និស្សិត​ខ្មែរ អ៊ឹម សុធារិទ្ធ បញ្ចប់​ការសិក្សា​ថ្នាក់​បណ្ឌិត​នៅ​អាមេរិក

ផ្តើម​ពី​ជីវិត​ដែល​គេ​បង្ខំ​ឲ្យ​រើស​លាមក​គោ តាំងពី​ជំនាន់​កុមារភាព​នា​សម័យ​របប​ខ្មែរក្រហម សេចក្តីប្រាថ្នា​របស់​លោក អ៊ឹម សុធារិទ្ធ គ្មានអ្វី​ក្រៅពី​ការចង់បាន​អាហារ​ដើម្បី​បំពេញ​ក្រពះ​និង​ដើម្បី​ចៀសវាង​ពី​ការធ្វើបាប​ដោយ​ក្រុម​អង្គការ​ស្លៀក​ខោអាវ​ខ្មៅ​នោះទេ ។

0:00 / 0:00

ក្រោយឆ្នាំ​១៩៧៩ ដែល​មាន​របប​ខ្មែរក្រហម​ដួលរលំ លោក អ៊ឹម សុធារិទ្ធ ក៏​មិនមាន​បំណង​អ្វី​ធំ ក្រៅពី​ការចង់តែ​ចេះ​អក្សរ​ខ្លះ​ដើម្បី​បំពេញចិត្ត​គ្រួសារ​ក្រីក្រ​មួយ​ដែល​គ្មាន​ឪពុក​ជា​ពំនឹង​នោះ​ដែរ ប៉ុន្តែ ដោយសារ​តែ​ឱកាស​ចេះតែ​បាន​ផ្តល់ ជាមួយ​នឹង​អ្នក​មាន​សប្បុរស​បន្ត​ជួយ​ទំនុក​ឧបត្ថម្ភ បំណង អ៊ឹម សុធារិទ្ធ កាន់តែ​ពង្រីក ។

ឥឡូវនេះ លោក អ៊ឹម សុធារិទ្ធ អតីត​អ្នកភូមិល្វា ឃុំល្វា ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ដែល​មាន​អាយុ​ជាង​សាមសិប​ប្លាយ​ឆ្នាំ​មកហើយ​នោះ បាន​សម្លឹង​ទៅរក​ការធ្វើ​ឲ្យ​ជឿនលឿន​លើ​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​សម្រាប់​កម្ពុជា​ទាំងមូល ។

នៅឆ្នាំ​២០០៨​នេះ និស្សិត អ៊ឹម សុធារិទ្ធ បាន​រៀន​ចប់​ផ្នែក​ថ្នាក់​បណ្ឌិត​ខាងវិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ នៅក្នុង​សកលវិទ្យាល័យOhio ក្នុង​សហរដ្ឋ​អាមេរិក​ហើយ ហើយ​នៅឆ្នាំ​២០០៩ លោក​នឹង​បញ្ចប់​កិច្ចការ​ទាំងអស់​ក្នុង​សកលវិទ្យាល័យ​ដើម្បី​ទទួល​បាន​កម្រិត​ជា​ថ្នាក់​បណ្ឌិត​ពេញលេញ ។

លោក អ៊ឹម សុធារិទ្ធ មាន​ប្រសាសន៍​ថា ៖ «ការ​ស្រមៃ​របស់​ខ្ញុំ​ទៅ​អនាគត​បន្ទាប់​ពី​រៀន​ចប់​ទៅ គឺ​ថា​ខ្ញុំ​ចង់​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​មួយ ដែល​មិន​បម្រើ​ឲ្យ​នយោបាយ ហើយ​ក៏​មិន​ទទួល​ឥទ្ធិពល​ពី​ពាណិជ្ជកម្ម ។ ខ្ញុំ​មើល​ឃើញ​ប្រព័ន្ធ​ដូចជា NPR របស់​អាមេរិក​ហ្នឹង នៅ​អង់គ្លេស BBC របស់​ជប៉ុន NHK ហើយ​និង​របស់​អាហ្រ្វិក​ខាងត្បូង»

អ៊ឹម សុធារិទ្ធ ដែល​បាន​ទទួល​អាហារូបករណ៍ Fulbright សហរដ្ឋ​អាមេរិក តាំងពី​ឆ្នាំ​២០០៣ ហើយ​ក្រោយមក​ទទួលបាន​អាហារូបករណ៍​បន្ត​ទៀត​ពី​សាលា​គឺជា​និស្សិត​ខ្មែរ​លើក​ដំបូង​ម្នាក់ ដែល​ក្នុង​រយៈពេល​៣០​ឆ្នាំ ចុងក្រោយ​នេះ មិន​ទាន់​មាន​និស្សិត​ខ្មែរ​ណា បាន​រៀន​យក​សញ្ញាបត្រ​កំពូលនេះ​នៅឡើយ​ទេ ។

