លោក ហ៊ុន សែន សារភាព​ថា​កម្ពុជា​ទទួល​ឥទ្ធិពល​វប្បធម៌​ចិន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​លោក មិន​អាច​ទប់​ស្កាត់​ឥទ្ធិពល​វប្បធម៌​ចិន ដែល​កំពុង​វាយ​លុក​ចូល​ដល់​ឫសកែវ​សង្គម​វប្បធម៌​ខ្មែរ​យ៉ាង​ពេញ​ទំហឹង​ដូច​សព្វ​ថ្ងៃ​នេះ​បាន​ទេ។
ដោយ​ វោហារ ជាតិ
2012-02-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សែន ចិន ៣០៥
ពលរដ្ឋ​ខ្មែរ​នៅ​រាជធានី​ភ្នំពេញ រៀបចំ​សែន​ដូន​តា​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១២។
RFA/Vohar Cheath

មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​បាន​សារភាព​ថា សូម្បី​តែ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក ក៏​វប្បធម៌​ប្រពៃណី​ចិន វាយ​លុក​ចូល​ដល់​ក្នុង​ផ្ទះ​ដែរ។ បើ​ដូច្នេះ តើ​នរណា​ជា​អ្នក​ដោះស្រាយ​បញ្ហា​នេះ​ទៅ?

បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា កំពុង​ទទួល​យក​​ប្រពៃណី​ចិន​យ៉ាង​ពេញ​ទំហឹង។ បើ​ទោះ​បី​ជា​បុណ្យ​ចូល​ឆ្នាំ​ចិន មិន​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​ថ្ងៃ​បុណ្យ​ជាតិ​ក៏​ដោយ ក៏​សាលារៀន​រដ្ឋ ទីផ្សារ ក្រសួង មន្ទីរ​រដ្ឋាភិបាល​មួយ​ចំនួន ក៏​នៅ​តែ​បាន​បិទ​ទ្វារ​ក្នុង​ពេល​ចូល​ឆ្នាំ​ចិន​ម្ដងៗ។

មាន​មតិ​រិះគន់​ត​ៗ​គ្នា​ថា ចូល​ឆ្នាំ​ចិន​ស្រវឹង​ខ្មែរ ចូល​ឆ្នាំ​ចិន​កូន​ខ្មែរ​មិន​ទៅ​សាលា មន្ត្រី​រាជការ​មិន​បំពេញ​តួនាទី។ បញ្ហា​នេះ​គឺ​ដោយសារ​ថា សិស្សានុសិស្ស​លោក​គ្រូ អ្នក​គ្រូ រួម​ទាំង​មន្ត្រី​រាជការ​មួយ​ចំនួន ជា​កូន​ចៅ​ចិន។ ក៏​ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា ជា​ផ្លូវការ​ពួកគេ​ធ្វើការ​បម្រើ​ឲ្យ​ជាតិ​ខ្មែរ​ទាំង​មូល។

បញ្ហា​នេះ​បាន​កើត​ឡើង​ជ្រាំ​ដែលៗ ពី​មួយ​ឆ្នាំៗ​អស់​រយៈ​ជាង ២០​ឆ្នាំ​មក​ហើយ ទើប​តែ​ពេល​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​មុខ​ប្រកាស​ជា​សាធារណៈ​ថា បញ្ហា​នេះ​មិន​ដឹង​ជា​ត្រូវ​ដោះស្រាយ​ដូចម្ដេច​ទេ ព្រោះ​ថា សូម្បី​តែ​វង្សត្រកូល​ក្រុម​គ្រួសារ​របស់​លោក​ក៏​ជាប់​សែស្រឡាយ​ចិន​ដែរ។

