ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​បើក​ចូល​ក្រុង

ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​មួយ​ចំនួន កំពុង​ព្រួយ​បារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ដោយ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ បើក​ចូល​ក្រុង​ក្នុង​ល្បឿន​លឿន។
ដោយ ដែន អយុធ្យា
2012-08-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រថយន្ត​ធំ ៣០៥
១០-មិថុនា-២០១២៖ ទិដ្ឋភាព​រថយន្ត​ធំៗ​បើកបរ​លើ​ផ្លូវ​វ៉េងស្រេង។
RFA/Khiev Dara

ពលរដ្ឋ​អះអាង​ថា រថយន្ត​ធុន​ធ្ងន់​តែង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​កម្មករ​កាត់​ដេរ​ស្ទើរ​រៀង​រាល់​ថ្ងៃ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។

អាណាព្យាបាល​សិស្ស​រស់នៅ​រាជធានី​ភ្នំពេញ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ កំពុង​បើកបរ​ចូល​ក្រុង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អាយុ​ជីវិត​មនុស្ស​ធ្ងន់ធ្ងរ។ ស្ត្រី​ជា​អាណាព្យាបាល​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ច្រើន​ទៀត មាន​លំនៅឋាន​ជាប់​តាម​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ ព្រួយ​បារម្ភ​ពី​សុវត្ថិ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​របស់​កូន​ទៅ​សាលា​រៀន ព្រោះ​ថា គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​រថយន្ត​ដឹក​ទំនិញ​កើត​មាន​ស្ទើរ​រាល់​ថ្ងៃ។

លោក​ស្រី​អះអាង​ថា ជា​រៀង​រាល់​ខែ គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​រថយន្ត​ដឹក​ទំនិញ​តាម​ផ្លូវ​ជាតិ​លេខ​៥ កើត​មាន​មិន​តិច​ជាង​១០​ករណី​ទេ ហើយ​ភាគ​ច្រើន​នៃ​ជន​រងគ្រោះ​បាន​ស្លាប់​បាត់​បង់​ជីវិត។ កង្វល់​នេះ លោក​ស្រី​ស្នើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ជួយ​ទប់ស្កាត់​រថយន្ត​ដឹក​ទំនិញ បញ្ឈប់​មិន​ឲ្យ​បើក​ដឹក​ទំនិញ​ចូល​ក្រុង​ពេល​ថ្ងៃ​តទៅ​ទៀត៖ «ដាក់​ពិន័យ​កុំ​ឲ្យ​ចូល​ក្រុង ឲ្យ​បើក​វាង ព្រោះ​រថយន្ត​ដឹក​ទំនិញ​បើក​ចូល​ក្រុង បើក​អត់​មើល​អ្នក​ជិះ​ម៉ូតូ​ទេ។ បើក​ដល់​កៀក​ម៉ូតូ រួច​ស៊ីផ្លេ បើ​មិន​ជៀស​បុក​ងាប់។ ភាគ​ច្រើន បើក​ប៉ះ​ផ្លូវ​ជាតិ​លេខ​៥ ច្រើន​តែ​ជន​រងគ្រោះ​ស្លាប់។ កុំ​ឲ្យ​ឡាន​ធំ​បើក​ចូល​ក្រុង​ពេល​សិស្ស​សាលា​ទៅ​រៀន ឬ​ចេញ​ពី​រៀន គឺ​មាន​គ្រោះថ្នាក់​ទាំង​កូន​គេ​កូន​ខ្ញុំ​ជាដើម។ បើក​បុក​គេ​ហើយ បើក​រត់​ទៀត។ ឡាន​ដឹក​ខ្សាច់ ឡាន​ដឹក​ដែក និង​ឡាន​កុងតឺន័រ»

សព្វ​ថ្ងៃ​នេះ គេ​សង្កេត​ឃើញ​ថា គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​រថយន្ត​ដឹក​ទំនិញ បើក​ចូល​ក្រុង​កើត​មាន​រាប់​សិប​ករណី នៅ​តាម​សង្កាត់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ មាន​ដូច​ជា ខណ្ឌ​ដង្កោ ខណ្ឌ​ចំការមន ខណ្ឌ​ពោធិ៍សែនជ័យ ពិសេស​ខណ្ឌ​ឫស្សីកែវ និង​ខណ្ឌ​មានជ័យ ជាដើម។