កញ្ញា Amy Busch សញ្ជាតិ​អាមេរិកាំង ក្នុង​សកលវិទ្យាល័យ Ohio ដែល​ជិតស្និទ្ធ​នឹង អ៊ឹម សុធារិទ្ធ បាន​ប្រាប់​វិទ្យុ អាស៊ីសេរី ថា និស្សិត​ខ្មែរ​រូបនេះ ហាក់​ដូចជា​មាន​ឋាមពល​សិក្សា​ពីកំណើត ហើយ​ជា​និស្សិត​វ័យឆ្លាត​ម្នាក់​ក្នុង​ចំណោម​និស្សិត​បរទេស​នានា ដែល​នាង​បាន​ធ្លាប់​ស្គាល់ ។

កញ្ញា Amy Busch រៀបរាប់​ដូច្នេះ​ថា ៖ «ខ្ញុំ​បាន​ស្គាល់ អ៊ឹម សុធារិទ្ធ ប្រមាណ​ជាង​មួយ​ឆ្នាំ​មក​ហើយ គាត់​ជា​បុគ្គល​ម្នាក់​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ។ នៅ​ពេល​ដែល​គាត់​បាន​និយាយ​អំពី​ការ​សិក្សា​និង​ប្រវត្តិ​របស់​គាត់ និង​ទីកន្លែង​ដែល​គាត់​បាន​នៅ​សឹង​តែ​គ្មាន​អ្វី​សោះ​នោះ បាន​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍ ។ គាត់​គឺ​ជា​មនុស្ស​ឧស្សាហ៍ ចូល​ចិត្ត​សិក្សា ហើយ​បង្ហាញ​ពី​គំនិត​ចង់​ធ្វើ​ឲ្យ​កម្ពុជា​រីក​ចម្រើន​ជានិច្ច ។ ខ្ញុំ​គិត​ថា​គាត់​នឹង​អាច​ជា​អ្នក​ដឹកនាំ​មួយ​ដ៏​ល្អ​សម្រាប់​កម្ពុជា​បាន»

អ៊ឹម សុធារិទ្ធ ដែល​ទទួល​បន្ទុក​ផ្នែក​មហាវិទ្យាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍​របស់​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា បំណង​របស់​លោក គឺ​ក្រោយ​ការបញ្ចប់​ការសិក្សា លោក​នឹង​ចង់​យក​វិជ្ជា​ដែល​បាន​ក្រេប​ជញ្ជក់​ទាំងប៉ុន្មាន​ពី​សកលវិទ្យាល័យ​សហរដ្ឋ​អាមេរិក​នេះ ដើម្បី​ជួយ​ជា​ប្រយោជន៍​ដល់​កម្ពុជា​ដែល​វិស័យ​សារព័ត៌មាន​នៅ​មិនទាន់​រឹងមាំ​នៅឡើយ ។

កម្ពុជា នាបច្ចុប្បន្ន ចំនួន​អ្នកសារព័ត៌មាន​ខ្មែរ​មាន​ច្រើន​ពាន់​នាក់ ក្នុង​ចំណោម​ក្រុមហ៊ុន​ស្ថានីយ​ទូរទស្សន៍​ចំនួន ១១​ស្ថានីយ វិទ្យុ​អេហ្វ.អឹម. ចំនួន​៥២ ស្ថានីយ ផ្សាយ​អេអឹម ចំនួន ២ និង​អង្គភាព​កាសែត​សរសេរ​ចំនួន​ជាង ១០០ ។

អ្នកកាសែត​ជើងចាស់​ម្នាក់​ដែល​បច្ចុប្បន្ន​ជា​នាយក​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ប៉ែន សមិទ្ធិ បាន​មាន​ប្រសាសន៍​ថា ទោះបីជា​វិស័យ​ព័ត៌មាន​ត្រូវ​គេ​ឃើញ​កម្រិត​បរិមាណ​របស់​វា​មាន​សន្ទុះ​ដើរ ទៅមុខ​នោះ​មែន ប៉ុន្តែ គុណភាព​ដែល​កម្ពុជា​ចង់បាន​ឲ្យ​ស្មើ​នឹង​កម្រិត​អន្តរជាតិ​នោះ នៅ​មិនទាន់​ឈាន​ដល់​នៅឡើយទេ ។