លោក ហ៊ុន សែន៖ «ខ្ញុំ​រក​ឆ្លើយ​តប​មិន​កើត​ដែរ ព្រោះ​នៅ​ផ្ទះ​ខ្ញុំ​រក​ធ្វើ​អី​មិន​ចេញ​ដែរ។ ព្រោះ​គេ​ថា​ ថ្ងៃ​ចូល​ឆ្នាំ​សកល​ចូល​ទាំង​អស់​គ្នា ដល់​ពេល​ចូល​ឆ្នាំ​ចិន​នេះ... មាន​អ្នក​មួយ​ចំនួន ពួក​ករុម​បង​ប្អូន​គេ​មាន​បំណង​ល្អ សុំ​ឲ្យ​យើង​ទប់​ស្កាត់​ចូល​ឆ្នាំ​សកល ឬ​ចូល​ឆ្នាំ​ចិន។ ឥឡូវ​ទប់​យ៉ាង​ម៉េច បើ​ខ្ញុំ​ខ្លួន​ឯង​ទប់​វា​មិន​ជាប់ នៅ​ក្នុង​ផ្ទះ​ខ្ញុំ​មាន​តែ​ខ្ញុំ​មួយ ហើយ​ក្រៅពី​នោះ​ទៅ​សែន​ទាំង​អស់​ ឲ្យ​ខ្ញុំ​ទប់​យ៉ាងម៉េច​អា​ហ្នឹង​នោះ»

បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា កូន​ចៅ​ចិន​នៅ​ស្រុក​ខ្មែរ​កំពុង​មាន​មុខមាត់​នៅ​ក្នុង​សង្គម​យ៉ាង​ហ៊ឺហារ។ ខុស​ពីក្នុង​របប​នយោបាយ​មុនៗ កូន​ចៅ​ចិន​ត្រូវ​បាន​គេ​ធ្វើ​ទុក្ខ​មុក​ម្នេញ និង​ប្រកាន់​ពូជ​សាសន៍។ កត្តា​នេះ គឺ​ជាហេតុ​ផល​មួយ​ដែល​លោក​នាយករដ្ឋមន្ត្រី​អះអាង​ថា រដ្ឋាភិបាល​របស់​លោក​ត្រូវ​ជៀសវាង​ដាន​ប្រវត្តិសាស្ត្រ។

លោក ហ៊ុន សែន៖ «ហើយ​ដល់​អ៊ីចឹង​ឲ្យ​ទប់​យ៉ាង​ម៉េច? ទប់​មិន​ជាប់​ទេ ហើយ​ចូល​ដល់​រឿង​ប្រកាន់​ពូជ​សាសន៍​ទៀត។ បើ​ឲ្យ​ទប់​អា​ហ្នឹង​មិន​ឲ្យ​ចូល​ឆ្នាំ​សកល ចូល​ដល់​ដំណាក់កាល​ប្រកាន់​ពូជ​សាសន៍​ទៅ​ទៀត។ ហាម​ចូល​ឆ្នាំ​ចិន ហាម​លោត​ម៉ុងសាយ ហាម​ហែរ​អ្នកតា​ ចូល​ដល់​អា​រឿង​ប្រកាន់​ពូជ​សាសន៍​ទៅ​ទៀត»

ឯកសារ​ប្រវត្តិសាស្ត្រ​នានា​សរសេរ​ថា ជន​ជាតិ​ចិន បាន​ធ្វើ​អន្តោប្រវេសន៍​ពី​ចិន​ដី​គោក មក​ស្រុក​ខ្មែរ​ក្នុង​អំឡុង​ឆ្នាំ​១៩៣០។ ចិន​ភៀស​ខ្លួន​ទាំង​នោះ គេ​ហៅ​ថា ចិន​ឆៅ​ ក្រោយ​មក​ចិន​ឆៅ​ទាំង​នោះ បាន​រៀប​ការ​ជាមួយ​ខ្មែរ បង្កើត​កូន​ពូន​ជា​ចៅ ហើយ​កូន​ចៅ​ចិន​កើត​ក្រោយៗ​នៅ​ស្រុក​ខ្មែរ​ទាំង​នោះ គេ​និយម​ហៅ​ថា «កូន​ចៅ​ចិន»។

