លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារ ទី៣០ ខែមិថុនានេះ បានថ្លែងដោយបញ្ជាក់ឲ្យកងទ័ពអាកាសថៃត្រូវប្រយ័ត្នប្រយែងក្នុងការហោះហើរកុំឲ្យចូលក្នុងដែនអាកាសរបស់កម្ពុជាដើម្បីជៀសវាងការវាយប្រហារពីកងទ័ពរបស់កម្ពុជា។
ទាហានខ្មែរត្រៀមនៅតំបន់ប្រាសាទព្រះវិហារនាថ្ងៃទី១៨ កក្កដា ២០០៨ ខណៈដែលការប្រឈមមុខគ្នារវាងទាហានខ្មែរនិងទាហានថៃឈានចូលដល់ថ្ងៃទី៤ហើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោកក៏បានបញ្ជាក់អំពីបញ្ហានេះទៅភាគីថៃរួចហើយដែរ គឺឧបនាយករដ្ឋមន្ត្រីថៃ គឺលោក ស៊ូថេប ធឿសុបាន់ និងរដ្ឋមន្ត្រីការពារជាតិថៃ គឺលោក ប្រាវីត វង្សសាវ៉ាន ក្នុងជំនួបមួយនាគេហដ្ឋានរបស់លោកកាលពីចុងសប្តាហ៍កន្លងទៅនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ឲ្យថៃដឹងថា កម្ពុជាមានកាំជ្រួចទំនើបសម្រាប់បាញ់យន្តហោះទាំងនោះ ៖ «មុននេះ ខ្ញុំបំផ្លាញ ២៧០ដើម បំផ្លាញចោលតែម្ដង ប៉ុន្តែឥឡូវនេះ ខ្ញុំបំពាក់ឡើងវិញហើយដែលទំនើបលើសមុនច្រើនដង។ អ៊ីចឹងសូមឲ្យប្រយ័ត្នប្រយែង មើលផែនទីឲ្យច្បាស់ ហោះខាងហ្នុងទៅ កុំមកហោះចូលខាងណេះ ខ្ញុំប្រាប់ត្រង់ៗតែម្ដង ខ្ញុំថា សូម្បីតែមួយគ្រាប់ជាង ២០ម៉ឺនដុល្លារ ក៏ខ្ញុំទិញដែរ មិនមែនមួយដើមទេ មួយគ្រាប់។ ខ្ញុំថា ខ្ញុំបារម្ភណាស់ បារម្ភក្រែងលោជ្រុលចង្កូតមក ស្រាប់តែដោយទាំងមេដឹកនាំអីនៅហ្នឹង។ ខ្ញុំក្រែងពួកខាងក្រោមទ្រាំមិនបាន ព្រោះអានេះវាដេញតាមយន្តហោះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏រំឭកអំពីប្រវត្តិភាពអង់អាចរបស់កងទ័ពកម្ពុជា និងរូបលោកផ្ទាល់ ដែលធ្លាប់ធ្វើសង្គ្រាមច្បាំងជាមួយសហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ថា ៖ «យន្តហោះទម្លាក់គ្រាប់បែក ឧទ្ធម្ភាគចក្រ រថក្រោះរបស់អាមេរិកាំង មិនធ្លាប់ប្រើស្រុកខ្មែរ? ឥឡូវជួយរកខ្មោចអាមេរិកាំង (MIA) រកមិនទាន់ឃើញអស់ផងហ្នឹង។ មិនប្រាកដទេ អាហ្នឹងខ្ញុំធ្លាប់វ៉ៃជាមួយវាទេតើ ម្ចាស់របស់វារកខ្មោចមិនទាន់ឃើញអស់ផងនៅស្រុកខ្មែរ»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងទៀតថា កម្ពុជាក៏នឹងមិនដកទ័ពចេញពីព្រំដែននិងនៅតំបន់ប្រាសាទព្រះវិហារនោះទេ ដរាបណាទ័ពថៃ ៣០នាក់នៅឯវត្តកែវសិខាគិរីស្វរៈ មិនត្រូវបានដកចេញទៅវិញនោះ។
លោកនាយករដ្ឋមន្ត្រីថ្លែងបន្ថែមដូច្នេះថា ៖ «ទ័ពខ្ញុំនៅទល់ដែនប៉ុន្មានខ្ញុំមិនដកទេ ដរាបណា អា ៣០នាក់[ទ័ពថៃ]នេះមិនដក ឆ្អឹងវានៅកន្លែងហ្នឹងតែម្ដង។ កម្ពុជាមិនបង្អួតកម្លាំងបង្អួតអីទេ ប៉ុន្តែត្រឹមតែការពារជាតិ កំដរដល់ទីបញ្ចប់»។
ទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា កម្ពុជាពិតជាមិនចង់ធ្វើសង្រ្គាមតទៅទៀតទេ។
មន្ត្រីស្ថានទូតថៃក្នុងក្រុងភ្នំពេញមិនអាចទាក់ទងបានដើម្បីអធិប្បាយជុំវិញជំហររបស់ថៃលើបញ្ហាព្រំដែននេះបានទេ។
សូមជម្រាបថា ការប្រឈមមុខផ្នែកយោធានៅព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតំបន់ប្រាសាទព្រះវិហារបានអូសបន្លាយជិតមួយឆ្នាំមកហើយ ដែលជម្លោះនេះបានកើតឡើង នៅបន្ទាប់ពីកម្ពុជាបានដាក់ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក៕