នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៨ ឧសភានេះ ពីបំណងចង់ឲ្យមានការធ្វើប័ណ្ណសម្គាល់យានយន្ត និងទោចក្រយានយន្តនៅឯក្រុមហ៊ុនដែលធ្វើអាជីវកម្មនោះតែម្ដង ។
ចរាចរណ៍នៅលើដងផ្លូវក្នុងទីក្រុងភ្នំពេញ ។
មានប្រសាសន៍នៅឯពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០០៧ និងទិសដៅការងារឆ្នាំ២០០៨ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅឯសាលសន្និសីទចតុមុខ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសុំឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងនាយកដ្ឋានគយ និងរដ្ឋាករ ធ្វើការដោះស្រាយបញ្ហាយឺតយ៉ាវក្នុងការចេញប័ណ្ណសម្គាល់យានយន្ត និងទោចក្រយានយន្ត ។
លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ៖ «អ៊ីចឹងទេ តើយើងអាចរកវិធីអីជាមួយនឹងក្រុមហ៊ុនលក់ឡាន ក្រុមហ៊ុនលក់ម៉ូតូ ដើម្បីនឹងសម្រួលជាមួយនឹងគាត់ឲ្យហើយ ។ បើបានសម្រួលអាហ្នឹងប្រហែលជាក្រុមហ៊ុនលក់ឡានលក់ម៉ូតូ គាត់សប្បាយរីករាយជាមួយនឹងការឃោសនាពាណិជ្ជកម្ម... ថាពេលដែលបានទិញហើយមិនចាំបាច់ទៅរកការធ្វើលេខឯណាទេ ព្រោះគេមកធ្វើលេខនៅកន្លែងហ្នឹងតែម្ដង ព្រោះខ្លះគ្នាទើបតែបានលុយថ្មីៗ ទើបលក់សណ្ដែកហើយយកមកទិញម៉ូតូមួយ ដល់ជិះទៅអត់ទាន់មានស្អីផង ទៅដល់ប៉ូលិសចាប់... ។ អ៊ីចឹងទេគឺគ្នាចេញទៅគឺថាសឿងបឿងតែម្ដង មានស្លាកមានអីមាំទាំតែម្ដង» ។
សមាជិកសភាគណបក្សប្រឆាំង លោក សុន ឆ័យ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា មន្ត្រីដែលធ្វើការពាក់ព័ន្ធនឹងការធ្វើប័ណ្ណសម្គាល់យានយន្ត និងទោចក្រយាន មានចេតនាពន្យឺតដល់ដំណើការចេញប័ណ្ណនេះ ដើម្បីរកលុយតែប៉ុណ្ណោះ ។
លោកក៏បានបន្ថែមទៀតថា លោកក៏បានជំរុញនៅក្នុងមន្ទីររដ្ឋសភាទាមទារឲ្យក្រសួងសាធារណការនិងដឹកជញ្ជូនកំណត់ជាសាធារណៈនូវរយៈពេលនិងតម្លៃនៃការធ្វើប័ណ្ណសម្គាល់យានយន្ត និងទោចក្រយានយន្តផងដែរ ។
លោក សុន ឆ័យ បានឲ្យដឹងថា ៖ «បញ្ហាប័ណ្ណដែលត្រូវធ្វើនេះមានការយឺតយ៉ាវនេះ គឺដោយសារតែពួកមន្ដ្រីក្នុងក្រសួងហ្នឹង គេទុកឲ្យយូរដើម្បីគេអាចទារលុយបាន ព្រោះតាមគោលការណ៍គេមានកំណត់តម្លៃគេច្បាស់លាស់ ហើយគេធ្វើឲ្យយូរហ្នឹង អ្នកណាដែលចង់បានឆាប់ត្រូវតែសូកលុយគេ» ។
