លោក ហ៊ុន សែន ទទួល​ស្គាល់​ថា​បញ្ហា​សន្តិសុខ​សង្គម​ស្ថិត​ក្នុង​ភាព​ផុត​ស្រួយ

នាយករដ្ឋមន្ត្រី​បាន​កត់​សម្គាល់​ថា បញ្ហា​សន្តិភាព និង​បញ្ហា​សន្តិសុខ​សង្គម​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ផុយ​ស្រួយ​នៅ​ឡើយ។

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា បញ្ហា​អំពើ​ឃាតកម្ម និង​អំពើ​ប្លន់​នៅ​តែ​មាន​ចរិត​លក្ខណៈ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​បារម្ភ​នៅ​ឡើយ។ បទល្មើស​ទាំង​នោះ​ហាក់​មាន​ការ​កើន​ឡើង​នៅ​ទីក្រុង​ភ្នំពេញ និង​ទី​ប្រជុំ​ជន​នានា នៅ​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។

លោក ហ៊ុន សែន៖ «មុខ​សញ្ញា​នៃ​បទល្មើស​បាន​រត់​គេច​ខ្លួន​នៅ​មិន​ទាន់​ចាប់​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ រី​ឯ​សកម្មភាព​រំលោភ សម្លាប់ រំលោភ​សេពសន្ថវៈ នៅ​តែ​មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ»

លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១១ នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ឆ្នាំ​២០១២។

លោក ចាន់ សុវ៉េត អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) មាន​ប្រសាសន៍​ថា កង​នគរបាល​ហាក់​ស្ថិត​ក្នុង​សភាព​អសកម្ម និង​ពុំ​សូវ​មាន​ឆន្ទៈ​ក្នុង​ការ​បំពេញ​ការងារ​នោះ​ប៉ុន្មាន​ទេ៖ «បើ​និយាយ​ពី​សម្ភារៈ​សម្រាប់​បំពេញ​ការងារ​ខ្វះខាត​ស្ទើរ​តែ​ទាំង​ស្រុង។ ទី​ពីរ​ឆន្ទៈ​របស់​ប៉ូលិស​យើង​មិន​សូវ​បំពេញ​តាម​គោលការណ៍​ច្បាប់​ប៉ុន្មាន​ទេ បើ​អនុវត្ត​តាម​ច្បាប់​ច្បាស់​ជា​ប្រពន្ធ​ហ្នឹង​ស៊ី​សៀង​ហើយ»

លោក​បន្ត​ថា ដើម្បី​បញ្ចៀស​បញ្ហា​នេះ រដ្ឋាភិបាល​គួរ​តែ​គិតគូរ​ពី​បញ្ហា​សម្ភារៈ​បរិក្ខារ​សម្រាប់​ឲ្យ​មន្ត្រី​នគរបាល​បំពេញ​ការងារ​បាន​ពេញលេញ​តាម​វិជ្ជាជីវៈ ព្រម​ទាំង​ផ្ដល់​នូវ​ប្រាក់​បៀវត្ស​សមរម្យ​ដើម្បី​ឲ្យ​ពួកគាត់​មាន​ការ​រស់​នៅ​ដោយ​សេចក្ដី​ថ្លៃថ្នូរ។

​លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ដែរ​ថា ចំនួន​ពលរដ្ឋ​ស្លាប់ និង​រង​របួស​ដោយសារ​គ្រោះថ្នាក់​ក្នុង​សង្គម​កាន់​តែ​មាន​ទំហំ​កាន់​តែ​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ។

របាយការណ៍​ពី​ក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១១ គ្រោះថ្នាក់​នានា​ក្នុង​សង្គម​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត ៤​ពាន់​នាក់ និង​រង​របួស​ជាង​មួយ​ម៉ឺន​នាក់។ គ្រោះថ្នាក់​ដែល​ជា​បញ្ហា​ស្មុគស្មាញ​ជាង​គេ​នោះ គឺ​គ្រោះ​អគ្គិភ័យ ចរាចរណ៍ និង​អាវុធ​ជាតិផ្ទុះ។

ក្នុង​ឆ្នាំ​២០១១ គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជិត ២០០​នាក់ គឺ​កើន​ឡើង​ប្រមាណ ១៥% ធៀប​នឹង​ឆ្នាំ​២០១០។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក​នាយករដ្ឋមន្ត្រី​បាន​ទាមទារ​ឲ្យ​គណៈ​ដឹកនាំ​ការងារ​ចរាចរណ៍​ផ្លូវ​គោក ត្រូវ​ពិនិត្យ​ឡើង​វិញ​ឲ្យ​បាន​ម៉ត់ចត់ និង​ស៊ី​ជម្រៅ។

លោក ហ៊ុន សែន៖ «ដើម្បី​រក​ឲ្យ​ឃើញ​បញ្ហា​ប្រឈម​សំដៅ​រួម​គ្នា​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ និង​ផែនការ​សកម្មភាព​ក្នុង​រយៈពេល​ចំពោះ​មុខ​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន​ជា​អតិបរមា»

លោក មាស ចាន់ឌី ជា​អ្នក​សម្របសម្រួល​គម្រោង​សុវត្ថិភាព​ចរាចរណ៍​នៃ​អង្គការ​ជន​ពិការ​អន្តរជាតិ​ប៊ែលហ្សិក។ លោក​បាន​ឲ្យ​ដឹង​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់​ឆ្នាំ គឺ​មិន​ទាន់​មាន​ការ​ថយ​ចុះ​នៅ​ឡើយ​ទេ។

បញ្ហា​នេះ​លោក​បញ្ជាក់​ថា ចំនួន ៩០ភាគរយ គឺ​បណ្ដាល​មក​ពី​កត្តា​មនុស្ស៖ «ដូច្នេះ​វិធានការ​ចាំបាច់​ត្រូវ​អប់រំ​ពលរដ្ឋ​ឲ្យ​យល់ និង​ចូលរួម​ការពារ​សុវត្ថិភាព​ចរាចរណ៍​ទាំង​អស់​គ្នា»

ក្រៅ​ពី​នេះ រដ្ឋាភិបាល ជា​ពិសេស​អ្នក​អនុវត្ត​ច្បាប់ ត្រូវ​តែ​រឹត​បន្តឹង​លើ​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​រឹង​មាំ​ជាង​ពេល​នេះ​បន្ថែម​ទៀត៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។