ទាក់​ទិន​បញ្ហា​នេះ មន្ត្រី​រាជការ​រស់នៅ​ខណ្ឌ​មានជ័យ ក្រុង​ភ្នំពេញ បាន​ទទួល​ស្គាល់​ថា គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​រថយន្ត​ដឹក​ទំនិញ ពិត​ជា​បាន​កើត​មាន​ស្ទើរ​រាល់​ថ្ងៃ និង​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់។ លោក​ថា ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល និង​មន្ត្រី​ក្រសួង​មហាផ្ទៃ គួរ​ពិនិត្យ​ពី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​រថយន្ត​ដឹក​ទំនិញ​បើក​ចូល​ក្រុង និង​មាន​វិធានការ​ទប់​ស្កាត់។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​៨ ខែ​សីហា និស្សិត​ស្រី​ជា​ពេទ្យ​ទាហាន​ម្នាក់ មាន​អាយុ​២០ឆ្នាំ ត្រូវ​រថយន្ត​ដឹក​ខ្សាច់​បើក​បុក​ពី​ក្រោយ ពេល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​មុនីរ៉េត បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​ក្នុង​​សង្កាត់​ស្ទឹងមានជ័យ។

ផ្ដើម​ពី​បញ្ហា​នេះ លោក វ៉ន ពៅ ជា​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក​ថ្លែង​ថា សមត្ថកិច្ច​មិន​គួរ​អនុញ្ញាតិ​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ បើក​ចូល​ក្រុង​ពេល​ថ្ងៃ​ទៀត​ទេ ព្រោះ​ថា ប្រភេទ​រថយន្ត​ទាំង​នេះ តែង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អាយុ​ជីវិត​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ៖ «យើង​បាន​ឃើញ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ បើក​កិន​និស្សិត​ទាហាន​ម្នាក់ យើង​រន្ធត់​តក់​ស្លុត។ ចំណុច​នេះ គឺ​ភាព​អសកម្ម​បណ្ដាល​មក​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច លោក​មិន​មាន​វិធានការ​ទប់ស្កាត់​សម្រាប់​រថយន្ត​ធំៗ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បណ្តោយ​ឲ្យ​រថយន្ត​បង្ក​ល្មើស​ទាំង​នោះ​បើក​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ទី​ប្រជុំ​ជន ជាពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ»

របាយការណ៍​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​៦ខែ ដើម​ឆ្នាំ​២០១២ មាន​ជាង​២០០​ករណី បាន​ថយ​ចុះ​តិចតួច បើ​ធៀប​ឆ្នាំ​២០១១។ ប៉ុន្តែ​ចំនួន​មនុស្ស​ស្លាប់​កើន​ឡើង ដោយ​ក្នុង​ចំណោម​មនុស្ស​ស្លាប់​ជាង​១០០​នាក់ កើន​ប្រមាណ​២០​នាក់ ធៀប​៦ខែ​ឆ្នាំ​២០១១។

លោក​វរសេនីយ៍ត្រី ចេវ ហាក់ នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ បាន​ឲ្យដឹង​ថា គ្រោះថ្នាក់​ភាគ​ច្រើន​បណ្ដាល​មក​ពី​កត្តា​មនុស្ស គឺ​អ្នក​បើកបរ​មាន​ជាតិ​ស្រវឹង និង​បើក​ជែង​គ្នា​លើ​ដង​ផ្លូវ​ជា​ដើម។

ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​នេះ ទោះ​បី​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​មួក​សុវត្ថិភាព ពាក់​ខ្សែ​ក្រវាត់​ការពារ គោរព​ស្លាក​សញ្ញា និង​ភ្លើង​សញ្ញា​ជាដើម​ក្តី ប៉ុន្តែ​សមត្ថ​កិច្ច​មិន​ទាន់​មាន​វិធានការ​ក្តៅ ឬ​ទប់ស្កាត់​សកម្មភាព​របស់​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ បើកបរ​ចូល​ក្រុង​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី ខែ្នរ​នគ

លោក អាជ្ញាធរត្រូវការលុយ​ដើម្បីចិញ្ចឹមគ្រួសារ ព្រោះប្រាក់ខែតិចពេក។​

Aug 10, 2012 02:23 AM

ពលរដ្ឋ

ពី ភ្នំពេញ

វាអាងឡានវាធំ ពេលបុកគេហើយអាងរត់។

Aug 09, 2012 08:53 AM