លោក ប៉ែន សមិទ្ធិ ដែល​ប្រកប​អាជីព​ជា​អ្នកកាសែត​តាំងពី​ឆ្នាំ​១៩៧៩ នោះមក បាន​ថ្លែង​យ៉ាងនេះ​ថា ៖ «យើង​ខ្វះ​ការ​វិនិយោគ ។ ការ​វិនិយោគ​ហ្នឹង​គឺ​ទៅ​លើ​ការងារ​សំខាន់​ពីរ ទីមួយ​គឺ​ទៅ​លើ​បច្ចេកវិទ្យា ហើយ​ទីពីរ​ទៅ​លើ​ធនធាន​មនុស្ស ដែល​យើង​ត្រូវ​ការ​ថែម​ទៀត​ទៅ​លើ​បច្ចេកវិទ្យា​គឺ​មក​ទល់​ពេល​ហ្នឹង​គឺ​អង្គភាព​កាសែត​មួយៗ​នៅ​មាន​បញ្ហា​ច្រើន​ចំពោះ​បច្ចេកវិទ្យា​ហ្នឹង ដែល​ចាំ​បាច់​គេ​ហៅ​ថា​កែ​លម្អ​ឡើង​វិញ​បាន​អាច​ដើរ​ទាន់​នឹង​ប្រទេស​ជិត​ខាង ក៏​ដូច​ជា​ពិភពលោក ។ ចំណែក​ធនធាន​មនុស្ស​វា​ចេះតែ​មាន​ការ​បណ្ដុះបណ្ដាល​បន្តបន្ទាប់​មែន ប៉ុន្តែ​ធនធាន​មនុស្ស​មែនទែន​ធ្វើ​កាសែត​គឺ​មាន​ការ​លំបាក»

លោក ប៉ែន សមិទ្ធិ បាន​សម្តែង​ការត្រេកអរ​ចំពោះ​កម្ពុជា​ដែល​មាន​និស្សិត​ខ្មែរ បាន​រៀន​ថ្នាក់​បណ្ឌិត ខាង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ ហើយ​គ្រោង​យក​វិជ្ជា​នោះ មក​ជួយ​បម្រើ​ការងារ​ក្នុង​ប្រទេស​កម្ពុជា​វិញ ។

សេរីភាព​លើ​វិស័យ​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​សាធារណមតិ បាន​រិះគន់​ថា នៅ​មិនទាន់​មាន​លក្ខណៈសេរី ហើយ​ជារឿយ​ៗ អ្នកសរសេរ​ព័ត៌មាន តែងតែ​ត្អូញត្អែរ​អំពី​ករណី​គំរាម ឬ​ការប្តឹងផ្តល់​ទៅ​តុលាការ ។

កាលពីឆ្នាំ​២០០៧ កន្លងទៅ យ៉ាង​ហោចណាស់ ក៏​មាន​អ្នកកាសែត ៧នាក់​ដែរ ដែល​បាន​ប្រឈម​មុខ​នឹង​ការកាត់ទោស​ដោយ​តុលាការ ។

នៅក្នុង​ឆ្នាំ​២០០៨​នេះ ករណី​គំរាម​ដល់​អ្នកកាសែតខ្លះ បាន​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់ ។

និស្សិត អ៊ឹម សុធារិទ្ធ បាន​ថ្លែងថា លោក​បាន​កត់សម្គាល់​ឃើញ​មាន​ចំណុច ២ ដាច់​ដោយឡែក​ទាក់ទង​នឹង​អំពើ​ដែលនាំ​ឲ្យ​មាន​ការប្រើ​សកម្មភាព​ហិង្សា ដល់​អ្នកសរសេរ​សារព័ត៌មាន ។ ទីមួយ គឺ​លក្ខណៈ​សរសេរ​មិន​បាន​ប្រព្រឹត្ត តាម​បទដ្ឋាន ឬ​ស្តង់ដា​ដ៏ត្រឹមត្រូវ ដូច​អ្នកកាសែត​អន្តរជាតិ​ដទៃ​ធ្លាប់​បាន​ធ្វើ និង​ទី២ គឺ​ការសរសេរ​បាន​ប៉ះពាល់​ដល់​ផលប្រយោជន៍​ឈ្មួញ​ឬ​បុគ្គល ដែល​អាង​អំណាច ។ លោកថា គេ​គួរតែ​ពង្រឹង​ច្បាប់​ដើម្បី​ដាក់ទោស​ដល់​អ្នក​ដែល​ប្រព្រឹត្ត​អំពើហិង្សា​នោះ ។

