នាយក​រដ្ឋមន្ត្រី​ខ្មែរ​ព្រមាន​បាញ់​ទម្លាក់​យន្តហោះ​ថៃ​ដែល​ហោះ​ចូល​ដែន​អាកាស​ខ្មែរ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែ​មិថុនា​នេះ បាន​ថ្លែង​ដោយ​បញ្ជាក់​ឲ្យ​កងទ័ព​អាកាស​ថៃ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ហោះ​ហើរ​កុំ​ឲ្យ​ចូល​ក្នុង​ដែន​អាកាស​របស់​កម្ពុជា​ដើម្បី​ជៀស​វាង​ការ​វាយ​ប្រហារ​ពី​កង​ទ័ព​របស់​កម្ពុជា។

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា លោក​ក៏​បាន​បញ្ជាក់​អំពី​បញ្ហា​នេះ​ទៅ​ភាគី​ថៃ​រួច​ហើយ​ដែរ គឺ​ឧប​នាយក​រដ្ឋមន្ត្រី​ថៃ គឺ​លោក ស៊ូថេប ធឿសុបាន់ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ គឺ​លោក ប្រាវីត វង្ស​សាវ៉ាន ក្នុង​ជំនួប​មួយ​នា​គេហដ្ឋាន​របស់​លោក​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​បញ្ជាក់​ឲ្យ​ថៃ​ដឹង​ថា កម្ពុជា​មាន​កាំជ្រួច​ទំនើប​សម្រាប់​បាញ់​យន្តហោះ​ទាំង​នោះ ៖ «មុន​នេះ ខ្ញុំ​បំផ្លាញ ២៧០​ដើម បំផ្លាញ​ចោល​តែ​ម្ដង ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​បំពាក់​ឡើង​វិញ​ហើយ​ដែល​ទំនើប​លើស​មុន​ច្រើន​ដង។ អ៊ីចឹង​សូម​ឲ្យ​ប្រយ័ត្ន​ប្រយែង មើល​ផែនទី​ឲ្យ​ច្បាស់ ហោះ​ខាង​ហ្នុង​ទៅ កុំ​មក​ហោះ​ចូល​ខាង​ណេះ ខ្ញុំ​ប្រាប់​ត្រង់ៗ​តែ​ម្ដង ខ្ញុំ​ថា សូម្បី​តែ​មួយ​គ្រាប់​ជាង ២០​ម៉ឺន​ដុល្លារ ក៏​ខ្ញុំ​ទិញ​ដែរ មិន​មែន​មួយ​ដើម​ទេ មួយ​គ្រាប់។ ខ្ញុំ​ថា ខ្ញុំ​បារម្ភ​ណាស់ បារម្ភ​ក្រែង​លោ​ជ្រុល​ចង្កូត​មក ស្រាប់​តែ​ដោយ​ទាំង​មេ​ដឹកនាំ​អី​នៅ​ហ្នឹង។ ខ្ញុំ​ក្រែង​ពួក​ខាង​ក្រោម​ទ្រាំ​មិន​បាន ព្រោះ​អា​នេះ​វា​ដេញ​តាម​យន្តហោះ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​រំឭក​អំពី​ប្រវត្តិ​ភាព​អង់អាច​របស់​កង​ទ័ព​កម្ពុជា និង​រូប​លោក​ផ្ទាល់ ដែល​ធ្លាប់​ធ្វើ​សង្គ្រាម​ច្បាំង​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ថា ៖ «យន្តហោះ​ទម្លាក់​គ្រាប់​បែក ឧទ្ធម្ភាគចក្រ រថក្រោះ​របស់​អាមេរិកាំង មិន​ធ្លាប់​ប្រើ​ស្រុក​ខ្មែរ? ឥឡូវ​ជួយ​រក​ខ្មោច​អាមេរិកាំង (MIA) រក​មិន​ទាន់​ឃើញ​អស់​ផង​ហ្នឹង។ មិន​ប្រាកដ​ទេ អាហ្នឹង​ខ្ញុំ​ធ្លាប់​វ៉ៃ​ជាមួយ​វា​ទេ​តើ ម្ចាស់​របស់​វា​រក​ខ្មោច​មិន​ទាន់​ឃើញ​អស់​ផង​នៅ​ស្រុក​ខ្មែរ»

ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​ទៀត​ថា កម្ពុជា​ក៏​នឹង​មិន​ដក​ទ័ព​ចេញ​ពី​ព្រំដែន​និង​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​នោះ​ទេ ដរាប​ណា​ទ័ព​ថៃ ៣០​នាក់​នៅ​ឯ​វត្ត​កែវ​សិខា​គិរី​ស្វរៈ មិន​ត្រូវ​បាន​ដក​ចេញ​ទៅ​វិញ​នោះ។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​បន្ថែម​ដូច្នេះ​ថា ៖ «ទ័ព​ខ្ញុំ​នៅ​ទល់​ដែន​ប៉ុន្មាន​ខ្ញុំ​មិន​ដក​ទេ ដរាប​ណា អា​ ៣០​នាក់​[ទ័ព​ថៃ]​នេះ​មិន​ដក ឆ្អឹង​វា​នៅ​កន្លែង​ហ្នឹង​តែ​ម្ដង។ កម្ពុជា​មិន​បង្អួត​កម្លាំង​បង្អួត​អី​ទេ ប៉ុន្តែ​ត្រឹម​តែ​ការពារ​ជាតិ កំដរ​ដល់​ទី​បញ្ចប់»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​ថា កម្ពុជា​ពិត​ជា​មិន​ចង់​ធ្វើ​សង្រ្គាម​ត​ទៅ​ទៀត​ទេ។

មន្ត្រី​ស្ថានទូត​ថៃ​ក្នុង​ក្រុង​ភ្នំពេញ​មិន​អាច​ទាក់ទង​បាន​ដើម្បី​អធិប្បាយ​ជុំវិញ​ជំហរ​របស់​ថៃ​លើ​បញ្ហា​ព្រំដែន​នេះ​បាន​ទេ។

សូម​ជម្រាប​ថា ការ​ប្រឈម​មុខ​ផ្នែក​យោធា​នៅ​ព្រំដែន​កម្ពុជា​-ថៃ ជា​ពិសេស​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​បាន​អូស​បន្លាយ​ជិត​មួយ​ឆ្នាំ​មក​ហើយ ដែល​ជម្លោះ​នេះ​បាន​កើត​ឡើង នៅ​បន្ទាប់​ពី​កម្ពុជា​បាន​ដាក់​ប្រាសាទ​ព្រះ​វិហារ​ចូល​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក៕