អាជ្ញាធរ​សង្កាត់​ចាក់អង្រែក្រោម​រង​ការ​ចោទ​ថា​រារាំង​ដល់​កិច្ច​ប្រជុំ​របស់​ពលរដ្ឋ

មន្ត្រី​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អាយឌៀរ (Idea) ចោទ​ប្រកាន់​អាជ្ញាធរ​សង្កាត់​ចាក់អង្រែក្រោម ថា បង្ក​ឲ្យ​មាន​ការ​រាំង​ស្ទះ​ដល់​កិច្ច​ប្រជុំ​របស់​ពលរដ្ឋ។
ដោយ វិជ័យ អានន្ទ
2012-11-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល​រៀបចំ​កិច្ច​ប្រជុំ​មួយ នៅ​មជ្ឈមណ្ឌល​ម៉ូឌឺន (Modern) សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដើម្បី​លើក​ពី​បញ្ហា​សិទ្ធិ​សេរីភាព​កម្មករ និង​ទុក្ខ​លំបាក​មួយ​ចំនួន ដែល​ពួក​គេ​បាន​ជួប​ប្រទះ​សម្រាប់​ធ្វើ​ជា​របាយការណ៍​ដាក់​ជូន​ទៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន។

កិច្ច​ប្រជុំ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន ត្រូវ​ផ្អាក​ទៅ​វិញ​នៅ​ពាក់​កណ្ដាល​ទី បន្ទាប់​ពី​ម្ចាស់​មជ្ឈ​មណ្ឌល​ម៉ូឌឺន២ បាន​បិទ​ភ្លើង និង​ហាម​ឃាត់​មិន​ឲ្យ​ប្រជុំ​ជា​បន្ត។

មន្ត្រី​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ញូង មុន្ថា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៤ វិច្ឆិកា ថា កិច្ច​ប្រជុំ​មួយ​ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង ៣០០​នាក់ ត្រូវ​ផ្អាក​នៅ​វេលា​ម៉ោង ១១​ថ្ងៃ​ត្រង់។ លោក​បន្ត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កិច្ច​ប្រជុំ​នេះ​ត្រូវ​ផ្អាក​ទៅ​វិញ​នោះ ដោយ​សារ​ម្ចាស់​មជ្ឈ​មណ្ឌល​ម៉ូឌឺន២ បាន​បិទ​ភ្លើង និង​ហាម​ឃាត់​ពួក​គាត់​កុំ​ឲ្យ​បន្ត​កិច្ច​ប្រជុំ​ជា​បន្ត​ទៀត។ លោក​បញ្ជាក់​ថា នៅ​ពេល​លោក​សួរ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បញ្ឈប់​ការ​ជួប​ប្រជុំ​គ្នា​នោះ ម្ចាស់​ហាង​បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​របស់​ពួក​គាត់។

