នាយករដ្ឋមន្ត្រី​ចុះ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​បាត់ដំបង

រដ្ឋាភិបាល​កម្ពុជា​ មាន​សុទិដ្ឋិនិយម​ថា ការ​ធ្វើ​ប្រទានកម្ម​ដី​ស្រែ​ចម្ការ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស នឹង​អាច​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ខាង​វិស័យ​កសិកម្ម​មាន​សន្ទុះ​កើន​ឡើង ហើយ​វា​អាច​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ។
ដោយ សួន សុផលមុន្នី
2012-09-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ុន សែន ៣០៥
៣០-កញ្ញា-២០១២៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ឆ្នាល់ មាន់​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។
RFA/Soun Sophalmony

ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ កាល​ពី​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​កញ្ញា ​នៅ​តំបន់​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ ​ស្ថិត​ក្នុង​ភូមិ​ព្រៃទទឹង ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។

នៅ​ចំពោះ​មុខ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា រដ្ឋាភិបាល​នឹង​ចុះ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​នៅ​ពេល​ខាង​មុខ​ទៅ​កាន់​ខេត្ត​ជា​ច្រើន​ទៀត ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ប្រជាពលរដ្ឋ​នេះ នឹង​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ហក់​ឡើង ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ។

រយៈកាល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​បាន​ងាក​ទៅ​តំបន់​ជនបទ ដើម្បី​រក​ការ​ផ្ដល់​ភាព​ស្រប​ច្បាប់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ពុំ​មាន​ដីធ្លី​ ហើយ​ទៅ​តាំង​ទី​លំនៅ​​ថ្មី និង​ជា​វិធានការ​មួយ​ដើម្បី​ពង្រឹង​សុវត្ថិភាព​នៃ​ការ​កាន់​កាប់​ដីធ្លី​ ជំរុញ​ការ​បង្កបង្កើន​ផល​ កាត់​បន្ថយ​ភាព​ក្រីក្រ និង​ដោះស្រាយ​បញ្ហា​កុំ​ឲ្យ​មាន​ជម្លោះ​រវាង​ប្រជាជន និង​ប្រជាជន​ ប្រជាជន​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច។

លោក ហ៊ុន សែន៖ «ពូ មីង ពុក ម៉ែ យាយ តា ដែល​បាន​ទទួល​កម្មសិទ្ធិ​នេះ​រួច​ហើយ ការ​ដាំ​ដុះ​របស់​គាត់​នឹង​ស្ទុះ​ឡើង​រហ័ស​ អត្រា​នៃ​ភាព​ក្រីក្រ​ធ្លាក់​ចុះ​រហ័ស កំណើន​ជីវភាព​របស់​ប្រជាពលរដ្ឋ​កើន​ឡើង។ ​អ៊ីចឹង​ទេ​ដី​នេះ បើ​យើង​ប្រើប្រាស់​អស់​សក្ដានុពល​វា សេដ្ឋកិច្ច​ជនបទ​ចេញ​ពី​វិស័យ​កសិកម្ម​ធំ​ណាស់»

ការ​ចុះ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ​គឺ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​​ឡើង​បន្ទាប់​ពី​បាន​ចុះ​ចែក​នៅ​ស្រុក​ស្នូល ​ខេត្ត​ក្រចេះ ​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កញ្ញា ​ក្រោយ​ពី​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ និង​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​របស់​រដ្ឋាភិបាល​បាន​ចុះ​​​វាស់វែង​បំពេញ​សំណុំ​បែប​បទ​រួច​មក។

លោក ប្រាជ្ញ ច័ន្ទ ជា​អភិបាល​ខេត្ត​បាត់ដំបង​ បាន​ថ្លែង​ថា គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​បាន​រៀប​ចំ​ដី​ដែល​ត្រូវ​ធ្វើ​ប្រទានកម្ម​រួចរាល់​នៅ​មុន​ខែ​មិថុនា។ គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ សម្រេច​បាន​លទ្ធផល​ ប្រកាស​តំបន់​វិនិច្ឆ័យ​ ១៦​ទីតាំង។

