភ្នំ​គូលែន ដោយ​អ្នក​សុំ​ទាន​ទាំង​នោះ គឺ​ជា​អ្នក​ដែល​មាន​វ័យ​ជរា អ្នក​ពិការ មិន​អាច​ប្រកប​របរ​ធ្វើ​ស្រែ​ចំការ​ចិញ្ចឹម​ជីវិត​បាន។

លោក ផន ភាល់ ជា​មេ​ភូមិ​ខ្លា​ឃ្មុំ នៅ​លើ​ខ្នង​ភ្នំ​ភាគ​ឦសាន ចម្ងាយ​ប្រមាណ ១៤​គីឡូម៉ែត្រ ពី​តំបន់​ព្រះអង្គ​ធំ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ភូមិ​ប្រមាណ​ជាង ៥៥​គ្រួសារ គឺ​ជាង​ពាក់​កណ្ដាល​មាន​ជីវភាព​ក្រី​ក្រ​ខ្លាំង។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ប្រជាពលរដ្ឋ​របស់​លោក​ខ្លះ ដែល​មាន​ជីវភាព​លំបាក​អាច​រក​កម្រៃ​បាន​ប្រមាណ ២​ពាន់​ឬ ៣​ពាន់​រៀល ស្មើ​នឹង​ទាប​ជាង ១​ដុល្លារ​សហរដ្ឋ​អាមេរិក ឬ​ក៏​អ្នក​ខ្លះ​អាច​រក​ប្រាក់​បាន​ច្រើន​ជាង ១​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃៗ។

លោក ផន ភាល់៖ «នៅ​តំបន់​នេះ វា​ដាច់​ស្រយាល ដោយ​សារ​ផ្លូវ​ក៏​ពិបាក ខ្លះ​ស៊ី​ឈ្នួល​ជំរះ​ស្មៅ​ស្វាយ​ចន្ទី ដក​ស្មៅ​ ក៏​គេ​រក​បាន ១​ថ្ងៃ ២.០០០ ទៅ ៣.០០០​រៀល ឬ​ក៏ ៤.០០០ ទៅ ៥.០០០​រៀល ខ្លះ​ក៏​អត់។ វា​មាន​លទ្ធភាព​ហូប​គ្រប់​គ្រាន់​ប្រហែល ២៥​គ្រួសារ ជាង​ពាក់​កណ្ដាល (អ្នក​ភូមិ) គឺ​ខ្វះ ហើយ​ទៅ​ខ្ចី​បុល​តាម​នេះ​ឯង។ រាល់​ឆ្នាំ ដល់​ទៅ​ខែ​ក្រោយៗ​ទៀត​ទៅ ដាច់​ខ្លាំង គាត់​ជីក​ក្ដួច​ជីក​អី»

លោក​មេ​ភូមិ​បាន​ឱ្យ​ដឹង​ថា បញ្ហា​មួយ​ចំនួន​ដែល​អាច​ជា​មូល​ហេតុ​បណ្ដាល​ឱ្យ​អ្នក​ភូមិ​របស់​លោក​ក្រីក្រ ដូច​ជា​ការ​ដាំ​ស្រូវ និង​ដំណាំ​នៅ​តាម​ចម្ការ​ជា​រៀង​រាល់​ឆ្នាំ បាន​ទទួល​ផល​តិច​តួច ហើយ​បញ្ហា​ម្យ៉ាង​ទៀត នៅ​ពេល​ផលិត​បាន គឺ​ផ្លូវ​ពិបាក​ដឹក​ជញ្ជូន​ទៅ​កាន់​ទី​ផ្សារ។

អាជ្ញាធរ​ឃុំ​ខ្នង​ភ្នំ បាន​ទទួល​ស្គាល់​ថា នៅ​ភូមិ​ខ្លា​ឃ្មុំ និង​ភូមិ​ពពេល គឺ​មាន​ប្រជាពលរដ្ឋ​មួយ​​ចំនួន​បាន​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​សុំ​ទាន​ពី​អ្នក​ទេសចរ ដែល​ទៅ​កំសាន្ត​នៅ​តំបន់​ព្រះអង្គ​ធំ។

លោក ឈឿម តាំង ជា​មេ​ឃុំ​ខ្នង​ភ្នំ បាន​មាន​ប្រសាសន៍​ថា មាន​កត្តា​មួយ​ចំនួន​ដែល​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ នៅ​តាម​ភូមិ​ជា​ច្រើន​លើ​ខ្នង​ភ្នំ រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ ដូច​ជា​អ្នក​ភូមិ​ជា​ច្រើន​ មិន​ចេះ​អក្សរ និង​ការ​ផលិត​ផល​ដំណាំ​បាន តែ​ផ្លូវ​ពិបាក​ដឹក​ជញ្ជូន​ទៅ​កាន់​ទីផ្សារ​​ជា​ដើម។