ឯកសារ​របស់​​លោក វីល្លាម វីលម៉ត (William Willmott) អ្នក​ស្រាវ​ជ្រាវ​អំពី​ជន​ជាតិ​ចិន​នៅ​កម្ពុជា សរសេរ​ថា ចិន​នៅ​ស្រុកខ្មែរ​បង្កើត​​បាន​​ជា​ជន​ជាតិ​ភាគតិច​ធំ​ជាង​គេ​មួយ​នៅ​ឆ្នាំ​១៩៦០។ នៅ​ចុង​ឆ្នាំ​១៩៦០ ចិន​ ឬ​កូនចៅ​ចិន​មាន​ចំនួន​ប្រមាណ ​៤២៥.០០០​នាក់។ ក៏​ប៉ុន្តែ​ក្រោយ​មក​ចំនួន​នេះ​បាន​ធ្លាក់​ចុះ ដោយ​សារ​សង្គ្រាម​ផង និង​ដោយសារ​ការ​កាប់​សម្លាប់​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត បើ​ទោះ​បី​របរប​នេះ មាន​សម្ពន្ធភាព​យ៉ាង​ជិតស្និទ្ធិ​ជាមួយ​ប្រទេស​ចិន ប្រជាមានិត​ក៏ដោយ។ ព្រោះ​របប ប៉ុល ពត បាន​ចាត់​ទុក​កូន​ចៅ​ចិន​ថា ជា​សត្រូវ​បដិវត្តន៍ ជា​ក្រុម​វណ្ណៈ​នាយ​ទុន ជញ្ជក់​ឈាម​សេដ្ឋកិច្ច​ប្រទេស​ជាតិ។

ឯកសារ​ដដែល​សរសេរ​ថា នៅ​ឆ្នាំ​១៩៨៤ ពោល​គឺ​ក្នុង​របបរ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា គាំទ្រ​ដោយ​វៀតណាម ចំនួន​​ខ្មែរ​កាត់​ចិន​នៅសល់​​ប្រហែល​ ៦១.០០០​នាក់។

លោក​បណ្ឌិត សុខ ទូច អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​កម្ពុជា មាន​រំលឹក​ថា នៅ​ទសវត្សន៍​ឆ្នាំ​១៩៨០ ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​ដែល​មាន​ជំនាញការ​វៀតណាម ដាក់​ទិស​នយោបាយ​នៅ​ពេល​នោះ​ បាន​ចាត់​ទុក​កូន​ចៅ​ចិន​ក្នុង​បញ្ជី​ខ្មៅ​ដោយ​ដាក់​លេខ «៣៥១»។ បញ្ជី​នេះ​មាន​ន័យ​ថា ជា​ក្រុម​ជន​ដែល​មាន​សមាសភាព​ផ្នែក​នយោបាយ​មិន​ល្អ ដែល​រដ្ឋាភិបាល​វៀតណាម ជំនាន់​នោះ​​មិន​ទុក​ចិត្ត ព្រោះ​នយោបាយ​វៀតណាម ប្រឈម​មុខ​ជាមួយ​ប្រទេស​ចិន នៅ​ពេល​នោះ។

បណ្ឌិត សុខ ទូច រំលឹក​ថា បញ្ជី ៣៥១ បាន​ប៉ះពាល់​ដល់​កូន​ចៅ​ចិន ដែល​មាន​មុខ​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ជំនាន់​នោះ ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច​ជំនាញការ​វៀតណាម ដក​បុណ្យស័ក្ដិ ឬ​ត្រូវ​ដាក់​ទោស ហើយ​ដើម្បី​លាក់​អត្តសញ្ញាណ​ចៅ​ចិន ក្រុម​មន្ត្រី​ទាំង​នោះ​បាន​ប្ដូរ​ឈ្មោះ​បែប​ជា​ចិន មក​ឈ្មោះ​ខ្មែរ​វិញ។