លោក ប្រាជ្ញ ច័ន្ទ៖ «បំពេញ​សលាកបត្រ ១៩.៧៧៥​ក្បាល​​ដី​ បញ្ចូល​ឈ្មោះ​ក្នុង​សម្រង់​បញ្ជី​ឈ្មោះ​បាន ១៩.៣៩៣​ក្បាល​ដី ចំនួន​គ្រួសារ​មាន​ក្បាល​ដី ១៣.៧៨៣​គ្រួសារ​ វាស់វែង​បាន ២១.៥៨៣​ក្បាល​ដី គូស​ក្បាល​ដី​បាន ២០.៨១៦​ក្បាល​ដី ស្មើ​នឹង ៣៣.០៣៤​ហិកតារ​ និង​បំពេញ​បែបបទ​ទិន្នន័យ​ក្បាល​ដី​បាន​ ១៩.៧៤៥​ច្បាប់»

ក្រៅ​ពី​នេះ ​ក្រុម​ការងារ​បាន​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​បាន ១២​ភូមិ នៃ ៨​ឃុំ ស្មើ​នឹង ៧.៦៨៤​ក្បាល​ដី និង​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​បាន​បួន​ទី​តាំង ស្នើ​នឹង ១.៥៩៤​គ្រួសារ ស្មើ​ប័ណ្ណ​កម្មសិទ្ធិ​ចំនួន ២.១៧៣​ប័ណ្ណ ដែល​មាន​ផ្ទៃ​ដី ១.៣០៥​ហិកតារ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​នៅ​ពេល​នេះ នឹង​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ហក់​ឡើង។ រដ្ឋាភិបាល​បាន​ធ្វើ​កម្មសិទ្ធិ ឬ​ហៅ​ថា ការ​ចុះ​បញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​នៅ​ទូទាំង​ប្រទេស​បាន ២,៦​លាន​ក្បាល​ដី។

លោក ហ៊ុន សែន៖ «នៅ​ខាង​ក្នុង​ទើប​ធ្វើ​បាន ២,៦​លាន​ក្បាល​ដី​ទេ ប៉ុន្តែ​ត្រូវ​ដក​កម្លាំង​មក​ធ្វើ​ដើម្បី​ជូន​ប្រជាពលរដ្ឋ​នៅ​ឯ​ជនបទ​មុន ដើម្បី​ចៀសវាង​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​សង្ស័យ ព្រោះ​ការ​សង្ស័យ​បាត់បង់​ការ​ទុក​ចិត្ត​នេះ ​ធ្វើ​ឲ្យ​ល្បឿន​នៃ​ការ​បង្កបង្កើន​ផល​ជួប​ការ​លំបាក​ មិន​ដឹង​ថា ដី​ហ្នឹង​គេ​យក​វិញ ឬ​យ៉ាង​ម៉េច? អ៊ីចឹង​យើង​មាន​ការ​ចាំបាច់​ជំរុញ​ជនបទ​មុន​ អ្នក​នៅ​ខាង​ក្នុង​រង់ចាំ​តាម​ក្រោយ»

ការ​មាន​ជំនឿ​ថា សេដ្ឋកិច្ច​ខាង​វិស័យ​កសិកម្ម​នឹង​មាន​ការ​ហក់​ឡើង​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​ប្រាប់​ឲ្យ​ក្រសួង​ធនធាន​ទឹក​ ត្រូវ​ចាប់​ផ្ដើម​រៀបចំ​ប្រព័ន្ធ​ប្រឡាយ​ទឹក​ ដើម្បី​ផ្ដល់​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​មាន​គ្រប់គ្រាន់ ​សម្រាប់​ការ​បង្កបង្កើន​ផល​នៅ​តំបន់​ ដែល​បាន​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ស្រប​ច្បាប់។