លោក អ៊ឹម សុធារិទ្ធ បាន​បន្ថែម​ថា បើ​ការស្រមៃ​របស់​លោក​ក្នុង​គម្រោង​ចង់​ស្ថាបនា​លើ​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​សម្រាប់​កម្ពុជា​ទាំងមូល នឹង​ក្លាយ​ជា​ការពិត លោក​ជឿ​ថា នឹង​អាច​ជា​មធ្យោបាយ​កាត់បន្ថយ​ភាពហិង្សា​ទៅលើ​អ្នកកាសែត ក៏ដូចជា​ការជួយ​រដ្ឋាភិបាល​លើ​វិស័យ​ប្រជាធិបតេយ្យ និង​ក៏​ជួយ​បំបាត់​ភាពសង្ស័យ​ដែល​ចេះតែ​ចោទថា វិស័យ​ព័ត៌មាន​កម្ពុជា​ពុំ​មាន​ភាព​ឯករាជ​ផង​នោះដែរ ។

លោក អ៊ឹម សុធារិទ្ធ បាន​រៀបរាប់​ដូច្នេះ​ទៀតថា ៖ «វា​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល ថា​តើ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​ប្រព័ន្ធ​បែប​ហ្នឹង​អត់ ? បើសិនជា​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​ប្រព័ន្ធ​បែប​ហ្នឹង វា​អាច​ជួយ​អភិវឌ្ឍ​ច្រើន​ទៅ​ដល់​ប្រទេស​កម្ពុជា ជួយ​ខាង​ផ្នែក​ការ​អប់រំ ការ​អប់រំ​ខាង​សុខភាព ខាង​សិទ្ធិ​មនុស្ស ហើយ​ខាង​ប្រជាធិបតេយ្យ ។ ប្រព័ន្ធ​បែប​ហ្នឹង​វា​អាច​ជួយ​ឲ្យ​ប្រជាជន​ខ្មែរ​មាន​ឱកាស​នឹង​ចូល​រួម​ផ្ដល់​យោបល់​អំពី​កិច្ចការ​ផ្សេងៗ​ដល់​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​មាន​ឱកាស​នឹង​ប្រើប្រាស់​ព័ត៌មាន​ហ្នឹង​ដើម្បី​ផ្សព្វផ្សាយ ។ អាហ្នឹង​វា​គ្រាន់​តែ​ជា​សុបិន្ត​របស់​ខ្ញុំ​ទេ គឺ​ថា​ចង់​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ឯករាជ្យ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ បើសិន​យើង​អ៊ីចឹង​បាន ប្រទេស​កម្ពុជា​នឹង​ប្រែ​មុខ​មាត់​ថ្មី ហើយ​ឈប់​មាន​ការ​រិះគន់​ពីមជ្ឈដ្ឋាន​អន្តរជាតិ​ហើយ»

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា លោក​មាន​មោទនភាព​ចំពោះ​និស្សិត​ខ្មែរ ដូចជា លោក អ៊ឹម សុធារិទ្ធ ហើយ​សង្ឃឹមថា និស្សិត​ដែល​បញ្ចប់​កម្មសិក្សា​ថ្នាក់​បណ្ឌិត​នេះ នឹង​បាន​ជា​ប្រយោជន៍​ដល់​អនាគត​កម្ពុជា ។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា ៖ «អ៊ឹម សុធារិទ្ធ គាត់​អាច​យក​បទពិសោធន៍​ច្រើន ដើម្បី​ឲ្យ​កូន​ខ្មែរ​ចេះ ។ ប៉ុន្តែ​សង្ឃឹម​ថា​គាត់​មិន​មក.​....មក​តែម្តង​ទេ ខ្ញុំ​ជឿ​ថា​គាត់​យល់​ពី​ស្រុក​ខ្មែរ​ច្រើន អ៊ីចឹង​គាត់​អាច​អ្វី​ដែល​គាត់​បាន​យក​មក​ច្នៃ ដើម្បី​អនុវត្ត​នៅ​ស្រុក​ខ្មែរ​បាន»

លោក អ៊ឹម សុធារិទ្ធ ត្រៀម​នឹង​ទៅ​កម្ពុជា នៅចុងខែ​មេសា​នេះ ដើម្បី​ធ្វើ​កិច្ចស្រាវជ្រាវ​បំពេញ​និក្ខេបបទ​បញ្ចប់​ការសិក្សា ដែល​កិច្ចការ​នោះ​បាន​តម្រូវ​ឲ្យ​លោក ស្នើ​សុំ​គាល់​ព្រះមហាក្សត្រ​ខ្មែរ ដែល​ខុទ្ទកាល័យ​ព្រះអង្គ​នៅមិនទាន់​បាន​ផ្តល់​ចម្លើយតប​មកវិញ​នៅឡើយទេ ក៏គ្រោង​ជួប​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល និង​មន្ត្រី​តាម​អង្គការ​ក្រៅរដ្ឋាភិបាល​នានា​ឯទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការងារ​ផ្នែក​វិស័យ​ផ្សព្វផ្សាយ​ព័ត៌មាន​នោះដែរ ៕