លោក សុខ ទូច៖ «កាល​ពី​មុន​យើង​ដឹង​ហើយ កូន​ចៅ​ចិន ដឹក​នាំ​ជំនាន់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​មក​កាន់​អំណាច​ក្នុង​រាជាណាចក្រ​ទី​ពីរ​នេះ អ៊ីចឹង​ក្រុម​ថ្នាក់​ដឹក​នាំ​រដ្ឋមន្ត្រី​ភាគ​ច្រើន​សុទ្ធតែ​ដូរ​ឈ្មោះ​ទាំង​អស់ ហើយ​យើង​ឃើញ​ហើយ​សូម្បី​តែ​មុខ​មាត់ អាកប្បកិរិយា​រហូត​ដល់​ថ្ងៃ​សែន​ហ្នឹង សឹងតែ​ទាំង​អស់​នៅ​ក្នុង​ជួរ​ដឹក​នាំ ក្នុង​ជួរ​រដ្ឋាភិបាល​ហ្នឹង​​ច្រើន​មែន​ទែន។ យើង​មិន​អាច​លើក​ឈ្មោះ​គេ​ទេ ព្រោះ​ក្រមសីលធម៌​វិជ្ជាជីវៈ តែ​ខ្ញុំ​ដឹង​ថា (កូន​ចៅ​ចិន) មាន​ច្រើន​នៅ​ក្នុង​​ថ្នាក់​ដឹកនាំ​របស់​យើង»

លោក​ថា នៅ​ពេល​នោះ​ចៅ​ចិន​មួយ​ចំនួន បាន​នាំ​គ្នា​ភៀស​ខ្លួន​ទៅ​នៅ​ក្រៅ​ប្រទេស គេច​ចេញ​ពី​ការ​ធ្វើ​ទុក​បុក​ម្នេញ​ក្នុង​របប​​នយោបាយ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​កាល​នោះ​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ជា​រដ្ឋមន្ត្រី​ការបរទេស។

បច្ចុប្បន្ន​ចំនួន​​ចិន​កាត់​ខ្មែរ​​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ របាយការណ៍​ស្ថិតិ​របស់​សមាគម​ចិនទាជីវ បង្ហាញ​ថា សព្វថ្ងៃ​នេះ​ចិន​កាត់​ខ្មែរ​បាន​កើន​ឡើង​ដល់​​ទៅ ៧​សែន​នាក់។ ទន្ទឹម​ពេល​នេះ​ដែរ ចៅ​ចិន​ភាគ​ច្រើន​មាន​ជីវភាព​ល្អ សម្បូរ​អ្នក​មាន​ទ្រព្យធន និង​មួយ​ចំនួន​មាន​មុខ​ដំណែង​ខ្ពង់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល។

ស្រប​ពេល​នេះ​ដែរ លោក សុខ ទូច បាន​ព្រមាន​ថា វប្បធម៌​ចិន​កំពុង​មាន​ឥទ្ធិពល​លើ​ខ្មែរ​យ៉ាង​ខ្លាំង ហើយ​ខ្មែរ​ក៏​កំពុង​ទទួល​ដោយ​មិន​ដឹង​ខ្លួន៖ «សព្វថ្ងៃ​នេះ​យើង​ឃើញ​សង្គមវប្បធម៌ (ចិន) មក​គាប​សង្គត់​យើង​មាន​៣។ ទី​១ គឺ​ការ​និយាយ ដូច​ជា​ការ​និយាយ ដូជ​ជា​ពាក្យ អាហ៊ា ពាក្យ ចែ ពាក្យ​អ៊ី​ហ្នឹង បាន​ប្រើប្រាស់​ទូទាំង​ប្រទេស​កម្ពុជា ហើយ​ពេញ​និយម​ទៅ​ទៀត។  រហូត​ដល់​គេ​ឃើញ​អ្នក​ណា​រាង​មាន​លុយ​ច្រើន មាន​សម្បុរ​ស​បន្តិច​វា​ទៅ​ជា​អាហ៊ា​អ៊ីចឹង​ទៅ។ ចំណុច​ទី​២ ចិន​បាន​បង្រៀន​ខ្មែរ​អោយ​ទទួល​យក​អត់​ដឹង​ខ្លួន គឺ​ទទួល​ទាន​ចង្កឹះ ដែល​ធ្វើ​ឲ្យ​ចិន មាន​ឥទ្ធិពល​ខ្លាំង​មែន​ទែន។ ចំណុច​ទី​៣ គឺ​កែប្រែ​ខ្មែរ​ឲ្យ​ខ្មែរ​ឈប់​ទទួល​ទាន​នំបញ្ចុក​នៅ​ពេល​ព្រឹក និង​លែង​ទទួល​ទាន​នំ​អន្សម​នៅ​ពេល​ត្រូវ​ការ ទៅ​ជា​ហូប​នំប៉ាវ និង​ហូប​គុយទាវ​ទៅ​វិញ នេះ​ជា​ឥទ្ធិពល​ចិន»