ក្រៅ​ពី​នេះ រដ្ឋាភិបាល​មាន​គម្រោង​រៀបចំ​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម ​ទៅ​ជា​ផ្លូវ​ចាក់​កៅស៊ូ​វិញ ​ដោយ​នៅ​ក្នុង​ដំណាក់​កាល​ទី​១ កំពុង​អនុវត្ត​មាន​ប្រវែង ៥០៥​គីឡូម៉ែត្រ និង​ដំណាក់កាល​ទី​២ នឹង​មាន​ប្រវែង ១.៣០០​គីឡូម៉ែត្រ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជាក់​ថា បើ​ការ​ធ្វើ​កសិកម្ម​កើន​ឡើង ហើយ​អត់​មាន​ប្រព័ន្ធ​ផ្លូវ​ដឹក​ជញ្ជូន​នោះ ក៏​មិន​អាច​រីក​ចំរើន​ដែរ ដូច្នេះ​លោក​បាន​ទៅ​ពឹង​ពាក់​ចិន ឲ្យ​ជួយ​ធ្វើ​ផ្លូវ​បន្ថែម​ទៀត៖ «ហើយ​ពេល​ទៅ​ស្រុក​ចិន កន្លង​ទៅ​ ចេញ​ពី​ប្រទេស​អ៊ីរ៉ង់ មក​ស្រុក​ចិន​នេះ ​ខ្ញុំ​បាន​ស្នើ​សុំ​ឲ្យ​ចិន​ គាំទ្រ​ផ្លូវ​លំ​ចាក់​កៅស៊ូ​ចំនួន ៤០០​គីឡូ​ក្នុង​មួយ​ឆ្នាំ​ទៀត បូក​បន្ថែម​ថវិកា​ជាតិ​របស់​យើង ហិរញ្ញប្បទាន​​បញ្ចេញ​ទៅ​ជា​រៀង​រាល់​ឆ្នាំ។ ខ្ញុំ​បាន​ស្នើ​ចិន ក្នុង​១​ឆ្នាំ ៤០០​គីឡូ អ៊ីចឹង ១០ បាន ៤​ពាន់​គីឡូ​ម៉ែត្រ​ដែរ ព្រោះ​អា​ហ្នឹង​វា​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជនបទ​រីក​ខ្លាំង បើ​ធ្វើ​ហើយ​មិន​ដឹង​ដឹក​ទៅ​ណា ក៏​មិន​កើត​ដែរ​ អ៊ីចឹង​យើង​ត្រូវ​ការវិនិយោគ​​​​បន្ថែម»

រដ្ឋាភិបាល​កំពុង​អនុវត្ត​ការ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​លើ​ផ្ទៃ​ដី​ទំហំ ១.៨២៧.០០០ មាន​គ្រួសារ ៤៧៨.០០០ មាន​ទំហំ​ដី​ប្រហែល ៧០​ម៉ឺន​ក្បាល​ដី។ សកម្មភាព​នេះ​បាន​ធ្វើ​នៅ​លើ ១៨៣​ឃុំ ​នៅ​តាម​បណ្ដាល​ខេត្ត​នានា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​អះអាង​បញ្ជាក់​ថា ​លោក​នឹង​ធ្វើ​ដំណើរ​ចុះ​ទៅ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់ ​នៅ​ថ្ងៃ​ទី​១ ខែ​តុលា ​បន្ទាប់​មក​ទៅ​ខេត្ត​ស្វាយរៀង ​ខេត្ត​បន្ទាយមានជ័យ ខេត្ត​កំពត ខេត្ត​កំពង់ចាម ខេត្ត​តាកែវ និង​ខេត្ត​កំពង់ឆ្នាំង ចុង​ក្រោយ​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Toy

ពី Paris

ឲ្យហើយវាចង់យកកាលណាក៏បានដែរ។ពួកកុម្មនិស្សពូកែកុហកណាស់

Oct 02, 2012 07:05 PM

អ្នក​អាន​អនាមិក

Be dumb and pretend to be dumb is the Khmer survival skill.When Hun Sen distribute the land titles,Khmer do not see the organized evil acts of CPP, they will cast their vote for CPP. So Hun Sen continues to govern forever."Sleep to die"

Oct 01, 2012 09:47 AM

អ្នក​អាន​អនាមិក

ការផ្តល់ដីកម្មសិទ្ធិ គីយឺតយាវមែនទែន ទាល់តែប្រជាពលរដ្ឋរងការបំពានអស់ចិត្តទើបបាននឹកឃើញ។ ហេតុអ្វី លោក ហុន សែន មានពេលទំនេរម្លេះ ដើចែកផ្លង់ដល់ប្រជាពលរដ្ឋ ? ការងារត្រឹមតែប្រគល់ប្លង ថ្នាក់មូលដ្ឋានអាចធ្វើបាន មិនបាច់មកដោយខ្លួនឯងទេ ប្រហែលជាមិនចេះប្រើកូនចៅហើយមើលទៅ។

Oct 01, 2012 07:11 AM

Peuv

If Hun Sen is responsible for handing out land titles to people, he should step down and work as a clerk at Ministry of Planning. That is simple. That the reason why Cambodia is still one of the poorest countries in the world. The ignorance of Hun Sen costs Khmers millions of dollars each year.

Oct 01, 2012 12:15 AM

អ្នក​អាន​អនាមិក

The really benefit will continue go to Vietnam again.

Sep 30, 2012 09:48 PM

មើល​មតិ​ទាំង​អស់.