តុលាការ​បញ្ជា​ចាប់​ខ្លួន​ប៉ូលិស​ម្នាក់​សង្ស័យ​ពាក់ព័ន្ធ​រឿង​ពុករលួយ

ព្រះរាជអាជ្ញា​រង​អម​តុលាការ​ខេត្ត​មណ្ឌលគិរី បាន​បញ្ជា​ឲ្យ​ឃាត់​ខ្លួន​មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ម្នាក់ ក្នុង​រឿង​ស្ទាក់​ឃាត់​រថយន្ត​ដឹក​ឈើ​ប្រណិត​មួយ​គ្រឿង​ហើយ​ជំរិត​ទារ​ប្រាក់។
ដោយ រដ្ឋា វីសាល
2012-09-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សេចក្ដី​រាយការណ៍​របស់​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កែវសីមា ឲ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​មន្ត្រី​ប៉ូលិស​នេះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សេចក្ដី​រាយការណ៍​របស់​ម្ចាស់​ឈើ​ក្នុង​រថយន្ត​ដែល​ប៉ូលិស​ស្ទាក់​ឃាត់​នោះ អះអាង​ថា ជា​ឈើ​កម្មសិទ្ធិ​របស់​ព្រះរាជអាជ្ញា​រង​រូប​នោះ ហេតុ​នេះ​ទើប​ព្រះរាជអាជ្ញា​រង​នោះ​ចុះ​ឃាត់​ខ្លួន​មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច។

មន្ត្រី​ប៉ូលិស​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​អង្គារ ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ មួយ​រូប ដែល​មាន​លិខិត​បំពេញ​បេសកកម្ម​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​នៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី ត្រូវ​បាន​មន្ត្រី​ស្ថាប័ន​អយ្យការ​បញ្ជា​ឲ្យ​ឃាត់​ខ្លួន​នាំ​មក​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក ក៏​ប៉ុន្តែ​ក្រោយ​ការ​ឃាត់​ខ្លួន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មន្ត្រី​ស្ថាប័ន​អយ្យការ​ដដែល​នោះ បាន​សម្របសម្រួល​ឲ្យ​ដោះលែង​មន្ត្រី​ប៉ូលិស​នោះ​វិញ។

មន្ត្រី​ប៉ូលិស​ដែល​ត្រូវ​ឃាត់​ខ្លួន​មាន​ឈ្មោះ ជុំ ដារ៉ាវុធ មាន​ឋានៈ​អនុសេនីយ៍ឯក​នៃ​នាយកដ្ឋាន​នគរបាល​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ត្រូវ​ឃាត់​ខ្លួន​កាល​ពី​រាត្រី​ថ្ងៃ​ទី​៣ ខែ​កញ្ញា កន្លង​ទៅ​នេះ តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​រង​ខេត្ត​មណ្ឌលគិរី គឺ​លោក សោ វុទ្ធី។

អធិការ​ប៉ូលិស​ស្រុក​កែវសីមា លោក ស៊ុន ប៊ុនធឿន រៀបរាប់​ថា លោក ជុំ ដារ៉ាវុធ បាន​ស្ទាក់​ឃាត់​រថយន្ត​ដឹក​ជញ្ជូន​ឈើ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៧៦​អា ចំណុច​មុខ​ស្ថានីយ​ប្រេងឥន្ធនៈ ឃិន ម៉េងស្រេង នៅ​ចម្ងាយ​ប្រមាណ​ជាង​មួយ​គីឡូម៉ែត្រ​ពី​ផ្សារ​ស្រុក​កែវសីមា និង​បាន​ជំរិត​ទារ​ប្រាក់​ពី​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នោះ ក៏ប៉ុន្តែ​ម្ចាស់​រថយន្ត​ដឹក​ឈើ​បាន​អះអាង​ថា ឈើ​ក្នុង​រថយន្ត​នោះ​ជា​របស់​ព្រះរាជអាជ្ញា​រង ហើយ​បន្ទាប់​មក​គេ​ឃើញ​ព្រះរាជអាជ្ញា​រង លោក សោ វុទ្ធី ដឹកនាំ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​មក​ដល់​ទី​កើតហេតុ​ហើយ​ឃាត់​ខ្លួន​លោក ជុំ ដារ៉ាវុធ មក​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក។

លោក​បន្ត​ថា ព្រះរាជអាជ្ញា​បាន​បដិសេធ​ថា ឈើ​នោះ​មិន​មែន​ជា​ឈើ​របស់​លោក​នោះ​ទេ ក៏ប៉ុន្តែ​បន្ទាប់​មក​មន្ត្រី​ទាំង​ពីរ​បាន​សម្របសម្រួល​គ្នា​បញ្ចប់​បញ្ហា ហើយ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​ប៉ូលិស​រឹប​អូស​ឈើ​នោះ​ប្រគល់​ជូន​មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃឈើ។