លោក ឈឿម តាំង៖ «ទាក់​ទិន​នឹង​មុខ​របរ​ដែល​អ្នក​សុំ​ទាន​នោះ ខ្ញុំ​សុំ​ជំរាប​ជូន​ដោយ​ត្រង់​ថា មាន​ភូមិ​ពពេល និង​ខ្លា​ឃ្មុំ នោះ គាត់​ដូច​ថា អស់​សង្ឃឹម​ក្នុង​ផ្លូវ​ជីវិត​របស់​គាត់ គាត់​មក​អង្គុយ​សំកុក​ទៅ ក្រែង​មាន​អ្នក​ឱ្យ​ទាន ឱ្យ​អី គឺ​យក​ថវិកា​នោះ​ដើម្បី​ចិញ្ចឹម​ជីវិត ក៏​ប៉ុន្តែ​មុខ​របរ​នោះ​មាន​ហើយ ក៏​ប៉ុន្តែ​គាត់​អត់​ធ្វើ​ដោយ​សារ​កម្លាំង​ថយ​ចុះ ដូច​ចាស់​ជរា​អីហ្នឹង»

លោក​មេ​ឃុំ​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ឃុំ អាណត្តិ​ទី​៣ ដែល​លោក​នឹង​បន្ត​តំណែង​ជា​មេ​ឃុំ​ទៅ​ទៀត​នេះ លោក​បាន​រៀប​ចំ​គំរោង​អភិវឌ្ឍន៍​ថ្មីៗ​មួយ​ចំនួន ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ពី​ប្រជាពលរដ្ឋ​របស់​លោក។ លោក​មេ​ឃុំ​បញ្ជាក់​ថា លោក​នឹង​យក​ថវិកា​របស់​រដ្ឋ​ ដែល​ផ្ដល់​ឱ្យ​សម្រាប់​ការ​អភិវឌ្ឍ​របស់​ឃុំ​ចំនួន​ជាង ៤០​លាន​រៀល ដែល​នៅ​សេស​សល់​ពី​មុន ទៅ​ធ្វើ​ផ្លូវ និង​ការងារ​អភិវឌ្ឍន៍​មួយ​ចំនួន​ថែម​ទៀត។

នៅ​លើ​ខ្នង​ភ្នំ​គូលែន មាន​ភូមិ​ទាំង​អស់​ចំនួន ៩ ដែល​មាន​ប្រជាពលរដ្ឋ​ជាង ៤.០០០​នាក់ កំពុង​រស់​នៅ​ដោយ​ប្រកប​របរ​ដើរ​កាប់​ព្រៃ​ធ្វើ​ចំការ​ពនេចរ ដើម្បី​ដាំ​ដំណាំ និង​ស្រូវ។ អង្គការ​មូលនិធិ​បូរាណ​វិទ្យា និង​អភិវឌ្ឍន៍ អេ.ឌី.អេហ្វ (ADF) បាន​ឱ្យ​ដឹង​ថា គេ​កំពុង​ប្រឹង​ប្រែង​ចង​ក្រង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ភូមិ​ឱ្យ​ក្លាយ​ទៅ​ជា​សហគមន៍ ហើយ​នឹង​ចាប់​ផ្ដើម​កិច្ចការ​បង្រៀន​ជំនាញ​ផ្នែក​កសិកម្ម​ ដល់​ពួក​គេ​ទាំង​នោះ។

អង្គការ អេ.ឌី.អេហ្វ បាន​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​លើ​ខ្នង​ភ្នំ​គូលែន​នោះ គឺ​ស្ថិត​ក្នុង​ជីវភាព​ក្រីក្រ​ខ្លាំង។ អ្នក​ស្រី ឈិន វណ្ណា ជា​អ្នក​សម្រប​សម្រួល​សហគមន៍​របស់​អង្គការ អេ.ឌី.អេហ្វ បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​អ្នក​ស្រី​កំពុង​ប្រឹង​ប្រែង​បង្រៀន​ជំនាញ​ផ្នែក​បណ្ដុះ​ផ្សិត ចិញ្ចឹម​សត្វ និង​ជំនាញ​ផលិត​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត ដល់​អ្នក​ភូមិ ដើម្បី​បញ្ឈប់​ពួក​គេ​កុំ​ឱ្យ​កាប់​ព្រៃឈើ ដែល​ធ្វើ​ឱ្យ​ខូច​ដល់​ប្រាសាទ​បូរាណ​មួយ​ចំនួន និង​ការពារ​តំបន់​អេកូ​ទេសចរណ៍​ឡើង​វិញ។