តែ​ទោះ​យ៉ាង​ណា លោក​អះអាង​បន្ថែម​ថា ទង្វើ​របស់​ម្ចាស់​មជ្ឈ​មណ្ឌល​នេះ រង​សម្ពាធ ឬ​ការ​បំភ័យ​ពី​សំណាក់​អាជ្ញាធរ ព្រោះ​ស្រប​ពេល​ប្រជា​សហគមន៍​កំពុង​ជួប​ប្រជុំ​គ្នា​នោះ អាជ្ញាធរ​ប៉ូលិស​ចំនួន ៣​នាក់​បាន​មក​ចូល​រួម​អង្គុយ​ស្ដាប់​នៅ​ក្នុង​កិច្ច​ប្រជុំ ក្រោយ​មក​នៅ​ម៉ោង ១១​ថ្ងៃ​ត្រង់ មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ចាក់អង្រែក្រោម បាន​មក​ហាម​ឃាត់​ពួក​គាត់​កុំ​ឲ្យ​បន្ត​កិច្ច​ប្រជុំ។ កិច្ច​ប្រជុំ​នេះ​នឹង​បន្ត​ដំណើរ​របស់​ខ្លួន​រហូត​ដល់​ម៉ោង ៥​រសៀល ថ្ងៃ​ទី១៤ វិច្ឆិកា បើ​សិន​មិន​មាន​ការ​រំខាន​ទេ​នោះ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ ប្រធាន​ប៉ុស្តិ៍​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ លោក ឡោ លីណូ បដិសេធ​ថា លោក​មិន​បាន​ហាម​ឃាត់​ការ​ជួប​ជុំ​គ្នា​របស់​មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ទាំង​នោះ​ឡើយ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​នោះ​ទេ ដោយ​សុំ​ឲ្យ​ទាក់​ទង​ទៅ​ចៅ​សង្កាត់ ដើម្បី​បញ្ជាក់​ពី​រឿង​នេះ៖ «អត់​មាន​អ្នក​ណា​ហាម​ឃាត់​ផង បង​សួរ​ទៅ​ចៅ​សង្កាត់​ទៅ​បង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​លោក​ចៅ​សង្កាត់​ចាក់អង្រែក្រោម ដើម្បី​សុំ​ការ​បកស្រាយ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៤ វិច្ឆិកា។

នៅ​ថ្ងៃ​ទី១៤ វិច្ឆិកា អង្គការ​សង្គម​ស៊ីវិល​បាន​រៀបចំ​កិច្ច​ប្រជុំ​លើ​ប្រធាន​បទ​ខុស​គ្នា​ចំនួន​១២ ដែល​ធ្វើ​ឡើង​នៅ​កន្លែង​ដាច់​ដោយ​ឡែក​ពី​គ្នា នៅ​ទីក្រុង​ភ្នំពេញ។

កាល​ពី​ថ្ងៃ​ទី១៣ វិច្ឆិកា អង្គការ​សង្គម​ស៊ីវិល​ជាច្រើន បាន​ជួប​ប្រជុំ​គ្នា​ធ្វើ​សមាជ​ប្រជាជន​នៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​មាន​ពលរដ្ឋ​មក​ពី​តំណាង​សហគមន៍​ទូទាំង​ប្រទេស​ប្រមាណ ២ពាន់​នាក់ បាន​ចូល​រួម។

វត្ថុ​បំណង​នៃ​ការ​ប្រជុំ​គ្នា​នេះ គឺ​ដើម្បី​ប្រមូល​ព័ត៌មាន​ផ្សេងៗ​ដែល​ពលរដ្ឋ​បាន​ជួប​ប្រទះ និង​យក​ទៅ​សរសេរ​ជា​របាយការណ៍​ដាក់​ជូន​ទៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន តាម​រយៈ​ក្រសួង​ការ​បរទេស ក្នុង​បំណង​ឲ្យ​ពួក​គេ​លើក​បញ្ហា​នេះ​យក​ទៅ​ពិភាក្សា។

