នាយក​រដ្ឋមន្ត្រី​អំពាវនាវ​សុំ​ឲ្យ​អ្នក​វិនិយោគ​ទុន​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា

ក្រសួង​ពាណិជ្ជកម្ម និង​សភា​ពាណិជ្ជកម្ម​កម្ពុជា នៅ​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា បាន​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ដំបូង ដោយ​ផ្ដោត​ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ទុន​នៅ​តំបន់​អាស៊ាន ព្រម​ទាំង​ការ​ត​ភ្ជាប់​វិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន នៅ​ឆ្នាំ​២០១៥ តាម​ផែនការ​ដែល​បាន​គ្រោង​ទុក។
ដោយ សុខ សេរី
2012.11.17
កិច្ច​ប្រជុំ​កំពូល​សេដ្ឋកិច្ច​អាស៊ាន ៣០៥ កិច្ច​ប្រជុំ​កំពូល​សេដ្ឋកិច្ច​អាស៊ាន នៅ​ឯ​សណ្ឋាគារ​សូហ្វីតែល (Sofitel) ​កាល​ពី​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
RFA/Sok Serey

មន្ត្រី​សេដ្ឋកិច្ច អ្នក​ជំនួញ​ជាតិ អន្តរជាតិ និង​អ្នក​ឯកទេស​សេដ្ឋកិច្ច​សរុប​ជាង ៩០០​នាក់ នៅ​តំបន់​អាស៊ាន មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ស្ដីពី​បញ្ហា​សេដ្ឋកិច្ច​នេះ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​អំពាវនាវ​សុំ​ឲ្យ​អ្នក​វិនិយោគ​ទុន​បរទេស​នានា មក​វិនិយោគ​ទុន​នៅ​ប្រទេស​កម្ពុជា ក្នុង​វិស័យ​កសិកម្ម និង​បង្កើត​រោងចក្រ​កែច្នៃ​អង្ករ ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ស្ដីពី​បញ្ហា​សេដ្ឋកិច្ច​នៅ​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា និង​នៅ​គ្រា​ដែល​កម្ពុជា មាន​ផែនការ​នាំ​ចេញ​អង្ករ​ចំនួន​ជាង ១លាន​តោន នៅ​ឆ្នាំ​២០១៥ ខាង​មុខ។ បច្ចុប្បន្ន កម្ពុជា មាន​ស្រូវ​នៅ​សល់​ប្រមាណ​ពី ៣​លាន​តោន ទៅ ៤​លាន​តោន ក្នុង​មួយ​ឆ្នាំៗ។

វិស័យ​កសិកម្ម​កំពុង​តែ​ដើរ​តួនាទី​យ៉ាង​រឹងមាំ​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​កម្ពុជា កន្លង​មក។ ទីផ្សារ​នាំ​ចូល​អង្ករ​ពី​កម្ពុជា មាន​ដូច​ជា តំបន់​អាស៊ី (Asia) តំបន់​អឺរ៉ុប (EU) សហរដ្ឋ​អាមេរិក (U.S) ប្រទេស​អាហ្វ្រិក (Africa ) និង​ប្រទេស​មួយ​ចំនួន​ទៀត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ជំនាញ​សេដ្ឋកិច្ច​ថា កម្ពុជា បើក​ចំហ​ទីផ្សារ ដើម្បី​ឲ្យ​អ្នក​វិនិយោគ​ទុន​លើ​វិស័យ​កសិកម្ម និង​វិស័យ​មួយ​ចំនួន​ទៀត៖ «កម្ពុជា សម្រេច​បាន​នូវ​វឌ្ឍនភាព​ក្នុង​ការ​បើក​ចំហ​សេដ្ឋកិច្ច និង​អនុវត្ត​តាម​លក្ខខណ្ឌ​នានា​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​សហគ្រិន​សេដ្ឋកិច្ច​អាស៊ាន។ តាម​រយៈ​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ឆ្នាំ​២០១៥ ខាង​មុខ​នេះ កម្ពុជា សង្ឃឹម​ថា​នឹង​ពង្រីក​ទំហំ​នៃ​ទីផ្សារ​របស់​ខ្លួន​ឲ្យ​ទៅ​ជា​មជ្ឈ​មណ្ឌល​ធុរកិច្ច​សម្រាប់​ការ​ទាក់​ទាញ​វិនិយោគ​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ។ គួរ​កត់​សម្គាល់​ថា បន្ទាប់​ពី​កលិយុគ​ហិរញ្ញវត្ថុ​ពិភពលោក​មក សេដ្ឋកិច្ច​កម្ពុជា មាន​សភាព​ល្អ​ប្រសើរ ដោយ​រក្សា​បាន​នូវ​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ប្រមាណ ៧%»

ទាក់​ទង​នឹង​វិស័យ​វិនិយោគ​ទុន​នៅ​តំបន់​អាស៊ាន​នេះ​ដែរ ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា គិត ម៉េង បាន​មាន​ប្រសាសន៍​ថា ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​១០ រាប់​ទាំង​កម្ពុជា ផង កំពុង​តែ​ធ្វើ​ឲ្យ​រីក​ចម្រើន​លើ​វិស័យ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ និង​ពិភពលោក៖ «នៅ​គ្រា​ដែល​គេ​ចង់​ឲ្យ​ក្លាយ​ជា​ការ​ពិត​នៃ​ការ​បង្កើត​សង្គម​សេដ្ឋកិច្ច​អាស៊ាន​មួយ ដូច​ការ​សុបិន្ដ គឺ​សហគមន៍​តែ​មួយ និង​វាសនា​តែ​មួយ​នោះ នេះ​គឺ​ជា​កិច្ច​ប្រជុំ​កំពូល​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា និង​ជា​ពេល​វេលា​ដ៏​ត្រឹមត្រូវ​មួយ​សម្រាប់​កម្ពុជា។ កម្ពុជា មាន​សន្តិភាព និង​មាន​ស្ថិរភាព​សេដ្ឋកិច្ច​រវាង ៧% ក្នុង​មួយ​ឆ្នាំៗ»

ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​សមាជិក​អាស៊ាន កាល​ពី​ឆ្នាំ​១៩៩៩ ក្រោយ​មក​កម្ពុជា បាន​ក្លាយ​ជា​សមាជិក​ទី១៤៨ នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កាល​ពី​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០០៤ កន្លង​ទៅ។

សេចក្តី​រាយការណ៍​នានា បាន​ឲ្យ​ដឹង​ថា ទីផ្សារ​នៅ​តំបន់​អាស៊ាន មាន​ប្រជាជន​សរុប​ជាង ៦០០​លាន​នាក់ ក្នុង​ចំណោម​ប្រទេស​សមាជិក​ចំនួន​១០ ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា ដែរ ដែល​មាន​ប្រជាពលរដ្ឋ​ជាង ១៤​លាន​នាក់ ភាគ​ច្រើន​ជា​កសិករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។