លោក ស៊ុន ប៊ុនធឿន៖ «គាត់​ដឹកនាំ​ផ្ទាល់​តែម្ដង យក​កំលាំង​ប៉េអិម​មក​បី​នាក់។ កំលាំង​ខ្ញុំ​នៅ​ហ្នុង​ដែរ​ហ្នឹង ដល់​ពាក់ព័ន្ធ​លុយ​កាក់​អ៊ីចឹង កំលាំង​ខ្ញុំ​មិន​និយាយ​ទេ។ ខាង​សេដ្ឋកិច្ច​ក្រសួង​ក៏​មិន​បាន​ស្អី​ដែរ មិន​បាន​លុយ​ឯ​ណា។ ហ្នឹង​ហើយ​ទារ​គ្នា​ទៅ គេ​ថា​ឲ្យ ២០០ (ដុល្លារ) ម្ដង​ថា ៣០០​អ៊ីចឹង​ទៅ លុយ​ហ្នឹង​ក៏​គ្មាន​បាន​ដែរ យើង​និយាយ​រក​ចំណុច​កណ្ដាល​អ៊ីចឹង​ទៅ​ណា! អា​ហ្នឹង​ខ្ញុំ​ថា តែ​ប៉ុណ្ណឹង​ទេ​អា​រឿង​គេ​នៅ​លើ​ខ្ញុំ​មិន​ចង់​និយាយ​ច្រើន។ ប៉ុន្តែ​ម្ចាស់​រថយន្ត​គាត់​ដោះ​របស់​គាត់​អ៊ីចឹង​ទៅ យើង​ថា​គេ​សម្របសម្រួល​គ្នា​អ៊ីចឹង​ទៅ​ណា ! ឮ​ថា​ព្រះរាជអាជ្ញា អ៊ីចឹង​សម្របសម្រួល យើង​យល់​ហើយ»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អង្គារ ទី​៤ ខែ​កញ្ញា នេះ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក ជុំ ដារ៉ាវុធ ពី​ការ​ចោទ​ប្រកាន់ និង​ឃាត់​ខ្លួន​លោក​បាន​ទេ។ ចំណែក​ព្រះរាជអាជ្ញា​រង លោក សោ វុទ្ធី មិន​ទទួល​ទូរស័ព្ទ​វិទ្យុ​អាស៊ីសេរី ហៅ​ចូល​ជា​ច្រើន​លើក​នៅ​រសៀល​ថ្ងៃ​អង្គារ នេះ​ដែរ។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​មណ្ឌលគិរី លោក កែប តក់ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​ទាន់​បាន​ទទួល​របាយការណ៍​ពី​មន្ត្រី​ផ្នែក​ព្រៃ​ឈើ​ស្រុក​កែវសីមា នៅ​ឡើយ ទាក់ទិន​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នេះ៖ «អត់​ដឹង​ផង អត់​ទាន់​ឃើញ​របាយការណ៍​មក​ដល់​ផង។ ចាំ​មើល​ផ្នែក​គេ​ធ្វើ​របាយការណ៍​មក​ខ្ញុំ​សិន​ណា! ព្រោះ​មាន​ផ្នែក​មាន​សង្កាត់​អ៊ីចឹង​ទៅ កាល​ណា​គេ​ធ្វើ​សំណុំ​រឿង​ហើយ ផ្នែក​គេ​រុញ​មក​ខ្ញុំ»

យ៉ាង​នេះ​ក្តី អធិការ​ប៉ូលិស​ស្រុក​កែវសីមា លោក ស៊ុន ប៊ុនធឿន បាន​បញ្ជាក់​ថា ឈើ​ដែល​គេ​ដឹក​ជញ្ជូន​ខុស​ច្បាប់​នោះ មាន​ឈើ​ប្រណិត​កែច្នៃ​ជា​ថូផ្កា​មិន​ទាន់​សម្រេច​ចំនួន​ពីរ និង​ឈើ​ប្រណិត​អារ​ជា​ឈើ​ជ្រុង​ចំនួន ១១​ដុំ ហើយ​ឈើ​ទាំង​អស់​នោះ​លោក​បាន​ធ្វើ​កំណត់​ហេតុ​ប្រគល់​ឲ្យ​មន្ត្រី​ព្រៃឈើ​នៅ​តំបន់​នោះ​រួច​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

It Very Joke for this amount of cash??

Sep 12, 2012 05:19 AM

ហូ ទន់

ពី កោះកុង

ម្ដេចមិនចាប់មេប៉ូលីសផង?ចាប់តែកូនៗទៅវិញប្រោះអ្វី?

Sep 05, 2012 05:09 PM