តែ​ទោះ​យ៉ាង​ណា ការ​ជួប​ប្រជុំ​គ្នា​នោះ ត្រូវ​បរាជ័យ ដោយ​សារ​អាជ្ញាធរ​បង្ក​ការ​លំបាក​ដល់​អ្នក​ចូល​រួម ដោយ​ប្រើ​រូបភាព​បំភ័យ​ម្ចាស់​ភោជនីយដ្ឋាន និង​ម្ចាស់​កន្លែង​ជួល​ផ្សេងៗ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន ពៅ មាន​ប្រសាសន៍​ថា ម្ចាស់​ភោជនីយដ្ឋាន​ស្ទឹងមាស បាន​បិទ​ភ្លើង និង​សុំ​ឲ្យ​ពួក​គាត់​បញ្ឈប់​កិច្ច​ប្រជុំ។ លោក​អះអាង​បន្ថែម​ថា ឥរិយាបថ​របស់​ម្ចាស់​ភោជនីយដ្ឋាន​ដែល​បាន​ស្ដែង​ចេញ​នេះ ដោយ​សារ​គាត់​រង​ការ​បំភ័យ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន៖ «អាជ្ញាធរ​គេ​ថា​ឲ្យ​យើង​ធ្វើ ឲ្យ​ម្ចាស់​ហាង​ចុះ ក៏ប៉ុន្តែ​ប្រសិន​បង​មាន​បោក​គ្រប់​បែក មាន​កាប់​គ្នា​ក្នុង​ហ្នឹង ម្ចាស់​ហាង​ខ្លួន​ឯង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ អាជ្ញាធរ​ភាសា​គាត់​ឲ្យ​យើង​ធ្វើ​មែន ក៏ប៉ុន្តែ​វា​មាន​ភាសា​មួយ​ហាក់​បី​ដូច​ជា​គំនាប​ទៅ​ម្ចាស់​ហាង​រួច​ស្រេច​បាច់​ទៅ​ហើយ»

លោក វ៉ន ពៅ អះអាង​បន្ថែម​ថា នៅ​ថ្ងៃ​ទី១៣ វិច្ឆិកា នោះ​ដែរ ពលរដ្ឋ​តំណាង​សហគមន៍​ប្រមាណ ៥០​នាក់ ដែល​បាន​ចូល​រួម​កម្មវិធី​សមាជ​ប្រជាជន ត្រូវ​រង​ការ​បណ្ដេញ​ចេញ​ពី​សំណាក់​ម្ចាស់​ផ្ទះ​សំណាក់​សោភា ស្ថិត​នៅ​សង្កាត់​ទំនប់​ទួលគោក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ទាំង​កណ្ដាល​យប់។ ទោះ​យ៉ាង​ណា លោក​មាន​ប្រសាសន៍​ថា ទង្វើ​របស់​អាជ្ញាធរ​ដែល​បង្ក​ការ​លំបាក​ដល់​អ្នក​ចូល​រួម​សមាជ​ប្រជាជន​នេះ គឺ​ជា​ចេតនា​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ​គ្នា និង​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។ លោក​អះអាង​ថា រដ្ឋាភិបាល​គួរ​ចាប់​អារម្មណ៍​ទៅ​លើ​ទង្វើ​របស់​មន្ត្រី​ក្រោម​ឱវាទ ព្រោះ​ប្រការ​នេះ វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​ប្រទេស​កម្ពុជា ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

កូនខ្មែរ

អង្គភាពប្រតិកម្មរហ័សនឹកស្មានថារដ្ឋាភិបាលដែលនាំគ្នាផោម
ក្ន្ុងទឹកនោះគិតថាមិនស្អ្ុយបានជាខំស្រែកស្រុកសព្វថ្ងៃ
នេះពា្របបានទៅនិងផ្លែល្វាល្អតែសំបកក្រៅងខាងក្នុងនោះវិញមានតែសត្វមមង់

Nov 15, 2012 05:30 PM

អង្គភាពវាយបករហ័ស

មើលទៅការមិនគោរពសិទ្ធិមនុស្សនៅក្នុងរាជាណាចក្រ អច្ឆរយៈ ប្រៀបបានទៅនឹង កំប្លោក និង ចក អណ្តែត ពេញ បឹង ប្រឹងស្រែកថា របាយការណ៏អង្គការសិទ្ធិមនុស្ស អន្តរជាតិ ធ្វើឡើង មិនត្រឹមត្រូវ ទទួលបានព័តមានមិនពិត សូមជួយកស្រាយ បន្តិចទៅមើល អង្គភាពប្រតិកម្មរហ័ស ដើម្បីលាបពណ៌ រាជាណាចក្រ អច្ឆរយៈ ឲ្យល្បីដូចឈ្មោះ ។

Nov 14, 2012 10:26 PM