លោកតំណាងរាស្ត្រ សុន ឆ័យ ក៏បានមានប្រសាសន៏ផងដែរថា ការធ្វើប័ណ្ណសម្គាល់យានយន្ត និងទោចក្រយានយន្ត គឺមិនត្រូវលើសពីមួយសប្តាហ៍ឡើយ ។
ទាក់ទងនឹងតម្លៃក្នុងការធ្វើប័ណ្ណសម្គាល់យានយន្តនិងទោចក្រយានយន្ត ប្រជាពលរដ្ឋម្នាក់បានមានប្រសាសន៍ដោយសុំមិនឲ្យបញ្ចេញឈ្មោះយ៉ាងដូច្នេះថា ៖ «ម៉ូតូដែលយើងទៅធ្វើផ្ទាល់មិនមានអ្នករត់ការអី អាហ្នឹងតម្លៃវា ១៩,៥(ដុល្លារ) បើសិនមានអ្នករត់ការអី អាហ្នឹងតម្លៃវា ២៥ អាហ្នឹងតាមតម្លៃសេវាអ្នកដែលគេរត់ការហ្នឹងឲ្យផង ហ្នឹង២៥ក្នុងម៉ូតូមួយគ្រឿង ។ តែចំពោះពន្ធតាមខេត្តអីអ៊ីចឹង បញ្ជីគេមិនទាន់បានយកផ្ញើដល់ខេត្ត អ៊ីចឹងពន្ធនាំចូលចាប់ពី០៨ឡើងទៅ អាហ្នឹងគេយកដល់២៥ តែដល់ឲ្យអ្នករត់ការទៀតវាត្រូវ ៣០ ។ ចំពោះរយៈពេលវិញលេខហ្នឹងវាយូរ ព្រោះខេត្តកណ្ដាលយូរ យូរមែនទែនរហូតដល់ជាង២ខែអត់ទាន់ហើយ ។ ឥឡូវថាម៉ូតូច្រើនគេធ្វើការវាយឺតតាមហ្នឹង...» ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានបំណងឲ្យមានការធ្វើប័ណ្ណសម្គាល់ទោចក្រយានយន្ត នៅឯសាលាស្រុកផងដែរ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋកុំឲ្យធ្វើដំណើរឆ្ងាយមកកាន់សាលាខេត្ត ។
គួរបញ្ជាក់ផងដែរថា កន្លងមកនេះប្រជាពលរដ្ឋមានការត្អូញត្អែរលើភាពយឺតយ៉ាវនិងពីតម្លៃនៃការធ្វើប័ណ្ណសម្គាល់យានយន្តនិងទោចក្រយានយន្ត ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
វៀតណាមលួចជីករករ៉ែមាសនៅស្រុកសៀមប៉ាងខែត្រស្ទឹងត្រែង?
ប៉េអឹមខេត្តព្រះវិហាររងការចោទថារំលោភសិទ្ធិមនុស្ស
ពលរដ្ឋនៅខណ្ឌឫស្សីកែវក្រុងភ្នំពេញបារម្ភពីបញ្ហាល្បែងស៊ីសង
នាយករដ្ឋមន្ត្រីសម្ពោធឲ្យប្រើប្រាស់ផ្លូវទៅទីរួមខែត្រកោះកុង
ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រត្រូវបានដាក់ក្នុងក្រដាសប្រាក់២ម៉ឺនរៀលថ្មី
នាយករដ្ឋមន្ត្រីជំរុញឲ្យគ្រូបង្រៀនបង្កើនចំណេះដឹង
ក្រុមតំណាងសេដ្ឋកិច្ចក្រៅប្រព័ន្ធគ្រោងធ្វើបាតុកម្មនៅប៉ោយប៉ែត
ជនជាតិគួយនៅព្រះវិហារបារម្ភពីសកម្មភាពជីករករ៉ែមាសខុសច្បាប់
ការប្រារព្ធពិធីបុណ្យពិសាខបូជាអន្តរជាតិនៅរដ្ឋកាលីហ្វ័រញ៉ា