អ្នក​ស្រី ឈិន វណ្ណា៖ «បើ​តាម​មើល​ទៅ ប្រជាពលរដ្ឋ​ប្រហែល ៧០%​ក្រីក្រ ពិសេស​ដូច​នៅ​ក្នុង​ភូមិ​ខ្លា​ឃ្មុំ គឺ​គាត់​​អ្នក​ក្រ​ទាំង​អស់​តែ​ម្ដង។ ទីមួយ ដោយ​សារ​គាត់​ទម្លាប់​ពី​បូរាណ​កាល​របស់​គាត់​មក បើ​តាម​ដែល​ខ្ញុំ​មើល​ឃើញ គឺ​គាត់​ចេះ​តែ​កាប់​ចម្ការ​ពនេចរ ទៅ​ធ្វើ​ជួន​កាល​បាន ជួន​កាល​អត់ ហើយ​មួយ​ទៀត​នៅ​លើ​ភ្នំ​នេះ ប្រហែល​ទាក់​ទង​នឹង​ការ​អប់រំ​ជា​ពិសេស។ គាត់​អត់​ចេះ​អក្សរ​អីចឹង អត់​ដឹង​ថា តើ​គាត់​ត្រូវ​ធ្វើ​អី​ដើម្បី​ស្វែង​រក​ប្រាក់​ចំណូល​បាន​ទេ»

អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​រក​ឃើញ​ទៀត​ថា នៅ​ភូមិ​មួយ​ចំនួន មាន​ប្រជាពលរដ្ឋ​ខ្លះ​អាច​ចេះ​ផលិត​កញ្ជើ និង​ល្អី ដែល​អាច​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​បាន​តិច​តួច ក្រៅ​តែ​ពី​ធ្វើ​ចម្ការ ក៏​ប៉ុន្តែ​ចំណូល​ទាំង​នោះ​មិន​អាច​ផ្គត់​ផ្គង់​ជីវភាព​ឱ្យ​គ្រប់​គ្រាន់​បាន​ទេ ហើយ​បញ្ហា​មួយ​ទៀត​នៅ​លើ​ភ្នំ​មិន​មាន​ទីផ្សារ​លក់​ផលិត​ផល​ទាំង​នោះ​ផង។

នៅ​លើ​តំបន់​ភ្នំ​គូលែន គឺ​ជា​តំបន់​ដែល​មាន​សក្ដានុពល​អាច​ទាក់​ទាញ​អ្នក​ទេសចរ ឱ្យ​ទៅ​ទស្សនា​ប្រាសាទ និង​ទី​បូរាណ​ដ្ឋាន​មួយ​ចំនួន ព្រម​ទាំង​កំសាន្ត​ជាមួយ​ទេសចរណ៍​ធម្មជាតិ​ផង ក៏​ប៉ុន្តែ​បើ​ទោះ​បី​ជា​មាន​ការ​អភិវឌ្ឍ​ផ្នែក​ទេសចរណ៍ ហើយ​មាន​ភ្ញៀវ​ទៅ​កំសាន្ត​នៅ​ទី​នោះ​ជា​ច្រើន នា​ពេល​បច្ចុប្បន្ន​ក៏​ដោយ ក៏​គេ​យល់​ឃើញ​ថា អ្នក​ភូមិ​លើ​ខ្នង​ភ្នំ​គូលែន នឹង​មិន​មាន​សមត្ថភាព​ដើម្បី​ដណ្ដើម​បាន​ចំណូល​ពី​វិស័យ​ទេសចរណ៍​ទាំង​នោះ​ទេ ដោយ​សារ​តែ​ពួក​គេ​ជា​ច្រើន មិន​ចេះ​អក្សរ។

លោក ជេ ប៊ី ឆេវ៉ិនស៍ (J B CHEVANCE) ជា​អ្នក​គ្រប់​គ្រង​កម្មវិធី​របស់​អង្គការ អេ.ឌី.អេហ្វ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​រស់​នៅ​លើ​ភ្នំ​គូលែន ប្រមាណ ៤.០០០​នាក់ គឺ​មាន​ការ​សិក្សា​តិច​តួច​បំផុត ដោយ​ពួក​គេ​ភាគ​ច្រើន បាន​ចូល​រៀន​ត្រឹម​​​​សាលា​បឋម​សិក្សា​ថ្នាក់​ទី​៣ ឬ​ទី​៤ ប៉ុណ្ណោះ ហើយ​ប្រសិន​បើ​ទី​នោះ​មាន​ការ​រីក​ចំរើន​ខាង​ទេសចរណ៍​ក៏​ដោយ ក៏​លោក​ប្រាកដ​ថា ពួក​គេ​ទាំង​នោះ​ នឹង​មិន​អាច​មាន​មធ្យោបាយ ដើម្បី​ទាញ​យក​កម្រៃ​ពី​ទេសចរណ៍​បាន​ទេ។ មាន​តែ​ប្រជាពលរដ្ឋ​ដែល​មក​ពី​តំបន់​ផ្សេងៗ ទៅ​រស់​នៅ​ដណ្ដើម​យក​ចំណូល​ទេសចរណ៍ ពី​អ្នក​ភូមិ​ដែល​រស់នៅ​ជា​យូរ​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

I see very where (far away from town) stay in poor livng. we are all stay under pressure of TAX and (other paying to Hun sen Serve pressure with out receipt)but we not get bag any Medicate for this regime.

Jun 10, 2012 11:31 PM

bopeakboroskhmer

ពី phnom penh

Did HUN SRN say that he won't let any one of his people die by starvation? hyaena mouth hunsen!!!!

Jun 09, 2012 02:12 AM