សមត្ថកិច្ច​ឃាត់​ខ្លួន​ក្មេង​ចែកចាយ​កាសែត​ព្រៃនគរ​ម្នាក់

ក្មេង​ចែក​ផ្សាយ​សារព័ត៌មាន​ព្រៃនគរ​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​នគរបាល​ឃាត់​ខ្លួន​សួរ​នាំ​មួយ​រយៈពេល​ខ្លី មុន​នឹង​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១០។
ដោយ ឡេង ម៉ាលី
2010.04.07
សារព័ត៌មាន ព្រៃនគរ ៣០៥ សារព័ត៌មាន ព្រៃនគរ
RFA Photo

ចាងហ្វាង​ការ​ផ្សាយ​នៃ​សារព័ត៌មាន​ព្រៃនគរ លោក លី ឈូន ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ មេសា ថា ការ​ឃាត់​ខ្លួន​ក្មេង​ចែក​ចាយ​កាសែត​ម្នាក់​នោះ បាន​កើត​ឡើង​ដោយសារ​តែ​គាត់​បាន​ចែក​ផ្សាយ​សារព័ត៌មាន​ព្រៃ​នគរ​រហូត​ដល់​ម៉ោង ៧​យប់។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ក្មេង​ហ្នឹង​គឺ​ខាង​បណ្ដាញ​សារព័ត៌មាន​ខ្ញុំ ឱ្យ​ផ្សព្វផ្សាយ​សារព័ត៌មាន​ព្រៃនគរ។ កាសែត​ដែល​ខ្ញុំ​បាន​បោះ​ទៅ​តាម​តូច តាម​ទីផ្សារ​ហើយ​វា​នៅ​សល់ អ៊ីចឹង​ឲ្យ​ក្មេង​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​កម្រៃ​វា​សម្រាប់​រៀន​សូត្រ។ ផ្សព្វផ្សាយ​រហូត​ដល់​ម៉ោង ៧​យប់ សមត្ថកិច្ច​ឃើញ​អ៊ីចឹង​ក៏​បាន​ចាប់​ក្មេង​ហ្នឹង​ទៅ...»

ទាក់ទង​នឹង​បញ្ហា​នេះ អធិការ​រង​នគរបាល​ខណ្ឌ​ដូនពេញ លោក ព្រាប បូរី បាន​បញ្ជាក់​អំពី​ហេតុការណ៍​នោះ​ថា ពិត​ជា​កើត​មាន​មែន​ដោយសារ​ការ​យល់​ច្រឡំ​បន្តិច​បន្តួច ព្រោះ​តែ​សារព័ត៌មាន​នោះ​ត្រូវ​ចែក​ពេល​យប់ ហើយ​ធ្វើ​ឱ្យ​នគរបាល​មិន​អាច​យល់​បាន​ថា ការ​ផ្សព្វផ្សាយ​នោះ​ជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្រប​ច្បាប់ ឬ​យ៉ាង​ណា​នោះ​ទេ។

លោក ព្រាប បូរី បាន​បញ្ជាក់​ដូច្នេះ ៖ «គ្រាន់តែ​ចង់​ដឹង​ប្រភព​ដើម​ចេញ​ពី​ណា​តែ​ប៉ុណ្ណឹង។ ក្រោយ​ពេល​យើង​ដឹង​ការ​ពិត​ទៅ យើង​អត់​មាន​ធ្វើ​អី​ទេ»

លោក លី ឈូន ចាងហ្វាង​ការ​ផ្សាយ​សារព័ត៌មាន​ព្រៃនគរ ថ្លែង​ថា ការ​ពិត​លោក​មិន​បាន​ចាត់​តាំង​ឱ្យ​ក្មេងៗ​ចែក​ផ្សាយ​សារព័ត៌មាន​ព្រៃ​នគរ​ពេល​យប់​ទេ ក៏​ប៉ុន្តែ​បញ្ហា​នេះ​គឺ​បណ្ដាល​មក​ពី​ការ​ជ្រុល​ពេល​វេលា​របស់​ក្មេងៗ​ទាំង​នោះ។ លោក លី ឈូន មាន​ចម្ងល់​ថា បើ​ទោះ​ជា​ការ​ចែកចាយ​សារព័ត៌មាន​ពេល​យប់​ដូច្នេះ តើ​មាន​ការ​ប៉ះពាល់​ច្បាប់ ឬ​សន្តិសុខ​របស់​ប្រទេស​កម្រិត​ណា?

លោក ព្រាប បូរី អធិការ​រង​នគរបាល​ខណ្ឌ​ដូនពេញ មាន​ប្រសាសន៍​ថា ជា​ធម្មតា​ការ​ធ្វើ​អាជីវកម្ម​បោះ​ពុម្ព​ផ្សាយ គឺ​ត្រូវ​មាន​ទីស្នាក់ការ និង​កន្លែង​លក់​ដូរ​ណា​មួយ ក៏​ប៉ុន្តែ​បញ្ហា​កើត​ឡើង​នេះ គឺ​បណ្ដាល​មក​ពី​ការ​ងឿង​ឆ្ងល់​របស់​សមត្ថកិច្ច​នគរបាល ព្រោះ​តែ​សារព័ត៌មាន​ព្រៃនគរ​ត្រូវ​បាន​ចែកចាយ​នៅ​តាម​ដង​ផ្លូវ​នៅ​ពេល​យប់។

លោក លី ឈូន ត្រូវ​បាន​អាជ្ញាធរ​នគរបាល​ផ្ដល់​ហេតុផល​ដែរ​ថា បញ្ហា​នេះ​មក​ពី​ការ​បារម្ភ​របស់​សមត្ថកិច្ច ខ្លាច​ជន​ខិលខូច​មួយ​ចំនួន​ឆ្លៀត​ឱកាស​បាច​ខិត្តប័ណ្ណ​ផ្សេងៗ។ លោក​មាន​ប្រសាសន៍​ថា ទីស្នាក់ការ​សារព័ត៌មាន​របស់​លោក​មាន​ទីតាំង​នៅ​សង្កាត់​ស្ទឹងមានជ័យ ហើយ​អាជ្ញាធរ​មិន​បាន​ឆែកឆេរ​អ្វី​ទេ។

សារព័ត៌មាន​ព្រៃនគរ ជា​សារព័ត៌មាន​ភាសា​ខ្មែរ ហើយ​មាន​ផ្សាយ​ដំណឹង​មួយ​ចំនួន​ទាក់ទង​ជាមួយ​ដែន​ដី​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។