ចំពោះ​រឿង​មន្ត្រី​រាជការ​មិន​ធ្វើ​ការ សាលារៀន ទីផ្សារ​បិទ​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ម្ដង​ៗ​នោះ លោក សុខ ទូច ថ្លែង​ថា រដ្ឋាភិបាល​ត្រូវ​មាន​អនុសាសន៍​មួយ​ជាក់លាក់ ដូច​​ជា​ប្រទេស​ជិត​ខាង​ខ្មែរ ធ្វើ​យ៉ាង​ណា​ធានា​ថា ដំណើរការ​ប្រចាំ​ថ្ងៃ​របស់​រដ្ឋ​ជា​ធំ ប្រព្រឹត្ត​ទៅ​ធម្មតា​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន ហើយ​មិន​រំលោភ​សិទ្ធិ​មនុស្ស និង​មិន​ប្រកាន់​ពូជ​សាសន៍៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Don't be jelous or worried. It is freedom of choice. Let people choose the better or best for their own lifes.

Feb 02, 2012 10:25 AM

អ្នក​អាន​អនាមិក

I agree 100% what Dr. Sok, Touch said, I use to live under thr regime in that time. Now, why don't Hun Sen say, I made a mistake in the past.

Feb 02, 2012 09:27 AM

អ្នក​អាន​អនាមិក

SIt is sad to know that Chinese people seemed to have so much problems fitting in with Cambodian people although they have been existed in Cambodia for a very long time. Maybe they were in Cambodia since the Angkorian time to do trading business with Khmer people. Maybe it is about time that we learn to accept the differences like people in the North America. In the western country there are people from different continent around the world living together in harmony although everyone speak different language, practice different religion etc. I hope that Khmer in the younger generation will be more tolerance and learn how to adopt a positive change in Khmer society.

Feb 02, 2012 01:43 AM

អ្នក​អាន​អនាមិក

ក្នុងនាមនាយករដ្ឋមន្ត្រីនៃប្រជាជាតិមួយ​ លោកមិនគួបង្ហាញនូវភាពទន់ជ្រាយនៅចំពោះមុខស្ថានភាពដែលប្រពៃណីជាតិមានពណ៌មិនច្បាស់លាស់ដូច្នេះទេ ផ្ទុយទៅវិញ លោកគួតែបង្ហាញនូវជំហរមួយច្បាស់លាស់ក្នុងនាមជាប្រជាតិមួយ។ តែបើធ្វើតាមបែបដូចលោកបានមានប្រសាសន៍មកនោះ ភ្នំពេញគួតែប្តូរឈ្មោះហៅថាប៉េកាំង ឬហាណូយទី២វិញទៅប្រសើជាង។






Feb 01, 2012 11:13 PM

អ្នក​អាន​អនាមិក

Well, it is the freedom of the people in the democracy country. There is nothing to concern about chineese people, or even cambodians who celebrate chineese's new year, but vietnameese (yourn), they celebrate chineese' s new year too, so when you see more, and more people in cambodia celebrate chineese's new year, those might not be chineese, you know what I mean???

Feb 01, 2012 11:01 PM

មើល​មតិ​ទាំង​អស់.